ព្រះព្រហ្ម
ព្រះព្រហ្ម
ព្រះព្រហ្ម ឬ ព្រហ្ម (Preah Prohm) (សំស្ក្រឹត: ब्रह्मा) (អង់គ្លេស: Brahma) (ថៃ:พระพรหม) គឺជាឬសគល់, ក្នុងការបង្កើត ព្រហ្មញ្ញសាសនា តាមរយៈការបង្កើតនៅគម្ពីរវេទបួន (អង់គ្លេស: 4 Vedic) និង បង្កើតច្បាប់ធម្មជាតិ ទាំងអស់បូករួមទាំង សភាវៈធម្មជាតិ ទឹក ដី ភ្លើង ខ្យល់ រុក្ខជាតិ មនុស្ស និង សត្វ... ។ ព្រហ្ម ជាទេវៈលំដាប់ទី២ នៅក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានគេពណ៌នាអំពីទេវៈ២អង្គទៀត គឺ ព្រះវិស្ណុ និង ព្រះឥសូរ ដែលជាអាទិទេពចម្បងបំផុតនៅក្នុងសាសនាមួយនេះ ។ ព្រះទាំង៣អង្គ សុទ្ធសឹងតែប្រកបទៅដោយលក្ខណៈអមតៈ ទោះបីជាស្ថិតក្រោមរូបភាពជាអាវតារ នៃការបែងភាគជា មនុស្ស ឬសត្វក៏ដោយ ។ ម្យ៉ាងវិញទៀតគេអាចកត់សម្គាល់ មហិទ្ធិរិទ្ធិរបស់ព្រះអង្គតាមរយៈ រឿងព្រេងទេវៈកថា ដែលមានកត់ត្រារាប់ពាន់ឆ្នាំមកដល់សព្វថ្ងៃនេះ[១]។ នៅក្នុងលទ្ធិព្រាហ្មណ៍ គេបានតម្កល់ព្រះព្រហ្មទុកជាអាទិទេពចម្បងបំផុតព្រោះព្រះព្រហ្មជាអ្នកបង្កើតលោកៈ សភាវៈ ធម្មជាតិទាំងអស់ និងគម្ពីរវេទ ពោលគឺព្រះព្រហ្មជាអ្នកសាងលោក[២]។
ប្រវត្តិ ព្រះព្រហ្ម
ព្រះព្រហ្មគឺជាអាទិទេពមួយអង្គនៅក្នុងចំណោមអាទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា ។ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះព្រហ្មជាអាទិទេពកំពូលក្នុងចំណោមអាទិទេពទាំង៣អង្គមាន ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ។ តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអាទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្រអន្ទកាល ។ ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអាទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម ។ ព្រះព្រហ្ម មានព្រះនាម២គឺ៖ ព្រះព្រហ្មហិរ្យគ៌ភ ឬ ព្រះបទុមណាហ្វា ។ ព្រះព្រហ្មមានតួនាទីបង្កើតលោក និងរក្សាព្រហ្មចារ្យលោក ហើយព្រះព្រហ្មមានសម្បុរពណ៌ផ្កាឈូកស្រាល ទ្រង់អម្ពរពណ៌ស គង់លើផ្កាឈូក១០០០ស្រទាប់ [៣]។
លក្ខណៈពិសេស សម្គាល់ព្រះព្រហ្ម
មានព្រះភ័ក្ត្រ៤ ព្រះហស្ថ៤ ដោយមាកាន់កេតណភ័ណ្ឌ៤យ៉ាងមានដូចជា គម្ពីរវេទ ស្លាបព្រា ថូទឹក និងខ្សែរផ្គាំ ។ រាង្គកាយសម្បុរពណ៌ផ្កាឈូកស្រាល ចំពោះយានជំនះរបស់ព្រះព្រហ្មគឺ៖ ផ្កាឈូក១០០០ស្រទាប់ និងសត្វហង្ស ហើយព្រះព្រហ្ម ប្រថាប់នៅលើហង្សក្នុងទម្រងលក្ខណៈចេញច្បាំងតែប៉ុណ្ណោះ ។
ព្រះភ័ក្រ្តទាំង៤របស់ព្រះព្រហ្ម
- ព្រះភ័ក្ត្រខាងកើត តំណាងឱ្យកំណើតសត្វលោក ។
- ព្រះភ័ក្ត្រខាងលិច តំណាងឱ្យការវិលស្លាប់របស់សត្វលោក
- ព្រះភ័ក្ត្រខាងជើង តំណាងឱ្យ ដួងព្រលឹង ។
"ដូចនេះ ចាស់ពីដើមមិនឱ្យដេកដាក់ក្បាលទៅទិសខាងជើងនោះទេ រមែងយល់សុបិនមិនល្អ" ។
- ព្រះភ័ក្ត្រខាងត្បូង តំណាងឱ្យភាពបរិសុទ្ធ ។
តាមការកំណើតរបស់ព្រះព្រហ្មដែលកើតពីផ្កាឈូកមានព្រះភ័ក្ត្រចំនួន៥តែព្រះភ័ក្រ្តទី៥ត្រូវបាន ព្រះឥសូរ ឬ ព្រះសីវៈកាត់បំផ្លាញចោលនៅពេលដែលប្រព្រឹត្តកំហុស ។ ព្រះព្រហ្មមានមហាសី១អង្គមានព្រះនាមថា "សាវីទ្រី" ដែលមានកំណើតផុសចេញពីទឹកស្រះព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៦ ជាទេពធីតាតំណាងឱ្យដូរ្យតន្ត្រី និងសិរីសួស្តី ។ ព្រះព្រហ្មមានបុត្រា២អង្គ និង បុត្រី១អង្គគឺ៖
- ១. ព្រះព្រហ្មទសក្ស (ទោះក្សៈ) ជាព្រហ្មមានពន្លឺ១០ពណ៌ និងមានព្រះឱសថទិព្វ គង់នៅឋានព្រហ្មលោកនៃឋានសួគ៌ជាន់ទី១៥ ។
- ២. ព្រះព្រហ្មភ៌គុ (ភរគុ) ជាអទិទេពតំណាងឱ្យអំណាចរបស់ឋានសួគ៌ទាំងអស់ គង់នៅឋានព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៤ ។
- ៣.ព្រះព្រហ្មភេទស្រី ព្រះនាម ទេពធីតាសំធ្យា ឬ សន្ធិយា គង់នៅឋានព្រហ្មលោក នៃឋានសួគ៌ជាន់ទី១៣ ។
នៅលក្ខណៈខ្មែរក៏ដូចជាលក្ខណៈរបស់ឥណ្ឌាដែរ គឺមិននិយមកសាងប្រាសាទឧទ្ទិសថ្វាយព្រះព្រហ្មច្រើនទេដោយសារព្រះព្រហ្មមានកំហុសធំ២យ៉ាងគឺ ៖
១.រឿងសសរភ្លើងឥស្វារៈ
កំណើត ព្រះឥសូរ
មានរឿងដំណាលថានៅក្នុងវេលាមួយព្រះវិស្ណុ និងព្រះព្រហ្មបានជជែកគ្នាអំពីរឿងអ្នកបង្កើតលោក ដោយអាទិទេពទាំង២សុទ្ធតែអះអាងថាជាអ្នកបង្កើតលោករៀងៗខ្លួននៅខណៈពេលនោះក៏មានសសរភ្លើងមួយដើមបានផុសចំកណ្តាអាទិទេពទាំងពីរ ។ ភ្លាមនោះមានសម្លេងមួយបានបន្លឺឡើងចេញពីសសរភ្លើងនោះថា បើនរណាអាចរកកំពូលនិងបាតសសរភ្លើងឃើញ អ្នកនោះទើបជាអ្នកបង្កើតលោកពិតប្រាកដ ។ ខណៈពេលនោះដែលព្រះវិស្ណុបាននិមិត្តអង្គកាយក្លាយជាជ្រូកព្រៃដើម្បីឈ្មុលរកបាតសសរភ្លើង រីឯព្រះព្រហ្មវិញបាននិមិ្មត្តកាយក្លាយជាសត្វហង្ស ហោះទៅរកកំពូលសសរភ្លើងនោះ ។ អាទិទេពទាំង២អង្គទោះបីខំជ្រែកដី ពុះមេឃយ៉ាងណាក៏មិនអាចរកបាត និងកំពូលសសរភ្លើងបានសោះ ព្រះវិស្ណុដោយរកសសរភ្លើងមិនឃើញ ក៏ព្រមចុះចាញ់ត្រឡប់មកកន្លែងដើមវិញ ។ ចំណែកឯព្រះព្រហ្មដោយខ្លាចចាញ់ព្រះវិស្ណុ ក៏បានប្រាសចាកភាពបរិសុទ្ធរបស់ខ្លួន ដោយចុះទៅយកផ្កាកិកី នាឋាននរក ដែលជាប្រភេទផ្ការបស់ពួកខ្មោចព្រាយបិសាច ហើយនាំផ្កានោះត្រឡប់មកកន្លែងដើមវិញ ដោយមានបន្ទូលទៅកាន់អង្គព្រះវិស្ណុថា ខ្ញុំបានរកឃើញសសរភ្លើងហើយដោយមានផ្កាកិកីជាភស្តុតាង ។ ខណៈពេលដែលព្រះវិស្ណុទ្រង់មិនជឿដោយព្រះអង្គស្គាល់ផ្កានោះច្បាស់ ស្រាប់ទៅហើយ ពេលនោះសសរភ្លើងបានបន្លឺសម្លេងថា គឺខ្ញុំទេជាអ្នកបង្កើតលោក ហើយបានបន្ថែមទៀតថាព្រះព្រហ្មទ្រង់បានកុហក ហេតុគ្រប់យ៉ាងព្រះអង្គបានឃើញគ្រប់សព្វព្រោះព្រះអង្គគឺជាសសរភ្លើងឥស្វារៈ ដែលជាអ្នកបង្កើតលោកទើបគ្មាននរណាអាចរកបាតនិងកំពូលសសរភ្លើងឃើញ ។ មិនយូរប៉ុន្នានសសរភ្លើងក៏បានប្រែព្រះកាយទៅជាព្រះឥសូរ មួយរំពេច ហើយព្រះអង្គបានបែងព្រះកាយផ្នែកខាងឆ្វេងទៅឱ្យព្រះវិស្ណុព្រោះព្រះវិស្ណុ ជាអទិទេពបាននិយាយពាក្យត្រឹមត្រូវ និងផ្នែកខាងស្តាំទៅឱ្យព្រះព្រហ្មព្រោះព្រះព្រហ្ម ជាអាទិទេពមិននិយាយពាក្យត្រឹមត្រូវ ។[៤]
រឿងដើមកំណើតព្រះកាមទេព
កាលដែរព្រះកាមទេពបានប្រសូត្រពីព្រះម៉ែលក្ស្មីជាមហេសីរបស់ព្រះវិស្ណុ ព្រះអង្គមានកាន់ធ្នូ និងព្រួញកាមទេពជាប់ពីកំណើត ។ ពេលនោះកាមទេពជាអទិទេពដែលនៅមិនទាន់ស្គាល់អស់ពពួកអាទិទេពនៅឡើយនោះទេ ដោយសំអាងលើមហិរិទ្ធិនៃព្រួញសីលកាមទេពរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះកាមទេពបានយិតធ្នូតម្រង់ទៅគ្រប់ទិសទី ខណៈពេលយិតធ្នូនោះអទិទេពគ្រប់ទិសទីមានការភិតភ័យរន្ធត់យ៉ាងខ្លាំង លើកដៃសំពះព្រមចុះចាញ់អំណាចព្រះកាមទេពគ្រប់ៗអង្គ ។ ឃើញហេតុការណ៍បែបនោះ ព្រះកាមទេពសប្បាយត្រេកអរខ្លាំងណាស់ លើកធ្នូតម្រង់ទៅលើស្រាប់តែប្រទះឃើញអាទិទេពមួយអង្គកំពុងអង្គុយធ្វើតបៈយោគៈ សម្មាធិ មិនព្រមសំពះចុះចាញ់អំណាចរបស់ខ្លួនខឹងណាស់ ក៏លើធ្នូតម្រង់បាញ់ទៅអទិទេពអង្គនោះភ្លាមដោយមិនស្គាល់ថាជា ព្រះព្រហ្ម ឡើយ ។ ថ្លែងអំពីព្រះព្រហ្មព្រះអង្គអង្គុយធ្វើតបៈយោគៈនៅព្រហ្មលោកឋានសួគ៌ជាន់ទី១៦ មិនដឹងហេតុការណ៍អ្វីទាំងអស់ បន្តិចក្រោយមកព្រួញកាមទេពបានហោះដោតចំកណ្ដាលដើមទ្រូងព្រះព្រហ្មភ្លាម ។ ពេលនោះព្រះព្រហ្មភ្ញាក់អស់ព្រះកាយដោយអំណាចនៃព្រួញកាមទេពដែលជាព្រួញនៃសេចក្ដីស្នេហា កាមគុណ ។ ត្រូវព្រួញភ្លាមព្រះព្រហ្ម កកើតមានចិត្តតណ្ហារោលរាល ព្រះព្រហ្មបាន ក្រលេករកមហេសីព្រះម៉ែសាវីទ្រី តែរកពុំឃើញដោយព្រះម៉ែសាវីទ្រីកំពុងធ្វើតបៈយោគៈនៅចំកណ្ដាលស្រះទឹកនៃព្រហ្មលោក ។ បន្ទាប់ពីរកមហេសីពុំឃើញបែបនេះព្រះព្រហ្មបានចុះមកព្រហ្មលោកជាន់ទី១៥ និង១៤ជាបន្តបន្ទាប់ តែព្រហ្មលោកទាំងពីរជាន់នេះគ្មានស្រីសោះ ក៏បន្តដំណើរចុះមកព្រហ្មលោកជាន់ទី១៣បន្តទៀត លុះមកដល់ព្រហ្មលោកជាន់ទី១៣ភ្លាម "ព្រះនាងសំធ្យា" ឃើញបិតាយាងចុះមកត្រេកអរណាស់រត់មកទទួលបិតាភ្លាម ហើយស្រាប់តែត្រូវព្រះព្រហ្មចាប់ហែកសំលៀកបំពាក់បម្រុងនឹងរំលោភ ឯពពួកទេវតាទាំងឡាយពុំហ៊ានចូលមកជួយឡើយ ដោយភាពខ្មាសអៀនទេពធីតាសំធ្យាបានស្រែកឲ្យ "ព្រះម៉ែឧម៉ា" ជួយ រំពេចនោះ ព្រះម៉ែឧម៉ាបានលឺការស្រែកសុំជំនួយ ក៏ទូលរឿងនេះទៅព្រះឥសូរ ឲ្យចុះមកធ្វើអន្តរគមន៍ដើម្បីជួយសង្រ្គោះទេពធីតាសំធ្យា ។ ពេលព្រះឥសូរមកដល់បានច្រានព្រះព្រហ្មចេញ ហើយបានប្រើភ្នែកទី៣ អគ្គីនេត្រ (Third Eye) បាញ់កាត់ផ្ដាច់ព្រះភក្រ្ត័ទី៥របស់ព្រះព្រហ្មដាច់ខាត់នៅពេលនោះ ។ ក្រោយពីត្រូវព្រះឥសូរកាត់ព្រះភក្រ្ត័ហើយ ព្រះព្រហ្មបានស្វាងពីរិទ្ធិសណ្ដំរបស់ព្រះកាមទេពភ្លាម ។ ព្រះឥសូរក្រលេកឃើញព្រួញកាមទេពផុសចេញពីដើមទ្រូងរបស់ព្រះព្រហ្មទើបព្រះអង្គស្វែងយល់ភ្លាមថា ព្រហ្មបានត្រូវសីលព្រួញសណ្ដំ ដោយ ព្រះកាមទេព ទើបប្រព្រឹត្តកាមតណ្ហា ដូចនេះហើយទើបព្រះឥសូរជាប់មានកម្មពៀ នឹង ព្រះព្រហ្ម ។ រីឯព្រះវិស្ណុវិញ ឃើញព្រះកាមទេពប្រព្រឹត្តិកំហុសយ៉ាងធ្ងន់ធ្ងរមិនអាចអត់ទោសបានព្រះអង្គបានរៀបផ្សំផ្គុំអភិសេកជាមួយ និងនាងសំធ្យាដើម្បីទទួលកំហុស ។ ចំណែកនាងសំធ្យាមានក្ដីអាម៉ាស អស់អទិទេពទាំងឡាយក៏ទូលសុំព្រះឥសូរ ឱ្យនាងមានរូបតែពេលយប់ហើយបាត់រូបនៅពេលថ្ងៃ ហើយនឹងបានប្ដូរឈ្មោះនាង ពីសំធ្យា ទៅជា សន្ធិយា វិញ ។[៥]
មើលផងដែរ
ឯកសារយោង
- ↑ Cambodia: Its People, Its Society, Its Culture Volume 5 of Survey of world cultures. HRAF Press, Original from the University of Michigan. 1959. p. 350. https://www.abebooks.com//servlet/SearchResults?tn=Cambodia:+Its+People,+Its+Society,+Its+Culture.
- ↑ សៀវភៅវប្បធម៌ អរិយធម៌ខ្មែរឥណ្ឌា ឆ្នាំ១៩៧១ ទាវ ឆៃសុក ទំព័រ.១៩
- ↑ Magguddesk ̊nagar, Volume 1. Roṅ Bumb Braḥ Rāja Draby, Original from the University of Michigan. 1941. https://www.worldcat.org/title/magguddesk-nagar/oclc/23578724.
- ↑ The Story of Barlaam and Joasaph: Buddhism & Christianity. Thacker, Spink & Company, Original from Indiana University. 1895. p. 136. https://books.google.com.kh/books?id=-WjYAAAAMAAJ&dq=brahma+story&source=gbs_navlinks_s.
- ↑ Recollections of an Indian Missionary. Christian Knowledge Society, Original from Oxford University. 1863. p. 199. https://books.google.com.kh/books?id=6eMCAAAAQAAJ&dq=shiva+cut+brahma%27s+head+because&source=gbs_navlinks_s.