ប្រាសាទព្រះធាតុទឹកឆា
ព័ត៌មានទូទៅ
មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានដាក់សំណើទៅក្រសួងដើម្បីសុំជួសជុលប្រាសាទព្រះធាតុទឹកឆា ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ដែលបាន និងកំពុងរងការប្រេះស្រាំពុកផុយ និងស្រុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីសង្គ្រោះ និងលើកសម្រស់ប្រាសាទមួយនេះឡើងវិញ។ លោក ជួន សុផាត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានឲ្យដឹងថា ខាងមន្ទីរបានដាក់សំណើសុំជួសជុល ប្រាសាទព្រះធាតុទឹកឆា ទៅកាន់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចហើយ។ ប្រធានមន្ទីរ បានឲ្យដឹងថា ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ សូរ្យវម៌្មទី១ (វរ័្មន) នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧,៣០ម៉ែត្រ បណ្តោយប្រវែង ៧,៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែង ដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នា លើផ្ទៃដីទំហំ១៥ហិកតា នៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។ លោក ថាំង ធាម ជាឆ្មាំប្រាសាទព្រះធាតុទឹកឆា បានឲ្យដឹងដែរថា នៅតំបន់ទឹកឆា មានប្រាសាទ និងស្រះទឹកបុរាណជាច្រើនកន្លែង ដូចជាប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទស្រីគ្រប់លក្ខណ៍...ជាដើម។ ប៉ុន្តែប្រាសាទទាំងនោះបានបាក់បែក ជ្រុះធ្លាក់រាយប៉ាយសល់តែបំណែកថ្ម និងតួប្រាសាទមួយចំនួនប៉ុណ្ណេះ។ ដោយឡែកមានតែប្រាសាទព្រះធាតុទឹកឆានេះ ដែលនៅល្អជាងប្រាសាទផ្សេងទៀត ហើយតែងមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាប្រចាំនាថ្ងៃបុណ្យទាន។ ប្រាសាទព្រះធាតុទឹកឆា ហាក់ដូចជាបានស្រុតគ្រឹះតួប្រាសាទទាំងមូលក្នុងមួយឆ្នាំប្រហែល០.០៣ម៉ែត្រ។ ដោយសព្វថ្ងៃខុសនឹងគ្រឹះចាស់ដើមប្រមាណ០.៣០ម៉ែត្រ គឺបណ្តាលពីដំបូលបានជួសជុលតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ បានប្រេះ ទឹកភ្លៀងលិចជ្រាបចូលក្នុងប្រាសាទ និងម្យ៉ាងតួប្រាសាទក៏បានរងនូវការប្រេះស្រាំដោយសារការទម្លាក់គ្រាប់បែកតាំងពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ផងដែរ[១]។
ឯកសារយោង
- ↑ ដកស្រង់ពី www.rasmeinews.com