Jump to content

ពហុកីឡដ្ឋានជាតិអូឡាំពិក

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:៥៥ ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០០៨ ដោយ គីមស៊្រុន (ការពិភាក្សា | ការរួមចំណែក) (ទំព័រថ្មី៖ {{Infobox_Arena | arena_name = ពហុកីឡាដ្ឋានជាតិអូឡាំពិច| nickname = ស្ដាតអូឡាំ...)

ទំព័រគំរូ:Infobox Arena

ពហុកីឡាដ្ឋានជាតិអូឡាំពិច មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡាដ្ឋានមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់។ វាត្រូវបានគូរប្លង់ដោយស្ថាបត្យករ​ខ្មែរដ៏ល្បីគឺ​លោក វណ្ណ មូលីវណ្ណ

ការស្ថានាពហុកីឡាដ្ឋានចាប់ផ្ដើមនៅឆ្នាំ ១៩៦៣ និងបញ្ចប់នៅឆ្នាំ ១៩៦៤។ ពិធីសម្ភោធធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំណាលគ្នានឹង បុរីកីឡាដែរ ពហុកីឡាដ្ឋាននេះត្រូវបានស្ថាបនាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបាន​ប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ឬ ស៊ីហ្គេម (SEA GAME)) ឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញ​ដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពហុកីឡាដ្ឋាន​ត្រូវបានប្រើប្រាស់​ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ​ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និង​ជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជំរើសជាតិកម្ពុជា។

ពហុកីឡាដ្ឋានបានរួមចំនែកតូចមួយក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ ១៩៦៦ (1966 FIFA World Cup) នៅក្នុងការប្រកួតវិលជំរុះរវាងកូរ៉េខាងជើងនិងអូស្ត្រាលី។ នៅពេលនោះ​ទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើង​ជាមួយប្រទេសភាគច្រើនមិនសូវល្អ គេមានការលំបាកយ៉ាងខ្លាំងក្នុងការរកទីកន្លែងប្រកួតអោយបានសមស្រប។ ពេលនោះ ប្រមុខរដ្ឋសម្ដេចនរោត្តមសីហនុដែលជាមិត្តជាមួយមេដឹកនាំកូរ៉េខាងជើងគីម អ៊ីលស៊ុង បានស្នើថា ការប្រកួតនេះអាចធ្វើនៅភ្នំពេញបាន។ ការប្រកួត​ទាក់ទាញទស្សនិកជនបាន៤ម៉ឺននាក់ ដែលក្នុងនោះ ពាក់កណ្ដាលគាំទ្រអូស្ត្រាលី ហើយពាក់កណ្ដាលទៀតគាំទ្រកូរ៉េខាងជើង។ ការប្រកួតប្រព្រឹត្តទៅ២ថ្ងៃ គឺនៅថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែលលទ្ឋផលអូស្ត្រាលីឈ្នះ៦ទល់១ និងនៅថ្ងៃទី ២៤ វិច្ឆិកា ១៩៦៥ ដែលកូរ៉េខាងជើងឈ្នះ៣ទល់១។ កូរ៉េខាងជើងបានជាប់ឡើងទៅប្រកួតជាមួយអ៊ីតាលីនៅវគ្គប្រកួតវិលជុំ។ កូរ៉េខាងជើងបានឈ្នះអ៊ីតាលីទៀត ហើយឡើងទៅប្រកួតជាមួយព័រទុយហ្គាល់នៅវគ្គមួយភាគបួនផ្ដាច់ព្រាត់ ហើយក៏ចាញ់ព័រទុយហ្គាល់នៅពេលនោះ។

នៅសម័យខ្មែរក្រហម ពហុកីឡាដ្ឋានបានក្លាយជាគុកសំរាប់មន្ត្រីរដ្ឋបាលនៅសម័យលន់ នល់។

ពហុកីឡាដ្ឋានបានស្ថិតនៅក្នុងសភាពទ្រុឌទ្រោមរាប់ទសវត្សរ៍ក្រោយមក។ នៅឆ្នាំ២០០០ ពហុកីឡាដ្ឋានត្រូវបានអភិវឌ្ឍជួសជុលឡើងវិញដោយក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់។ ក្រុមហ៊ុនបានជួសជុលពហុកីឡាដ្ឋាន តែបានសាងសង់ផ្ទះល្វែងនិងស្តង់លក់ទំនិញនៅជុំវិញ ដែលការណ៍នេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសាធារណជនទូទៅ។

ចាប់ពីឆ្នាំ២០០៧ ពហុកីឡាដ្ឋានជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ​​ក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់និងសកម្មភាពកីឡាផ្សេងៗទៀត​ជារៀងរាល់ថ្ងៃ។

នៅខែវិច្ឆិកា-ធ្នូ ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោក​បានប្រារព្ឋការប្រកួតពានរង្វា់ពិភពលោករបស់ខ្លួននៅពហុកីឡាដ្ឋាននេះ។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។

កូអរដោនេ: 11°33′30.1″N 104°54′43.5″E / 11.558361°N 104.912083°E / 11.558361; 104.912083