រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា Gouvernement royal d'union nationale du Kampuchéa
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៧០–១៩៧៦ | |||||||||
ធានី | មូលដ្ឋាននៅទីក្រុងប៉េកាំង De jure ភ្នំពេញ | ||||||||
ភាសាទូទៅ | ភាសាខ្មែរ | ||||||||
ប្រមុខរដ្ឋ | |||||||||
▪ ១៩៧០–១៩៧៦ | នរោត្តម សីហនុ | ||||||||
នាយករដ្ឋមន្រ្តី | |||||||||
▪ ១៩៧០–១៩៧៦ | ប៉ែន នុត | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ សង្គ្រាមវៀតណាម | ||||||||
|
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា, សរសេរកាត់ថា ររជក (ភាសាបារាំង៖ Gouvernement royal d'union nationale du Kampuchéa, GRUNK) គឺជារដ្ឋាភិបាលនិរទេសកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ រដ្ឋាភិបាលនេះមានអត្ថិភាពពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៦ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងរយៈពេលយ៉ាងខ្លីគឺនៅក្នុងឆ្នាំ១៩៧៥។
ររជក បានបង្កើតឡើងដោយការចងសម្ព័ន្ធភាពរវាងអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តម សីហនុ និងពួកខ្មែរក្រហម។ រដ្ឋាភិបាលនេះត្រូវបានគាំទ្រដោយចិនហើយវាក៏បង្កើតឡើងបន្ទាប់ពីពួកស្តាំនិយមបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុចេញពីតំណែងជាប្រមុខរដ្ឋនៃប្រទេសកម្ពុជា។
និម្មិតកម្ម
នៅខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់សីហនុត្រូវបានទម្លាក់ចេញពីតំណែងនៅក្នុងរដ្ឋប្រហារដែលដឹកនាំដោយសមាជិកស្ដាំនៃរដ្ឋាភិបាលរបស់ព្រះអង្គផ្ទាល់គឺលោកនាយករដ្ឋមន្ត្រីលន់ នល់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ និងលោកអ៊ិន តាំ។ សីហនុដែលកាលនុះកំពុងតែនៅក្រៅប្រទេស ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងើបបះបោរឡើងប្រឆាំងនឹងរដ្ឋប្រហារតាមរយៈវិទ្យុក្រុងប៉េកាំងនៅថ្ងៃទី២៣ ខែមីនា ហើយបានប្រកាសបង្កើតរដ្ឋាភិបាលសហភាពជាតិមួយ។
ព្រះអង្គបានបញ្ជាក់ថាទ្រង់បានសម្រេចចិត្តបង្កើតរដ្ឋាភិបាលសហភាពជាតិភ្លាមៗខណៈពេលកំពុងធ្វើដំណើរតាមយន្តហោះពីទីក្រុងមូស្គូមកប៉េកាំង ហើយព្រះអង្គបានធូរព្រះទ័យបន្តិចនៅពេលទទួលបានសារមួយដែលចុះកាលបរិច្ឆេទបីថ្ងៃបន្ទាប់ពីការផ្សាយតាមវិទ្យុរបស់ទ្រង់។ សារនោះគឺបានផ្ញើដោយបញ្ញវន្តដ៏ឆ្នើមរបស់ព្រះអង្គ អ្នកទាំងនោះគឺលោកហ៊ូ យន់ ហ៊ូ នឹម និងខៀវ សំផន អ្នកទាំងបីបានដើរតួយ៉ាងសំខាន់នៅក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុនៅអំឡុងទស្សវត្តឆ្នាំ១៩៦០ ហើយសារនោះបានសរសេរថាពួកគេគឺកំពុងដឹកនាំក្រុមខ្មែរក្រហម។[១]
តាមពិត ពេលព្រះអង្គម្ចាស់សីហនុបានយាងមកដល់ក្រុងប៉េកាំង ទ្រង់គឺមិនដឹងថាតើគួរតែធ្វើអ្វីបន្ទាប់នោះទេ។ នៅថ្ងៃទី២១ ខែមីនា សីហនុក៏បានចូលរួមការប្រជុំជាសម្ងាត់មួយរវាងនាយករដ្ឋមន្រ្តីវៀតណាមខាងជើងលោកប៉ាម វ៉ាន់ដុង និងនាយករដ្ឋមន្រ្តីចិនលោកជូ អេងឡាយ–ដែលអ្នកទាំងពីរគឺជាអ្នកគាំទ្រសីហនុជាយូរណាស់មកហើយ– ជាលទ្ធផល សីហនុក៏សម្រេចចិត្តចងសម្ព័ន្ធភាពជាមួយក្រុមកុម្មុយនិស្តខ្មែរដែលទ្រង់ធ្លាប់ជ្លោះជាមួយអស់រយៈពេលជាងមួយទស្សវត្តមកហើយ។ គេគិតថា មូលហេតុដែលធ្វើឱ្យសីហនុសម្រេចចិត្តបែបនេះគឺព្រោះតែ ការចង់សងសឹកនឹងលន់-នល់ មោទនភាព និងការសង្ស័យថាអាមេរិកបានចាក់ទ្រង់នៅពីក្រោយ–ពោលគឺជួយគាំទ្ររដ្ឋប្រហាររបស់លន់ នល់។[២] ក្រោយមកទៀត ព្រះអង្គបានមានព្រះបន្ទូលថា "ខ្ញុំគឺមិនចង់ជ្រើសរើសរវាងអាមេរិក ឬពួកកុម្មុយនិស្តអ្វីនោះទេ [...] តែសកម្មភាពរបស់លន់-នល់បានតម្រូវឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសរវាងពួកគេ។[២]
រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (ររជក) ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី៥ ខែឧសភា និងត្រូវទទួលស្គាល់មុនគេដោយប្រទេសចិន។
ការបង្កើត ររជក ក្រោមការដឹកនាំរបស់សីហនុ បានផ្តល់ឱ្យថ្នាក់ដឹកនាំខ្មែរក្រហមនូវការទទួលស្គាល់ជាអន្តរជាតិនិងក្នុងជាតិដោយទទួលបានការគាំទ្រឥតឈប់ឥតឈរពីប្រជាកសិការខ្មែរដែលភាគច្រើនជាអ្នកប្រកាន់រាជានិយមនិងអភិរក្សនិយមហើយបង្វែរទិសមកប្រឆាំងនឹងរបបសាធារណរដ្ឋរបស់លន់-នល់វិញ។ កងកម្លាំងកុម្មុយនិស្តខ្មែរក៏ចាប់រីកធំឡើងៗនៅតាមទីជនបទដោយទាក់ទាញអ្នកគាំទ្រតាមរយៈឈ្មោះរបស់សីហនុនិងការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីកម្ពុជាភាគខាងកើត។ ចំពោះសីហនុ ការគាំទ្រដោយក្រុមកុម្មុយនិស្តបានជួយឱ្យព្រះអង្គបន្តការខិតខំដើម្បីទទួលបាននូវអំណាចឡើងវិញនិងដើម្បីទទួលបានការគាំទ្រពីវៀតណាមខាងជើង (ដែលកងកម្លាំងរបស់ពួកវាកំពុងកាន់កាប់តំបន់ជនបទនៃប្រទេសកម្ពុជា) និងប្រទេសចិន។ ប៉ុន្តែ ព្រះអង្គសីហនុដឹងថាពួកកុម្មុយនិស្តខ្មែរគឺជាក្រពើរមិលគុណ ហើយមិនយូរប៉ុន្មាន ពួកវានឹងដកព្រះអង្គចេញពីអំណាច ដូច្នេះ ព្រះអង្គទ្រង់មានផែនការមួយទៀតគឺទាក់ទាញអាមេរិកឱ្យបង្វែរក្បាលមកគាំទ្រចលនា'រួបរួមជាតិ'របស់ព្រះអង្គ។ ក៏ប៉ុន្តែ រដ្ឋបាលអាមេរិកបានសម្រេចគាំទ្ររដ្ឋាភិបាលលន់-នល់ទៅហើយ អញ្ជឹងផែនការរបស់ព្រះអង្គមួយនេះមានលក្ខណៈប្រថុយខ្លាំង។
ការបង្រួបបង្រួម
ព្រះអង្គម្ចាស់សីហនុគឺជាប្រមុខរដ្ឋនិងជាអ្នកដឹកនាំនៃរដ្ឋាភិបាលនេះ។ លោកប៉ែន នុតដែលជាអតីតមេធាវីនិងជាអ្នកនយោបាយជើងចាស់បានបម្រើការជានាយករដ្ឋមន្រ្តីឱ្យរដ្ឋាភិបាល។ លោកខៀវ សំផនបានបម្រើការជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រមុខដឹកនាំកងកម្លាំងប្រដាប់អាវុធរបស់ ររជក។ លោកហ៊ូ-យន់ដែលជាឥស្សរជនដ៏មានប្រជាប្រិយភាពនិងសេរីម្នាក់ក្នុងចំណោមពួកកុម្មុយនិស្តទាំងអស់ ត្រូវបានទទួលតំណែងជារដ្ឋមន្រ្តីនៃក្រសួងសហប្រតិបត្តិការ ចំណែកឯលោកហ៊ូ នឹមវិញគឺជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។[៣] នុត សំផន យន់ និងនឹមសុទ្ធតែជាមនុស្សដែលល្បីនិងមានប្រជាប្រិយភាពខ្ពស់ចំពោះប្រជាជនខ្មែរ ជាពិសេសគឺពីរនាក់ចុងក្រោយនេះដែលតែងតែចេញមុខការពារសឹទ្ធិឱ្យប្រជាកសិករជនបទ។
ក៏ប៉ុន្តែតាមការពិត អ្នកដែលត្រូវជាមេបញ្ជាការយោធាពិតប្រាកដនោះគឺ សាឡុត ស។ សាឡុត សគឺជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងឋានៈខ្ពស់បំផុតក្នុងជួរខ្មែរក្រហម ក៏ប៉ុន្តែវត្តមានរបស់គាត់ត្រូវបានរក្សាទុកជាសម្ងាត់។ កម្លាំងយោធាគឺមានឈ្មោះថា កងកម្លាំងរំដោះជាតិប្រជាជនកម្ពុជា (ករជបក), កងកម្លាំងនេះដំបូងឡើយគឺមានលក្ខណៈតូចទេ ហើយការប្រយុទ្ធគ្នាដំបូងៗនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជាតាមពិតគឺអនុវត្តដោយកងកម្លាំងវៀតណាមខាងជើងដោយមាន ករជបក ជាជំនួយ។
ទំនាក់ទំនងរបស់សីហនុជាមួយនឹងខ្មែរក្រហមតែងតែមានភាពតានតឹងជានិច្ច។ ខណៈដែលយន់ នឹម និងខៀវ-សំផនធ្លាប់ត្រូវបានប្រមាថម៉ាកងាយកាលនៅជាសមាជិកនៃសង្គមរាស្រ្តនិយមក្តី តែសីហនុមិនបានឃើញអ្នកទាំងបីជាសត្រូវចំនោះទេ ដោយទ្រង់មានការសង្ស័យនិងមិនពេញចិត្តផ្ទាល់នឹងអៀង សារី ព្រោះថានៅឆ្នាំ១៩៧១ សារីត្រូវបានចាត់តាំងពីក្រុងហាណូយដោយមានបេសកកម្មរក្សាព្រះអង្គសីហនុឱ្យនៅក្រោម"ការគ្រប់គ្រង"។ សីហនុបានចោតប្រកាន់មកសារីម្តងហើយម្តងទៀតថាលោកសារីគឺជាភ្នាក់ងារស៊ើបការរបស់វៀតណាមខាងជើង។[៤] សម្រាប់សារីវិញ លោកបានខិតខំព្យាយាមផ្សព្វផ្សាយការខ្វែងគំនិតគ្នារវាងពួកវវជន និងព្រះអង្គនរោត្តម សីហនុហើយលោកប៉ែន នុត។