រណសិរ្សរំដោះជាតិប្រជាជនខ្មែរ
រណសិរ្សរំដោះជាតិប្រជាជនខ្មែរ Front national de libération du peuple khmer (បារាំង) Khmer People's National Liberation Front (អង់គ្លេស) | |
---|---|
ប្រធាន | សឺន សាន |
ស្ថាបនិក | សឺន សាន |
បង្កើត | ៩ តុលា ១៩៧៩ |
រំលាយ | ១៩៩៣ |
បក្សស្នង | គបសពពស |
ស្លាបយោធា | កបអរជខ |
មនោគមវិជ្ជា | ប្រឆាំងកុម្មុយនិស្តនិយម |
គោលជំហរនយោបាយ | ស្លាបស្តាំ |
ទំនាក់ទំនងជាតិ | រចកប |
ទង់គណបក្ស | |
![]() | |
នយោបាយនៅCambodia គណបក្សនយោបាយ ការបោះឆ្នោត |

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។
ដើមកំណើត
នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩, គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសដោយមានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ, អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨), លោកស៊ឹម វ៉ា, យ៉ែម សំបូរ, ញ៉ឹក ជូឡុង, ណុង គីមមី, ថន ឱក, ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង", ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងការបោះឆ្នោតជ្រើសយករដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។[១][២]
វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃបានចូលទាក់ទងជាមួយលោកសឺន សានដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់នរោត្តម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។[៣]
នៅខែកុម្ភៈ ឆ្នាំ១៩៧៩, លោកឧត្តមសេនីយ៍ ដៀន ដែល និងងួន ពិធូរិទ្ធបានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (កបអរជខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩, កបអរជខ មានទាហានទាំងអស់សរុប ១,៦០០ នាក់។[៣]
នៅខែសីហា ឆ្នាំ១៩៧៩, លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខ សាន, ជាជំរុំយោធាមួយដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។[៤] ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំង មឿង (កម្លាំងទាហានសរុប ៥០០ នាក់), ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត), ចលនាខ្មែរឥស្លាម, ជំរុំព្រៃវែង, ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។[៣] នៅខែបន្ទាប់, លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាយោធារណសិរ្ស។[៥]
រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម, ប្រកាន់យកនយោបាយបែបលោកខាងលិច និងជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ ទាំងនេះបានធ្វើឱ្យ រជរបខ ជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។[៦]
ប្រធានាធិបតេយ្យអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[៧] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[៨]

កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បីជួយរក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួន។ នៅឆ្នាំ១៩៨២, លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខ្លាំងណាស់ជាមួយនឹងអាកប្បកិរិយាដ៏ស្ងប់ស្ងាត់និងការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។[៩] បន្ថែមលើការធ្វើដំណើររបស់សាន, រជរបខ បានចាត់ទុកខ្លួនឯងជាក្រុមមិនមែនកុម្មុយនិស្តដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។
ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ, រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រចកប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនវិជ្ជារបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអសបថាជារដ្ឋាភិបាលតំណាងឱ្យប្រទេសកម្ពុជា ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់បែបនេះក៏ដោយ។[១០]
កម្លាំងយោធា
ឯកសារយោង
- ↑ Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 9.
- ↑ Daniel Bultmann (2015) 'Inside Cambodian Insurgency. A Sociological Perspective on Civil Wars and Conflict', Ashgate: Burlington, VT/Farnham, UK, ISBN 9781472443076.
- ↑ ៣,០ ៣,១ ៣,២ Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 10.
- ↑ Bekaert, J., "Kampuchea: The Year of the Nationalists?" Southeast Asian Affairs, Institute of Southeast Asian Studies, Singapore (1983), pp. 169.
- ↑ Corfield J. J., "A History of the Cambodian Non-Communist Resistance, 1975-1983." Clayton, Vic., Australia: Centre of Southeast Asian Studies, Monash University, 1991, p. 11.
- ↑ "The Khmer People's National Liberation Front," Country Studies.
- ↑ "Cambodia at a Crossroads", by Michael Johns, The World and I magazine, February 1988.
- ↑ REFUGEE WARRIORS AT THE THAI-CAMBODIAN BORDER by Cortland Robinson Archived 2011-07-17 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Elizabeth Becker, "The Quiet Cambodian," The New Republic 186, no. 2 (2000): 18-19.
- ↑ Trevor Findlay, Cambodia The Legacy and Lessons of UNTAC, (Oxford: Oxford University Press, 1995), 1-2.