អាជ្ញាធរអប្សរា
អាជ្ញាធរអប្សរា បង្កើតឡើងជាផ្លូវការណ៍នាខែកុម្ភៈ ឆ្នាំ១៩៩៥។ សមត្ថកិច្ចនៃអាជ្ញាធរអប្សរា វាតសន្ធឹង លើផៃ្ទដីមួយម៊ឺនគីឡូម៉ែត្រក្រឡា នៃខេត្តសៀមរាបទាំងមូល ពោលគឺ ខេត្តដែលសម្បូណ៌ទៅដោយ បេតិកភណ្ឌដ៏សន្ធឹកសន្ធាប់ ដែលមានបរិស្ថានច្រើន បែបយ៉ាង ព្រមទាំងប្រកបដោយភោគផលចិញ្ចឹមជីវិត ឥតខ្វះ ដោយសារវាលទំនាបប៉ែកខាងត្បូង និងទនេ្លសាបមានអំណោយផល។ អាជ្ញាធរអប្សរា ជាគ្រឹះស្ថានសាធារណៈមួយ ប្រកបដោយបុគ្គលិកភាពគតិយុត្តិ មានស្វ័យភាពរដ្ឋុបាល និងហិរញ្ញវត្ថុ។ អាជ្ញាធរអប្សរាមានបេសកកម្មគិតគូរ ដឹកនាំការងាររៀបចំ និងអភិវឌ្ឍន៍ទេសចរណ៍នៃតំបន់ចំនួនប្រាំ ដែលកំណត់ក្នុងព្រះរាជក្រឹត្យលេខ ០០១ នស ចុះថៃ្ងទី ២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និង ចាត់ចែងតំបន់សៀមរាប-អង្គរ។ ព្រះរាជក្រឹត្យចេញនៅខែមករា ឆ្នាំ១៩៩៩ បានបនែ្ថមអំណាចទៅឲ្យ ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា ដែលជាមួយគ្នានោះ ក៏ជាប្រធានអគ្គនាយកដែរ។ សមត្ថកិច្ចរបស់ អាជ្ញាធរទូទៅ បានត្រូវពង្រឹងបនែ្ថមគួរឲ្យកត់សំគាល់ជាពិសេស លើការគ្រប់គ្រងទាំងស្រុងលើវិស័យអភិវឌ្ឍន៍នៅអង្គរ។ អាជ្ញាធរអប្សរាបង្កើតឡើង អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ។