កីឡាអូឡាំពិករដូវក្តៅ
កីឡាអូឡាំពិករដូវក្តៅ | |
---|---|
![]() | |
ព្រឹត្តិការណ៍ | |
ប្រភេទកីឡា (ព័ត៌មានបន្ថែម) | |
|
កីឡាអូឡាំពិករដូវក្តៅ (ភាសាអង់គ្លេស៖ Summer Olympic Games, ភាសាបារាំង៖ Jeux olympiques d'été) គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំមួយដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ការប្រកួតកីឡានេះគឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៨៩៦ នៅទីក្រុងអាតែន ប្រទេសក្រិកហើយបច្ចុប្បន្នត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអ្នករៀបចំការប្រកួតនិងជ្រើសរើសទីក្រុងណាមួយនៅលើពិភពលោកសម្រាប់រៀបចំត្រៀមព្រឹត្តិការណ៍ប្រកួត។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនីមួយៗ មេដាយមាសត្រូវបានផ្តល់ជូនសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ មេដាយប្រាក់សម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខពីរ និងមេដាយសំរិទ្ធសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខបី ទម្លាប់ប្រពៃណីនេះគឺបានចាប់ផ្តើមអនុវត្តចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩០៤ មកម្លេះ។ ដោយសារភាពជោគជ័យនិងប្រជាប្រិយភាពនៃកីឡាអូឡាំពិករដូវក្តៅ គេក៏បានសម្រេចបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិកមួយប្រភេទទៀតគឺកីឡាអូឡាំពិករដូវរងា។
តាំងពីបង្កើតមក ការប្រកួតកីឡាអូឡាំពិកបានរីកចម្រើនគ្រប់វិស័យដោយព្រឹត្តិការណ៍ដំបូងមានកម្មវិធីប្រកួតប្រជែងចំនួន ៤២ ដែលមានកីឡាករចូលរួមតិចជាង ២៥០ នាក់មកពី ១៤ ប្រទេសនៅក្នុងឆ្នាំ១៨៩៦ ហើយបើដល់គិតមកដល់ព្រឹត្តិការណ៍ឆ្នាំ២០១៦ កីឡាអូឡាំពិកគឺមានទៅដល់ ៣០៦ ព្រឹត្តិការណ៍ឯណោះដែលមានអ្នកចូលរួមសរុប ១១,២៣៨ នាក់ (កីឡាករចំនួន ៦,១៧៩ និងកីឡាការនីចំនួន ៥,០៥៩ នាក់) មកពី ២០៦ ប្រទេស។ កីឡាអូឡាំពិកធ្លាប់បានប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសចំនួន ១៩ មកពីទ្វីបចំនួនប្រាំ។ សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះចំនួនបួនលើក (ឆ្នាំ១៩០៤ ១៩៣២ ១៩៨៤ និងឆ្នាំ១៩៩៦) បីលើកនៅសហរាជាណាចក្រ (ឆ្នាំ១៩០៨ ១៩៤៨ និងឆ្នាំ២០១២) ពីរលើកនៅប្រទេសក្រិក (ឆ្នាំ១៨៨៦ និងឆ្នាំ២០០៤) និងពីរលើកនៅតាមប្រទេសមួយចំនួនទៀតដូច ប្រទេសបារាំង (ឆ្នាំ១៩០០ និងឆ្នាំ១៩២៤) ប្រទេសអាល្លឺម៉ង់ (ឆ្នាំ១៩៣៦ និងឆ្នាំ១៩៧២) ប្រទេសអូស្ត្រាលី (ឆ្នាំ១៩៥៦ និងឆ្នាំ២០០០) និងប្រទេសជប៉ុន (ឆ្នាំ១៩៦៤ និងឆ្នាំ២០២០) ហើយនិងមួយលើកនៅតាមប្រទេសដូចជា ស៊ុយអែត(១៩១២) បែលស៊ិក(១៩២០) ហុល្លង់(១៩២៨) ហ្វាំងឡង់(១៩៥២) អ៊ីតាលី(១៩៦០) ម៉ិកស៊ិក(១៩៦៨) កាណាដា(១៩៧៦) សហភាពសូវៀត(១៩៨០) កូរ៉េខាងត្បូង(១៩៨៨) អេស្ប៉ាញ(១៩៩២) ចិន(២០០៨) និងប្រេស៊ីល (២០១៦)។
IOC បានជ្រើសយកទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ (ប៉ុន្តែត្រូវពន្យារដល់ឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩)។[១] ព្រឹត្តិការណ៍អូឡាំពិកបន្ទាប់គឺនឹងត្រូវប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីសហើយនេះគឺជាលើកទីបីដែលបារាំងបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ សម្រាប់ឆ្នាំ២០២៨ IOC បានជ្រើសយកទីក្រុងឡូសអាន់ជ័រលេសនៃសហរដ្ឋអាមេរិក និងទីក្រុងប៊្រីសបាន ប្រទេសអូស្ត្រាលីសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០៣២។ មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះដែលបានចូលរួមនៅគ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដូចជា ប្រទេសក្រិក ក្រង់ប្រឺតាញ បារាំង ស្វីស និងអូស្ត្រាលី។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលទទួលបានមេដាយច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។
ម្ចាស់ផ្ទះ
សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅចំនួនបួនលើក៖ លើកទីមួយគឺនៅក្នុងឆ្នាំ១៩០៤ នៅទីក្រុងសង់ល្វីនៃរដ្ឋមីស៊ូរី ព្រឹត្តិការណ៍ឆ្នាំ១៩៣២ និងឆ្នាំ១៩៨៤ នៅទីក្រុងឡូសអាន់ជ័រលេសនៃរដ្ឋកាលីហ្វញ៉ា និងព្រឹត្តិការណ៍ឆ្នាំ១៩៩៦ នៅទីក្រុងអាត្លង់តានៃរដ្ឋចចជី។ ព្រឹត្តិការណ៍ឆ្នាំ២០២៨ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងឡូសអាន់ជ័រលេសនឹងក្លាយជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីប្រាំដែលត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក។
នៅឆ្នាំ២០១២ សហរាជាណាចក្របានក្លាយជាម្ចាស់ផ្ទះជាលើកទីបីនៃកីឡាអូឡាំពិករដូវក្តៅដែលបានប្រារព្ធឡើងនៅទីក្រុងឡុងដ៍។ ឡុងដ៍បានក្លាយជាទីក្រុងដំបូងក្នុងប្រវត្តិសាស្ត្រដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅបានបីលើក។ ទីក្រុងដូចជា ឡូសអាន់ជ័រលេស ប៉ារីស និងអាតែនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅបានពីរលើក។ នៅឆ្នាំ២០២៤ បារាំងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវក្តៅជាលើកទីបីនៅឯរដ្ឋធានីប៉ារីស ដូច្នេះហើយ ប៉ារីសនឹងក្លាយជាទីក្រុងទីពីរបង្អស់ក្នុងប្រវត្តិសាស្ត្រអូឡាំពិកដែលអាចធ្វើជាម្ចាស់ផ្ទះចំនួនបីលើកសរុប។ នៅឆ្នាំ២០២៨ ឡូសអាន់ជ័រលេសនឹងក្លាយជាទីក្រុងទីបីដែលជាម្ចាស់ផ្ទះចំនួនបីលើក។
ប្រទេសអូស្ត្រាលី បារាំង អាល្លឺម៉ង់ ក្រិក និងជប៉ុនគឺសុទ្ធតែធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានចំនួនពីរលើក (បារាំងនិងអូស្ត្រាលីនឹងក្លាយជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០៣២ ដែលនឹងធ្វើឱ្យប្រទេសទាំងពីរក្លាយជាម្ចាស់ផ្ទះចំនួនបីលើកសរុប)។ ទីក្រុងតូក្យូនៅប្រទេសជប៉ុនគឺកំពុងតែធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ដោយវាជាទីក្រុងដំបូងក្រៅពីទីក្រុងមកពីប្រទេសនិយាយភាសាអង់គ្លេសឬប្រទេសអឺរ៉ុបដែលបានធ្វើជាម្ចាស់ផ្ទះចំនួនពីរលើកដោយលើកទីមួយគឺបានធ្វើឡើងនៅក្នុងឆ្នាំ១៩៦៤។[២] ប្រទេសដែលបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅបានមួយលើកៗមានដូចជា៖ បែលស៊ិក ប្រេស៊ីល កាណាដា ចិន ហ្វាំងឡង់ អ៊ីតាលី ម៉ិកស៊ិក ហុល្លង់ កូរ៉េខាងត្បូង សហភាពសូវៀត អេស្ប៉ាញ និងស៊ុយអែត។
ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងនៅទ្វីបអាស៊ីបានចំនួនបួនលើក៖ នៅទីក្រុងតូក្យូ (១៩៦៤ និង ២០២០) ទីក្រុងសេអ៊ូល (១៩៨៨) និងទីក្រុងប៉េកាំង (២០០៨)។
ព្រឹត្តិការណ៍ឆ្នាំ២០១៦ នៅទីក្រុងរីអូដឺចេណេរ៉ូ ប្រទេសប្រេស៊ីល គឺជាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដំបូងបង្អស់ដែលប្រារព្ធឡើងនៅលើទឹកដីទ្វីបអាមេរិកខាងត្បូង។ ប្រទេសនៅអឌ្ឍគោលខាងត្បូងតែចំនួនពីរប៉ុណ្ណោះដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកពោលគឺ អូស្ត្រាលី (១៩៥៦ ២០០០ និង ២០៣២ និងប្រេស៊ីល (២០១៦)។ ប្រទេសនៅទ្វីបអាហ្វ្រិកគឺមិនដែលបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅណាមួយទេ។
ប្រវត្តិ
ឆ្នាំដំបូងៗ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៤ គឺនៅពេលដែលលោកព្យែរ ដឺ គូប៊ែរតង់ (គ្រូគរុកោសល្យនិងជាប្រវត្តិវិទូជនជាតិបារាំង) បានព្យាយាមលើកកម្ពស់ការយល់ដឹងអន្តរជាតិតាមរយៈការប្រកួតប្រជែងកីឡា។ ព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី១ ត្រូវបានរៀបចំឡើងនៅទីក្រុងអាតែនក្នុងឆ្នាំ១៨៩៦ ហើយវាបានទាក់ទាញកីឡាករចំនួន ២៤៥ នាក់ដែលក្នុងនោះមានជាង ២០០ នាក់ជាជនជាតិក្រិកហើយមានតែប្រទេសតំណាង ១៤ ប្រទេសផ្សេងទៀតប៉ុណ្ណោះ។ សម្រាប់ពេលនោះ វាគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំជាងគេបង្អស់ដែលគេមិនធ្លាប់ឃើញដោយពីមុនៗមកគឺមិនដែលធ្លាប់មានកម្មវិធីឬព្រឹត្តិការណ៍ធំបែបនេះនោះទេ។ អត្តពលិកនារីគឺមិនត្រូវអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតឡើយតែទោះជាយ៉ាងណាមានស្ត្រីជនជាតិក្រិកម្នាក់ឈ្មោះស្តាម៉ាតា រេវីទីបានសម្រេចរត់ម៉ារ៉ាតុងដោយខ្លួនគាត់ផ្ទាល់ដោយបាននិយាយថា"ប្រសិនបើគណៈកម្មាធិការមិនអនុញ្ញាតឱ្យខ្ញុំចូលរួមការប្រកួត អញ្ចឹងខ្ញុំនឹងចេញប្រកួតដោយខ្លួនឯង"។[៣]
ទោះជាក្រិកមានកីឡាករច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ឆ្នាំ១៩៨៦ នេះមែនប៉ុន្តែអ្នកទទួលជើងឯកច្រើនជាងគេគឺភាគច្រើនជាកីឡាករអាមេរិកដោយមានសរុបចំនួន ១១ រូបបើប្រៀបធៀបទៅក្រិកដែលមានចំនួន ១០ រូប។[៤] ក្រិកបុរាណគឺជាទីកំណើតនៃកីឡាអូឡាំពិកហេតុនេះហើយបានជាគេយល់ថាទីក្រុងអាតែនគឺជាជម្រើសដ៏សមស្របមួយសម្រាប់រៀបចំកីឡាអូឡាំពិកសម័យ។ ទីក្រុងនេះត្រូវបានជ្រើសរើសជាឯកច្ឆន្ទជាទីក្រុងម្ចាស់ផ្ទះក្នុងអំឡុងកិច្ចប្រជុំសមាជដែលរៀបចំឡើងដោយព្យែរ ដឺ គូប៊ែរតង់នៅឯទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៨៩៤។ IOC ក៏ត្រូវបានបង្កើតឡើងផងដែរនៅក្នុងកិច្ចប្រជុំសមាជនោះ។
ថ្វីបើមានឧបសគ្គមួយចំនួនមករារាំងមែនប៉ុន្តែកីឡាអូឡាំពិកឆ្នាំ១៨៩៦ បានប្រព្រឹត្តិទៅបានដោយរលូននិងជោគជ័យ។ ពហុកីឡាដ្ឋានប៉ាណាស៊ីនិចដែលជាកីឡាដ្ឋានធំបំផុតនាសម័យនោះបានផ្តុំកុះករទៅដោយហ្វូងមនុស្សដ៏ធំបំផុតមិនធ្លាប់មាន។[៥] កីឡាករដែលជោគជ័យជាងគេគឺកីឡាករកាយសម្ព័ន្ធនិងចំបាប់ជនជាតិអាល្លឺម៉ង់ឈ្មោះកាល ស៊ូម៉ាន់ដោយគាត់បានទទួលមេដាយមាសចំនួនបួន។
IOC បានមានគម្រោងផ្លាស់ប្តូរទីក្រុងម្ចាស់ផ្ទះនៅព្រឹត្តិការណ៍បន្ទាប់ហើយទីបំផុតក៏បានសម្រេចជ្រើសរើសទីក្រុងប៉ារីសសម្រាប់កីឡាអូឡាំពិកលើកទីពីរ។[៦] បួនឆ្នាំក្រោយមក កីឡាអូឡាំពិករដូវក្តៅឆ្នាំ១៩០០ នៅទីក្រុងប៉ារីសក៏បានចាប់ផ្តើមដោយលើកនេះវាបានទាក់ទាញអត្តពលិកច្រើនជាងព្រឹត្តិការណ៍មុនបួនដង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអនុញ្ញាតឱ្យអត្តពលិកនារីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍លើកនេះដោយមានស្ត្រីចូលរួមសរុបចំនួន ២០ រូប។ ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ១៩០០ ត្រូវបានប្រារព្ធលាយឡំជាមួយពិព័រណ៍ពិភពលោកទីក្រុងប៉ារីសនិងបានអូសបន្លាយរយៈពេលប្រាំខែ។


ឯកសារយោង
- ↑ "សេចក្តីថ្លែងការណ៍រួមពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ ២០២០ (ជាភាសាអង់គ្លេស)". គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 7 សីហា 2021.
- ↑ Schaffer, Kay (2000). The Olympics at the Millennium: Power, Politics, and the Games. p. 271.
- ↑ Tarasouleas, Athanasios (Summer 1993). "The Female Spiridon Loues". Citius, Altius, Fortius 1 (3): 11–12.
- ↑ Macy, Sue (2004). Swifter, Higher, Stronger. Washington D.C, United States: National Geographic. pp. 16. ល.ស.ប.អ. 0-7922-6667-6. https://archive.org/details/swifterhigherstr00macy/page/16.
- ↑ Young, David C. (1996). The Modern Olympics: A Struggle for Revival. Johns Hopkins University Press. p. 144. ល.ស.ប.អ. 978-0-8018-5374-6.
- ↑ "1896 Athina Summer Games". Sports Reference. Archived from the original on 17 មេសា 2020. Retrieved 8 សីហា 2021.