បក្សកុម្មុយនីស្តកម្ពុជា
បក្សកុម្មុយនិស្តកម្ពុជា Parti communiste du Kampuchéa | |
---|---|
![]() | |
ស្ថាបនិក | សឺន ង៉ុកមិញ ទូ សាមុត |
អង្គលេខាធិការបក្ស | ប៉ុល-ពត |
លេខាធិការបក្សរង | នួន ជា |
បង្កើត | ២៨ មិថុនា ១៩៥១ |
រំលាយ | ៦ ធ្នូ ១៩៨១ |
ផ្ដាច់ចេញ | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
បក្សស្នង | គណបក្សកម្ពុជាប្រជាធិបតេយ្យ |
ស្លាបយុវជន | សម្ព័ន្ធយុវកុក |
មនោគមវិជ្ជា | កសិកម្មនិយម[១] ស្វ័យាធិបតេយ្យ[២] ជាតិខ្មែរនិយម[៣] ជាតិនិយមជ្រុល[៤] ម៉ាក្ស–លេនីននិយម[៥] |
គោលជំហរនយោបាយ | ឆ្វេងនិយម[៦][៧] |
ពណ៌ផ្លូវការ | ក្រហម |
ទង់គណបក្ស | |
![]() | |
នយោបាយនៅកម្ពុជា គណបក្សនយោបាយ ការបោះឆ្នោត |
បក្សកុម្មុយនិស្តកម្ពុជា (បកក) ឫ បក្សកុម្មុយនិស្តខ្មែរ (ភាសាបារាំង: Parti communiste du Kampuchéa)[៨], គឺជាគណបក្សកុម្មុយនិស្តនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស (ឫប្រធានបក្ស) មានឈ្មោះថាប៉ុល-ពត ចំណែកឯអ្នកគាំទ្រគណបក្សនេះវិញត្រូវបានគេស្គាល់ជាទូទៅថាពួកខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបំបែកទៅជាបក្សពួកនិយមចិន និងសូវៀតនៅឆ្នាំ១៩៦២។ បកក បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាថ្ងៃបង្កើតបក្សខ្លួនឡើង។[៤] ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញក្នុងឆ្នាំ១៩៧៩ ដោយសារតែសមាជិកឆ្វេងនិយមខ្លួនមិនពេញចិត្តនឹងគោលនយោបាយប្រលាយពូជសាសន៍របស់ប៉ុល-ពត និងដោយសារការចូលធ្វើអន្តរាគមន៍ឈ្លានពានរបស់កងកម្លាំងយោធាវៀតណាម រួចក៏បង្កើតបានជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១ ដោយមានគណបក្សកម្ពុជាប្រជាធិបតេយ្យជាបក្សស្នងបន្ត។
ប្រវត្តិ
ការបង្កើត និងការបែងចែក
គណបក្សកុម្មុយនិស្តកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១, នៅពេលដែលគណបក្សកុម្មុយនិស្តឥណ្ឌូចិន (គកឥ) បានបំបែកទៅជាគណបក្សកុម្មុយនិស្តផ្សេងៗគ្នាទៅក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម។ ការសម្រេចក្នុងការបង្កើតគណបក្សកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅឯសមាជ គកឥ ក្នុងឆ្នាំដដែលនោះ។ លោកសឺន ង៉ុកមិញត្រូវបានតែងតាងជាប្រធានស្តីទីគណបក្ស។ នៅក្នុងសមាជប្រជុំបក្សនេះ គេមិនបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាលទេ, ក៏ប៉ុន្តែបែរជាចាប់តាំងគណៈកម្មាធិការឃោសនា និងធ្វើនិម្មិតកម្មគណៈកម្មាធិការបក្សទៅវិញ។[៩] នៅពេលរៀបចំធ្វើនិម្មិតកម្ម, គណបក្សមួយនេះមានឈ្មោះថាគណបក្សបដិវត្តន៍ប្រជាជនខ្មែរ (គបបខ)។ គកឥ នាពេលនោះបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយក្នុងអំឡុងពេលអត្ថិភាពដំបូងៗរបស់ គបបខ, បក្សនេះត្រូវបានគាំទ្រឥតឈប់ឈរពីបក្សកុម្មុយនិស្តវៀតណាម។ ដោយការពឹងផ្អែកលើការគាំទ្រពីបក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងពួកអាណានិគមបារាំង, ប្រវត្តិសំខាន់ៗរបស់បក្សគឺចាប់មានឡើងនៅឆ្នាំ១៩៦០ គឺជាវេលាដែលគណបក្សនេះបានចាប់ផ្តើមបោះជំហានបន្តិចម្តងៗឈានទៅរកការកាន់កាប់អំណាច។[១០]
យោងទៅតាមប្រវត្តិនៃគណបក្សនេះនៅក្នុងអត្ថបទកម្ពុជាប្រជាធិបតេយ្យ, ការទទួលបរាជ័យរបស់វៀតមិញក្នុងការចរចាពីតួនាទីនយោបាយរបស់ គបបខ នៅឯសមាជហ្សឺណេវ ត្រូវបានចាត់ទុកជាការក្បត់ដោយចលនាកុម្មុយនិស្តកម្ពុជា, ដែលពេលនោះកំពុងកាន់កាប់តំបន់ជនបទមួយភាគធំដោយមានកងកម្លាំងប្រដាប់អាវុធយ៉ាងតិចចំនួន ៥,០០០ នាក់។ ក្រោយពីកិច្ចប្រជុំសមាជនោះហើយ, សមាជិកបក្ស គបបខ ប្រហែលជាង ១,០០០ នាក់ រួមមានលោកសឺន ង៉ុកមិញ, បាននាំគ្នាធ្វើនិរទេសទៅប្រទេសវៀតណាមខាងជើង។ នៅចុងឆ្នាំ១៩៥៤ សមាជិកបក្សដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាបាននាំគ្នាបង្កើតគណបក្សនយោបាយស្របច្បាប់មួយគឺក្រុមប្រជាជន ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ១៩៥៥ និងឆ្នាំ១៩៥៨។ ក្នុងការបោះឆ្នោតខែកញ្ញា ឆ្នាំ១៩៥៥, ក្រុមប្រជាជនបានទទួលសម្លេងឆ្នោតប្រមាណ ៤% ក៏ប៉ុន្តែមិនបានឈ្នះអាសនៈអ្វីនោះទេនៅក្នុងអង្គនីតិបញត្តិ។ សមាជិកក្រុមប្រជាជនត្រូវរងនូវការរិះគុណដ៏អាក្រក់អាគ្រែងហើយត្រូវបានប្រកាស់ចាប់ខ្លួនព្រោះដោយសារតែក្រុមប្រជាជនជាគណបក្សនៅក្រៅវង្វង់សង្គមរាស្រ្តនិយមរបស់ព្រះអង្គនរោត្តម សីហនុ។ ការជិះជាន់របស់រដ្ឋាភិបាលបានរារាំងក្រុមប្រជាជនមិនឱ្យចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយបានធ្វើឱ្យបក្សនេះក្លាយជាគណបក្សនយោបាយសម្ងាត់(គ្មានសឹទ្ធិចូលរួមឈរឈ្មោះបោះឆ្នោត)។ ការពិចារណាក្នុងការសម្រេចដាក់ពាក្យជ្រើសរើសអ្នកឈរឈ្មោះបោះឆ្នោតមិនត្រូវបានធ្វើឡើងនោះទេហើយពួកគេក៏បានប្តូរឈ្មោះបក្សមកគណបក្សកម្មករកម្ពុជា (គកក) វិញ។[១០] ព្រះបាទសីហនុបានសំដៅទៅលើពួកឆ្វេងនិយមក្នុងស្រុកថា"ខ្មែរក្រហម", ដែលក្រោមមកបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាំទ្រ បកក និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។
ក្នុងអំឡុងពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០, គបបខ ត្រូវបានចែកទៅជាពីរក្រុមបក្សពួក, ទីមួយគឺ"គណៈកម្មាធិការប្រជុំជន" (ដឹកនាំដោយទូ សាមុត) និងទីពីរគឺ"គណៈកម្មាធិការជនបទ" (ដឹកនាំដោយលោកសៀវ ហេង)។ និយាយជាទូទៅ, ក្រុមបក្សពួកពីរនេះបានប្រកាន់យកខ្សែគំនិតបដិវត្តន៍ផ្ទុយពីគ្នា។ ខ្សែគំនិតរបស់ពួក"គណៈកម្មាធិការប្រជុំជន"ដែលគាំទ្រដោយវៀតណាមខាងជើងបានយល់ឃើញថា ព្រះអង្គម្ចាស់សីហនុ ដោយគុណសម្បត្តិនៃភាពជោកជ័យរបស់ព្រះអង្គក្នុងការដណ្តើមឯករាជ្យបានពីអាណានិគមបារាំង "ព្រះអង្គគឺជាអ្នកដឹកនាំជាតិខ្មែរពិតប្រាកដ", ដោយអព្យាក្រឹតភាពនិងភាពមិនទុកចិត្តពីសហរដ្ឋអាមេរិកមកលើព្រះអង្គបានធ្វើឱ្យទ្រង់ក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងចលនាតស៊ូរបស់ហាណូយ (ពួកកុម្មុយនិស្តវៀតណាម) ដើម្បី"រំដោះ"ប្រទេសវៀតណាមខាងត្បូងពីអាមេរិក។ បើខ្សែគំនិតរបស់ពួកគេ ទទួលបានជោកជ័យនោះ វានឹងអាចបញ្ចុះបញ្ចូលព្រះអង្គឱ្យឃ្លាតឆ្ងាយពីនយោបាយស្លាបស្តាំហើយមកប្រកាន់នូវគោលនយោបាយស្លាបឆ្វេងវិញ។ ឯខ្សែគំនិតមួយទៀតគឺត្រូវបានគាំទ្រភាគច្រើនដោយក្រុមកម្មាភិបាលខេត្តដែលពួកគេបានស្គាល់ច្បាស់នូវភាពដ៏សែនលំបាកនៅតាមជនបទ, និយាយឱ្យខ្លី ខ្សែគំនិតទីពីរនេះគឺ'គាំទ្រចលនាតស៊ូផ្តួលរលំរបប"សក្តិភូមិ"របស់សីហនុ'។ ក្នុងឆ្នាំ១៩៥៩, លោកសៀវ ហេងបានរត់ចោលក្រុមទៅចូលរួមជាមួយរដ្ឋាភិបាលហើយផ្តល់នូវព័ត៌មានមួយចំនួនធំទៅឱ្យកម្លាំងសន្តិសុខជាតិដែលអនុញ្ញាតឱ្យពួកគេអាច'កំចាត់'បរិធានអង្ការបក្សនៅតាមជនបទប្រហែលអស់ជាង៩០%។ ទោះបីជាបណ្តាញកុម្មុយនិស្តនៅភ្នំពេញនិងនៅតាមទីប្រជុំជនផ្សេងៗរបស់ទូ សាមុតមានភាពរីកចម្រើនល្អប្រសើរមែនក្តី ប៉ុន្តែអ្នកកុម្មុយនិស្តនិយមដែលនៅសេសសល់មានចំនួនប្រហែលតែពីរទៅបីរយនាក់ប៉ុណ្ណោះនៅឆ្នាំ១៩៦០។
ក្រុមនិស្សិតនៅប៉ារីស
នៅក្នុងទស្សវត្តឆ្នាំ១៩៥០, និស្សិតជនជាតិខ្មែរមួយចំនួននៅទីក្រុងប៉ារីសបានប្រមូលគ្នារៀបចំបង្កើតចលនាកុម្មុយនិស្តផ្ទាល់ខ្លួន ដោយចលនានេះមានទំនាក់ទំនងតិចតួចណាស់ជាមួយបក្សកុម្មុយនិស្តនៅឯស្រុកកំណើតរបស់ពួកគេ ដែលកំពុងជួបនឹងការគាបសង្កត់ពីរដ្ឋាភិបាល។ ក្នុងចំណោមសិស្សទាំងអស់នោះមានខ្លះបានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលបញ្ជាការបរិធានអង្ការបក្សនៅក្នុងទស្សវត្តឆ្នាំ១៩៦០, អ្នកទាំងនោះបានដឹកនាំកុបកម្មដ៏មានប្រសឹទ្ធភាពមួយប្រឆាំងនឹងព្រះអង្គសីហនុនិងលោកលន់ នល់ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥ ហើយក្រោយមកបានបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ។
ប៉ុល-ពត, បានក្លាយជាមេដឹកនាំចលនាកុម្មុយនិស្តក្នុងទស្សវត្តឆ្នាំ១៩៦០។ លោកបានកើតនៅឆ្នាំ១៩២៨ (ប្រភពខ្លះបានអះអាងថាឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ។ គាត់បានចូលរៀនក្នុងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញហើយបានចេញទៅរៀនអេឡិចត្រូនិចវិទ្យុនៅឯទីក្រុងប៉ារីស, ប្រទេសបារាំងក្នុងឆ្នាំ១៩៤៩។
សមាជិកម្នាក់ទៀតនៃក្រុមនិសិត្សទីក្រុងប៉ារីសគឺលោកអៀង សារី, លោកមានសញ្ជាតិខ្មែរនិងចិន ហើយបានកើតនៅឆ្នាំ១៩៣០ ក្នុងប្រទេសវៀតណាម (ភាគខាងត្បូង)។ លោកបានចូលរៀននៅវិទ្យាល័យ ព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញមុនពេលចាប់ផ្តើមរៀនវិជ្ជាជីវៈខាងពាណិជ្ជកម្មនិងនយោបាយនៅឯវិទ្យាស្ថានសិក្សានយោបាយទីក្រុងប៉ារីស (ឫអាចហៅជាភាសាអង់គ្លេសថា Science Po)។ លោកខៀវ សំផន, ពេលនោះត្រូវបានគេចាត់ទុកថាជា"បញ្ញាវន្តដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់", លោកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងអំឡុងពេលលោកកំពុងស្នាក់នៅទីក្រុងប៉ារីស។ បើនិយាយពីទេពកោសល្យ, លោកត្រូវក្លាយជាគូប្រជែងនឹងលោកហ៊ូ យន់ (កើតក្នុងឆ្នាំ១៩៣០), យន់បានរៀនវិជ្ជាខាងផ្នែកសេដ្ឋកិច្ចនិងច្បាប់, លោកសុន សេន (កើតឆ្នាំ១៩៣០) រៀនផ្នែកអប់រំនិងអក្សរសាស្រ្ត និងលោកហ៊ូ នឹម (កើតឆ្នាំ១៩៣២) រៀនផ្នែកច្បាប់។
សមាជិកក្រុមនិស្សិតទីក្រុងប៉ារីសភាគច្រើនគឺមកពីគ្រួសារម្ចាស់ដីធ្លីនិងគ្រួសារមន្រ្តីរាជការ។ ក្រុមនិស្សិតប៉ារីសបីក្រុមបានបង្កើតចំណងជាមួយគ្នា ដែលចំណងនេះត្រូវបានឆ្លងកាត់វេលាឆ្នាំយ៉ាងយូរនៃចលនាបដិវត្តន៍និងចលនាតស៊ូដោយវេទនា។ ប៉ុល-ពតត្រូវបានរៀបការជាមួយខៀវ ពណ្ណារី ហើយលោកអៀង សារីត្រូវបានរៀបការជាមួយខៀវ ធីរិទ្ធ (អាចហៅគាត់បានថាអៀង ធីរិទ្ធ), គេបានយល់ឃើញថានារីទាំងពីរអ្នកនេះត្រូវជាបងប្អូនរបស់លោកខៀវ សំផន។ ស្រ្តីទាំងពីរអ្នកខាងលើនេះក៏បានដើរតួនាទីយ៉ាងសំខាន់មួយដែរនៅក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យ។
នៅចន្លោះឆ្នាំ១៩៤៩ និងឆ្នាំ១៩៥១, ប៉ុល ពត និងអៀង សារីបានចូលគាំទ្របក្សកុម្មុយនិស្តបារាំង។ នៅឆ្នាំ១៩៥១, អ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៊ែរឡាំងខាងកើតដើម្បីចូលរួមក្នុងពិធីបុណ្យយុវជនពិភពលោក។ បទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរគំនិតមនោគមវិជ្ជារបស់ពួកគេ។ ការបានជួបជាមួយនឹងជនជាតិខ្មែរដែលពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវៀតមិញ, បានធ្វើឱ្យប៉ុល ពតនិងអៀង សារីយល់ឃើញថាមានតែការរៀបចំបង្កើតគណបក្សនយោបាយតឹងរឹង និងការត្រៀមខ្លួនសម្រាប់ចលនាតស៊ូប្រដាប់អាវុធទេ ទើបអាចនាំឱ្យមានបដិវត្តន៍កើតឡើងបាន។ ពួកគេបានធ្វើកំណែកែប្រែសមាគមនិសិត្សខ្មែរ (ភាសាអង់គ្លេស: Khmer Student's Association - KSA) ដែលមានសិស្សានុសិស្សខ្មែរយ៉ាងច្រើនប្រហែល ២០០ នាក់ជាសមាជិក, ទៅជាអង្គការផ្នែកគំនិតជាតិនិយមនិងគំនិតឆ្វេងនិយមមួយ។ មានអង្គការថ្មីមួយត្រូវបានបង្កើតឡើងជាសម្ងាត់ក្រោមឈ្មោះ KSA ដែលគេដាក់ឈ្មោះជាភាសាបារាំងថា Cercle Marxiste ឫរង្វង់ម៉ាក្ស។ សមាគម KSA មានសមាជិកតែបីទៅប្រាំមួយនាក់តែប៉ុណ្ណោះដែលយល់ដឹងពីគោលដៅរបស់អង្គការខ្លួន ដោយសមាជិកទាំងប៉ុន្មានភាគច្រើនមិនសូវដឹងពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការនោះទេ។ នៅឆ្នាំ១៩៥២, ប៉ុល-ពត ហ៊ូ-យន់ អៀង-សារី និងពួកឆ្វេងនិយមដទៃទៀតត្រូវបានប្រជាជនខ្មែរដឹងឮស្ទើរគ្រប់គ្នាតាមរយៈការសរសេរលិខិតរបស់ពួកគេផ្ញើរទៅឱ្យព្រះអង្គសីហនុដោយរិះគុណព្រះអង្គថា"ព្រះអង្គជាមនុស្សល្ងង់ខ្លៅ និងមិនសូវដឹងអ្វីពីលទ្ធិប្រជាធិបតេយ្យនោះទេ"។ មួយឆ្នាំក្រោយមក, អាជ្ញាធរបារាំងបានបិតសមាគម KSA, ក៏ប៉ុន្តែលោកហ៊ូ យន់ និងខៀវ សំផនបានបង្កើតក្រុមនិស្សិតថ្មីមួយទៀតក្នុងឆ្នាំ១៩៥៦, ដែលមានឈ្មោះសហភាពនិស្សិតខ្មែរ។ ក្រុមថ្មីនេះត្រូវបានគ្រប់គ្រងដឹកនាំដោយអតីតសមាជិក Cercle Marxiste ដដែល។
និក្ខេបបទបណ្ឌិតដែលបានសរសេរដោយលោកហ៊ូ យន់ និងខៀវ សំផននាពេលនោះ បានបង្ហាញពីមូលដ្ឋានគ្រឹះមួយដែលក្រោយមកបានក្លាយជាគ្រឹះនៃគោលនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកហ៊ូ យន់បាននិពន្ធរៀបរាប់ពីតួនាទីសំខាន់ៗរបស់ពួកកសិករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងនិក្ខេបបទមួយរបស់លោកនាឆ្នាំ១៩៥៥ ដែលមានចំណងជើងថា "Les paysans cambodgiens et leurs perspectives de modernisation" (ភាសាខ្មែរ៖ កសិករខ្មែរនិងទស្សនវិស័យរបស់ពួកគេក្នុងការធ្វើទំនើបកម្ម) និក្ខេបបទនេះបានជំទាស់នឹងទស្សនៈជាទូទៅថា នគរូបនីយកម្មនិងឧស្សាហូបនីយកម្មគឺជាកត្តាចាំបាច់នៃការអភិវឌ្ឍន៍។ នៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩ របស់លោកខៀវ សំផន, សេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍផ្នែកឧស្សាហកម្ម បានរៀបរាប់ថា ប្រទេសកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រូវតែបញ្ឈប់ភាពអាស្រ័យសេដ្ឋកិច្ចខ្លួនលើប្រទេសអភិវឌ្ឍ។ នៅក្នុងវណ្ណវង្សទូទៅ, កិច្ចការងាររបស់លោកខៀវ សំផនបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវិស័យ"ទ្រឹស្តីអនិស្សរភាព", ដែលបានចោទថា កង្វះនៃការអភិវឌ្ឍន៍នៅតាមប្រទេសលោកទីបី គឺបណ្តាលមកពី ការពឹងផ្អែកទៅលើវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
អទិភាពសម្ងាត់នៅទីក្រុងភ្នំពេញ
បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣, ប៉ុល ពតបានសម្រេចចុះចូលជាមួយបក្សភ្លាម។ ដំបូង គាត់បានចូលទៅក្នុងកងកម្លាំងដែលជាប់សម្ព័ន្ធមិត្តជាមួយកងកម្លាំងវៀតមិញដែលកំពុងធ្វើប្រតិបត្តិការនៅតាមទីជនបទក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់សង្គ្រាមប៉ះបោរជាមួយបារាំង គាត់បានធ្វើដំណើរមកក្រុងភ្នំពេញហើយចូលជាមួយ"គណៈកម្មាធិការប្រជុំជន"ដែលដឹកនាំដោយទូ សាមុត, នៅទីនោះ ប៉ុល-ពតបានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងគណបក្សឆ្វេងនិយមនិងចលនាកុម្មុយនិស្តសម្ងាត់។ សមមិត្តរបស់ប៉ុល-ពតគឺអៀង សារី និងហ៊ូ យន់បានក្លាយជាគ្រូបង្រៀននៅសាលាឯកជនថ្មីមួយគឺវិទ្យាល័យកម្ពុជបុត្រ។ លោកខៀវ សំផនបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៩ ហើយបានបង្រៀនជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសកលវិទ្យាល័យភ្នំពេញ និងបានឆ្លៀតពេលបង្កើតក្រុមហ៊ុនបោះពុម្ភកាសែតផ្សាយជាភាសាបារាំងមួយដែលមានឈ្មោះថា L'Observateur (ភាសាខ្មែរ: ឡុបស៊ែរវ៉ាទ័រ)។ មិនយូរប៉ុន្មាន, កាសែតនេះក៏ទទួលបាននូវកិត្តិសព្ទនៅក្នុងបណ្ឌិតសភាតូចមួយនៅភ្នំពេញ។ នៅឆ្នាំបន្ទាប់, កាសែតឡុបស៊ែរវ៉ាទ័រត្រូវបានបិតចោល ហើយកងកម្លាំងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សីហនុបានធ្វើបាបលោកខៀវ សំផនដោយវាយតប់ជាន់ធាក់ ហើយអ្វីដែលគួរឱ្យជ្រុលហួសហេតុនោះ គឺពួកគេបានចាប់ដោះសម្លៀកបំពាក់លោកខៀវ សំផននៅទីសាធារណៈ។ ទោះជាយ៉ាងណាក្តី បទពិសោធន៍នេះមិនបានបញ្ឈប់លោកសំផនក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយសីហនុឡើយ ការធ្វើបែបនេះគឺចង់បង្កើតកម្លាំងរណសិរ្សប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង។ ដូចជាបានរៀបរាប់ខាងលើអញ្ជឹង, លោកខៀវ សំផន, ហ៊ូ យន់ និង ហ៊ូ នឹម ត្រូវតែបង្ខំខ្លួនបម្រើសេវាឱ្យរបបសង្គមរាស្រ្តនិយមរបស់សីហនុនិងទទួលយកតំណែងក្នុងរដ្ឋាភិបាលរបស់ព្រះអង្គ។
នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០, ក្រុមមេដឹកនាំ ២៥ រូបនៃ គបបខ បានរៀបចំធ្វើសមាជប្រជុំសម្ងាត់មួយនៅក្បែរស្ថានីយរថភ្លើងភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះមានប្រតិភូចំនួន ១៤ រូបជាតំណាងខាងក្រុមជនបទ និង ១៧ រូបជាតំណាងក្រុមទីប្រជុំជន។[១១] ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគឺនៅតែជាអាថ៌កំបាំងពីព្រោះលទ្ធផលនៃកិច្ចប្រជុំនេះបានធ្វើឱ្យកើតមានជម្លោះរវាងក្រុមកុម្មុយនិស្តនិយមគាំទ្រវៀណាមនិងក្រុមកុម្មុយនិស្តប្រឆាំងនឹងវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះផងដែរ គបបខ ត្រូវបានប្តូរឈ្មោះមកគណបក្សកម្មករកម្ពុជា។ សំណួរទាក់ទងនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឫការតស៊ូចូលរបបសង្គមត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់។ រចនាសម្ព័ន្ធថ្មីនៅក្នុងគណបក្សត្រូវបានអនុម័តឡើងនិងជាលើកដំបូង គណៈកម្មាធិការកណ្តាលអចិន្ត្រៃយ៍ត្រូវបានតែងតាំង ដោយមានលោកទូ សាមុត (ជាអ្នកដែលបានរៀបចំគោលនយោបាយសហប្រតិបត្តិការជាមួយសង្គម) ជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តលោកសាមុត គឺលោកនួន ជា, ដែលគេស្គាល់ថារុងឡឺត, ត្រូវបានតាំងជាអង្គលេខាធិការបក្សរង ខណៈដែលប៉ុល-ពតនិងអៀង សារីត្រូវបានតែងតាំងជាគណៈកម្មាធិការកណ្តាលដែលជាតំណែងទីបីនិងទីប្រាំនៃតំណែងខ្ពស់ជាងគេនៅក្នុងឋានានុក្រមបក្ស។ សមាជិកគណៈកម្មាធិការមួយរូបទៀតគឺអ្នកកុម្មុយនិស្តជើងចាស់ឈ្នោះថាកែវ មាស។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, វេលាប្រជុំនេះត្រូវបានចាត់ទុកថាជាថ្ងៃបង្កើតបក្សកុម្មុយនិស្តកម្ពុជានិងជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកុម្មុយនិស្តនៃប្រទេសកម្ពុជា។[១០]
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោក ទូ សាមុតត្រូវបានរដ្ឋាភិបាលកម្ពុជាធ្វើឃាត។ នៅក្នុងកិច្ចប្រជុំសមាជលើកទីពីររបស់ គកក នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣៖ គេបានជ្រើសយកប៉ុល-ពតឱ្យបន្តស្នងតំណែងពីសាមុតជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តរបស់លោកសាមុត មានដូចជាលោកនួន ជា និងកែវ មាសត្រូវបានដកចេញពីតំណែងជាគណៈកម្មាធិការកណ្តាលហើយត្រូវជំនួសដោយលោកសុន សេននិងវ៉ន វេតវិញ។ ចាប់តាំងពីពេលនោះមក ប៉ុល-ពតនិងសមមិត្តស្មោះត្រង់របស់គាត់ដែលធ្លាប់ជាមិត្តជិតស្និតជាមួយគ្នានៅប៉ារីសបានទទួលមានសឹទ្ធិគ្រប់គ្រងគណបក្សទាំងមូល ដោយបានដកចេញនូវសមាជិកជើសចាស់ចោលដែលប៉ុល-ពតគិតថាពួកគេទាំងនោះជាអ្នកគាំទ្រកុម្មុយនិស្តវៀតណាមជ្រុលហួស។
កុបកម្មនៅតាមជនបទប្រទេសកម្ពុជា
នៅខែកក្កដា ឆ្នាំ១៩៦៣, ប៉ុល-ពតនិងគណៈកម្មាធិការបក្សមួយចំនួនធំបានចាកចេញពីភ្នំពេញទៅតំបន់ភាគឥសាន្តនៃខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានកុបកម្មនៅទីនោះ។ ប៉ុល-ពតត្រូវបានគេដាក់ឈ្មោះលោកនៅក្នុងបញ្ជីពួកឆ្វេងនិយមចំនួន ៣៤ រូបដែលត្រូវចុះចូលជាមួយរដ្ឋាភិបាលព្រះអង្គនរោត្តម សីហនុហើយអ្នកទាំងនោះនឹងត្រូវការចុះហត្ថលេខាលើសេចក្តីថ្លែងការមួយចំនួនដែលថ្លែងថាព្រះអង្គនរោត្តម សីហនុគឺជាមេដឹកនាំតែមួយគត់ដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បាន។ មានតែប៉ុល ពតនិងលោកជូ ជេតប៉ុណ្ណោះជាអ្នកឆ្វេងនិយមពីររូបក្នុងចំណោម ៣៤ រូបផ្សេងទៀតដែលបានរត់គេចខ្លួនរួច។ ឯអ្នកឆ្វេងនិយមចំនួន ៣២ រូបទៀតបានយល់ព្រមសហការជាមួយរដ្ឋាភិបាលសីហនុហើយក្រោយមកក៏ត្រូវបានឃ្លាំមើលដោយក្រុមនគរបាលរយៈពេល ២៤ ម៉ោងរៀងរាល់ថ្ងៃ។
នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៦០, ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ានស្មានថាគណបក្សថ្មីនេះមានសមាជិកភាពរហូតទៅដល់ ១០០ នាក់។[១២]
នៅតំបន់ដែលប៉ុល-ពតនិងសមាជិកបក្សទៅបង្កើតកម្លាំងកុបកម្មនោះគឺជាតំបន់ដែលកុលសម្ព័ន្ធជនជាតិភាគតិចរស់នៅ, ពួកខ្មែរលើដែលជាឈ្មោះក្រុមកុលសម្ព័ន្ធនៅតំបន់នោះត្រូវបានពួកប៉ុល-ពតធ្វើបាបយ៉ាងឃោរឃៅហើយត្រូវបានបង្ខំឱ្យចូលធ្វើជាទាហានទ័ពព្រៃទៀតផង។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើងនិងប្រទេសចិនអស់រយៈពេលជាច្រើនខែ។ ខ្លះបានថាគាត់ប្រហែលជាទទួលបានការបង្ហាត់បង្រៀននៅប្រទេសចិនហើយ ដែលបានបង្កើនកិត្យានុភាពរបស់គាត់នៅពេលដែលគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះបីជាប៉ុល-ពតនៅមានទំនាក់ទំនងល្អជាមួយព្រះអង្គនរោត្តម សីហនុមែនតែការទៅលេងប្រទេសក្រៅរបស់គាត់ត្រូវបានលាក់បាំងពីព្រះអង្គយ៉ាងជិត។ នៅឆ្នាំ១៩៧១ គកក របស់ប៉ុល-ពតបានប្តូរឈ្មោះមកជាបក្សកុម្មុយនិស្តកម្ពុជា ឫ 'បកក'។ លក្ខន្តិកៈរបស់បក្សដែលបានផ្សព្វផ្សាយឡើងនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៧០ បានអះអាងថាការប្តូរឈ្មោះរបស់បក្សនេះត្រូវបានធ្វើឡើងនៅក្នុងសមាជប្រជុំគណបក្សចាប់តាំងពីឆ្នាំ១៩៧១ មកម្លេះ។[១៣] ការប្លាស់ប្តូរឈ្មោះគណបក្សនេះត្រូវបានគេលាក់ទុកយ៉ាងសម្ងាត់, សម្បីតែសមាជិកជាន់ទាបនិងសមាជិកភាពគណបក្សក៏មិនបានដឹងឮពីការប្តូរឈ្មោះនេះដែរទាន់តែពីរ ឫបីឆ្នាំក្រោយមកបានដឹងពីការផ្លាស់ប្តូរឈ្មោះគណបក្ស។ មេថ្នាក់ដឹកនាំ បកក តែងតែគាំទ្រចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយមជានិច្ច។ ក្នុងឆ្នាំ១៩៦៧ បក្សកុម្មុយនិស្តកម្ពុជា (បកក) បានងើបឡើងធ្វើកុបកម្មតូចៗចំនួនពីរបីលើក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនសូវបានទទួលផលមកវិញច្រើននោះទេ។
ដោយមិនសូវទទួលបានជោកជ័យ, ក្នុងឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានចាប់ផ្តើមធ្វើកុបកម្មដ៏ធំមួយ (កុបកម្មជាតិ) នៅទូទាំងប្រទេសកម្ពុជា។ ទោះបីជាវៀតណាមខាងជើងមិនទាន់បានសម្រេចចិត្តឱ្យខ្មែរក្រហមធ្វើកុបកម្មជាតិក៏ដោយ កងកម្លាំងវៀតណាមខាងជើងនូវតែផ្តល់ទីជម្រកនិងគ្រឿងប្រដាប់អាវុធទៅឱ្យពួកខ្មែរក្រហម។ កងកម្លាំងទ័ពព្រៃខ្មែរក្រហមត្រូវបានគេឱ្យឈ្មោះថាកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ ការគាំទ្រដោយវៀតណាមមកលើការធ្វើកុបកម្មនេះបានធ្វើឱ្យមានភាពលំបាកយ៉ាងខ្លាំងសម្រាប់កងទ័ពជើងគោកកម្ពុជាក្នុងការបង្រ្កាបកងកម្លាំងខ្មែរក្រហម។
ការឡើងកាន់កាប់អំណាច
ប្រជាប្រិយភាពនៃនយោបាយពួកខ្មែរក្រហមត្រូវបានកើនឡើងនៅពេលដែលព្រះអង្គសីហនុត្រូវគេដកចេញពីតំណែងប្រមុខរដ្ឋនៅឆ្នាំ១៩៧០។ លោកឧត្តមសេនីយ៍លន់ នល់ ដែលមានការគាំទ្រពីរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ។ ព្រះអង្គសីហនុ ដែលបានធ្វើនិរទេសខ្លួនទៅទីក្រុងប៉េកាំង បានចងសម្ព័ន្ធភាពជាមួយបក្សកុម្មុយនិស្តកម្ពុជា ហើយទ្រង់ក៏បានក្លាយជាប្រមុខរដ្ឋខ្មែរក្រហមទាំងនៅក្រៅប្រទេស (សម្ព័ន្ធភាពនេះត្រូវគេស្គាល់ជាអក្សរកាត់ថារ.រ.ជ.ក) ដែលគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន។ ការគាំទ្រសីហនុពីប្រជាពលរដ្ឋនៅតាមតំបន់ជនបទប្រទេសកម្ពុជាបានពង្រីកអំណាចនិងឥទ្ធិពលខ្មែរក្រហម រហូតដល់ថ្នាក់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយភាគធំនៃទឹកដីប្រទេសកម្ពុជារួចទៅហើយ។
ទំនាក់ទំនងរវាងការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាដោយសហរដ្ឋអាមេរិកនិងកើនឡើងនៃឥទ្ធិពលរបស់ពួកខ្មែរក្រហមបានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយដល់ប្រវត្តិវិទូ។ ប្រវត្តិវិទូមួយចំនួនដូចជាលោក Michael Ignatieff, Adam Jones[១៤] និង Greg Gradins[១៥] បានលើកឡើងថាការធ្វើអន្តរាគមន៍និងយុទ្ធនាការទម្លាក់គ្រាប់បែកដោយអាមេរិក (ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣) គឺជាកត្តាដ៏សំខាន់មួយដែលនាំឱ្យការគាំទ្រពួកខ្មែរក្រហមកាន់តែរីកធំឡើងៗជាពិសេសគឺពីកសិករខ្មែរ។[១៦] យោងតាមលោក Ben Kiernan, ពួកខ្មែរក្រហម"ក៏នឹងមិនបានឡើងកាន់កាប់អំណាចដែរបើគ្មានវិបត្តិអស្ថិរភាពនៃកងកម្លាំងយោធាខ្មែរសាធារណរដ្ឋ ឫគ្មានការទម្លាក់គ្រប់បែកពីអាមេរិកនោះ...ពួកខ្មែរក្រហមបានលើកយកការទម្លាក់គ្រាប់បែកនិងការសម្លាប់រង្គាលនៃជនស៊ីវិលជាការឃោសនាប្រមូលកម្លាំងគាំទ្រនិងជាលេសសម្រាប់អំពើឃោឃៅនិងគោលនយោបាយមូលវិវដ្តរបស់ពួកគេហើយដើម្បីកំចាត់មជ្ឈន្តិកជនកុម្មុយនិស្តនិងពួកសីហនុនិយមចោលទៀតផង"។[១៧] អ្នកសរសេរជីវប្រវត្តិប៉ុល-ពត ឈ្មោះ David P. Chandler បានសរសេរបញ្ជាក់ថា ការទម្លាក់គ្រប់បែកនោះ"ពិតជាបានផលដូចអ្វីដែលអាមេរិកចង់បានមែន–វាបានបំបែកការឡោមព័ទ្ធដោយពួកកុម្មុយនិស្តនៅឯទីក្រុងភ្នំពេញ" ប៉ុន្តែវាក៏បាននាំឱ្យមានការបែកបាក់នៃប្រព័ន្ធសង្គមទាំងមូលផងដែរ។ [១៨][១៩][២០]ចំណែកឯលោក Peter Rodman និង Michael Lind បានអះអាងថាការចូលធ្វើអន្តរាគមន៍របស់អាមេរិកបានជួយរបបសាធារណរដ្ឋរបស់លន់ នល់ពីការដួលរលំក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៧៣។[២១][២២] លោក Craig Etcheson បានទទួលស្គាល់ថាការធ្វើអន្តរាគមន៍របស់អាមេរិកពិតជាបានធ្វើឱ្យពួកខ្មែរក្រហមកាន់តែទទួលបានអំណាចមែនតែបានជំទាស់ថាការធ្វើអន្តរាគមន៍របស់អាមេរិកមិនមែនជាបុព្វហេតុចំបងនៃការទទួលជោកជ័យរបស់ពួកខ្មែរក្រហមទេ។[២៣] លោក William Shawcross បានសរសេររៀបរាប់ថាការទម្លាក់គ្រាប់បែកនិងការលុកលុយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកម្ពុជាធ្លាក់មកនៅក្រោមស្ថានភាពវឹកវរដែលសីហនុខំប្រឹងចៀសវាងអស់រយៈពេលជាយូរណាស់មកហើយ។[២៤]
ការគាំទ្ររបស់វៀតណាមមកលើពួកខ្មែរក្រហមបានកាត់បន្ថយយ៉ាងខ្លាំងនៅក្នុងឆ្នាំ១៩៧៣។[២៥] ចិនក៏ក្លាយជាប្រទេសដែលផ្គត់ផ្គង់គ្រឿងប្រដាប់អាវុធឱ្យខ្មែរក្រហមនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានិងឆ្នាំបន្តបន្ទាប់ទៀត។[២៦]
នៅពេលដែរសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាមកឱ្យរដ្ឋាភិបាលលន់ នល់នៅឆ្នាំ១៩៧៣ ពួកខ្មែរក្រហមបានទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេស ដោយមានកម្លាំងទាហានច្រើនជាងកងទ័ពប្រដាប់អាវុធជាតិខ្មែររបស់លន់ នល់ទៅទៀត។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហមបានដណ្តើមកាន់កាប់ទីក្រុងភ្នំពេញនិងផ្តួលរលំរបបសាធារណរដ្ឋខ្មែរ រួចហើយក៏ចាប់ប្រហារជីវិតមន្រ្តីរបបសាធារណរដ្ឋចោលទាំងអស់។
ការកាន់អំណាចរបស់ពួកខ្មែរក្រហម
ថ្នាក់ដឹកនាំខ្មែរក្រហមគឺមិនសូវមានការផ្លាស់ប្តូរធំដុំអ្វីទេនៅចន្លោះទសវត្សឆ្នាំ១៩៦០ ដល់ពាក់កណ្តាល់ទសវត្សឆ្នាំ១៩៩០។ មេដឹកនាំខ្មែរក្រហមភាគច្រើនគឺមកពីគ្រួសារវណ្ណៈកណ្តាល (មានជីវភាពធូរធារ) ហើយបានទទួលនូវការអប់រំតាមសកលវិទ្យាល័យនៅប្រទេសបារាំងទៀតផង។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សខ្មែរក្រហមក្នុងអំឡុងពេលកាន់អំណាចមានដូចជា:
- បងធំទី១ ប៉ុល ពត (ហៅសាឡុត ស) — ជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៨១ និងជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩
- បងធំទី២ នួន ជា (ហៅឡុង ប៊ុនរត្ន) — ជាលេខាធិការបក្សរង និងជាប្រធានសភាតំណាងប្រជាជនកម្ពុជា
- បងធំទី៣ អៀង សារី — ជាឧបនាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីនៃក្រសួងការបរទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
- បងធំទី៤ ខៀវ សំផន — ជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ (ប្រមុខរដ្ឋ) នៃកម្ពុជាប្រជាធិបតេយ្យ
- បងធំទី៥ តាម៉ុក(ហៅឈិត ជើង) — ជាមេបញ្ជាការទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ មេដឹកនាំខ្មែរក្រហមចុងក្រោយគេ, លេខាធិការតំបន់ទិសនិរតី
- បងធំទី៨ កែ ពក — ជាលេខាធិការតំបន់ភូមិភាគខាងជើង
- សុន សេន — ជាឧបនាយករដ្ឋមន្រ្តីនៃកម្ពុជាប្រជាធិបតេយ្យ និងជាមន្ត្រីក្រសួងការពារជាតិ
- យុន យ៉ាត — ជាមន្រ្តីក្រសួងអប់រំពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ និងជាមន្រ្តីក្រសួងព័ត៌មាន(ជំនួសហ៊ូ នឹមក្នុងឆ្នាំ១៩៧៧)
ពេលកាន់អំណាច ខ្មែរក្រហមបានអនុវត្តកម្មវិធីនយោបាយមូលវិវដ្តមានដូចជា ការប្រកាន់យកនយោបាយឯកោរ (គ្មានទំនាក់ទំនងជាមួយបរទេស), បិទសាលារៀន, មន្ទីរពេទ្យ, និងរោងចក្រ, លុបបំបាត់រូបិយវត្ថុ និងហិរញ្ញវត្ថុ, គំទិចវត្តអារាម និងចាត់ទុកការអនុវត្តតាមជំនឿសាសនាជាអំពើខុសនឹងច្បាប់, រិបអូសទ្រព្យសម្បត្តិឯកជន, និងបណ្តេញប្រជាជនចេញពីទីក្រុងឱ្យទៅរស់នៅតំបន់ជនបទ។ គោលបំណងនៃគោលនយោបាយនេះគឺដើម្បីកែប្រែអ្នកក្រុង ឫអ្នកជំនាញវិជ្ជាជីវៈ ឫអាចហៅថា"ប្រជាជនថ្មី"តាមរយៈការចាត់ឱ្យធ្វើការងារកសិកម្មនិងពលកម្មធ្ងន់ៗដោយមានការត្រួតពិនិត្យពី"ប្រជាជនចាស់"។ គោលដៅរបស់ពួកគេគឺដំបូងចង់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដោយផ្អែកលើការនាំចេញនៃដំណាំស្រូវហើយក្រោយមកទើបចាប់ផ្តើមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម។ បក្សនេះបានប្រកាន់យកពាក្យស្លោកមួយថា"បើយើងមានអង្ករ, នោះយើងមានអ្វីៗគ្រប់យ៉ាង!"។[ត្រូវការអំណះអំណាង] សកម្មភាពនិងគោលនយោបាយខាងលើបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ដោយសារការប្រហារជីវិត (មិនព្រមធ្វើការ ឫមិនស្តាប់តាមបញ្ជាអង្គការ), ភាពទ្រត់ទ្រោមដោយសារធ្វើការងារពលកម្មហួសកំណត់, ជំងឺរាតត្បាត និងការឥតឃ្លាន។
ពួកខ្មែរក្រហមបានប្រាប់ប្រជាជននៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនដទៃទៀតថាពួកគេនឹងត្រូវផ្លាស់ប្តូរទីលំនៅ"ចម្ងាយពីពីរទៅបីគីឡូម៉ែត្រ"ពីទីក្រុងនឹងត្រូវត្រឡប់ចូលក្រុងវិញក្នុងរយៈពេលតែ"ពីរទៅបីថ្ងៃ"ប៉ុណ្ណោះ។ ជនដែលបានជៀសផុតពីការកាប់សម្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល-ពតបាននិយាយប្រាប់ថា ប្រជាជននៅគ្រប់ទីប្រជុំជនត្រូវបានទាហានខ្មែរក្រហមណែនាំឱ្យចេញពីទីក្រុងដោយប្រើលេសថា"អាមេរិកនឹងមកទម្លាក់គ្រាប់បែកដល់ទីប្រជុំជនប្រទេសកម្ពុជា"ហើយថែមទាំងផ្តាំអ្នកទាំងនោះថាមិនចាំបាច់ចាក់សោរផ្ទះរបស់ពួកគេទេព្រោះថាខ្មែរក្រហមនឹង"មើលថែរក្សាអ្វីៗគ្រប់យ៉ាង"រហូតទាន់តែពួកគេបានវិលត្រឡប់មកវិញ។ ទាំងនេះមិនមែនជាការជម្លៀសប្រជាជនចេញពីទីប្រជុំជនជាលើកដំបូងដោយពួកខ្មែរក្រហមទេ។ ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងបានចាប់ផ្តើមតាំងពីដើមទសវត្សឆ្នាំ១៩៧០ មកម្លេះគ្រាន់តែការជម្លៀសដំបូងៗនោះជាការជម្លៀសប្រជាជនលក្ខណៈខ្នាតតូច។
ខ្មែរក្រហមបានប៉ុនប៉ងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមិនប្រកាន់វណ្ណៈដោយជម្លៀសប្រជាជនចេញពីទីក្រុងហើយបង្ខំពួកគេធ្វើការងារពលកម្មធ្ងន់ៗដោយប្រើអំណាចផ្តាច់ការមកសង្កត់ពីលើ។ ប្រជាពលរដ្ឋទូទាំងប្រទេសបានត្រូវបង្ខំឱ្យក្លាយជាកសិករធ្វើស្រែតាមជំរុំពលកម្មនីមួយៗ។ ប្រជាជនទាំងនោះត្រូវទទួលធ្វើការងារហួសកម្រិតហើយត្រូវស្រែកឃ្លានដោយគ្មានអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងពលកម្មរបស់ពួកគេ។ ខ្មែរក្រហមបានប្រហារជីវិតមនុស្សមួយចំនួនដែលគេគិតថាមានសក្តានុភាពផ្តល់ផលប៉ះពាល់ដល់របបរបស់ពួកគេ (ជាពិសេសគឺបញ្ញាវន្ត) និងសម្លាប់អ្នកណាដែលប្រព្រឹត្តិអំពើខុសពីច្បាប់ទោះបីជារឿងតូចតាចក៏ដោយ។
ពេញមួយទស្សវត្តឆ្នាំ១៩៧០ និងជាពិសេសបន្ទាប់ពីពាក់កណ្តាលឆ្នាំ១៩៧៥ ភាពបរាជ័យដែលបណ្តាលមកពីគោលនយោបាយកសិកម្មរបស់ខ្លួនត្រូវបានទម្លាក់ទៅលើសត្រូវខាងក្រៅ (ជាទូទៅគឺ សេអ៊ីអានិងវៀតណាម) និងជនក្បត់ក្នុងស្រុកទៅវិញ។ ការ"បោសសំអាត"បក្សបានឈានមកដល់ចំណុចកំពូលនៅឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ នៅពេលដែលសមាជិកកំពូលរាប់ពាន់នាក់បូករួមទាំងមេដឹកនាំមួយចំនួនត្រូវបានប្រហារជីវិត។ សមាជិកបក្សជើងចាស់ដែលគេសង្ស័យថាមានទំនាក់ទំនងជាមួយនឹងយួន តែងតែត្រូវបានឃ្លាំមើលជានិច្ចពីអង្គការ (មនុស្សរបស់ប៉ុល-ពត)។
អង្គការ
អស់រយៈពេលជាពីរឆ្នាំបន្ទាប់ពី បកក បានកាន់កាប់អំណាច បក្សនេះបានសំដៅលើខ្លួនឯងថា'អង្គការ'។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៧៧ ប៉ុល-ពតបានប្រកាសជាសាធារណៈពីអត្ថិភាពនៃ បកក នៅក្នុងសុន្ទរកថាមួយរយៈពេល ៥ ម៉ោង។[៩] នៅក្នុងសុន្ទរកថានេះ ប៉ុល-ពតបានប្រកាសបង្ហាញពីគោលការណ៍ពិតប្រាកដនៃអំណាចផ្តាច់ការរបស់លោកមកលើប្រទេសកម្ពុជាទាំងមូល ដែលជាការគ្រប់គ្រងមិនច្បាស់លាស់ គ្មានក្បាល គ្មានកន្ទុយ។
គំនិតនិងគោលការណ៍មួយចំនួនត្រូវបានលាក់បាំងយ៉ាងសម្ងាត់ក្នុងមួយអត្ថិភាពរបស់បក្សមួយនេះ។ មុនឆ្នាំ១៩៧៥, ភាពសម្ងាត់គឺជារឿងដ៏ចាំបាច់មួយដើម្បីរក្សាអំណាចរបស់បក្សជាពិសេសគឺប៉ុល ពតនិងសហការីរបស់លោកដែលបានពឹងផ្អែកលើការសម្ងាត់របស់បក្សជាយូរណាស់មកហើយដើម្បីបង្រួបបង្រួមគោលចំហរពួកគេប្រឆាំងនឹងអ្នកដែលពួកគេគិតថាជាសត្រូវផ្ទៃក្នុង (ជនបង្កប់) នៅអំឡុងពេលពីរឆ្នាំដំបូងនៃការកាន់អំណាច។ អត្ថិភាពរបស់ បកក ត្រូវបានលាតត្រដាងឡើងភ្លាមៗបន្ទាប់ពីប៉ុល ពតបានធ្វើដំណើរទៅទីក្រុងប៉េកាំងដោយសារតែមានការដាក់សម្ពាធពីចិនច្រើនពេកមកលើមេដឹកនាំខ្មែរក្រហមនីមួយៗដើម្បីឱ្យពួកគេទទួលស្គាល់នូវអត្តសញ្ញាណនយោបាយពិតរបស់ពួកគេ នាពេលនោះដែលមេដឹកនាំខ្មែរក្រហមត្រូវពឹងផ្អែកលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងៗដែរដើម្បីប្រឆាំងនឹងការគំរាមកំហែងពីយួន។ តាមមតិរបស់ប៉ុល ពតនៅក្នុងសុន្ទកថារបស់លោកបានអះអាងថា បកក បានបង្កើតក្នុងអំឡុងឆ្នាំ១៩៦០ ហើយលោកបានសង្កត់សម្លេងថាបក្សនេះមានអត្តសញ្ញាណខុសគ្នាដាច់ពីគណបក្សកុម្មុយនិស្តវៀតណាម។[២៧] អត្តសញ្ញាណពិតរបស់បក្សត្រូវបានបន្តជាអាថ៌កំបាំងទោះបីជា បកក ទទួលបានជោកជ័យក្នុងការឡើងកាន់កាប់អំណាចក៏ដោយ។ ខុសពីមេដឹកនាំផ្តាច់ការផ្សេងទៀត, ប៉ុល ពតមិនមានបំណងចង់បង្ហាញពីអត្តសញ្ញាណខ្លួនពិតទៅដល់ប្រជាជនកម្ពុជាឫឱ្យពិភពលោកបានស្គាល់ឡើយ។ អស់ជាងរយៈពេលជិតមួយឆ្នាំ បន្ទាប់ពីការឡើងកាន់អំណាច ទើបគេបញ្ជាក់បានថាសាឡុត សគឺជាឈ្មោះកំណើតរបស់ប៉ុល ពតហើយតំណែងរបស់លោកក៏ត្រូវបានគេដឹងដែរថាប៉ុល ពត (ឫសាឡុត ស) គឺជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា (បកក)។
ការដួលរលំនៃរបបខ្មែរក្រហម
ទំនាក់ទំនងកម្ពុជា-វៀតណាមបានធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែជម្លោះនៅតាមព្រំដែននិងមានជនភៀសខ្លួនជាច្រើនរត់ចេញពីប្រទេសកម្ពុជាចូលក្នុងប្រទេសវៀតណាម។ ដោយខ្លាចមានការវាយប្រហារពីវៀតណាម ប៉ុល-ពតបានបញ្ជាឱ្យទាហានខ្មែរក្រហមចូលទៅលុកលុយប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨។ ទ័ពខ្មែរក្រហមបានឆ្លងព្រំដែនយួននិងប្លន់ទ្រ័ពសម្បត្តិក្នុងភូមិក្បែរៗនោះបានយ៉ាងជោកជ័យ តែទោះបីមានជំនួយពីចិនក៏ដោយ មិនយូរប៉ុន្មានកងកម្លាំងទ័ពខ្មែរក្រហមក៏ត្រូវបានទាហានវៀតណាមរុញច្រានចូលព្រំដែនកម្ពុជាវិញ។
នៅដើមឆ្នាំ១៩៧៩ ក្រុមគាំទ្រវៀតណាមនិងជាបក្សពួកក្រុមប្រឆាំងនឹង បកក ដែលដឹកនាំដោយលោកប៉ែន សុវណ្ណបានធ្វើការប្រជុំសមាជមួយនៅជិតព្រំដែនប្រទេសវៀតណាម។ ជាមួយនឹងលោកហេង សំរិន, ប៉ែន សុវណ្ណគឺជាសមាជិកស្ថាបនិករកឃើញរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS ឫ FUNSK) ដំបូងគេបង្អស់, បន្ទាប់ពីមិនពេញចិត្តនឹងគោលនយោបាយរបស់ពួកខ្មែរក្រហម។[២៨] ក្រោយមក បកក ក៏បានបែងចែកជាពីរដែលក្នុងនោះមួយផ្នែកត្រូវបានដឹកនាំដោយលោកប៉ែន សុវណ្ណដែលលោកបានដាក់ឈ្មោះថ្មីថា គណបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ដែលសព្វគឺជាគណបក្សប្រជាជន) និងមួយផ្នែកទៀតគឺក្រុមប៉ុល-ពត។[៩]
កងកម្លាំងទាហានវៀតណាមរួមជាមួយនឹង រសសជក បានចូលវាយលុកប្រទេសកម្ពុជាហើយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សដែលដឹកនាំដោយលោកប៉ែន សុវណ្ណត្រូវបានលើកឡើងក្លាយជាគណបក្សដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី។ ចំណែកឯ បកក ដែលដឹកនាំដោយប៉ុល ពតបានដងថយកងកម្លាំងខ្លួនទៅទិសខាងលិចឆ្ពោះទៅតំបន់ក្បែរព្រំដែនប្រទេសថៃ។ ដោយមានការការពារមិនជាផ្លូវការពីកងកម្លាំងថៃ បក្សកុម្មុយនិស្តប៉ុល ពតក៏ចាប់ផ្តើមបង្កើតទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៃរបបថ្មីគឺ សាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក)។ បក្សរបស់ប៉ុល ពតបានបង្កើតរណសិរ្សរួបរួមជាតិមួយគឺរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជានៅខែកញ្ញា ឆ្នាំ១៩៧៩ ដើម្បីប្រឆាំងតបទៅនឹងវៀតណាមនិង សបក វិញ, រណសិរ្សមួយនេះបានដឹកនាំដោយខៀវ សំផន។ នៅខែធ្នូ ឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធដែលបម្រើការឱ្យបក្ស ដែលពីមុនធ្លាប់ជាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាបានផ្លាស់ប្តូរឈ្មោះមកជាកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ។[២៩] ក្នុងឆ្នាំ១៩៨១ បក្សកុម្មុយនិស្តកម្ពុជាត្រូវបានរំលាយចោលនិងត្រូវជំនួសស្នងដោយគណបក្សកម្ពុជាប្រជាធិបតេយ្យវិញ។[១០][៨]
មើលបន្ថែម
- សង្គមនិយមកសិកម្ម
- សម្ព័ន្ធយុវកុក (សម្ព័ន្ធយុវជនកុម្មុយនីស្តកម្ពុជា)
- គណបក្សកម្ពុជាប្រជាធិបតេយ្យ
ឯកសារយោង
- ↑ "Cambodia's brutal Khmer Rouge regime". BBC News. 4 August 2014. Archived 20 June 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Kiernan, B. (2004). How Pol Pot Came to Power. New Haven: Yale University Press. pp. 19–20.
- ↑ Duong, Keo (2015). "Nationalism and mass killing: The khmer rouge extreme nationalism against Vietnam". SHS Encounters Cambodia. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ ៤,០ ៤,១ "Khmer People's Revolutionary Party (KPRP)". globalsecurity.org. Retrieved 28 May 2020.
- ↑ "Khmer Rouge". History. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Martin, Gus (2008). Essentials of Terrorism: Concepts and Controversies. SAGE Publications, Inc.. p. 80. ល.ស.ប.អ. 978-1412953139. https://books.google.com/books?id=7-GiXqccL1IC&dq.
- ↑ Hartman, Tom (1985). A World Atlas of Military History, 1945–1984. Hippocrene Books. p. 81. ល.ស.ប.អ. 0870520008. https://books.google.com/books?id=CwSn83AgqEYC.
- ↑ ៨,០ ៨,១ "Cambodia and the Khmer People's Revolutionary Party (KPRP), Appendix B - Major Political and Military Organizations". Country Data. Archived 28 September 2009 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ ៩,០ ៩,១ ៩,២ Frings, K. Viviane (October 1997). "Rewriting Cambodian History to 'Adapt' It to a New Political Context: The Kampuchean People's Revolutionary Party's Historiography (1979-1991)". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Modern Asian Studies. 31 (4): 807–846.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ Chandler, David P. (Summer 1983). "Revising the Past in Democratic Kampuchea: When Was the Birthday of the Party?: Notes and Comments". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Pacific Affairs. 56 (2) (Summer 1983): 288–300.
- ↑ "Chronologie du Cambodge de 1960 à 1990". Archived from the original on 22 April 2007. Retrieved 22 April 2007.
- ↑ Benjamin, Roger W.; Kautsky, John H. (March 1968). "Communism and Economic Development". Archived 2 February 2017 at the វេយប៊ែខ ម៉ាស៊ីន.. The American Political Science Review. 62 (1): 122.
- ↑ Kierman, Ben (September 1998). "Ieng Sary's Regime: A Diary of the Khmer Rouge Foreign Ministry, 1976-79". Archived 13 July 2007 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Jones, Adam (2006). Genocide: A Comprehensive Introduction. Routledge. pp. 189–90. https://www.mcvts.net/cms/lib07/NJ01911694/Centricity/Domain/155/Textbook.pdf.
- ↑ Grandin, Greg (2015). Kissinger's Shadow: The Long Reach of America's Most Controversial Statesman. Henry Holt and Company. pp. 179–80. ល.ស.ប.អ. 978-1627794503. https://books.google.com/?id=QGGzBgAAQBAJ&printsec=frontcover&dq=%22grandin,%22+khmer+rouge#v=onepage&q=%22grandin,%22%20khmer%20rouge&f=false.
- ↑ Kiernan, Ben (Winter 1989). "The American Bombardment of Kampuchea 1969–1973". Vietnam Generation. 1 (1): 4–41.
- ↑ Kiernan, Ben (2008). The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–1979. Yale University Press. ល.ស.ប.អ. 9780300142990.
- ↑ Chandler, David (2000), Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–98.
- ↑ Chandler, David (2000). Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–97.
- ↑ Chandler, David (2005). Cambodia 1884–1975, in The Emergence of Modern Southeast Asia, edited by Norman Owen. University of Hawaii Press, p. 369.
- ↑ Rodman, Peter (August 23, 2007). "Returning to Cambodia". Brookings Institution. Archived November 10, 2011, at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
- ↑ Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97.
- ↑ Shawcross, pp. 92–100, 106–112.
- ↑ Cook, Susan E.; Mosyakov, Dmitri (2017). Genocide in Cambodia and Rwanda: New Perspectives. Routledge. ល.ស.ប.អ. 978-1351517775.
- ↑ Bezlova, Antoaneta (February 21, 2009). "China haunted by Khmer Rouge links". Asia Times. Retrieved February 21, 2009.
- ↑ Osborne, Milton E. (1994). Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press. ISBN 978-0-8248-1639-1.
- ↑ Osborne, Milton (1994). Sihanouk, Prince of Light, Prince of Darkness. Silkworm.
- ↑ Kroef, Justus M. van der (August 1979). "Cambodia: From "Democratic Kampuchea" to "People's Republic". Asian Survey. 19 (8): 731–750. Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន..
តំណភ្ជាប់ក្រៅ
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ខ្មែរក្រហម |