Jump to content

សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ ពាហិរនិទាន វេរញ្ជកណ្ឌ

ពីវិគីភីឌា

អដ្ឋកថា អធិប្បាយបាលីក្នុងគម្ពីព្រះត្រៃបិដកលេខ ១ ។

ហេតុដែលព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទ

ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់នឡេរុយក្ស ជិតក្រុងវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍បានចូលទៅលើកពាក្យចោទប្រកាន់ ចុះពោះព្រះដ៏មានព្រះភាគ មានពាក្យជាដើមថា "ព្រះគោតមមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមក ក្នុងមជ្ឈិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរកព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ(ក៏ព្រះអង្គមិនធ្វើ)" ព្រះដ៏មានព្រះភាគទ្រង់ញ៉ាំងព្រាហ្មណ៍នោះ ឲ្យជ្រះថ្លាហើយ និងប្រកាសខ្លួនជាឧបាសក ដល់ព្រះត្រ័យសរណគមន៍ស្មើដោយជីវិត រួចក៏អារាធនាឲ្យទ្រង់ចាំវស្សាជិតស្រុកវេរញ្ជានោះមួយអន្លើដោយភិក្ខុសង្ឃ។

ក្នុងវស្សានោះ ស្រុកវេរញ្ជាកើតអំណត់អត់បាយ ព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃឆាន់បាយក្រៀមរបស់ឈ្មួញសេះ។ ព្រះមហាមោគ្គល្លានទូលសូមសម្តែងឫទ្ធិប្រែត្រឡប់ផែនដី ដើម្បី បានឱជារសដែលកើតឡើងអំពីស្រទាប់នៃផែនដី និងទូលសូមនាំភិក្ខុទៅបិណ្ឌបាតឯឧត្តរកុរុទ្វីប, តែព្រះដ៏មានព្រះភាគទ្រង់មិនអនុញ្ញាត ។ ចំណែកព្រះសារីបុត្រ ក៏ក្រាបទូលសួរអំពីសាសនារបស់ព្រះពុទ្ធទាំងឡាយ ដែលឋិតនៅមិនបានយូរ និងដែលឋិតនៅបានយូរ, ព្រះដ៏មានព្រះភាគក៏ទ្រង់សម្តែងសាសនារបស់ព្រះពុទ្ធទាំង ៦ ព្រះអង្គមានព្រះពុទ្ធព្រះនាមវិបស្សីជាដើម។ លំដាប់នោះ ព្រះសារីបុត្រដ៏មានអាយុ ក្រោកចាកអាសនៈហើយ ធ្វើសំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណមអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា "សូមទ្រង់ព្រះមេត្តាប្រោស កាលនេះជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភាគជាម្ចាស់ ៗ គួរបញ្ញត្តិសិក្ខាបទ គួរសម្តែងអាណាបាតិមោក្ខដល់សាវកទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុនឹងឲ្យព្រហ្មចរិយធម៌ឋិតនៅអស់កាលអង្វែងទៅ" ។