ប្រវត្តិស្រុកអង្គរបុរី
អង្គរបុរី ជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរនៅសម័យមុនអង្គរ គឺសម័យហ្វូណនឬសម័យនគរភ្នំ។ ពោលគឹជាស្ថានីយ៍សំខាន់មួយក្នុងចំណោមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រហ្វូណន (ស្ថានីយ៍អូរកែវ បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ)។
អាណាចក្រហ្វូណនផ្ទុកនូវអារ្យធម៌ដ៏ចំណាស់ដែលលាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទៅដល់ឩបទ្វីបម៉ាលេស៊ីសព្វថ្ងៃ ហើយប្រហែលជាទៅដល់កោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។
តាមលោក អេដតេនី អាយមុនា ជាពិសេសលោក ពោល ប៉ែលិដ បានអះអាងថា អង្គរបុរីដែលចិនហៅថា ណាហ្វូណា គឺជារាជធានីបុរាណរបស់ហ្វូណន។
បើតាមសិលាចារឹកភ្នំដាលេខK.549 រកឃើញនៅភ្នំដាជាសិលាចារឹកចុងសម័យអង្គរ (ស.វ ទី១២)បានអោយដឹងថា មជ្ឈមណ្ឌលទីក្រុងរបស់ហ្វូណនគឹនៅអង្គរបុរីដែលមានឈ្មោះជាភាសាសំស្ក្រឹតថា នរវនរនគរ។
តាមរយៈការស្រាវជ្រាវរូបថតពីលើអាកាសគេអាចមើលឃើញច្បាស់នូវសំណល់ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងដែលមានប្រវែងជិត៦គីឡូម៉ែត។ កំពែងនេះ ធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ និងមានទទឹងប្រែវែង១ម៉ែត។
តាមរយៈកំណាយបុរាណវិទ្យានាពេលថ្មីៗនៅអង្គរគេបានជួបប្រទះដូចជា អង្កាំ ធ្វើពីកែវ និងក្រឡភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះមានអាយុកាលតាំងពីប្រហែល៤០០ឆ្នាំមុនគ.សមកម៉្លេះ។
តាមរយៈការស្រាវជ្រាវទាំងអស់នេះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនូន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីស.វទី១នៃគ.សទៅ។ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់គឺប្រាសាទអាស្រមមហាឥសី និងប្រាសាទភ្នំដា។
យើងអាចនិយាយបានថា ដោយសារមានសំណល់ចាស់ៗយ៉ាងច្រើននៅអង្គរបុរី ប្រវត្តិវិទូ និងបុរាណវិទូ បានទទូលស្គាល់ថា អង្គរបុរីជាស្ថានីយ៍ប្រវត្តិសាស្រ្តសំខាន់មួយក្នុងចំណោមស្ថានីយ៍សំខាន់ៗទាំងបីរបស់ហ្វូណន ហើយពិតជាមានចំណាស់ជាងគេបំផុត។ ដូច្នោះរាជធានីខ្មែរសម័យហ្វូណនឬសម័យនគរភ្នំ ពិតជានៅអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ ដែលមានឈ្មោះជាភាសាសំស្រ្កឹតថា នរវរនគរ ដែលជាទីកន្លែងចាប់កំណើតនៃអារ្យធម៌ខ្មែរ។ Stark, Miriam; Bong Sovath (2001). "Recent Research on emergent complexity in Cambodia's Mekong". Bulletin of the Indo-Pacific Prehistory Association: 85–98. Jump up ^