កីឡាអូឡាំពិករដូវក្តៅ
កីឡាអូឡាំពិករដូវក្តៅ | |
---|---|
![]() | |
ព្រឹត្តិការណ៍ | |
ប្រភេទកីឡា (ព័ត៌មានបន្ថែម) | |
|
កីឡាអូឡាំពិករដូវក្តៅ (ភាសាអង់គ្លេស៖ Summer Olympic Games, ភាសាបារាំង៖ Jeux olympiques d'été) គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំមួយដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ ៤ ឆ្នាំម្តង។ ការប្រកួតកីឡានេះគឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៨៩៦ នៅទីក្រុងអាតែន ប្រទេសក្រិកហើយបច្ចុប្បន្នត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គឺជាអ្នករៀបចំការប្រកួតនិងជ្រើសរើសទីក្រុងណាមួយនៅលើពិភពលោកសម្រាប់រៀបចំត្រៀមព្រឹត្តិការណ៍ប្រកួត។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនីមួយៗ មេដាយមាសត្រូវបានផ្តល់ជូនសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ មេដាយប្រាក់សម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខពីរ និងមេដាយសំរិទ្ធសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខបី ទម្លាប់ប្រពៃណីនេះគឺបានចាប់ផ្តើមអនុវត្តចាប់តាំងពីព្រឹត្តិការណ៍ឆ្នាំ១៩០៤ មកម្លេះ។ ដោយសារភាពជោគជ័យនិងប្រជាប្រិយភាពនៃកីឡាអូឡាំពិករដូវក្តៅ គេក៏បានសម្រេចបង្កើតព្រឹត្តិការណ៍កីឡាអូឡាំពិកមួយប្រភេទទៀតគឺកីឡាអូឡាំពិករដូវរងា។
តាំងពីបង្កើតមក ការប្រកួតកីឡាអូឡាំពិកបានរីកចម្រើនគ្រប់វិស័យដោយព្រឹត្តិការណ៍ដំបូងមានកម្មវិធីប្រកួតប្រជែងចំនួន ៤២ ដែលមានកីឡាករចូលរួមតិចជាង ២៥០ នាក់មកពី ១៤ ប្រទេសនៅក្នុងឆ្នាំ១៨៩៦ ហើយបើដល់គិតមកដល់ព្រឹត្តិការណ៍ឆ្នាំ២០១៦ កីឡាអូឡាំពិកគឺមានទៅដល់ ៣០៦ ព្រឹត្តិការណ៍ឯណោះដែលមានអ្នកចូលរួមសរុប ១១,២៣៨ នាក់ (កីឡាករចំនួន ៦,១៧៩ និងកីឡាការនីចំនួន ៥,០៥៩ នាក់) មកពី ២០៦ ប្រទេស។ កីឡាអូឡាំពិកធ្លាប់បានប្រព្រឹត្តិធ្វើឡើងនៅក្នុងប្រទេសចំនួន ១៩ មកពីទ្វីបចំនួនប្រាំ។ សហរដ្ឋអាមេរិកធ្លាប់បានធ្វើជាម្ចាស់ផ្ទះចំនួនបួនលើក (ឆ្នាំ១៩០៤ ១៩៣២ ១៩៨៤ និងឆ្នាំ១៩៩៦) បីលើកនៅសហរាជាណាចក្រ (ឆ្នាំ១៩០៨ ១៩៤៨ និងឆ្នាំ២០១២) ពីរលើកនៅប្រទេសក្រិក (ឆ្នាំ១៨៨៦ និងឆ្នាំ២០០៤) និងពីរលើកនៅតាមប្រទេសមួយចំនួនទៀតដូច ប្រទេសបារាំង (ឆ្នាំ១៩០០ និងឆ្នាំ១៩២៤) ប្រទេសអាល្លឺម៉ង់ (ឆ្នាំ១៩៣៦ និងឆ្នាំ១៩៧២) ប្រទេសអូស្ត្រាលី (ឆ្នាំ១៩៥៦ និងឆ្នាំ២០០០) និងប្រទេសជប៉ុន (ឆ្នាំ១៩៦៤ និងឆ្នាំ២០២០) ហើយនិងមួយលើកនៅតាមប្រទេសដូចជា ស៊ុយអែត(១៩១២) បែលស៊ិក(១៩២០) ហុល្លង់(១៩២៨) ហ្វាំងឡង់(១៩៥២) អ៊ីតាលី(១៩៦០) ម៉ិកស៊ិក(១៩៦៨) កាណាដា(១៩៧៦) សហភាពសូវៀត(១៩៨០) កូរ៉េខាងត្បូង(១៩៨៨) អេស្ប៉ាញ(១៩៩២) ចិន(២០០៨) និងប្រេស៊ីល (២០១៦)។
IOC បានជ្រើសយកទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ (ប៉ុន្តែត្រូវពន្យារដល់ឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩)។[១] ព្រឹត្តិការណ៍អូឡាំពិកបន្ទាប់គឺនឹងត្រូវប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីសហើយនេះគឺជាលើកទីបីដែលបារាំងបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។ សម្រាប់ឆ្នាំ២០២៨ IOC បានជ្រើសយកទីក្រុងឡូសអាន់ជ័រលេសនៃសហរដ្ឋអាមេរិក និងទីក្រុងប៊្រីសបាន ប្រទេសអូស្ត្រាលីសម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០៣២។ មានតែប្រទេសចំនួនប្រាំប៉ុណ្ណោះដែលបានចូលរួមនៅគ្រប់ព្រឹត្តិការណ៍កីឡាអូឡាំពិកដូចជា ប្រទេសក្រិក ក្រង់ប្រឺតាញ បារាំង ស្វីស និងអូស្ត្រាលី។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលទទួលបានមេដាយច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ។
ម្ចាស់ផ្ទះ
ឯកសារយោង
- ↑ "សេចក្តីថ្លែងការណ៍រួមពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិនិងគណៈកម្មាធិការរៀបចំទីក្រុងតូក្យូ ២០២០ (ជាភាសាអង់គ្លេស)". គណៈកម្មាធិការអូឡាំពិកអន្តរជាតិ. Retrieved 7 សីហា 2021.