សទ្ទានុក្រមព្រះពុទ្ធសាសនា
ក
កកុធានទី
(ន). ឈ្មោះទន្លេមួយ ដែលព្រះអានន្ទទូលអារាធនាព្រះមានព្រះភាគឱ្យទ្រង់សោយ និងជម្រះព្រះកាយ ក្នុងរវាងដំណើរផ្លូវទៅទីក្រុងកុសិនារា ក្នុងថ្ងៃបរិនិព្វាន។
កកុសន្ធ
(ន). ព្រះនាមព្រះសម្មាសម្ពុទ្ធមួយព្រះអង្គ ដែលបានឧប្បត្តិកឡើងមុនគេបង្អស់ នៅខាងដើមភទ្រកប្បនេះ ព្រះសម្មាសម្ពុទ្ធកកុសន្ធះ ឬ កកុសន្ធោ។
កង្ខា
(ន). សេចក្តីសង្ស័យ, ដំណើរមិនអស់ចិត្ត, ធម្មជាតិជាគ្រឿងសង្ស័យ, Uncertainly, Doubt ។ (ម.ព. វិចិកិច្ឆា ផង)។ សេចក្តីសង្ស័យមាន៨ប្រការគឺៈ
- ពុទ្ធេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះពុទ្ធ។
- ធម្មេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះធម៌។
- សង្ឃេ កង្ខតិ សេចក្តីសង្ស័យក្នុងព្រះសង្ឃ។
- សិក្ខាយ កង្ខតិ សេចក្តីសង្ស័យក្នុងការសិក្សា។
- បុព្វន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត។
- អបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអនាគត។
- បុព្វន្តាបរន្តេ កង្ខតិ សេចក្តីសង្ស័យក្នុងខន្ធជាអតីត និងអនាគត។
- បដិច្ចសមុប្បាទេ កង្ខតិ សេចក្តីសង្ស័យក្នុងបដិច្ចសមុប្បាទធម៌។
កង្ខាឆេទន
(ន). កិរិយាកាត់នូវសេចក្តីសង្ស័យ។
កង្ខាវិតរណវិសុទ្ធិ
(ន). សេចក្តីបរិសុទ្ធិ ថ្នាក់ដែលធ្វើឲ្យកម្ចាត់សេចក្តីសង្ស័យបានគឺកំណត់ដឹងបច្ច័យនៃនាមរូបបានហើយ ទើបអស់សង្ស័យក្នុងកាលទាំងបី។
កច្ច
(គុ). ភ្លឺ, រុងរឿង, ល្អ។
កច្ចាន
(ន). ភិក្ខុជាពូជនៃកច្ចៈ (ភិក្ខុឈ្មោះកច្ចៈ)។ មនុស្សល្អជាឈ្មោះនៃបុព្វបុរស។
កច្ចាយន ១
(ន). ព្រះអរហន្តមួយរូបឈ្មោះថា កច្ចាយនៈ ហើយបានទទួលសេចក្តីសរសើរពីព្រះសម្មាសម្ពុទ្ធថាជា ឯតទគ្គៈ ក្នុងផ្លូវអធិប្បាយសេចក្តីសង្ខេបឲ្យពិស្តារបាន, កាលពីដើម លោកមានរូបរាងស្រស់បស់ស្អាតបាត, តែបណ្តាលមកពីបុរសម្នាក់បានឃើញរូបលោកស្អាត ហើយក៏គិតថាធ្វើម្តេចបានភរិយារូបស្អាតដូចលោកម្ចាស់អង្គនេះហ្អេះ! ភ្លាមន៎ុះ បុរសនោះក៏ក្លាយជាស្រី, ក្រោយមកទើបសូមខមាទោសលោក ហើយក៏ក្លាយជាបុរសវិញ, ព្រោះហេតុដូច្នេះហើយ ទើបព្រះមហាកច្ចាយនៈអធិដ្ឋានឲ្យមានរាងកាយធាតុទ្រលុកៗ ដូចដែលបានធ្លាប់ឃើញរូបសំណាក ដែលគេធ្វើជាតំណាងក្នុងសម័យបច្ចុប្បន្ននេះឯង, អ្នកខ្លះហៅលោកថា ព្រះកំចាយៗ ។
កច្ចាយន ២
(ន), នាមព្រះមហាថេរមួយព្រះអង្គ ដែលជាអ្នកតែងក្បួនវេយ្យាករណ៍បាលីជាដើម។ វេយ្យាករណ៍បាលីនោះក៏ហៅថា កច្ចាយនៈ ដែរ (ច្រើនហៅថា មូលកច្ចាយនៈ)។
កច្ចាយនូបត្ថម្ភក
(ន). ឈ្មោះក្បួនវេយ្យាករណ៍ ជាជំនួយដល់មូលកច្ចាយនៈ ដែលសម្តេចព្រះសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ បានរៀបរៀងក្នុងកាលដែលសម្តេចបានសមណសក្តិជាព្រះគ្រូសង្ឃសត្ថា។
កច្ចប
(ន). អណ្តើក (Tortoise, Turtle)។
កដត្តាកម្ម
(ន). កម្មដែលកើតឡើងដោយមិនបានគិតទុកជាមុន ឬមានចេតនាមិនច្បាស់លាស់។ កម្មដែលធ្លាប់ធ្វើទុកក្នុងអតីតភព អង្គធម៌បានដល់អកុសលកម្ម១២ មហាកុសលកម្ម៨ (ម.ព. កម្ម ផង)។
កឋិន
(ន). ឈ្មោះបុណ្យមួយដែលពុទ្ធបរិស័ទវេរសំពត់ថ្វាយដល់ព្រះសង្ឃ ក្នុងរយៈពេល២៩ថ្ងៃ ឬសំពត់ពិសេសដែលព្រះសាស្តាទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃចំពេលទេសកាលកឋិន។ ពាក្យថាកឋិននេះនៅក្នុងគម្ពីរបរិវារៈលោកសម្តែងថា : (ធម៌ទាំងប៉ុន្មានដែលតាំងនៅក្នុងកំលុងកឋិនត្ថារកិច្ចរាប់តាំងពីភិក្ខុដែលបានចូលបុរិមិកាវស្សាជាដើម ដរាបដល់ការដែលភិក្ខុក្រាលអនុមោទនាត្រឹមត្រូវ ប្រកបដោយធម៌ជាទីបំផុត, ជានាមធម៌ខ្លះ ជារូបធម៌ខ្លះ)។ ការរួបរួមដំណើរដែលប្រព្រឹត្តទៅស្មើគ្នា, ឈ្មោះអំពើដែលឱ្យឈ្មោះ, ពាក្យដែលហៅតាមឈ្មោះ, សម្តីនិយាយចេញឈ្មោះ, រូបព្យញ្ជនៈ, ពាក្យពោលចំពោះធម៌ទាំងអស់ហៅថាកឋិន (សរសេរកថិន ក៏បាន)។
កឋិនកាល
(ន). រយៈពេលកឋិន គឺតាំងពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃពេញបូណ៌មីខែកត្តិក តាមវិនយប្បញ្ញត្តិ (ម.ព កឋិន ផង)។
កឋិនទាន
(ន). ការធ្វើកឋិន, ការឱ្យសំពត់កឋិនដល់ភិក្ខុសង្ឃ ដែលនៅចាំវស្សាអស់ត្រីមាសក្នុងវត្តណាមួយ (ម.ព. កឋិន ផង)
ខ
ខជ្ជភាជកៈ
(ន). ភិក្ខុអ្នកបានទទួលការតែងតាំងអំពីសង្ឃ ឱ្យមាននាទីចែកចង្ហាន់ (របស់បរិភោគដល់ភិក្ខុទាំងឡាយ)។
ខត្តិយ
(ន).