Jump to content

បក្សកុម្មុយនីស្តកម្ពុជា

ពីវិគីភីឌា
បក្សកុម្មុយនិស្តកម្ពុជា
Parti communiste du Kampuchéa
ស្ថាបនិកសឺន ង៉ុកមិញ
ទូ សាមុត
អង្គលេខាធិការបក្សប៉ុល-ពត
លេខាធិការបក្សរងនួន ជា
បង្កើត២៨ មិថុនា ១៩៥១
រំលាយ៦ ធ្នូ ១៩៨១
ផ្ដាច់ចេញគណបក្សកុម្មុយនិស្តឥណ្ឌូចិន
បក្សស្នងគណបក្សកម្ពុជាប្រជាធិបតេយ្យ
ស្លាបយុវជនសម្ព័ន្ធយុវកុក
មនោគមវិជ្ជាកសិកម្មនិយម[]
ស្វ័យាធិបតេយ្យ[]
ជាតិខ្មែរនិយម[]
ជាតិនិយមជ្រុល[]
ម៉ាក្ស–លេនីននិយម[]
គោលជំហរនយោបាយឆ្វេងនិយម[][]
ពណ៌ផ្លូវការ     ក្រហម
ទង់គណបក្ស
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

បក្សកុម្មុយនិស្តកម្ពុជា (បកក) ឫ បក្សកុម្មុយនិស្តខ្មែរ (ភាសាបារាំង: Parti communiste du Kampuchéa)[], គឺជាគណបក្សកុម្មុយនិស្តនៅប្រទេសកម្ពុជា។ មេដឹកនាំបក្ស (ឫប្រធានបក្ស) មានឈ្មោះថាប៉ុល-ពត ចំណែកឯអ្នកគាំទ្រគណបក្សនេះវិញត្រូវបានគេស្គាល់ជាទូទៅថាពួកខ្មែរក្រហម។ បង្កើតឡើងដំបូងនៅឆ្នាំ១៩៥១ សមាជិកគណបក្សនេះត្រូវបានបំបែកទៅជាបក្សពួកនិយមចិន និងសូវៀតនៅឆ្នាំ១៩៦២។ បកក បានចាត់ទុកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាថ្ងៃបង្កើតបក្សខ្លួនឡើង។[] ក្រោយពីបានបង្កើតឡើងមក បក្សមួយនេះគឺជាគណបក្សនយោបាយសម្ងាត់ ហើយបានឡើងគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ និងប្តូរឈ្មោះប្រទេសមកកម្ពុជាប្រជាធិបតេយ្យ។ បក្សនេះត្រូវបាត់បង់អំណាចទៅវិញក្នុងឆ្នាំ១៩៧៩ ដោយសារតែសមាជិកឆ្វេងនិយមខ្លួនមិនពេញចិត្តនឹងគោលនយោបាយប្រលាយពូជសាសន៍របស់ប៉ុល-ពត និងដោយសារការចូលធ្វើអន្តរាគមន៍ឈ្លានពានរបស់កងកម្លាំងយោធាវៀតណាម រួចក៏បង្កើតបានជារបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ គណបក្សនេះត្រូវបានរំលាយចោលជាផ្លូវការនៅឆ្នាំ១៩៨១ ដោយមានគណបក្សកម្ពុជាប្រជាធិបតេយ្យជាបក្សស្នងបន្ត។

ប្រវត្តិ

ការបង្កើត និងការបែងចែក

គណបក្សកុម្មុយនិស្តកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥១, នៅពេលដែលគណបក្សកុម្មុយនិស្តឥណ្ឌូចិន (គកឥ) បានបំបែកទៅជាគណបក្សកុម្មុយនិស្តផ្សេងៗគ្នាទៅក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម។ ការសម្រេចក្នុងការបង្កើតគណបក្សកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅឯសមាជ គកឥ ក្នុងឆ្នាំដដែលនោះ។ លោកសឺន ង៉ុកមិញត្រូវបានតែងតាងជាប្រធានស្តីទីគណបក្ស។ នៅក្នុងសមាជប្រជុំបក្សនេះ គេមិនបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាលទេ, ក៏ប៉ុន្តែបែរជាចាប់តាំងគណៈកម្មាធិការឃោសនា និងធ្វើនិម្មិតកម្មគណៈកម្មាធិការបក្សទៅវិញ។[] នៅពេលរៀបចំធ្វើនិម្មិតកម្ម, គណបក្សមួយនេះមានឈ្មោះថាគណបក្សបដិវត្តន៍ប្រជាជនខ្មែរ (គបបខ)។ គកឥ នាពេលនោះបានកំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ហើយក្នុងអំឡុងពេលអត្ថិភាពដំបូងៗរបស់ គបបខ, បក្សនេះត្រូវបានគាំទ្រឥតឈប់ឈរពីបក្សកុម្មុយនិស្តវៀតណាម។ ដោយការពឹងផ្អែកលើការគាំទ្រពីបក្សកុម្មុយនិស្តវៀតណាមក្នុងការតស៊ូរួមគ្នាប្រឆាំងនឹងពួកអាណានិគមបារាំង, ប្រវត្តិសំខាន់ៗរបស់បក្សគឺចាប់មានឡើងនៅឆ្នាំ១៩៦០ គឺជាវេលាដែលគណបក្សនេះបានចាប់ផ្តើមបោះជំហានបន្តិចម្តងៗឈានទៅរកការកាន់កាប់អំណាច។[១០]

យោងទៅតាមប្រវត្តិនៃគណបក្សនេះនៅក្នុងអត្ថបទកម្ពុជាប្រជាធិបតេយ្យ, ការទទួលបរាជ័យរបស់វៀតមិញក្នុងការចរចាពីតួនាទីនយោបាយរបស់ គបបខ នៅឯសមាជហ្សឺណេវ ត្រូវបានចាត់ទុកជាការក្បត់ដោយចលនាកុម្មុយនិស្តកម្ពុជា, ដែលពេលនោះកំពុងកាន់កាប់តំបន់ជនបទមួយភាគធំដោយមានកងកម្លាំងប្រដាប់អាវុធយ៉ាងតិចចំនួន ៥,០០០ នាក់។ ក្រោយពីកិច្ចប្រជុំសមាជនោះហើយ, សមាជិកបក្ស គបបខ ប្រហែលជាង ១,០០០ នាក់ រួមមានលោកសឺន ង៉ុកមិញ, បាននាំគ្នាធ្វើនិរទេសទៅប្រទេសវៀតណាមខាងជើង។ នៅចុងឆ្នាំ១៩៥៤ សមាជិកបក្សដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាបាននាំគ្នាបង្កើតគណបក្សនយោបាយស្របច្បាប់មួយគឺក្រុមប្រជាជន ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ១៩៥៥ និងឆ្នាំ១៩៥៨។ ក្នុងការបោះឆ្នោតខែកញ្ញា ឆ្នាំ១៩៥៥, ក្រុមប្រជាជនបានទទួលសម្លេងឆ្នោតប្រមាណ ៤% ក៏ប៉ុន្តែមិនបានឈ្នះអាសនៈអ្វីនោះទេនៅក្នុងអង្គនីតិបញត្តិ។ សមាជិកក្រុមប្រជាជនត្រូវរងនូវការរិះគុណដ៏អាក្រក់អាគ្រែងហើយត្រូវបានប្រកាស់ចាប់ខ្លួនព្រោះដោយសារតែក្រុមប្រជាជនជាគណបក្សនៅក្រៅវង្វង់សង្គមរាស្រ្តនិយមរបស់ព្រះអង្គនរោត្តម សីហនុ។ ការជិះជាន់របស់រដ្ឋាភិបាលបានរារាំងក្រុមប្រជាជនមិនឱ្យចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយបានធ្វើឱ្យបក្សនេះក្លាយជាគណបក្សនយោបាយសម្ងាត់(គ្មានសឹទ្ធិចូលរួមឈរឈ្មោះបោះឆ្នោត)។ ការពិចារណាក្នុងការសម្រេចដាក់ពាក្យជ្រើសរើសអ្នកឈរឈ្មោះបោះឆ្នោតមិនត្រូវបានធ្វើឡើងនោះទេហើយពួកគេក៏បានប្តូរឈ្មោះបក្សមកគណបក្សកម្មករកម្ពុជា (គកក) វិញ។[១០] ព្រះបាទសីហនុបានសំដៅទៅលើពួកឆ្វេងនិយមក្នុងស្រុកថា"ខ្មែរក្រហម", ដែលក្រោមមកបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាំទ្រ បកក និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។

ក្នុងអំឡុងពាក់កណ្តាលទស្សវត្តឆ្នាំ១៩៥០, គបបខ ត្រូវបានចែកទៅជាពីរក្រុមបក្សពួក, ទីមួយគឺ"គណៈកម្មាធិការប្រជុំជន" (ដឹកនាំដោយទូ សាមុត) និងទីពីរគឺ"គណៈកម្មាធិការជនបទ" (ដឹកនាំដោយលោកសៀវ ហេង)។ និយាយជាទូទៅ, ក្រុមបក្សពួកពីរនេះបានប្រកាន់យកខ្សែគំនិតបដិវត្តន៍ផ្ទុយពីគ្នា។ ខ្សែគំនិតរបស់ពួក"គណៈកម្មាធិការប្រជុំជន"ដែលគាំទ្រដោយវៀតណាមខាងជើងបានយល់ឃើញថា ព្រះអង្គម្ចាស់សីហនុ ដោយគុណសម្បត្តិនៃភាពជោកជ័យរបស់ព្រះអង្គក្នុងការដណ្តើមឯករាជ្យបានពីអាណានិគមបារាំង "ព្រះអង្គគឺជាអ្នកដឹកនាំជាតិខ្មែរពិតប្រាកដ", ដោយអព្យាក្រឹតភាពនិងភាពមិនទុកចិត្តពីសហរដ្ឋអាមេរិកមកលើព្រះអង្គបានធ្វើឱ្យទ្រង់ក្លាយជាបុគ្គលដ៏សំខាន់មួយក្នុងចលនាតស៊ូរបស់ហាណូយ (ពួកកុម្មុយនិស្តវៀតណាម) ដើម្បី"រំដោះ"ប្រទេសវៀតណាមខាងត្បូងពីអាមេរិក។ បើខ្សែគំនិតរបស់ពួកគេ ទទួលបានជោកជ័យនោះ វានឹងអាចបញ្ចុះបញ្ចូលព្រះអង្គឱ្យឃ្លាតឆ្ងាយពីនយោបាយស្លាបស្តាំហើយមកប្រកាន់នូវគោលនយោបាយស្លាបឆ្វេងវិញ។ ឯខ្សែគំនិតមួយទៀតគឺត្រូវបានគាំទ្រភាគច្រើនដោយក្រុមកម្មាភិបាលខេត្តដែលពួកគេបានស្គាល់ច្បាស់នូវភាពដ៏សែនលំបាកនៅតាមជនបទ, និយាយឱ្យខ្លី ខ្សែគំនិតទីពីរនេះគឺ'គាំទ្រចលនាតស៊ូផ្តួលរលំរបប"សក្តិភូមិ"របស់សីហនុ'។ ក្នុងឆ្នាំ១៩៥៩, លោកសៀវ ហេងបានរត់ចោលក្រុមទៅចូលរួមជាមួយរដ្ឋាភិបាលហើយផ្តល់នូវព័ត៌មានមួយចំនួនធំទៅឱ្យកម្លាំងសន្តិសុខជាតិដែលអនុញ្ញាតឱ្យពួកគេអាច'កំចាត់'បរិធានអង្ការបក្សនៅតាមជនបទប្រហែលអស់ជាង៩០%។ ទោះបីជាបណ្តាញកុម្មុយនិស្តនៅភ្នំពេញនិងនៅតាមទីប្រជុំជនផ្សេងៗរបស់ទូ សាមុតមានភាពរីកចម្រើនល្អប្រសើរមែនក្តី ប៉ុន្តែអ្នកកុម្មុយនិស្តនិយមដែលនៅសេសសល់មានចំនួនប្រហែលតែពីរទៅបីរយនាក់ប៉ុណ្ណោះនៅឆ្នាំ១៩៦០។

ក្រុមនិស្សិតនៅប៉ារីស

នៅក្នុងទស្សវត្តឆ្នាំ១៩៥០, និស្សិតជនជាតិខ្មែរមួយចំនួននៅទីក្រុងប៉ារីសបានប្រមូលគ្នារៀបចំបង្កើតចលនាកុម្មុយនិស្តផ្ទាល់ខ្លួន ដោយចលនានេះមានទំនាក់ទំនងតិចតួចណាស់ជាមួយបក្សកុម្មុយនិស្តនៅឯស្រុកកំណើតរបស់ពួកគេ ដែលកំពុងជួបនឹងការគាបសង្កត់ពីរដ្ឋាភិបាល។ ក្នុងចំណោមសិស្សទាំងអស់នោះមានខ្លះបានត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលបញ្ជាការបរិធានអង្ការបក្សនៅក្នុងទស្សវត្តឆ្នាំ១៩៦០, អ្នកទាំងនោះបានដឹកនាំកុបកម្មដ៏មានប្រសឹទ្ធភាពមួយប្រឆាំងនឹងព្រះអង្គសីហនុនិងលោកលន់ នល់ពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥ ហើយក្រោយមកបានបង្កើតចេញជារបបកម្ពុជាប្រជាធិបតេយ្យ។

ប៉ុល-ពត, បានក្លាយជាមេដឹកនាំចលនាកុម្មុយនិស្តក្នុងទស្សវត្តឆ្នាំ១៩៦០។ លោកបានកើតនៅឆ្នាំ១៩២៨ (ប្រភពខ្លះបានអះអាងថាឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ។ គាត់បានចូលរៀនក្នុងសាលាបច្ចេកទេសនៅរាជធានីភ្នំពេញហើយបានចេញទៅរៀនអេឡិចត្រូនិចវិទ្យុនៅឯទីក្រុងប៉ារីស, ប្រទេសបារាំងក្នុងឆ្នាំ១៩៤៩។

សមាជិកម្នាក់ទៀតនៃក្រុមនិសិត្សទីក្រុងប៉ារីសគឺលោកអៀង សារី, លោកមានសញ្ជាតិខ្មែរនិងចិន ហើយបានកើតនៅឆ្នាំ១៩៣០ ក្នុងប្រទេសវៀតណាម (ភាគខាងត្បូង)។ លោកបានចូលរៀននៅវិទ្យាល័យ ព្រះស៊ីសុវត្ថិនៅទីក្រុងភ្នំពេញមុនពេលចាប់ផ្តើមរៀនវិជ្ជាជីវៈខាងពាណិជ្ជកម្មនិងនយោបាយនៅឯវិទ្យាស្ថានសិក្សានយោបាយទីក្រុងប៉ារីស (ឫអាចហៅជាភាសាអង់គ្លេសថា Science Po)។ លោកខៀវ សំផន, ពេលនោះត្រូវបានគេចាត់ទុកថាជា"បញ្ញាវន្តដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់គាត់", លោកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងអំឡុងពេលលោកកំពុងស្នាក់នៅទីក្រុងប៉ារីស។ បើនិយាយពីទេពកោសល្យ, លោកត្រូវក្លាយជាគូប្រជែងនឹងលោកហ៊ូ យន់ (កើតក្នុងឆ្នាំ១៩៣០), យន់បានរៀនវិជ្ជាខាងផ្នែកសេដ្ឋកិច្ចនិងច្បាប់, លោកសុន សេន (កើតឆ្នាំ១៩៣០) រៀនផ្នែកអប់រំនិងអក្សរសាស្រ្ត និងលោកហ៊ូ នឹម (កើតឆ្នាំ១៩៣២) រៀនផ្នែកច្បាប់។

សមាជិកក្រុមនិស្សិតទីក្រុងប៉ារីសភាគច្រើនគឺមកពីគ្រួសារម្ចាស់ដីធ្លីនិងគ្រួសារមន្រ្តីរាជការ។ ក្រុមនិស្សិតប៉ារីសបីក្រុមបានបង្កើតចំណងជាមួយគ្នា ដែលចំណងនេះត្រូវបានឆ្លងកាត់វេលាឆ្នាំយ៉ាងយូរនៃចលនាបដិវត្តន៍និងចលនាតស៊ូដោយវេទនា។ ប៉ុល-ពតត្រូវបានរៀបការជាមួយខៀវ ពណ្ណារី ហើយលោកអៀង សារីត្រូវបានរៀបការជាមួយខៀវ ធីរិទ្ធ (អាចហៅគាត់បានថាអៀង ធីរិទ្ធ), គេបានយល់ឃើញថានារីទាំងពីរអ្នកនេះត្រូវជាបងប្អូនរបស់លោកខៀវ សំផន។ ស្រ្តីទាំងពីរអ្នកខាងលើនេះក៏បានដើរតួនាទីយ៉ាងសំខាន់មួយដែរនៅក្នុងរបបប្រល័យពូជសាសន៌កម្ពុជាប្រជាធិបតេយ្យ។

នៅចន្លោះឆ្នាំ១៩៤៩ និងឆ្នាំ១៩៥១, ប៉ុល ពត និងអៀង សារីបានចូលគាំទ្របក្សកុម្មុយនិស្តបារាំង។ នៅឆ្នាំ១៩៥១, អ្នកទាំងពីរបានធ្វើដំណើរទៅទីក្រុងប៊ែរឡាំងខាងកើតដើម្បីចូលរួមក្នុងពិធីបុណ្យយុវជនពិភពលោក។ បទពិសោធន៍ក្នុងការចូលរួមពិធីបុណ្យនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរគំនិតមនោគមវិជ្ជារបស់ពួកគេ។ ការបានជួបជាមួយនឹងជនជាតិខ្មែរដែលពួកគេធ្លាប់ប្រយុទ្ធជាមួយនឹងវៀតមិញ, បានធ្វើឱ្យប៉ុល ពតនិងអៀង សារីយល់ឃើញថាមានតែការរៀបចំបង្កើតគណបក្សនយោបាយតឹងរឹង និងការត្រៀមខ្លួនសម្រាប់ចលនាតស៊ូប្រដាប់អាវុធទេ ទើបអាចនាំឱ្យមានបដិវត្តន៍កើតឡើងបាន។ ពួកគេបានធ្វើកំណែកែប្រែសមាគមនិសិត្សខ្មែរ (ភាសាអង់គ្លេស: Khmer Student's Association - KSA) ដែលមានសិស្សានុសិស្សខ្មែរយ៉ាងច្រើនប្រហែល ២០០ នាក់ជាសមាជិក, ទៅជាអង្គការផ្នែកគំនិតជាតិនិយមនិងគំនិតឆ្វេងនិយមមួយ។ មានអង្គការថ្មីមួយត្រូវបានបង្កើតឡើងជាសម្ងាត់ក្រោមឈ្មោះ KSA ដែលគេដាក់ឈ្មោះជាភាសាបារាំងថា Cercle Marxiste ឫរង្វង់ម៉ាក្ស។ សមាគម KSA មានសមាជិកតែបីទៅប្រាំមួយនាក់តែប៉ុណ្ណោះដែលយល់ដឹងពីគោលដៅរបស់អង្គការខ្លួន ដោយសមាជិកទាំងប៉ុន្មានភាគច្រើនមិនសូវដឹងពីរចនាសម្ព័ន្ធនិងគោលដៅរបស់អង្គការនោះទេ។ នៅឆ្នាំ១៩៥២, ប៉ុល-ពត ហ៊ូ-យន់ អៀង-សារី និងពួកឆ្វេងនិយមដទៃទៀតត្រូវបានប្រជាជនខ្មែរដឹងឮស្ទើរគ្រប់គ្នាតាមរយៈការសរសេរលិខិតរបស់ពួកគេផ្ញើរទៅឱ្យព្រះអង្គសីហនុដោយរិះគុណព្រះអង្គថា"ព្រះអង្គជាមនុស្សល្ងង់ខ្លៅ និងមិនសូវដឹងអ្វីពីលទ្ធិប្រជាធិបតេយ្យនោះទេ"។ មួយឆ្នាំក្រោយមក, អាជ្ញាធរបារាំងបានបិតសមាគម KSA, ក៏ប៉ុន្តែលោកហ៊ូ យន់ និងខៀវ សំផនបានបង្កើតក្រុមនិស្សិតថ្មីមួយទៀតក្នុងឆ្នាំ១៩៥៦, ដែលមានឈ្មោះសហភាពនិស្សិតខ្មែរ។ ក្រុមថ្មីនេះត្រូវបានគ្រប់គ្រងដឹកនាំដោយអតីតសមាជិក Cercle Marxiste ដដែល។

និក្ខេបបទបណ្ឌិតដែលបានសរសេរដោយលោកហ៊ូ យន់ និងខៀវ សំផននាពេលនោះ បានបង្ហាញពីមូលដ្ឋានគ្រឹះមួយដែលក្រោយមកបានក្លាយជាគ្រឹះនៃគោលនយោបាយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកហ៊ូ យន់បាននិពន្ធរៀបរាប់ពីតួនាទីសំខាន់ៗរបស់ពួកកសិករក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងនិក្ខេបបទមួយរបស់លោកនាឆ្នាំ១៩៥៥ ដែលមានចំណងជើងថា "Les paysans cambodgiens et leurs perspectives de modernisation" (ភាសាខ្មែរ៖ កសិករខ្មែរនិងទស្សនវិស័យរបស់ពួកគេក្នុងការធ្វើទំនើបកម្ម) និក្ខេបបទនេះបានជំទាស់នឹងទស្សនៈជាទូទៅថា នគរូបនីយកម្មនិងឧស្សាហូបនីយកម្មគឺជាកត្តាចាំបាច់នៃការអភិវឌ្ឍន៍។ នៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩ របស់លោកខៀវ សំផន, សេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍផ្នែកឧស្សាហកម្ម បានរៀបរាប់ថា ប្រទេសកម្ពុជាត្រូវតែពឹងផ្អែកលើខ្លួនឯងនិងត្រូវតែបញ្ឈប់ភាពអាស្រ័យសេដ្ឋកិច្ចខ្លួនលើប្រទេសអភិវឌ្ឍ។ នៅក្នុងវណ្ណវង្សទូទៅ, កិច្ចការងាររបស់លោកខៀវ សំផនបានឆ្លុះបញ្ចាំងពីឥទ្ធិពលនៃវិស័យ"ទ្រឹស្តីអនិស្សរភាព", ដែលបានចោទថា កង្វះនៃការអភិវឌ្ឍន៍នៅតាមប្រទេសលោកទីបី គឺបណ្តាលមកពី ការពឹងផ្អែកទៅលើវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

អទិភាពសម្ងាត់នៅទីក្រុងភ្នំពេញ

បន្ទាប់ពីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៣, ប៉ុល ពតបានសម្រេចចុះចូលជាមួយបក្សភ្លាម។ ដំបូង គាត់បានចូលទៅក្នុងកងកម្លាំងដែលជាប់សម្ព័ន្ធមិត្តជាមួយកងកម្លាំងវៀតមិញដែលកំពុងធ្វើប្រតិបត្តិការនៅតាមទីជនបទក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីបញ្ចប់សង្គ្រាមប៉ះបោរជាមួយបារាំង គាត់បានធ្វើដំណើរមកក្រុងភ្នំពេញហើយចូលជាមួយ"គណៈកម្មាធិការប្រជុំជន"ដែលដឹកនាំដោយទូ សាមុត, នៅទីនោះ ប៉ុល-ពតបានក្លាយជាបុគ្គលដ៏សំខាន់ម្នាក់នៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងគណបក្សឆ្វេងនិយមនិងចលនាកុម្មុយនិស្តសម្ងាត់។ សមមិត្តរបស់ប៉ុល-ពតគឺអៀង សារី និងហ៊ូ យន់បានក្លាយជាគ្រូបង្រៀននៅសាលាឯកជនថ្មីមួយគឺវិទ្យាល័យកម្ពុជបុត្រ។ លោកខៀវ សំផនបានត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៩ ហើយបានបង្រៀនជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសកលវិទ្យាល័យភ្នំពេញ និងបានឆ្លៀតពេលបង្កើតក្រុមហ៊ុនបោះពុម្ភកាសែតផ្សាយជាភាសាបារាំងមួយដែលមានឈ្មោះថា L'Observateur (ភាសាខ្មែរ: ឡុបស៊ែរវ៉ាទ័រ)។ មិនយូរប៉ុន្មាន, កាសែតនេះក៏ទទួលបាននូវកិត្តិសព្ទនៅក្នុងបណ្ឌិតសភាតូចមួយនៅភ្នំពេញ។ នៅឆ្នាំបន្ទាប់, កាសែតឡុបស៊ែរវ៉ាទ័រត្រូវបានបិតចោល ហើយកងកម្លាំងរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមរបស់សីហនុបានធ្វើបាបលោកខៀវ សំផនដោយវាយតប់ជាន់ធាក់ ហើយអ្វីដែលគួរឱ្យជ្រុលហួសហេតុនោះ គឺពួកគេបានចាប់ដោះសម្លៀកបំពាក់លោកខៀវ សំផននៅទីសាធារណៈ។ ទោះជាយ៉ាងណាក្តី បទពិសោធន៍នេះមិនបានបញ្ឈប់លោកសំផនក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយសីហនុឡើយ ការធ្វើបែបនេះគឺចង់បង្កើតកម្លាំងរណសិរ្សប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅវៀតណាមខាងត្បូង។ ដូចជាបានរៀបរាប់ខាងលើអញ្ជឹង, លោកខៀវ សំផន, ហ៊ូ យន់ និង ហ៊ូ នឹម ត្រូវតែបង្ខំខ្លួនបម្រើសេវាឱ្យរបបសង្គមរាស្រ្តនិយមរបស់សីហនុនិងទទួលយកតំណែងក្នុងរដ្ឋាភិបាលរបស់ព្រះអង្គ។

នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០, ក្រុមមេដឹកនាំ ២៥ រូបនៃ គបបខ បានរៀបចំធ្វើសមាជប្រជុំសម្ងាត់មួយនៅក្បែរស្ថានីយរថភ្លើងភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះមានប្រតិភូចំនួន ១៤ រូបជាតំណាងខាងក្រុមជនបទ និង ១៧ រូបជាតំណាងក្រុមទីប្រជុំជន។[១១] ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះគឺនៅតែជាអាថ៌កំបាំងពីព្រោះលទ្ធផលនៃកិច្ចប្រជុំនេះបានធ្វើឱ្យកើតមានជម្លោះរវាងក្រុមកុម្មុយនិស្តនិយមគាំទ្រវៀណាមនិងក្រុមកុម្មុយនិស្តប្រឆាំងនឹងវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះផងដែរ គបបខ ត្រូវបានប្តូរឈ្មោះមកគណបក្សកម្មករកម្ពុជា។ សំណួរទាក់ទងនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ ឫការតស៊ូចូលរបបសង្គមត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់។ រចនាសម្ព័ន្ធថ្មីនៅក្នុងគណបក្សត្រូវបានអនុម័តឡើងនិងជាលើកដំបូង គណៈកម្មាធិការកណ្តាលអចិន្ត្រៃយ៍ត្រូវបានតែងតាំង ដោយមានលោកទូ សាមុត (ជាអ្នកដែលបានរៀបចំគោលនយោបាយសហប្រតិបត្តិការជាមួយសង្គម) ជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តលោកសាមុត គឺលោកនួន ជា, ដែលគេស្គាល់ថារុងឡឺត, ត្រូវបានតាំងជាអង្គលេខាធិការបក្សរង ខណៈដែលប៉ុល-ពតនិងអៀង សារីត្រូវបានតែងតាំងជាគណៈកម្មាធិការកណ្តាលដែលជាតំណែងទីបីនិងទីប្រាំនៃតំណែងខ្ពស់ជាងគេនៅក្នុងឋានានុក្រមបក្ស។ សមាជិកគណៈកម្មាធិការមួយរូបទៀតគឺអ្នកកុម្មុយនិស្តជើងចាស់ឈ្នោះថាកែវ មាស។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, វេលាប្រជុំនេះត្រូវបានចាត់ទុកថាជាថ្ងៃបង្កើតបក្សកុម្មុយនិស្តកម្ពុជានិងជាផ្នែកមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រកុម្មុយនិស្តនៃប្រទេសកម្ពុជា។[១០]

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦២ លោក ទូ សាមុតត្រូវបានរដ្ឋាភិបាលកម្ពុជាធ្វើឃាត។ នៅក្នុងកិច្ចប្រជុំសមាជលើកទីពីររបស់ គកក នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៦៣៖ គេបានជ្រើសយកប៉ុល-ពតឱ្យបន្តស្នងតំណែងពីសាមុតជាអង្គលេខាធិការបក្ស។ សម្ព័ន្ធមិត្តរបស់លោកសាមុត មានដូចជាលោកនួន ជា និងកែវ មាសត្រូវបានដកចេញពីតំណែងជាគណៈកម្មាធិការកណ្តាលហើយត្រូវជំនួសដោយលោកសុន សេននិងវ៉ន វេតវិញ។ ចាប់តាំងពីពេលនោះមក ប៉ុល-ពតនិងសមមិត្តស្មោះត្រង់របស់គាត់ដែលធ្លាប់ជាមិត្តជិតស្និតជាមួយគ្នានៅប៉ារីសបានទទួលមានសឹទ្ធិគ្រប់គ្រងគណបក្សទាំងមូល ដោយបានដកចេញនូវសមាជិកជើសចាស់ចោលដែលប៉ុល-ពតគិតថាពួកគេទាំងនោះជាអ្នកគាំទ្រកុម្មុយនិស្តវៀតណាមជ្រុលហួស។

កុបកម្មនៅតាមជនបទប្រទេសកម្ពុជា

នៅខែកក្កដា ឆ្នាំ១៩៦៣, ប៉ុល-ពតនិងគណៈកម្មាធិការបក្សមួយចំនួនធំបានចាកចេញពីភ្នំពេញទៅតំបន់ភាគឥសាន្តនៃខេត្តរតនគិរីដើម្បីបង្កើតមូលដ្ឋានកុបកម្មនៅទីនោះ។ ប៉ុល-ពតត្រូវបានគេដាក់ឈ្មោះលោកនៅក្នុងបញ្ជីពួកឆ្វេងនិយមចំនួន ៣៤ រូបដែលត្រូវចុះចូលជាមួយរដ្ឋាភិបាលព្រះអង្គនរោត្តម សីហនុហើយអ្នកទាំងនោះនឹងត្រូវការចុះហត្ថលេខាលើសេចក្តីថ្លែងការមួយចំនួនដែលថ្លែងថាព្រះអង្គនរោត្តម សីហនុគឺជាមេដឹកនាំតែមួយគត់ដែលអាចដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បាន។ មានតែប៉ុល ពតនិងលោកជូ ជេតប៉ុណ្ណោះជាអ្នកឆ្វេងនិយមពីររូបក្នុងចំណោម ៣៤ រូបផ្សេងទៀតដែលបានរត់គេចខ្លួនរួច។ ឯអ្នកឆ្វេងនិយមចំនួន ៣២ រូបទៀតបានយល់ព្រមសហការជាមួយរដ្ឋាភិបាលសីហនុហើយក្រោយមកក៏ត្រូវបានឃ្លាំមើលដោយក្រុមនគរបាលរយៈពេល ២៤ ម៉ោងរៀងរាល់ថ្ងៃ។

នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៦០, ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ានស្មានថាគណបក្សថ្មីនេះមានសមាជិកភាពរហូតទៅដល់ ១០០ នាក់។[១២]

នៅតំបន់ដែលប៉ុល-ពតនិងសមាជិកបក្សទៅបង្កើតកម្លាំងកុបកម្មនោះគឺជាតំបន់ដែលកុលសម្ព័ន្ធជនជាតិភាគតិចរស់នៅ, ពួកខ្មែរលើដែលជាឈ្មោះក្រុមកុលសម្ព័ន្ធនៅតំបន់នោះត្រូវបានពួកប៉ុល-ពតធ្វើបាបយ៉ាងឃោរឃៅហើយត្រូវបានបង្ខំឱ្យចូលធ្វើជាទាហានទ័ពព្រៃទៀតផង។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើងនិងប្រទេសចិនអស់រយៈពេលជាច្រើនខែ។ ខ្លះបានថាគាត់ប្រហែលជាទទួលបានការបង្ហាត់បង្រៀននៅប្រទេសចិនហើយ ដែលបានបង្កើនកិត្យានុភាពរបស់គាត់នៅពេលដែលគាត់បានត្រឡប់មកប្រទេសកម្ពុជាវិញ។ ទោះបីជាប៉ុល-ពតនៅមានទំនាក់ទំនងល្អជាមួយព្រះអង្គនរោត្តម សីហនុមែនតែការទៅលេងប្រទេសក្រៅរបស់គាត់ត្រូវបានលាក់បាំងពីព្រះអង្គយ៉ាងជិត។ នៅឆ្នាំ១៩៧១ គកក របស់ប៉ុល-ពតបានប្តូរឈ្មោះមកជាបក្សកុម្មុយនិស្តកម្ពុជា ឫ 'បកក'។ លក្ខន្តិកៈរបស់បក្សដែលបានផ្សព្វផ្សាយឡើងនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៧០ បានអះអាងថាការប្តូរឈ្មោះរបស់បក្សនេះត្រូវបានធ្វើឡើងនៅក្នុងសមាជប្រជុំគណបក្សចាប់តាំងពីឆ្នាំ១៩៧១ មកម្លេះ។[១៣] ការប្លាស់ប្តូរឈ្មោះគណបក្សនេះត្រូវបានគេលាក់ទុកយ៉ាងសម្ងាត់, សម្បីតែសមាជិកជាន់ទាបនិងសមាជិកភាពគណបក្សក៏មិនបានដឹងឮពីការប្តូរឈ្មោះនេះដែរទាន់តែពីរ ឫបីឆ្នាំក្រោយមកបានដឹងពីការផ្លាស់ប្តូរឈ្មោះគណបក្ស។ មេថ្នាក់ដឹកនាំ បកក តែងតែគាំទ្រចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសង្គមរាស្រ្តនិយមជានិច្ច។ ក្នុងឆ្នាំ១៩៦៧ បក្សកុម្មុយនិស្តកម្ពុជា (បកក) បានងើបឡើងធ្វើកុបកម្មតូចៗចំនួនពីរបីលើក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនសូវបានទទួលផលមកវិញច្រើននោះទេ។

ដោយមិនសូវទទួលបានជោកជ័យ, ក្នុងឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានចាប់ផ្តើមធ្វើកុបកម្មដ៏ធំមួយ (កុបកម្មជាតិ) នៅទូទាំងប្រទេសកម្ពុជា។ ទោះបីជាវៀតណាមខាងជើងមិនទាន់បានសម្រេចចិត្តឱ្យខ្មែរក្រហមធ្វើកុបកម្មជាតិក៏ដោយ កងកម្លាំងវៀតណាមខាងជើងនូវតែផ្តល់ទីជម្រកនិងគ្រឿងប្រដាប់អាវុធទៅឱ្យពួកខ្មែរក្រហម។ កងកម្លាំងទ័ពព្រៃខ្មែរក្រហមត្រូវបានគេឱ្យឈ្មោះថាកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា។ ការគាំទ្រដោយវៀតណាមមកលើការធ្វើកុបកម្មនេះបានធ្វើឱ្យមានភាពលំបាកយ៉ាងខ្លាំងសម្រាប់កងទ័ពជើងគោកកម្ពុជាក្នុងការបង្រ្កាបកងកម្លាំងខ្មែរក្រហម។

ការឡើងកាន់កាប់អំណាច

ភាពប្រជាប្រិយនៃនយោបាយរបស់ខ្មែរក្រហមត្រូវបានកើនឡើងនៅពេលដែលសីហនុត្រូវគេដកចេញពីតំណែងក្នុងនាមជាប្រមុខរដ្ឋនៅឆ្នាំ១៩៧០។ លោកឧត្តមសេនីយ៍លន់ នល់, ដែលមានការគាំទ្រពីរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ។ ព្រះអង្គសីហនុ, ដែលបានធ្វើនិរទេសខ្លួនទៅទីក្រុងប៉េកាំង, បានចងសម្ព័ន្ធភាពជាមួយបក្សកុម្មុយនិស្តកម្ពុជា ហើយទ្រង់ក៏បានក្លាយជាប្រមុខរដ្ឋខ្មែរក្រហមទាំងនៅក្រៅប្រទេស(សម្ព័ន្ធភាពនេះត្រូវគេស្គាល់ជាអក្សរកាត់ថាGRUNK) ដែលគាំទ្រដោយសាធារណរដ្ឋប្រជាមានិតចិន។ ការគាំទ្រដ៏មានប្រជាប្រិយភាពរបស់សីហនុនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាបានពង្រីកអំណាចនិងឥទ្ធិពលខ្មែរក្រហមរហូតដល់ថ្នាក់នៅឆ្នាំ១៩៧៣, ពួកខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយភាគធំនៃទឹកដីប្រទេសកម្ពុជារួចទៅហើយ។

ទំនាក់ទំនងរវាងការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាដោយសហរដ្ឋអាមេរិកនិងកើនឡើងនៃឥទ្ធិពលរបស់ពួកខ្មែរក្រហមបានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយដល់ប្រវត្តិវិទូ។ ប្រវត្តិវិទូមួយចំនួនដូចជាលោក Michael Ignatieff, Adam Jones[១៤] និង Greg Gradins[១៥] បានលើកឡើងថាការធ្វើអន្តរាគមន៍និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក(ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៣)គឺជាកត្តាដ៏សំខាន់មួយដែលនាំឱ្យមានការគាំទ្រពួកខ្មែរក្រហមកាន់តែច្រើនឡើងៗជាពិសេសគឺកសិករខ្មែរ។[១៦] យោងតាមលោក Ben Kiernan, ពួកខ្មែរក្រហម"ក៏នឹងមិនបានឡើងកាន់កាប់អំណាចដែរបើគ្មានវិបត្តិអស្ថិរភាពនៃកងកម្លាំងយោធាខ្មែរសាធារណរដ្ឋឫគ្មានការទម្លាក់គ្រប់បែកពីអាមេរិកនោះ...ពួកខ្មែរក្រហមបានលើកយកការទម្លាក់គ្រប់បែកនិងការសម្លាប់រង្គាលនៃជនស៊ីវិលជាការឃោសនាប្រមូលកម្លាំងគាំទ្រនិងជាលេសសម្រាប់អំពើឃោឃៅនិងគោលនយោបាយមូលវិវដ្តរបស់ពួកគេហើយដើម្បីកំចាត់មជ្ឈន្តិកជនកុម្មុយនិស្តនិងពួកសីហនុនិយមចោលទៀតផង។[១៧] អ្នកសរសេរជីវប្រវត្តិប៉ុល ពតឈ្មោះ David P. Chandler បានសរសេរបញ្ជាក់ថាការទម្លាក់គ្រប់បែកនោះ"ពិតជាបានផលដូចអ្វីដែលអាមេរិកចង់បានមែន–វាបានបំបែកការឡោមព័ទ្ធរបស់ពួកកុម្មុយនិស្តនៅឯទីក្រុងភ្នំពេញ", ប៉ុន្តែវាក៏បាននាំឱ្យមានការបែកបាក់នៃប្រព័ន្ធសង្គមទាំងមូលផងដែរ។ [១៨][១៩][២០]ចំណែកឯលោក Peter Rodman និង Michael Lind បានអះអាងថាការចូលធ្វើអន្តរាគមន៍របស់អាមេរិកបានជួយរបបសាធារណរដ្ឋរបស់លន់ នល់ពីការដួលរលំក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៧៣។[២១][២២] លោក Craig Etcheson បានទទួលស្គាល់ថាការធ្វើអន្តរាគមន៍របស់អាមេរិកពិតជាបានធ្វើឱ្យពួកខ្មែរក្រហមកាន់តែទទួលបានអំណាចមែនតែបានជំទាស់ថាការធ្វើអន្តរាគមន៍របស់អាមេរិកមិនមែនជាបុព្វហេតុចំបងនៃការទទួលជោកជ័យរបស់ពួកខ្មែរក្រហមទេ។[២៣] លោក William Shawcross បានសរសេររៀបរាប់ថាការទម្លាក់គ្រាប់បែកនិងការលុកលុយរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យកម្ពុជាធ្លាក់មកនៅក្រោមស្ថានភាពវឹកវរដែលសីហនុខំប្រឹងចៀសវាងអស់រយៈពេលជាយូរណាស់មកហើយ។[២៤]

ការគាំទ្ររបស់វៀតណាមមកលើពួកខ្មែរក្រហមក៏បានកាត់បន្ថយយ៉ាងខ្លាំងក្នុងឆ្នាំ១៩៧៣។[២៥] ចិនក៏បានក្លាយជាប្រទេសដែលផ្គត់ផ្គង់គ្រឿងប្រដាប់អាវុធឱ្យខ្មែរក្រហមនៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានិងឆ្នាំក្រោយៗមកទៀត។[២៦]

នៅពេលដែរសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ជំនួយយោធាមកឱ្យរដ្ឋាភិបាលលន់ នល់នៅឆ្នាំ១៩៧៣, ពួកខ្មែរក្រហមបានទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេស, ដោយមានកម្លាំងទាហានច្រើនជាងកងទ័ពប្រដាប់អាវុធជាតិខ្មែររបស់លន់ នល់ទៅទៀត។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥, ពួកខ្មែរក្រហមបានដណ្តើមកាន់កាប់ទីក្រុងភ្នំពេញនិងផ្តួលរលំរបបសាធារណរដ្ឋខ្មែរដោយប្រហារជីវិតមន្រ្តីរបបសាធារណរដ្ឋចោលទាំងអស់។


ការកាន់អំណាចរបស់ពួកខ្មែរក្រហម

ថ្នាក់ដឹកនាំខ្មែរក្រហមមិនសូវមានការផ្លាស់ប្តូរធំដុំអ្វីទេនៅចន្លោះសតវត្សឆ្នាំ១៩៦០ដល់ពាក់កណ្តាល់សតវត្សឆ្នាំ១៩៩០។ មេដឹកនាំខ្មែរក្រហមភាគច្រើនគឺមកពីគ្រួសារវណ្ណៈកណ្តាល(មានជីវភាពធូរធារ)ហើយបានទទួលនូវការអប់រំតាមសកលវិទ្យាល័យបារាំងមួយចំនួនទៀតផង។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្សខ្មែរក្រហមក្នុងអំឡុងពេលកាន់អំណាចមានដូចជា:

ពេលកាន់អំណាច, ខ្មែរក្រហមបានអនុវត្តកម្មវិធីនយោបាយមូលវិវដ្តមានដូចជាប្រកាន់យកនយោបាយឯកោរ(គ្មានទំនាក់ទំនងជាមួយបរទេស), បិទសាលារៀន, មន្ទីរពេទ្យ, និងរោងចក្រ, លុបបំបាត់រូបិយវត្ថុ, គំទិចវត្តអារាមនិងចាត់ទុកថាការអនុវត្តតាមជំនឿសាសនាជាអំពើខុសនឹងច្បាប់, រិបអូសទ្រព្យសម្បត្តិឯកជន, និងបង្ខំប្រជាជនឱ្យចេញពីទីក្រុងទៅនៅតំបន់ជនបទ។ គោលបំណងនៃគោលនយោបាយនេះគឺដើម្បីកែប្រែអ្នកនៅទីក្រុងឫអ្នកមានជំនាញវិជ្ជាជីវៈ, ឫអាចហៅថា"ប្រជាជនចាស់"ឱ្យក្លាយទៅជា"ប្រជាជនថ្មី"តាមរយៈការធ្វើពលកម្មធ្ងន់ៗនៅជនបទ។ គោលដៅរបស់ពួកគេគឺដំបូងចង់អភិវឌ្ឍសេដ្ឋកិច្ចជាតិដោយផ្អែកលើការនាំចេញនៃដំណាំស្រូវហើយដើម្បីអភិវឌ្ឍផ្នែកឧស្សាហកម្មនៅពេលខាងមុខទៀត។ បក្សនេះបានប្រកាន់យកពាក្យស្លោកមួយថា"បើយើងមានអង្ករ, នោះយើងមានអ្វីៗគ្រប់យ៉ាង!"។ សកម្មភាពនិងគោលនយោបាយខាងលើបានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ដោយសារការប្រហារជីវិត(មិនព្រមធ្វើការ ឫមិនស្តាប់តាមបញ្ជាអង្គការ), ភាពទ្រត់ទ្រោមដោយសារធ្វើការងារពលកម្មហួសហេតុ, ជំងឺរាតត្បាត និងការឥតឃ្លាន។

ពួកខ្មែរក្រហមបានប្រាប់ប្រជាជននៅទីក្រុងភ្នំពេញនិងនៅតាមទីប្រជុំជនដទៃទៀតថាពួកគេនឹងត្រូវផ្លាស់ប្តូរទីលំនៅ"ចម្ងាយពីពីរទៅបីគីឡូម៉ែត្រ"ពីទីក្រុងនឹងត្រូវត្រឡប់ចូលក្រុងវិញក្នុងរយៈពេល"ពីរទៅបីថ្ងៃ"ប៉ុណ្ណោះ។ ជនដែលបានជៀសផុតពីការស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពតបាននិយាយប្រាប់ថាប្រជាជននៅគ្រប់ទីប្រជុំជនត្រូវបានទាហានខ្មែរក្រហមណែនាំឱ្យចេញពីទីក្រុងដោយប្រើលេសថា"អាមេរិកនឹងមកទម្លាក់គ្រាប់បែកដល់ទីប្រជុំជនប្រទេសកម្ពុជា"ហើយថែមទាំងផ្តាំអ្នកទាំងនោះថាមិនចាំបាច់ចាក់សោរផ្ទះរបស់ពួកគេទេព្រោះថាខ្មែរក្រហមនឹង"មើលថែរក្សាអ្វីៗគ្រប់យ៉ាង"រហូតទាន់តែពួកគេបានវិលត្រលប់មកវិញ។ ទាំងនេះមិនមែនជាការជម្លៀសប្រជាជនចេញពីទីប្រជុំជនជាលើកដំបូងដោយពួកខ្មែរក្រហមទេ។ ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងបានចាប់ផ្តើមតាំងពីដើមសតវត្សឆ្នាំ១៩៧០មកម្លេះគ្រាន់តែការជម្លៀសដំបូងៗនោះជាការជម្លៀសប្រជាជនលក្ខណៈខ្នាតតូច។

ខ្មែរក្រហមបានប៉ុនប៉ងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមិនប្រកាន់វណ្ណៈដោយជម្លៀសប្រជាជនចេញពីទីក្រុងហើយបង្ខំពួកគេទាំងនោះឱ្យធ្វើការងារពលកម្មធ្ងន់ៗដោយប្រើអំណាចផ្តាច់ការមកសង្កត់ពីលើ។ ប្រជាពលរដ្ឋទូទាំងប្រទេសបានត្រូវបង្ខំឱ្យក្លាយជាកសិករធ្វើស្រែតាមជំរុំពលកម្មនីមួយៗ។ ប្រជាជនទាំងនោះត្រូវទទួលធ្វើការងារហួសកម្រិតនិងត្រូវស្រែកឃ្លានដោយគ្មានអាហារគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងពលកម្មរបស់ពួកគេហើយខ្មែរក្រហមថែមទាំងប្រហារជីវិតប្រជាជនមួយចំនួនដែលមានសក្តានុភាពផ្តល់ផលប៉ះពាល់ដល់របបពួកគេទៀតផង(ជាពិសេសគឺបញ្ញាវន្ត)និងសម្លាប់អ្នកណាដែលប្រព្រឹត្តិអំពើខុសពីច្បាប់ទោះបីជារឿងតូចតាចក៏ដោយ។

ពេញមួយទស្សវត្តឆ្នាំ១៩៧០និងជាពិសេសបន្ទាប់ពីពាក់កណ្តាលឆ្នាំ១៩៧៥, គណបក្សមួយនេះត្រូវបានជួបនឹងបញ្ហាមួយដោយសារតែការប្រឆាំងបក្សពួក ហើយក៏មានការប៉ុនប៉ងចង់ផ្តួលរលំរបបប៉ុល ពតនាពេលនោះផងដែរ។ ជាលទ្ធផលនៃការមិនទុកចិត្តគ្នាឯងបានបណ្តាលឱ្យសមាជិកនិងអ្នកគាំទ្របក្សនេះចំនួនប្រហែលមួយពាន់នាក់ត្រូវបានប្រហារជីវិតចោលបូករួមទាំងមេដឹកនាំបក្សខ្លះទៀតផង។

អង្គការ (Angkar)

អស់រយៈពេលជាពីរឆ្នាំបន្ទាប់ពីបក្ស CPK បានកាន់កាប់អំណាចមក, បក្សនេះបានសំដៅលើខ្លួនឯងថា'អង្គការ'។ នៅថ្ងៃទី២៩ កញ្ញា ១៩៧៧, ប៉ុល ពតបានប្រកាសជាសាធារណៈពីអត្ថិភាពនៃបក្ស CPK នៅក្នុងសុន្ទរកថាមួយរយៈពេល៥ម៉ោង។[] នៅក្នុងសុន្ទរកថានេះ, ប៉ុល ពតបាននិយាយបង្ហាញពីគោលការណ៍ពិតប្រាកដនៃអំណាចផ្តាច់ការរបស់លោកមកលើប្រទេសកម្ពុជាទាំងមូលហើយបានរៀបរាប់បន្ថែមថាការគ្រប់គ្រងប្រទេសក្រោម CPK គឺជាការគ្រប់គ្រងបែបមិនច្បាស់លាស់។

គំនិតនិងគោលការណ៍មួយចំនួនត្រូវបានលាក់បាំងយ៉ាងសម្ងាត់ក្នុងមួយអត្ថិភាពរបស់បក្សមួយនេះ។ មុនឆ្នាំ១៩៧៥, ភាពសម្ងាត់គឺជារឿងដ៏ចាំបាច់មួយដើម្បីរក្សាអំណាចរបស់បក្សជាពិសេសគឺប៉ុល ពតនិងសហការីរបស់លោកដែលបានពឹងផ្អែកលើការសម្ងាត់របស់បក្សជាយូរណាស់មកហើយដើម្បីបង្រួបបង្រួមគោលចំហរពួកគេប្រឆាំងនឹងអ្នកដែលពួកគេគិតថាជាសត្រូវផ្ទៃក្នុងនៅអំឡុងពេលពីរឆ្នាំដំបូងនៃការកាន់អំណាច។ អត្ថិភាពរបស់ CPK ត្រូវបានលាតត្រដាងឡើងភ្លាមៗបន្ទាប់ពីប៉ុល ពតបានធ្វើដំណើរទៅទីក្រុងប៉េកាំងដោយសារតែមានការដាក់សម្ពាធពីចិនច្រើនពេកមកលើមេដឹកនាំខ្មែរក្រហមនីមួយៗដើម្បីឱ្យពួកគេទទួលស្គាល់នូវអត្តសញ្ញាណនយោបាយពិតរបស់ពួកគេ នាពេលនោះដែលមេដឹកនាំខ្មែរក្រហមបានពឹងផ្អែកលើលើជំនួយរបស់ចិនកាន់តែខ្លាំងឡើងៗដែរដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់យួន។ តាមមតិរបស់ប៉ុល ពតក្នុងសុន្ទកថារបស់លោកបានអះអាងថា CPK បានបង្កើតក្នុងអំឡុងឆ្នាំ១៩៦០ ហើយលោកបានសង្កត់សម្លេងថាបក្សនេះមានអត្តសញ្ញាណខុសគ្នាដាច់ពីគណបក្សកុម្មុយនិស្តវៀតណាម[២៧] ការសម្ងាត់(ឫអត្តសញ្ញាណពិតរបស់បក្ស)ត្រូវបានបន្តជាអាថ៌កំបាំងទោះបីជា CPK ទទួលបានជោកជ័យក្នុងការកាន់កាប់អំណាចក៏ដោយ។ ខុសពីមេដឹកនាំផ្តាច់ការផ្សេងទៀត, ប៉ុល ពតមិនមានគោលបំណងចង់បង្ហាញពីអត្តសញ្ញាណខ្លួនពិតទៅដល់ប្រជាជនកម្ពុជាឫឱ្យពិភពលោកបានស្គាល់ឡើយ។ អស់ជាងរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការឡើងកាន់អំណាចបានគេបញ្ជាក់បានថាសាឡុត សគឺជាឈ្មោះកំណើតរបស់ប៉ុល ពតហើយតំណែងរបស់លោកក៏ត្រូវបានគេដឹងដែរថាប៉ុល ពត(ឫសាឡុត ស)ជាលេខាធិការបក្សកុម្មុយនិស្តកម្ពុជា (CPK)។

ការដួលរលំនៃរបបខ្មែរក្រហម

ទំនាក់ទំនងកម្ពុជា-វៀតណាមបានធ្លាក់ចុះយ៉ាប់យ៉ឺនយ៉ាងខ្លាំងដោយសារតែជម្លោះនៅតាមព្រំដែននិងមានជនភៀសខ្លួនជាច្រើនរត់ចេញពីប្រទេសកម្ពុជាចូលក្នុងប្រទេសវៀតណាម។ ដោយខ្លាចមានការវាយប្រហារពីវៀតណាម, ប៉ុល ពតបានបញ្ជាឱ្យទាហានខ្មែរក្រហមចូលទៅលុកលុយប្រទេសវៀតណាមនៅថ្ងៃទី១៨ មេសា ឆ្នាំ១៩៧៨។ ទ័ពខ្មែរក្រហមបានឆ្លងព្រំដែនយួននិងប្លន់ទ្រ័ពសម្បត្តិក្នុងភូមិក្បែរៗនោះបានយ៉ាងជោកជ័យ តែទោះបីមានជំនួយពីចិនក៏ដោយ, មិនយូរប៉ុន្មានកងកម្លាំងទ័ពខ្មែរក្រហមមួយនេះក៏ត្រូវបានទាហានវៀតណាមរុញច្រានចូលព្រំដែនកម្ពុជាវិញ។

នៅដើមឆ្នាំ១៩៧៩, ក្រុមគាំទ្រវៀតណាមនិងជាបក្សពួកក្រុមប្រឆាំងនឹងបក្ស CPK ដែលដឹកនាំដោយលោកប៉ែន សុវណ្ណបានធ្វើការប្រជុំសមាជមួយនៅជិតព្រំដែនប្រទេសវៀតណាម។ ជាមួយនិងលោកហេង សំរិន, ប៉ែន សុវណ្ណគឺជាសមាជិកស្ថាបនិករកឃើញរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (KUFNS ឫ FUNSK)ដំបូងគេបង្អស់, បន្ទាប់ពីបានស្រងាកចិត្តនឹងពួកខ្មែរក្រហមខ្លាំងពេក។[២៨] ក្រោយមក, បក្ស CPK បានបែងចែកជាពីរ, ដែលក្នុងនោះមួយផ្នែកត្រូវបានដឹកនាំដោយលោកប៉ែន សុវណ្ណដែលលោកបានដាក់ឈ្មោះថ្មីឱ្យបក្សគឺគណបក្សបដិវត្តប្រជាជនកម្ពុជា(ដែលសព្វថ្ងៃហៅថាគណបក្ស​ប្រជាជន​កម្ពុជា) និងមួយផ្នែកទៀតគឺក្រុមប៉ុល-ពត។[]

កងកម្លាំងទាហានវៀតណាមរួមជាមួយនឹង KUFNS ដែរ បានចូលវាយលុកប្រទេសកម្ពុជាហើយបានដណ្តើមកាន់កាប់ទីក្រុងភ្នំពេញវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្សដែលដឹកនាំដោយលោកប៉ែន សុវណ្ណត្រូវបានលើកឡើងក្លាយជាគណបក្សដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាថ្មី។ ចំណែកឯ CPK ដែលដឹកនាំដោយប៉ុល ពតបានដងថយកងកម្លាំងខ្លួនទៅទិសខាងលិចឆ្ពោះទៅតំបន់ក្បែរព្រំដែនប្រទេសថៃ។ ដោយមានការការពារមិនជាផ្លូវការពីកងកម្លាំងថៃ, បក្សកុម្មុយនិស្តប៉ុល ពតក៏ចាប់ផ្តើមបង្កើតទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៃរបបថ្មីគឺ PRK (People's Republic of Kampuchea - សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ បក្សរបស់ប៉ុល ពតបានបង្កើតរណសិរ្សរួបរួមជាតិមួយគឺរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ១៩៧៩ដើម្បីប្រឆាំងតបទៅនឹងវៀតណាមនិង PRK វិញ រណសិរ្សមួយនេះបានដឹកនាំដោយខៀវ សំផន។ នៅខែធ្នូ ឆ្នាំ១៩៧៩, កងកម្លាំងប្រដាប់អាវុធដែលទទួលបញ្ជាការពីបក្ស, ដែលកងកម្លាំងនេះពីមុនធ្លាប់ជាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាបានផ្លាស់ប្តូរឈ្មោះមកជាកងទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យ[២៩] ក្នុងឆ្នាំ១៩៨១, បក្សកុម្មុយនិស្តកម្ពុជា(CPK)ត្រូវបានរំលាយចោលនិងត្រូវជំនួសស្នងដោយគណបក្សកម្ពុជាប្រជាធិបតេយ្យវិញ។[១០][]

មើលបន្ថែម

ឯកសារយោង

  1. "Cambodia's brutal Khmer Rouge regime". BBC News. 4 August 2014. Archived 20 June 2018 at the វេយប៊ែខ ម៉ាស៊ីន..
  2. Kiernan, B. (2004). How Pol Pot Came to Power. New Haven: Yale University Press. pp. 19–20.
  3. Duong, Keo (2015). "Nationalism and mass killing: The khmer rouge extreme nationalism against Vietnam". SHS Encounters Cambodia. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
  4. ៤,០ ៤,១ "Khmer People's Revolutionary Party (KPRP)". globalsecurity.org. Retrieved 28 May 2020.
  5. "Khmer Rouge". History. Archived 21 May 2018 at the វេយប៊ែខ ម៉ាស៊ីន..
  6. Martin, Gus (2008). Essentials of Terrorism: Concepts and Controversies. SAGE Publications, Inc.. p. 80. ល.ស.ប.អ. 978-1412953139. https://books.google.com/books?id=7-GiXqccL1IC&dq. 
  7. Hartman, Tom (1985). A World Atlas of Military History, 1945–1984. Hippocrene Books. p. 81. ល.ស.ប.អ. 0870520008. https://books.google.com/books?id=CwSn83AgqEYC. 
  8. ៨,០ ៨,១ "Cambodia and the Khmer People's Revolutionary Party (KPRP), Appendix B - Major Political and Military Organizations". Country Data. Archived 28 September 2009 at the វេយប៊ែខ ម៉ាស៊ីន..
  9. ៩,០ ៩,១ ៩,២ Frings, K. Viviane (October 1997). "Rewriting Cambodian History to 'Adapt' It to a New Political Context: The Kampuchean People's Revolutionary Party's Historiography (1979-1991)". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Modern Asian Studies. 31 (4): 807–846.
  10. ១០,០ ១០,១ ១០,២ ១០,៣ Chandler, David P. (Summer 1983). "Revising the Past in Democratic Kampuchea: When Was the Birthday of the Party?: Notes and Comments". Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន.. Pacific Affairs. 56 (2) (Summer 1983): 288–300.
  11. "Chronologie du Cambodge de 1960 à 1990". Archived from the original on 22 April 2007. Retrieved 22 April 2007.
  12. Benjamin, Roger W.; Kautsky, John H. (March 1968). "Communism and Economic Development". Archived 2 February 2017 at the វេយប៊ែខ ម៉ាស៊ីន.. The American Political Science Review. 62 (1): 122.
  13. Kierman, Ben (September 1998). "Ieng Sary's Regime: A Diary of the Khmer Rouge Foreign Ministry, 1976-79". Archived 13 July 2007 at the វេយប៊ែខ ម៉ាស៊ីន..
  14. Jones, Adam (2006). Genocide: A Comprehensive Introduction. Routledge. pp. 189–90. https://www.mcvts.net/cms/lib07/NJ01911694/Centricity/Domain/155/Textbook.pdf. 
  15. Grandin, Greg (2015). Kissinger's Shadow: The Long Reach of America's Most Controversial Statesman. Henry Holt and Company. pp. 179–80. ល.ស.ប.អ. 978-1627794503. https://books.google.com/?id=QGGzBgAAQBAJ&printsec=frontcover&dq=%22grandin,%22+khmer+rouge#v=onepage&q=%22grandin,%22%20khmer%20rouge&f=false. 
  16. Kiernan, Ben (Winter 1989). "The American Bombardment of Kampuchea 1969–1973". Vietnam Generation. 1 (1): 4–41.
  17. Kiernan, Ben (2008). The Pol Pot Regime: Race, Power, and Genocide in Cambodia under the Khmer Rouge, 1975–1979. Yale University Press. ល.ស.ប.អ. 9780300142990. 
  18. Chandler, David (2000), Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–98.
  19. Chandler, David (2000). Brother Number One: A Political Biography of Pol Pot, Revised Edition, Chiang Mai, Thailand: Silkworm Books, pp. 96–97.
  20. Chandler, David (2005). Cambodia 1884–1975, in The Emergence of Modern Southeast Asia, edited by Norman Owen. University of Hawaii Press, p. 369.
  21. Rodman, Peter (August 23, 2007). "Returning to Cambodia". Brookings Institution. Archived November 10, 2011, at the វេយប៊ែខ ម៉ាស៊ីន.
  22. Lind, Michael, Vietnam: The Necessary War: A Reinterpretation of America's Most Disastrous Military Conflict, Free Press, 1999.
  23. Etcheson, Craig, The Rise and Demise of Democratic Kampuchea, Westview Press, 1984, p. 97.
  24. Shawcross, pp. 92–100, 106–112.
  25. Cook, Susan E.; Mosyakov, Dmitri (2017). Genocide in Cambodia and Rwanda: New Perspectives. Routledge. ល.ស.ប.អ. 978-1351517775. 
  26. Bezlova, Antoaneta (February 21, 2009). "China haunted by Khmer Rouge links". Asia Times. Retrieved February 21, 2009.
  27. Osborne, Milton E. (1994). Sihanouk Prince of Light, Prince of Darkness. Honolulu: University of Hawaii Press. ISBN 978-0-8248-1639-1.
  28. Osborne, Milton (1994). Sihanouk, Prince of Light, Prince of Darkness. Silkworm.
  29. Kroef, Justus M. van der (August 1979). "Cambodia: From "Democratic Kampuchea" to "People's Republic". Asian Survey. 19 (8): 731–750. Archived 30 August 2018 at the វេយប៊ែខ ម៉ាស៊ីន..


តំណភ្ជាប់ក្រៅ

Wikimedia Commons has media related to Khmer Rouge.