គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
Grassroots Democratic Party គណបក្សប្រជាធិបតេយ្យមូលដ្ឋាន | |
---|---|
ឯកសារ:Grassroots Democracy Party.png | |
ប្រធាន | Yeng Virak |
ស្ថាបនិក | Kem Ley[១] , Yang Saing Koma[២], Sam Inn[៣] |
បង្កើត | 2 August 2015 |
ទីស្នាក់ការកណ្ដាល | No. 38, Street 1972, Phumi Pongpeay, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh |
មនោគមវិជ្ជា | Khmer nationalism Grassroots Democratic Populism |
គោលជំហរនយោបាយ | Centre |
ពណ៌ផ្លូវការ | Green |
Commune Council | ៥ / ១១៥៧២
|
គេហទំព័រ | |
http://www.gdpcambodia.party/ | |
នយោបាយនៅCambodia គណបក្សនយោបាយ ការបោះឆ្នោត |
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន “ជម្រើសថ្មីសម្រាប់កម្ពុជា” អ្នកស្រលាញ់ប្រជាធិបតេយ្យបែបវិមជ្ឈការ មកពីឃុំ សង្កាត់ចំនួន ១០ និងបណ្តាញសង្គមខ្មែរដើម្បីខ្មែរ បានផ្តួចផ្តើម គំនិតបង្កើតគណបក្សនយោបាយមួយ តាមរយៈសមាជដំបូង នាថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៥។ រូបត្រីកោណ តំណាងឲ្យ ប្រជាធិបតេយ្យពីក្រោមមកលើ យកប្រជាពលរដ្ឋតាមមូលដ្ឋានជាធំ ដែលមានផ្ទៃខាងក្នុង ពណ៌បៃតង ជ្រុងបាតពណ៌ក្រហម ជ្រុងទាំងសងខាងពណ៌ខៀវ និងអក្សរ «គ ប ម» ពណ៌ស នៅចំកណ្តាលផ្ទៃទាំងមូល។
បៃតង តំណាងឲ្យ «ធម្មជាតិ កសិកម្ម និងប្រជាធិបតេយ្យមូលដ្ឋាន», ពណ៌ក្រហម តំណាងឲ្យ «ការតស៊ូ ព្យាយាម និងយុត្តិធម៌», ពណ៌ខៀវ តំណាងឲ្យ «សិទ្ធិ សេរីភាព និងច្បាប់», ពណ៌ស តំណាងឲ្យ «តម្លាភាព ស្មោះត្រង់ និងសុចរិតភាព»។
គុណតម្លៃ
«សាមគ្គីភាព យុត្តិធម៌ អហិង្សា»
ទស្សនវិស័យ (គោលបំណងវែងឆ្ងាយ)
“ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិ មានអធិបតេយ្យពេញលេញ”
បេសកកម្ម
“បណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យទូទាំងប្រទេស”
គោលការណ៍គ្រឹះ
១-ស្ម័គ្រចិត្ត និងបើកចំហ
២-សមាជិកធិបតេយ្យ (ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស)
៣-ប្រជាធិបតេយ្យបែបវិមជ្ឈការ
៤-អ្នកដឹកនាំខាងលើដើរតួនាទីជាអ្នកសម្របសម្រួល និងពង្រឹងសមត្ថភាពសមាជិក និងប្រជាពលរដ្ឋទូទៅ
៥-ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ។
គោលការណ៍សំខាន់ៗក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់ គ ប ម
១- សមាជជាអង្គការកំពូលរបស់ គ ប ម (សមាជមូល ដ្ឋាន និងថ្នាក់ជាតិ) ដែលមានសមាជិកជាប្រតិភូតំណាងដែលជ្រើសតាំងតាមរយៈការបោះឆ្នោត។
២- រាល់សមាជិកក្នុងរចនាសម្ព័ន្ធដឹកនាំថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី និងជាតិត្រូវជ្រើសតាំងពីក្រោមមកលើ តាមរយៈការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ តាមរយៈសមាជ។ ញាតិលោហិត និងញាតិពន្ធទី១ (ប្តី ប្រពន្ធ កូន បងប្អូនឪពុកម្តាយ បង្កើត ក្មេក និងសាច់ថ្លៃ) ត្រូវហាមឃាត់នៅក្នុងសមាសភាព ថ្នាក់ដឹកនាំចាប់ពីថ្នាក់ឃុំដល់ជាតិ (ក្នុងអង្គភាពគ្រប់គ្រងតែមួយ)។ សមាជិកដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំនឹងអាចត្រូវបានបោះឆ្នោតដកចេញ ពីតួនាទីក្នុងចន្លោះអាណត្តិក្នុងករណីចាំបាច់។
៣- បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ តំណាងរាស្រ្ត គ្រប់ខេត្ត និងរាជធានី ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដោយសមាជិកជំហរនៅតាម ឃុំ/សង្កាត់ ខេត្ត និងរាជធានីនីមួយៗ។
៤- បេក្ខជននាយករដ្ឋមន្ត្រីត្រូវបានបោះឆ្នោតជ្រើសតាំង ដោយសមាជថ្នាក់ជាតិ។
៥- រាល់សមាជិកក្នុងរចនាសម្ព័ន្ធដឹកនាំ ចាប់ពីថ្នាក់ឃុំ ដល់ថ្នាក់ជាតិ ត្រូវប្រកាសទ្រព្យសម្បត្តិដោយចំហ នៅពេលទទួលតួនាទីក្នុងអង្គការរដ្ឋ។
គោលការណ៍សមាជិកភាព
គ ប ម អនុវត្តតាមគោលការណ៍សមាជិកធិបតេយ្យ មានន័យថា យកសមាជិកជាធំ។ ភាពរឹងមាំ និងរីកចម្រើនរបស់ គ ប ម អាស្រ័យលើការចូលរួមរបស់សមាជិក ក្នុងការពង្រឹង ពង្រីកគណបក្ស។
សមាជិក គ ប ម មានកាតព្វកិច្ចមាន និងសិទ្ធិសំខាន់ៗដូចខាងក្រោម ៖
ក-សិទ្ធិរបស់សមាជិក
១- ផ្តល់យោបល់ និងគំនិតផ្សេងៗដល់គណបក្ស
២- ចូលរួមការសម្រេចចិត្តសំខាន់ៗរបស់គណបក្ស
៣- បោះឆ្នោតជ្រើសរើសតំណាង និងអ្នកដឹកនាំបក្ស និង មានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាង ឬអ្នកដឹកនាំបក្ស
៤-បោះឆ្នោតជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ព្រឹទ្ធសភា និងរដ្ឋសភា និងមានសិទ្ធិឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ព្រឹទ្ធសភា និងរដ្ឋសភា
ខ-កាតព្វកិច្ចរបស់សមាជិក គ ប ម
១- ស្វែងយល់ និងជួយផ្សព្វផ្សាយអំពី គ ប ម
២- ជួយស្វែងរកសមាជិក និងអ្នកគាំទ្រ គ ប ម
៣- ចូលរួមពិគ្រោះយោបល់ ការប្រជុំ សមាជ និងសកម្មភាពផ្សេងៗរបស់ គ ប ម
៤- បង់ប្រាក់សមាជិកភាពទ្រទ្រង់ គ ប ម ទៀតទាត់ តាមគោលការណ៍ដូចខាងក្រោម ៖ - យ៉ាងតិច ២.០០០៛/១ខែ សម្រាប់អ្នកមានចំណូលតិច - យ៉ាងតិច ១០.០០០៛/១ខែ សម្រាប់អ្នកមានចំណូលមធ្យម យ៉ាងតិច ៤០.០០០៛/១ខែ សម្រាប់អ្នកមានចំណូលខ្ពស់ សមាជិកដែលត្រៀមខ្លួនឈរឈ្មោះជាតំណាង ថ្នាក់ដឹកនាំបក្ស និងជាបេក្ខជនតំណាងប្រជាពលរដ្ឋតាំងពីថ្នាក់ឃុំ/សង្កាត់ ដល់ថ្នាក់ជាតិ ត្រូវចាត់ទុកជាសមាជិកជំហរ។ សមាជិកជំហរបំពេញកាតព្វកិច្ចបន្ថែម ដូចជាការចូលរួមប្រជុំទៀងទាត់ មានភាពសកម្មក្នុងការស្វែងរកសមាជិក និងអ្នកគាំទ្រ និងចូលជាសមាជិកក្រុមសន្សំ។
គ-ការចុះឈ្មោះជាសមាជិក
ប្រជាពលរដ្ឋដែលមានអាយុលើសពី១៦ឆ្នាំឡើងទៅ និងមានគុណសម្បត្តិដូចខាងក្រោម អាចចុះឈ្មោះជាសមាជិក គ ប ម
១- យល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក
២- មានសីលធម៌ល្អ ស្មោះត្រង់ គោរពគុណតម្លៃ និងគោលការណ៍គ្រឹះរបស់ គ ប ម
៣- មានមនសិការជាតិ និងគិតផលប្រយោជន៍រួមជាធំ
៤- យល់ច្បាស់និងគាំទ្រ ទស្សនៈនយោបាយ គុណតម្លៃ គោលបំណងវែងឆ្ងាយ និងគោលការណ៍រួមរបស់ គ ប ម
៥- អនុវត្តតាមក្រមសីលធម៌របស់សមាជិក គ ប ម
គោលការណ៍ហិរញ្ញវត្ថុ
ក. ប្រភពថវិកាសម្រាប់ទ្រទ្រង់ គ ប ម
១- វិភាគទានសមាជិកភាព
២- ចំណូលពីការប្រាក់របស់ក្រុមសន្សំ និងការវិនិយោគផ្សេងៗ
៣- វិភាគទានស្ម័គ្រចិត្តរបស់អ្នកគាំទ្រ និង
៤- ចំណូលស្របច្បាប់ផ្សេងៗ
ខ. គោលការណ៍ និងការគ្រប់គ្រងចំណូល-ចំណាយ
១- តម្លាភាព និងគណនេយ្យភាព
២- មានគំរោងផែនការថវិកា និងខ្ទង់ចំណាយច្បាស់លាស់
៣- គោរពតាមគោលការណ៍គ្រប់គ្រងហិរញ្ញវត្ថុ។
សមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ក) ប្រភេទសមាជិកភាព សិទ្ធិ កាតព្វកិច្ច របស់សមាជិក
គ ប ម មានសមាជិកពីរប្រភេទគឺ សមាជិកជំហរ និងសមាជិកគាំទ្រ ដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំ ជាលាយលក្ខណ៍អក្សរ និងមានការចេញប័ណ្ណសមាជិកភាព។ ។ គ ប ម ក៏ស្វាគមន៍ផងដែរដល់អ្នកមានចំណាប់អារម្មណ៍ទាំងឡាយដែលមានទឹកចិត្តចង់ជួយ គបម តាមរយៈការបង់ថវិកាទ្រទ្រង់ស្ម័គ្រចិត្ត ឬការជួយផ្សព្វផ្សាយបន្តអំពីគោលការណ៍ គ ប ម។ គ ប ម ចាត់ទុកអ្នកទាំងនោះជាអ្នកគាំទ្រទូទៅ។ ពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅអាចចូលជាសមាជិក គ ប ម បាន។ សមាជិកផ្តួចផ្តើមបង្កើត គ ប ម ដំបូងនៅក្នុងដប់ឃុំ/សង្កាត់គំរូ និងមកពីបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ក្លាយជាសមាជិកជំហរជាស្វ័យប្រវត្តិ ចាប់ពីថ្ងៃប្រជុំដំបូងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ សមាជិកទាំងអស់ត្រូវគោរព និងដើរតាមគោលការណ៍រួមរបស់ គ ប ម។
សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកជំហរ និងសមាជិកគាំទ្រមានដូចតទៅ៖
សមាជិកជំហរ
សិទ្ធិ
• បោះឆ្នោតជ្រើសរើសតំណាង
• ឈរឈ្មោះឲ្យគេបោះឆ្នោត
• ចូលរួមក្នុងការសម្រេចចិត្តផ្សេងៗរបស់ គ ប ម
• ចូលរួមតាមដាន បញ្ចេញមតិយោបល់ និងវាយតម្លៃការងាររបស់ គ ប ម
កាតព្វកិច្ច
• យល់ដឹង និង ផ្សព្វផ្សាយគោលការណ៍ គ ប ម និងជួយស្វែងរកសមាជិកបន្ថែម
• បង់ប្រាក់សមាជិកភាព គ ប ម ទៀងទាត់
• ចូលរួមប្រជុំ និងសកម្មភាពផ្សេងៗរបស់ គ ប ម ដោយទៀងទាត់
• ចូលរួមក្នុងក្រុមសន្សំ
សមាជិកគាំទ្រ
សិទ្ធិ
• បោះឆ្នោតជ្រើសរើសតំណាង
• ទទួលព័ត៌មានផ្សេងៗ និងផ្តល់យោបល់
• ចូលរួមក្នុងការសម្រេចចិត្តផ្សេងៗរបស់ គ ប ម នៅមូលដ្ឋាន
• អាចចូលរួមតាមដានដំណើរការរបស់ គ ប ម
កាតព្វកិច្ច
• យល់ដឹង និងផ្សព្វផ្សាយគោលការណ៍ គ ប ម
• បង់ប្រាក់សមាជិកភាព គ ប ម ទៀងទាត់
• ចូលរួមប្រជុំ និងសកម្មភាពរបស់ គ ប ម ខ្លះៗ
• ចូលរួមក្នុងក្រុមសន្សំដោយស្ម័គ្រចិត្ត
ខ) ច្រកសុំចូលជាសមាជិកភាព គ ប ម
ដើម្បីចូលជាសមាជិក គ ប ម លោកអ្នកអាចចូលតាមរយៈច្រកបីៈ
១) តាមឃុំ/សង្កាត់ដែលអ្នករស់នៅ ដែលមានក្រុមការងារ គ ប ម រួចហើយ
២) តាមរយៈការស្គាល់ និងណែនាំពីសមាជិកជំហរណាម្នាក់
៣) តាមរយៈការដឹងឮពីប្រព័ន្ធផ្សព្វផ្សាយ
គ) នីតិវិធីក្នុងការសុំចូល និងទទួលស្គាល់ជាសមាជិក គ ប ម
គ.១) សុំចូលតាមឃុំ/សង្កាត់ដែលអ្នករស់នៅ
• អ្នកមានចំណាប់អារម្មណ៍តាមឃុំ/សង្កាត់ ដែលមានក្រុមការងាររៀបចំ គ ប ម ឃុំ/សង្កាត់ (មូលដ្ឋាន)រួចហើយ អាចដាក់ពាក្យស្នើសុំចូលជាសមាជិក គ ប ម តាមរយៈសមាជិកក្រុមការងារនៅឃុំ/សង្កាត់ដែលខ្លួនរស់នៅ។
• ពាក្យស្នើសុំត្រូវបានវាយតម្លៃដោយក្រុមការងារ ឬគណៈកម្មការប្រតិបត្តិ នៅតាមឃុំ/សង្កាត់ យ៉ាងយូរ១សប្តាហ៍ក្រោយពីទទួលបានពាក្យស្នើសុំ។
• តំណាងតាមឃុំ/សង្កាត់ ត្រូវផ្ញើឈ្មោះអ្នកអាចក្លាយជាសមាជិក គ ប ម មកអគ្គលេខាធិការដ្ឋានដើម្បីពិនិត្យ និងសម្រេច យ៉ាងយូរ១សប្តាហ៍ក្រោយពីវាយតម្លៃហើយ។
• ការចេញប័ណ្ណសមាជិកភាពត្រូវធ្វើឡើង និងផ្ញើទៅឃុំ/សង្កាត់វិញយ៉ាងយូរបំផុត១៥ថ្ងៃក្រោយពីទទួលបានឈ្មោះពីតំណាងតាមឃុំ/សង្កាត់។
គ.២) សុំចូលតាមរយៈការស្គាល់ និងណែនាំពីសមាជិកជំហរ
• អ្នកមានចំណាប់អារម្មណ៍ចូលជាសមាជិក គ ប ម អាចទទួលព័ត៌មាន និងឯកសារអំពី គ ប ម តាមរយៈសមាជិកជំហរណាម្នាក់ ឬស្នើសុំមកអគ្គលេខាធិការដ្ឋាន (ឯកសាររួមមាន ឯកសារគោល ក្រមសីលធម៌សមាជិក និងពាក្យស្នើសុំចូលជាសមាជិក) ឬតាមរយៈគេហទំព័ររបស់ គបម gdpcambodia.party ។
• ក្រោយពីមានការយល់ដឹងអំពីគោលការណ៍របស់ គ ប ម ប្រភេទសមាជិកភាព សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក គាត់ដាក់ពាក្យស្នើសុំចូលជាសមាជិក គ ប ម មកអគ្គលេខាធិការដ្ឋានផ្ទាល់ ឬតាមរយៈអ៊ីម៉ែល ឬគេហទំព័រ គ ប ម។
• ក្រោយពីទទួលពាក្យស្នើសុំ យ៉ាងយូរ១០ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់មាត់ ឬតាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធអ៊ីម៉ែល ដើម្បីវាយតម្លៃលើពាក្យស្នើសុំ។
• ក្រោយពីសម្ភាសន៍ យ៉ាងយូរ៥ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវឆ្លើយតបទៅអ្នកដាក់ពាក្យស្នើសុំ។ ការឆ្លើយតបអាច ១) យល់ព្រម ២) ពន្យាពេលដោយតម្រូវឲ្យបំពេញកិច្ចការបន្ថែម ឬ ៣) បដិសេធជាមួយហេតុផលសមស្រប។
• ក្រោយពីជូនដំណឹងថាយល់ព្រម ប័ណ្ណសមាជិកភាពត្រូវធ្វើជូន និងផ្តល់ដំណឹងឲ្យមកទទួលក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ។
គ.៣) សុំចូលតាមរយៈការដឹងឮពីប្រព័ន្ធផ្សព្វផ្សាយ
• អ្នកមានចំណាប់អារម្មណ៍ចូលជាសមាជិក គ ប ម ក្រោយពីទទួលព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ អាចទទួលព័ត៌មាន និងឯកសារអំពី គ ប ម តាមរយៈការស្នើសុំមកអគ្គលេខាធិការដ្ឋាន (ឯកសាររួមមាន ឯកសារគោល ក្រមសីលធម៌សមាជិក និងពាក្យស្នើសុំចូលជាសមាជិក) ឬតាមរយៈគេហទំព័ររបស់ គ ប ម gdpcambodia.party ។
• យើងលើកទឹកចិត្តឲ្យអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមជាសមាជិក គ ប ម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី គ ប ម យ៉ាងតិចឲ្យបានម្តងមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំចូលជាសមាជិក គ ប ម ឬសាកសួរព័ត៌មានអំពីសមាជិកជំហរណាម្នាក់។
• ក្រោយពីមានការយល់ដឹងអំពីគោលការណ៍របស់ គ ប ម ប្រភេទសមាជិកភាព សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក គាត់ដាក់ពាក្យស្នើសុំចូលជាសមាជិក គ ប ម មកអគ្គលេខាធិការដ្ឋានផ្ទាល់ ឬតាមរយៈអ៊ីម៉ែល ឬគេហទំព័រ គ ប ម។
• ក្រោយពីទទួលពាក្យស្នើសុំ យ៉ាងយូរ១០ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់មាត់ ឬតាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធអ៊ីម៉ែល ដើម្បីវាយតម្លៃលើពាក្យស្នើសុំ។
• ក្រោយពីសម្ភាសន៍ យ៉ាងយូរ៥ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវឆ្លើយតបទៅអ្នកដាក់ពាក្យស្នើសុំ។ ការឆ្លើយតបអាច ១) យល់ព្រម ២) ពន្យាពេលដោយតម្រូវឲ្យបំពេញកិច្ចការបន្ថែម ឬ ៣) បដិសេធជាមួយហេតុផលសមស្រប។
• ក្រោយពីជូនដំណឹងថាយល់ព្រម ប័ណ្ណសមាជិកភាពត្រូវធ្វើជូន និងផ្តល់ដំណឹងឲ្យមកទទួលក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ។
ឃ) ការដកសិទ្ធិ និងការបាត់បង់សមាជិកភាព គ ប ម
សិទ្ធិរបស់សមាជិកជំហរ ឬ សមាជិកគាំទ្រដែលមានចែងក្នុង[ឧបសម្ព័ន្ធ២] អាចត្រូវបានដកចេញក្នុងករណីសមាជិកណាម្នាក់មិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវ។ ការខកខានបង់ប្រាក់សមាជិកភាពទៀងទាត់ ឬការមិនចូលរួមសកម្មភាពរបស់ គ ប ម ច្រើនលើក (លើស ៥០% នៃសកម្មភាពប្រចាំឆ្នាំ) ជាមូលហេតុដ៏ចំបងមួយក្នុងការដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ឬសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ គណៈកម្មការប្រតិបត្តិគ្រប់កំរិត មានសិទ្ធិសម្រេចដកសិទ្ធិណាមួយរបស់សមាជិកណាម្នាក់។ ក្នុងករណីមិនសុខចិត្តចំពោះការសម្រេចដកសិទ្ធិ សមាជិកនោះអាចប្តឹងទៅគណៈកម្មាធិការវិន័យ និងដោះស្រាយវិវាទ។
សមាជិកណាម្នាក់អាចនឹងត្រូវបាត់សមាជិកភាព ក្នុងករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួមរបស់ គ ប ម។ ករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួម មានដូចជាការលួចបន្លំទ្រពសម្បត្តិ គ ប ម បង្ខូចកេរ្តិ៍ឈ្មោះ គ ប ម តាមប្រព័ន្ធសារព័ត៌មាន រំលោភបំពានលើអ្នកដទៃដោយជាក់ស្តែង។ល។ គណៈកម្មការប្រតិបត្តិគ្រប់កំរិត អាចស្នើសុំបញ្ឈប់សមាជិកភាពរបស់សមាជិកណាម្នាក់ទៅគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ដែលមានសិទ្ធិសម្រេចចុងក្រោយក្នុងការបញ្ឈប់សមាជិកភាពរបស់សមាជិកណាម្នាក់។
ង) ប្រាក់សមាជិកភាព
គណៈកម្មការបណ្តោះអាសន្នបានសម្រេចក្នុងអង្គប្រជុំថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៥ កំណត់ប្រាក់សមាជិកភាពអប្បបរិមាដូចតទៅ៖
ស្ថានភាពចំណូល កំរិតប្រាក់សមាជិកភាពក្នុង១ខែ
• ចំណូលតិចតួច ២.០០០ រៀល
• ចំណូលមធ្យម ១០.០០០ រៀល
• ចំណូលខ្ពស់ ៤០.០០០ រៀល
កំណត់សំគាល់:
• សមាជិកម្នាក់ៗកំណត់ស្ថានភាពចំណូលដោយខ្លួនឯងដោយស្មោះត្រង់។
• ប្រាក់សមាជិកភាពអាចបង់ជាប្រចាំឆ្នាំក៏បាន។