ព្រះធម្មចក្កប្បវត្តនសូត្រ
Appearance
ធម្មចក្កប្បវត្តនសូត្រ
អន្តធម៌២យ៉ាង
- ឯវម្មេ សុតំ សូត្រនេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺខ្ញុំ (ឈ្មោះអានន្ទ)បានស្តាប់មកហើយ យ៉ាងនេះថា៖
- សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ នូវបញ្ចវគ្គិយភិក្ខុទាំងឡាយក្នុងទីនោះឯង (ឲ្យតាំងចិត្តស្តាប់នូវភាសិតនេះថា) ម្នាលភិក្ខុទាំងឡាយ អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តិអមខាង ដ៏លាមកអាក្រក់ទាំងឡាយពីរប្រការនេះ បព្វជិតមិនគួរសេពគប់ គឺថាមិនគួរប្រព្រឹត្តឡើយ។ អន្តធម៌ ទាំងឡាយពីរយ៉ាងនោះដូចម្តេច?
- កាមសុខល្លិកានុយោគៈ ធម៌ណាដែលប្រកបខ្លួនឲ្យជាប់ជំពាក់ដោយកាម ក្នុងកាមទាំងឡាយ ជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ។
- អត្តកិលមថានុយោគៈ ធម៌ណាដែលប្រកប សេចក្តីលំបាកដល់ខ្លួន ជាហេតុនាំឲ្យលំបាកកាយទទេរ មិនមែនជារបស់ អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍ឡើយ។
- ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រតិបត្តិជាកណ្តាលមិនលាយច្រឡំដោយអន្តធម៌ទាំងឡាយពីរយ៉ាងនេះឯង ដែលតថាគត បានត្រស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ (ភ្នែកគឺប្រាជ្ញា) ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ក៏សេចក្តី ប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខនោះ តើដូចម្តេច?
ផ្លូវកណ្តាល
- អរិយដ្ឋង្គិកមគ្គៈ គឺធម៌ដូចជាផ្លូវ មានអង្គ៨ ដែប្រសើរនេះឯង (ហៅថា សេចក្តីប្រតិបត្តិជាកណ្តាល)។ អដ្ឋង្គិកមគ្គនោះ ដូចម្តេច?
- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
- សម្មាវាចា សម្តីត្រូវ
- សម្មាកម្មន្ត ការងារត្រូវ
- សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
- សម្មាវាយាម ព្យាយាមត្រូវ
- សម្មាសតិ សេចក្តីរលឹកត្រូវ
- សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ។
- ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គនេះឯងដែលហៅថា សេចក្តីប្រតិបត្តិជាកណ្តាល ដែលតថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តីដឹងច្បាស់ប្រាកដ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តី ដឹងចំពោះ ដើម្បីសេចក្តីដឹងដោយប្រពៃ ដើម្បីសេចក្តីរំលត់ទុក្ខ។
ទុក្ខអរិយសច្ច
- ម្នាលភិក្ខុទាំងឡាយ ជាតិ គឺកិរិយាកើតនៃខន្ធ ជាហេតុនាំមកនូវទុក្ខ ជរា គឺកិរិយាចាស់គ្រាំគ្រានៃខន្ធ ក៏ជាហេតុនាំមកនូវ ទុក្ខ (ព្យាធិ គឺជម្ងឺដំកាត់ទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ) មរណៈ គឺកិរិយាបែកធ្លាយនៃខន្ធ ក៏ជាហេតុនាំមកនូវទុក្ខ សេចក្តី សោកខ្សឹកខ្សួលទុក្ខទោមនស្ស និងសេចក្តីចង្អៀងចង្អល់ចិត្តទាំងឡាយ ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាប្រកបដោយសត្វនិងសង្ខារ ទាំងឡាយ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កិរិយាព្រាត់បា្រសចាកសត្វនិងសង្ខារទាំងឡាយ ដែលជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមកនូវទុក្ខ កាលបើចង់បាននូវវត្ថុណាមួយហើយ មិនបាននូវវត្ថុនោះ កិរិយាមិនបាននោះ ក៏ជាហេតុនាំមកនូវទុក្ខ ឧបាទានក្ខន្ធទាំងឡាយ៥ ដែលតថាគតសម្តែងហើយដោយបំព្រួញ ក៏ជាហេតុនាំមកនូវទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច។
ទុក្ខសមុទយអរិយសច្ច
- ម្នាលភិក្ខុទាំងឡាយ តណ្ហាឯណា ដែលរមែងតាក់តែងនូវភពថ្មី ប្រកបដោយតម្រេកដោយអំណាចនៃសេចក្តីត្រេក ត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ តណ្ហាទាំង៣នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច។
ទុក្ខនិរោធអរិយសច្ច
- ម្នាលភិក្ខុទាំងឡាយ កិរិយារំលត់បង់នូវតណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ កិរិយាលះបង់នូវតណ្ហានោះ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចផុតចាកតណ្ហានោះ កិរិយាមិនមានអាល័យក្នុងតណ្ហានោះឯណា កិរិយារំលត់បង់នូវ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច។
ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច
- ម្នាលភិក្ខុទាំងឡាយ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ?
- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
- សម្មាវាចា សម្តីត្រូវ
- សម្មាកម្មន្ត ការងារត្រូវ
- សម្មាអាជីវៈ កិរិយាចិញ្ចឹមជីវិតត្រូវ
- សម្មាវាយាម ព្យាយាមត្រូវ
- សម្មាសតិ សេចក្តីរលឹកត្រូវ
- សម្មាសមាធិ កិរិយាតម្កល់ចិត្តឲ្យនឹងត្រូវ។
- អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។
- (កាលត្រាស់ទេសនា នូវលក្ខណៈនៃអរិយសច្ច៤ប្រការដូច្នេះហើយ ទើបត្រាស់ទេសនានូវញាណទាំង៣ប្រការ គឺសច្ចញ្ញាណ១ កិច្ចញ្ញាណ១ កតញ្ញាណ១ ឲ្យទូទៅក្នុងអរិយសច្ច៤តទៅទៀត)៖
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបានហើយដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បានហើយ ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បានហើយ ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលពីដើម តថាគតមិនធ្លាប់បានឮបានស្តាប់ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបានហើយ ដូច្នេះឡើយ។
- ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់ តាមពិត មានបរិវដ្តៈ៣ (សច្ចញ្ញាណ១ កិច្ចញ្ញាណ១ កតញ្ញាណ១) មានអាការៈ១២យ៉ាងនេះ (បរិវដ្តៈ៣នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង៤ គឺក្នុងទុក្ខសច្ច៣ ទុក្ខសមុទយសច្ច ៣ ទុក្ខនិរោធសច្ច៣ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច៣ ផ្សំគ្នាជា១២ ហៅថាអាការៈ១២) (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំង ឡាយ៤ នៅមិនទាន់បរិសុទ្ធល្អ មានដល់តថាគត អស់កាលត្រឹមណា។
- ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅឡើយទេ។
- ម្នាលភិក្ខុទាំងឡាយ ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ចទាំងឡាយ៤នេះ បរិសុទ្ធល្អ មានដល់តថាគត ក្នុងកាលណា។
- ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង។
- ក៏បញ្ញាដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់តថាគត ដូច្នេះថា សេចក្តីរួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមានឡើយ។
- ព្រះដ៏មានព្រះភាគ បានត្រាស់ទេសនាព្រះធម្មចក្កប្បវត្តនសូត្រនេះ (ចប់ ហើយ) បញ្ចវគ្គិយ៍ភិក្ខុទាំងឡាយ ក៏មានចិត្ត ត្រេកអរ រីករាយនឹងភាសិតរបស់ព្រះដ៏មានព្រះភាគដោយក្រៃពេក។
- នាកាលវេយ្យាករណ៍ គឺព្រះសូត្រដែលឥតមានគាថានេះ ដែលព្រះដ៏មានព្រះភាគកំពុងត្រាស់ ត្រាស់ទេសនា ធម្មចក្ខុគឺ សោតាបត្តិមគ្គ ដ៍ប្រាសចាកធូលីគឺរាគៈ ប្រាសចាកមន្ទិលគឺអកុសលកើតឡើយហើយ ដល់ព្រះកោណ្ឌញ្ញៈដ៏មានអាយុថា៖
- (យង្កិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មន្តិ) ធម្មជាតិណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតិនោះទាំងអស់ មានកិរិយារលត់ទៅជាធម្មតា។
- ក៏នាកាលព្រះធម្មចក្កប្បវត្តនសូត្រ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទេសនាចប់ហើយ ភុម្មទេវតាទាំងឡាយ ក៏ញ៉ាំង សម្លេងឲ្យឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រឯណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោកសម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮ ឡើង (ដោយសេចក្តីសរសើរដូចគ្នា)។
- ទេវតាទាំងឡាយក្នុងជាន់ចាតុម្មហារាជ បានឮសម្លេងនៃភុម្មទេវតាទាំងឡាយហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងជាន់តាវតឹង្ស បានឮសម្លេងនៃទេវតាជាន់ចាតុម្មហារាជហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងជាង់យាមា បានឮសម្េលងនៃទេវតាជាន់តាវតឹង្សហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តី សរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងជាន់តុសិត បានឮសម្លេងនៃទេវតាក្នុងជាន់យាមាហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយ សេចក្តីសរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងជាន់និម្មានរតី បានឮសម្លេងនៃទេវតាជាន់តុសិតហើយ ក៏ញ៉ាំងសម្េលងឲ្យលាន់ឮឡើង (ដោយ សេចក្តីសរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងជាន់បរនិម្មិតវសវត្តី បានឮសម្លេងនៃទេវតាជាន់និម្មានរតីហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើង (ដោយសេចក្តីសរសើរដូចគ្នា) ។
- ទេវតាទាំងឡាយក្នុងពួកព្រហ្មបានឮសម្លេងនៃទេវតាក្នុងជាន់បរនិម្មិតវសវត្តីហើយ ក៏ញ៉ាំងសម្លេងឲ្យលាន់ឮឡើងដូច្នេះថា ចក្រគឺធម៌នេះ ឥតមានចក្រណាមួយក្រៃលែងជាង គឺសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកឯណានីមួយក្តី ក្នុងលោក សម្តែងពុំបានឡើយ មានតែព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សម្តែងហើយ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។
- សម្លេងសាធុការលាន់ឮឡើងទៅដរាបដល់ព្រហ្មលោក ក្នុងខណៈនោះ ក្នុងមួយរំពេចនោះ ដោយអាការលាន់ឮតៗ គ្នាដូច្នេះ។
- ទាំងហ្មឺនលោកធាតុនេះ ក៏កម្រើកញាប់ញ័រទាំងខាងលើ ទាំងខាងក្រោម និងញាប់ញ័រក្នុងទិសទាំងពួង។ ទាំងរស្មីដ៏រុង រឿងក្រៃពេក នឹងប្រមាណមិនបាន កន្លងលើសទេវានុភាពនៃទេវតាទាំងឡាយ ក៏កើតឡើងប្រាកដក្នុងលោក។
- លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់បន្លឺនូវឧទានវាចាថា (អញ្ញាសិ វត ភោ កោណ្ឌញ្ញោ អញ្ញាសិ វត ភោ កោណ្ឌញ្ញោ) ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎ ឱ! កោណ្ឌញ្ញៈ បានចេះដឹងហើយហ្ន៎។
- ព្រោះហេតុនោះ ពាក្យថា អញ្ញាកោណ្ឌញ្ញៈនេះឯង បានមកជាឈ្មោះនៃព្រះកោណ្ឌញ្ញៈ ដ៏មានអាយុ។
- (ព្រះធម្មចក្កប្បវត្តនសូត្រចប់)