រស់ សេរីសុទ្ធា
រស់ សិរីសុទ្ឋា | |
---|---|
![]() រាជនីសំឡេងមាស | |
ព័ត៌មានផ្ទៃខាងក្រោយ | |
ឈ្មោះកំណើត | រស់ សុទ្ធា |
ស្គាល់ផងដែរថាជា | រៃ, សិរី និង សិរីសួគ៌ |
ដើមកំណើត | ![]() |
ប្រភេទ | ប្រជាប្រិយ និង មនោសញ្ចេតនា |
អាជីព | អ្នកចម្រៀង អ្នកសរសេរបទចម្រៀង |
ឆ្នាំសកម្ម | ១៩៦៥ –១៩៧៧ |
អំពើដែលជាប់ទាក់ទង | ស៊ីន ស៊ីសាមុត |
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី រស់ សិរីសុទ្ធា ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ ខែតុលា ២០០៩ ។
ភាពល្បីល្បាញនៃខេត្តបាត់ដំបង
ខេត្តបាត់ដំបង ជាទឹកដីបណ្តុះអ្នកប្រាជ្ញ តារាភាពយន្ត តារាចម្រៀង និងអ្នកនិពន្ធល្បីល្បាញ ប្រចាំកម្ពុជា តាំងពីអតីតកាលមុនសម័យអង្គរ រហូតបច្ចុប្បន្ន ។ ដោយសារទឹកដីនេះ ជាជំរកអ្នកប្រាជ្ញ និងតារាដែលមានទេពកោសល្យខ្ពង់ខ្ពស់ប្រចាំប្រទេស ខេត្តបាត់ដំបងបានក្លាយជាវាលពិឃាដអ្នកប្រាជ្ញ គ្រប់កាលសម័យ ដែលសៀមចូលលុកលុយប្រទេសខ្មែរ និងយុគសម័យអង្គការបដិវត្តន៍ ១៩៧៥ ដល់ ១៩៧៩ ។ តារានិងអ្នកនិពន្ធល្បី ៗ ដែលខ្ញុំស្គាល់ ហើយដែលមានកំណើតជាអ្នកបាត់ដំបង មាន សម្តេចសង្ឃព្រះវ័នរតន៍ ប៉ុណ្ណ សុម្ភាជ ជាមេគណខេត្តបាត់ដំបង, តារាភាពយន្ត អ៊ី គិមសួ (ជំនាន់ទសវត្សរ៍ ៦០), អ្នកស្រី ទិត្យ វិជ្ជរាដានី (ជំនាន់ទសវត្សរ៍ ៧០), លោក ទេព រិនដារ៉ូ (ជំនាន់ទស្សវត្សរ៍ ៨០ និង ៩០), តារាចម្រៀង អ្នកស្រី ម៉ៅ សារេត, លោក អ៊ិម សុងសឺម, អ្នកស្រី ហួយ មាស, អ្នកស្រី ប៉ែន រ៉ន, និងប្អូនស្រីទាំងបី (អ្នកស្រី ប៉ែន រ៉ម, អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន ចន្ថា), អ្នកស្រី រស់ សិរីសុទ្ធា និងប្អូនស្រី អ្នកស្រី រស់ សិរីសោភ័ណ, ស្មៀន ឆោម ឆន និងកូនបីនាក់ ដែលជាតារាចំរៀង (មាន អ្នកស្រី ឆោម ឆវិន ជាម្តាយរបស់តារាចម្រៀង ឆោម ឆពុំ, លោក ឆោម ប៊ុនយ៉ុង, អ្នកនាង ឆោម និមល), លោក រ៉ម រើន, លោក កែវ សារ៉ាត់, អ្នកនាង អឿន ស្រីមុំ, អ្នកនាង សួន ចន្ថា, លោក រិន សាវេត, លោក សេន រ៉ានុត, អ្នកនាង ឆៃលី ដាឡែន, អ្នកនាង អ៊ិម ស្រីពៅ និងតារានិពន្ធ លោក គង្គ ប៊ុនឈឿន, លោក នូ ហាច, លោក ញ៉ុក ថែម, លោកគ្រូអាចារ្យ ប៊ុត សាវង្ស, លោក ឆាន ឈួ ជាដើម ។
ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះហៅក្រៅ រៃ ។ ឈ្មោះ សិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីពជាអ្នកចម្រៀង ។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់ សេរីសុទ្ធា ទៅវិញ ។ សូមអានប្រវត្តិខាងក្រោម ដើម្បីអោយដឹងថា ហេតុអ្វី តារាសំនៀងមាសយើង មានឈ្មោះថា រស់ សិរីសុទ្ធា ។
ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ ១៩៦២ ។ កាលនោះ ខ្ញុំនៅក្មេងជាងគាត់ច្រើនឆ្នាំ តែធ្លាប់ទៅមកនឹងគ្នាជិតដិតជាប្រចាំ ព្រោះយើងនៅដីភូមិ មិនឆ្ងាយពីគ្នាប៉ុន្មានទេ ជាពិសេសទៅទៀត គឺលោកឪពុករបស់ខ្ញុំ ឈ្មោះ សាស្ត្រាចារ្យ ប៊ុន ថង ក៏ជាគ្រូបង្រៀនរបស់កុមារីសុទ្ធានោះដែរ ។ បន្ថែមពីលើនោះទៀត លោកឪពុករបស់ខ្ញុំ ក៏ជាមិត្តភក្តិ រាប់អានគ្នាជិតដិត ជាមួយលោកឪពុករបស់អ្នកស្រី សុទ្ធា ឈ្មោះ លោកគ្រូ រស់ ប៊ុន ដែលជាលោកគ្រូភ្លេងខ្មែរផង ជាលោកគ្រូស្តោះផ្លុំ យ៉ាងល្បីមួយរូបផង ។ ចំណែកលោកឪពុករបស់ខ្ញុំ ក្រៅពីការងារជាគ្រូបង្រៀន នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកក៏ជាមនុស្សល្បីខាងសម្បូររឿងកំប្លែង និទានអោយអ្នកស្រុកស្តាប់ សើចគាំងពោះ មិនចេះអស់រឿង ចូលចិត្តវាយស្គរ ទាត់ចាប៉ី ហើយចូលចិត្តឡើងសម្តែងលើវេទិកា លលេងជាមួយលោកតា រស់ ប៊ុន ដោយប្រស្នាប្រាជ្ញា នៅពេលមានបុណ្យទានម្តង ៗ ។
លោកតា រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបនឹងធ្វើមរណកាលទៅ នៅឆ្នាំ ១៩៩៥ នេះ ។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកបានធ្វើមរណកាលទៅ នៅសម័យខ្មែរក្រហម ។ អ្នកស្រី សុទ្ធា ជាកូនទីបួន ក្នុងចំណោមបងប្អូនទាំង ៥ នាក់ ។ បងស្រីទីមួយ ឈ្មោះ រស់ សាបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល ៧០ ឆ្នាំ ។ បងស្រីទី ២ មានឈ្មោះថា រស់ សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ ៧០ ឆ្នាំដែរ ។ បងប្រុសទីបី ឈ្មោះ រស់ សុគុណ បានចែកស្ថានទៅ នៅសម័យខ្មែរក្រហម ។ ចំណែកប្អូនស្រីពៅ មានឈ្មោះថា រស់ សោភ័ណ ក្រោយមក បានដូរទៅជា រស់ សិរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ពីអ្នកស្រី រស់ សិរីសុទ្ធា ។ អ្នកស្រី រស់ សិរីសោភ័ណ ជាអ្នកចំរៀង ប្រចាំកងពលតូចលេខមួយ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើម របស់លោក អ៊ុក ស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ ។
កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ ។ ប៉ុន្តែ នៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយ ចូលចិត្តហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសំឡេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង ។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមានសំឡេងធម្មតា ! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែ នៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តង ៗ វិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះ ហើយនៅអាចរក្សាសំឡេងស្រួយមុតបានដូចអ្នកស្រី សុទ្ធា ណាស់ ។ កាលណោះ អ្នកស្រីចូលចិត្តបរិភោគផ្លែឈើខ្ចី ៗ ទ្រនាប់ប្រហុកចិញ្ច្រាំ ដាក់ម្ទេសហឹរ ៗ ។ ចៃដន្យ នៅផ្ទះរបស់ខ្ញុំ មានដើមកន្ទួត មានស្វាយឱករ៉ង មានល្មុត មានចេក និងផ្លែទឹកដោះ ជាដើម ដែលអ្នកស្រីឧស្សាហ៍មកសុំពីម្តាយរបស់ខ្ញុំ ជាញឹកញាប់ ដើម្បីយកចិត្តបរិភោគលេង ជាមួយប្រហុក ។ នៅពេលនោះ ម្តាយរបស់ខ្ញុំ តែងទាមទារអោយ "បងរៃ" ច្រៀងចម្រៀង ដូរផ្លែឈើទាំងនោះ ជានិច្ច ។ ពួកយើង ក៏បានអង្គុយស្តាប់គាត់ច្រៀង យ៉ាងសប្បាយផង ហើយក៏បានបរិភោគចំណី ជុំគ្នាជាញាតិផង ។
យុវតី រស់ សិរីសុទ្ធា មានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឱកាសខ្លះ នារីយើង មានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវមាននរណាបានដឹង នូវអារម្មណ៍ពិតប្រាកដរបស់នាងឡើយ ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដីជាក់លាក់ ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន ។ នៅឯសាលារៀនវិញ សុទ្ធាជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារី ដែលពូកែលេងកីឡាបំផុត ។ ថ្វីបើយុវតីបានចូលរៀនវិទ្យាល័យ នេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស តែយុវតី សុទ្ធា មានឈ្មោះបោះសំឡេង ក្នុងវិទ្យាល័យ យ៉ាងលឿនរហ័ស ជាងអ្នកទាំងពីរទៅទៀត ។ នោះ ព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាននោះឯង ។
កាល សុទ្ធា នៅតូចសេចក្តី លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារី សុទ្ធា ទេ ដែលមានអំណោយទានជាងគេ ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានា ខាងក្រៅ ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារី សុទ្ធា ត្រូវបង្ខំចិត្ត ជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាព ។ ជាពិសេសបំផុតនោះ គឺលោកតា រស់ ប៊ុន មានភរិយាផ្សេងទៀតហើយដែលមានកូនតូច ៗ ជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារី សុទ្ធា មិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរ មានតែកុមារី សុទ្ធា ទេ ដែលរៀនដុះដាលជាងគេ គឺរៀនពូកែ ដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន ។
មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
ចំណេរក្រោយមក នៅឆ្នាំ ១៩៦៣ នៅក្នុងវ័យជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខមួយ ប្រចាំេខេេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀង ពេលបុណ្យចូលឆ្នាំ ។ កាលនោះ អ្នកស្រីច្រៀងចម្រៀងបីបទ បទទី ១ ជាបទចៀងប្រកួតប្រជែង មានចំណងជើងថា ចិត្តម្តាយ (ជាបទដើមរបស់អ្នកស្រី កែវ មន្ថា) និងបទទី ២ ដែលជាបទច្រៀងជាកិត្តិយស ឈ្មោះ សំបុត្រក្រោមខ្នើយ ជាបទដើមរបស់អ្នកស្រី ម៉ៅ សារេត និងចុងក្រោយ គឺបទទី ៣ ច្រៀងជាកិត្តិយស ឈ្មោះ ខ្ទមជរា ជាបទដើមរបស់អ្នកស្រីម៉ៅ សារេត ដដែល ។
ក្នុងឱកាសនោះដែរ កូនប្រុសកំលោះរបស់លោកឧកញ៉ាគេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យសំនៀងយ៉ាងពិរោះ កំលោះយើង បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបកញ្ញា សុទ្ធា ។ (ខ្ញុំសូមអភ័យទោស ដោយសារកាលណោះ ខ្ញុំនៅក្មេងពេក មិនសូវបានចាប់អារម្មណ៍នឹងរឿងទាំងនោះប៉ុន្មាន ទើបមិនបានចាំឈ្មោះរបស់លោកកំលោះម្នាក់នោះច្បាស់លាស់ពិតប្រាកដ ម្យ៉ាងព្រោះលោកក៏មិនដែលរស់នៅក្នុងស្រុកជាប់លាប់ផង ម៉្លោះហើយខ្ញុំចាំតែមុខរបស់លោកតែប៉ុណ្ណោះ តែខ្ញុំស្គាល់លោកតា គី ស៊ានហូ ជាឪពុកនោះ ច្បាស់ជាង ព្រោះខ្ញុំដើរទៅរៀនកាត់មុខវិឡារបស់លោក ត្រូវលោកស្រែកហៅខ្ញុំ សួរលេង រកលោកឪពុករបស់ខ្ញុំ ព្រឹកល្ងាច ៗ ។ លោកតា គី ស៊ានហូ ឧស្សាហ៍ទៅមក រាប់អានលោកឪពុករបស់ខ្ញុំ ជិតដិតណាស់ដែរ ព្រោះអីផ្ទះរបស់ខ្ញុំ ក៏នៅមិនឆ្ងាយពីគាត់ប៉ុន្មាន ហើយលោកឪពុករបស់ខ្ញុំ ក៏ជាសាស្ត្រាចារ្យដ៏ល្បី មានប្រជាប្រិយភាព មួយរូប ប្រចាំបាត់ដំបង ដែលនរណា ៗ ក៏ស្គាល់ ហើយចូលចិត្តហៅរកលោកជានិច្ច ។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញកញ្ញា សុទ្ធា អោយទៅច្រៀងកំដរក្នុងពិធីស្វាគមន៍កូនកំលោះរបស់លោក គី ស៊ានហូ អាយុប្រមាណ ២៤ ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សាផ្នែកវិស្វកម្ម មកពីប៉ារីសនោះ ។ គេក៏បានសន្យាផ្តល់តម្លៃសេវាច្រៀងកំដរយ៉ាងខ្ពស់ ល្មមអោយក្រុមគ្រួសារក្រីក្រដូចលោកតា រស់ ប៊ុន មិនហ៊ានប្រកែកថា មិនអោយនាងទៅ ។ កាលនោះ គេមិនបានអញ្ជើញលោកតា រស់ ប៊ុន ជាឪពុកទេ ត្បិតគេចង់បានតែអ្នកចម្រៀងប៉ុណ្ណោះ ។ គ្រានោះ លោកយាយ សាមៀន បានប្រកែកមិនអោយកូនទៅទេ ត្បិតនៅក្មេង ៗ ពេក មិនចង់អោយចេញដើរហើរយប់ព្រលប់ តែលោកតា រស់ ប៊ុន មិនស្តាប់ឡើយ ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់អោយកូនស្រីល្បីឈ្មោះ នៅក្នុងចំណោមសង្គមគេហបតី អភិជន ផង និងដោយសារការគោរពចំពោះគ្រួសារលោកឧកញ៉ាគេហបតី គី ស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតា រស់ ប៊ុន ក៏ដាច់ចិត្តបណ្តោយអោយបងប្រុសរបស់យុវនារី សុទ្ធា ឈ្មោះ រស់ សុគុណ អាយុ ១៩ ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះ ។ ចំណែកលោកគ្រូវិញ ក៏ត្រូវទៅលេងភ្លេងការអោយគេ នៅកន្លែងផ្សេងមួយទៀត នៅយប់នោះដែរ ។ លុះរំលងម៉ោង ១២ អធ្រាត យុវជន សុគុណ បានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯង ជម្រាបឪពុកម្តាយថា សុទ្ធា ត្រូវគេឃាត់ទុកអោយនៅគេងទីនោះ ត្បិតយប់ជ្រៅពេក មិនចង់អោយកូនស្រីជិះកង់ ធ្វើដំណើរមកផ្ទះ ទាំងយប់ងងិត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃ តាមរយៈ សុគុណ អោយយកមកជូនលោកគ្រូ រស់ ប៊ុន គ្រប់ចំនួន តាមសន្យាហើយ ។ នៅពេលនោះ លោកគ្រូ រស់ ប៊ុន និងភរិយា មានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុសពេញមួយយប់ មិនបានដេកពួនឡើយ ។
លុះព្រហាមស្រាងឡើង លោកគ្រូ រស់ ប៊ុន ឡើងជិះរ៉ឺម៉ក ទៅតាមរកកូនស្រី នៅគេហដ្ឋានលោក គី ស៊ានហូ ស្រាប់តែបានជួបនឹងកូន កំពុងដើរត្រឡប់មកផ្ទះវិញ នៅមុខបន្ទាយជើងក្រហម ។ នាងស្ទុះទៅអោបឪពុក ស្រែកទ្រហោយំ ជម្រាបលោកថា កូនប្រុសលោក គី ស៊ានហូ បានប្រព្រឹត្តអនាចារ្យ ទាំងស្រវឹងស្រា មកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់ ។ ពេលនោះ លោកតា រស់ ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ ក៏ទៅស្កាត់ជួបកំលោះនោះ នៅផ្ទះរបស់េគ ។ កាលបើបានស្តាប់ពាក្យរបស់លោកគ្រូ រស់ ប៊ុន ចប់ លោក គី ស៊ានហូ ជាឪពុក ក៏ច្រឡោតខឹងសម្បានឹងកូនប្រុស រហូតលើកដៃយារ ទះកំផ្លៀងកូនប្រុសយ៉ាងធ្ងន់ ។ កំលោះនោះ បានអង្វរសូមអោយលោកឪពុកទាំងពីរសម្រួលនឹងគ្នា ហើយគេក៏ស្ម័គ្រចិត្ត ទទួលយកយុវនារី សុទ្ធា ជាគូគ្រងត្រឹមត្រូវ ពេញច្បាប់ ។ ប៉ុន្តែ លោក គី ស៊ានហូ និងភរិយា មិនព្រម ត្បិតលោកបានចងពាក្យ ចងសំដី នឹងគ្រួសារឧកញ៉ាគេហបតី ជាមិត្តមួយរូប ថា នឹងភ្ជាប់សាច់ឈាមកូនកំលោះរបស់លោក ជាមួយកូនស្រីរបស់គេ ។ ដូច្នេះ លោកមិនអាចផ្លាស់ប្តូរគម្រោងការនោះ អោយអាប់មុខ អាប់យស ខូចសំដីរបស់លោក បានឡើយ ។ ម៉្យាងទៀត ក្រុមគ្រួសាររបស់លោកគ្រូ រស់ ប៊ុន ជាវណ្ណៈក្រីក្រអធនបំផុត មិនសក្តិសមនឹងអោយគ្រួសារលោក គី ស៊ានហូ ទទួលភ្ជាប់សាច់ឈាមបានដែរ ។ ពេលនោះ លោក គី ស៊ានហូ និងភរិយា បានប្រគល់ប្រាក់សងជំងឺចិត្ត មួយចំនួន ទៅលោកគ្រូ រស់ ប៊ុន តែលោកគ្រូប្រកែកមិនទទួល ដោយតវ៉ាថា កូនប្រុសរបស់លោក គី ស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹងសុទ្ធាជាគូ បើមិនដូច្នោះទេ គេត្រូវទទួលទោស តាមច្បាប់តុលាការ ដោយសារទោសប្រព្រឹត្តបទអនាចារ្យលើនារី ។ ថ្វីបើត្រូវលោកតា រស់ ប៊ុន គំរាមយ៉ាងនោះក៏ដោយ ក៏លោក គី ស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុធ្វើអោយលោកតា រស់ ប៊ុន កាន់តែខឹងច្រឡោតឡើង រហូតរត់លក់ដីស្រែ ដីចំការ និងកេរអាករទាំងឡាយ របស់ក្រុមគ្រួសារ យកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុសរបស់លោក គី ស៊ានហូ ។ ចៃដន្យ ធនធានដ៏ទន់ទាបរបស់ក្រុមគ្រួសារលោកគ្រូ រស់ ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ពីតុលាការ ជូនកូនស្រីកំសត់របស់គាត់បានឡើយ ។ ទីបំផុត លោកគ្រូក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យ ដដែល ។
បន្ទាប់ពីនោះមក លោកគ្រូក៏មានជម្លោះនឹងភរិយា ដោយសារការបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិតតទៅទៀត ។ លោកគ្រូក៏ចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដូចមុន ៗ ទៀត ។ ដោយហេតុជម្លោះក្នុងគ្រួសារផង និង ដោយអាម៉ាស់នឹងរឿងរ៉ាវអប្រិយទាំងឡាយនោះផង យុវតី សុទ្ធា ក៏សម្រេចចិត្តឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមបាន ។ សុទ្ធា ក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ ចាប់តាំងពីថ្ងៃ ដែលឪពុកនាង ចុះចេញពីផ្ទះទៅ ។ កាលនោះ យុវតី សុទ្ធា តែងតែរត់មករកអ្នកម្តាយលោកឪពុករបស់ខ្ញុំ ជានិច្ចជាកាល ដើម្បីស្វែងរកកម្លាំងចិត្ត និងការណែនាំនូវគំនិតល្អ ៗ សម្រាប់កសាងជីវិតអនាគតជាបន្តទៀត ។ ក្រោយមក លោកឪពុករបស់ខ្ញុំ (លោកសាស្ត្រាចារ្យ ប៊ុន ថង) បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់ ។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មី អោយទៅយុវតី សុទ្ធា ជាផ្លូវការ ក្នុងមុខរបរជំនាញ ជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធា ក្នុងគោលបំណងជូនប្រសិទ្ធិពរជ័យ អោយយុវតី បានជួបតែ សិរីសួស្តី រហូតតទៅ កុំអោយជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះ តទៅទៀត ។ ប៉ុន្តែ ចំណេរក្រោយ ៗ មក យើងបែរជាឃើញឈ្មោះរបស់អ្នកស្រី ត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ ។ ចំណែក រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិតកំសត់ណាស់ដែរ ទើបសម្រេចចិត្តទទួលយកឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីពជាអ្នកចម្រៀង តាមពីក្រោយបងស្រី សុទ្ធា នៅភ្នំពេញ ។
មិនតែប៉ុណ្ណោះ លោកឪពុករបស់ខ្ញុំ បានណែនាំ សុទ្ធា អោយស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ ។ ដោយសារទេពកោសល្យ និងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រី រស់ សុទ្ធា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រៀមច្បង និងមិត្តរួមអាជីព ទាំងអស់នោះ ។ ម៉្យាងទៀត លោកឪពុករបស់ខ្ញុំ ក៏ជាអ្នកលេងភ្លេងចាប៉ី ស្គរ ហ្គីតា យ៉ាងចំណានម្នាក់ ហើយថែមទាំងចេះអក្សរភ្លេងថែមទៀតផង ។ ថ្វីបើលោកមិនដែលបានប្រកបរបរខាងផ្នែកតន្រ្តីក៏ដោយ ក៏ថ្វីដៃរបស់លោក បានជួយបណ្តុះបណ្តាលសិស្សរបស់លោក ជាច្រើននាក់ អោយក្លាយជាតារាយ៉ាងល្បីល្បាញ នៅកម្ពុជា មាន លោក អ៊ិម សុងសឺម, អ្នកស្រី ហួយ មាស, អ្នកស្រី ប៉ែន រ៉ន និងប្អូនស្រីទាំងបី (អ្នកស្រី ប៉ែន រ៉ម, អ្នកស្រី ប៉ែន រ៉ាំ និងអ្នកស្រី ប៉ែន ចន្ថា) ជាដើម ។ នៅពេលទំនេរពីកិច្ចការជាសាស្រ្តាចារ្យ នៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់ លោកតែងបងើ្កតថ្នាក់បង្រៀននៅផ្ទះ អោយសិស្សនានាមកជួបជុំគ្នា ធ្វើលំហាត់សាលា ដើម្បីរកមធ្យោបាយរៀន អោយកាន់តែពូកែ ជួនកាលក៏នាំសិស្សហាត់លេងតន្ត្រី ច្រៀងចម្រៀងល្អ ៗ ឬហ្វឹកហ្វឺនភាសាសន្ទនា បង្កបង្កើនចំណាប់អារម្មណ៍ពីអ្នកស្តាប់ ដោយរក្សាភាពថ្លែថ្នូរប្រពៃ ។ សិស្សដែលមករៀន ភាគច្រើនជាសិស្សក្រីក្រ ស្នាក់នៅតាមវត្ត ឬជាសិស្ស ដែលគ្មានប្រាក់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ។ នៅក្នុងចំណោមសិស្សទាំងឡាយ ដែលលោកជួយដុសខាត់ទេពកោសល្យនោះ មានអ្នកស្រី ប៉ែន រ៉ន ដែលចូលចិត្តកំប្លែង ក្រមាច់ក្រមើម, អ្នកស្រី ហួយ មាស ដែលចូលចិត្តសូត្រធម៌ សូត្រកំណាព្យ និងចូលចិត្តអានរឿងនិទានខ្លី ៗ អោយមិត្តរួមថ្នាក់ស្តាប់ និងយុវតី សុទ្ធា ដែលចូលចិត្តច្រៀងបទចម្រៀងកំសត់ ៗ ដោយមិនចេះហត់នឿយ ឬធុញទ្រាន់ ។
ប្រវត្តិជាអ្នកចម្រៀងអាជីព
ពេលបានមកដល់ ក្រុងភ្នំពេញដំបូង នៅចុងឆ្នាំ១៩៦៧ យុវតីសុទ្ធាបានចូលចូលបំរើជាអ្នកចំរៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈ ជាញឹកញាប់ ជាដែគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិត យ៉ាងកក់ក្តៅ ដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូប របស់លោកដូច្នោះ។ កាលនោះ យុវតីបានជួលផ្ធះ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រីហួយមាស។ ពេលទៅធ្វើការ យុវតីតែងតែជិះស៊ីក្លូ ជាប្រចាំ ពុំនោះសោតនាងតែងសណ្តោង តាមរថយន្តរបស់លោក អ៊ឹម សុងសឺម ដែលទៅធ្វើការទីនោះដែរ។ ក្រោយៗមក ដោយទេពកោសល្យ ដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើស ជាអ្នកចំរៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង ជាដើម។ តាំងពីពេលនោះមក យុវតីក៏ចាប់មានទំនាក់ទំនង ជាមួយតារាចំរៀង មកពីបាត់ដំបងដូចគ្នា អ្នកចំរៀងនៅភ្នំពេញ និងអ្នកចំរៀង ពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោកតូចតេង លោកសុះម៉ាត់ លោកមាសហុកសេង អ្នកស្រីម៉ៅសារេត អ្នកស្រីកែវមន្ថា អ្នកស្រីឈួនម៉ាល័យ ជាដើម។ នៅទីបំផុត យុវតីយើងក៏បានជួប នឹងអធិរាជសំនៀងទេព ស៊ិនស៊ីសាមុត ហើយជីវិតជាអ្នកចំរៀងវិញ ក៏កាន់លេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក។ រស់សិរីសុទ្ធា ឬ រស់សេរីសុទ្ធា បានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល។ នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារ ពីព្រះមហាក្សត្រខ្មែរ ថាជា រាជនីសំនៀងមាស ប្រចាំកម្ពុជា។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតីសុទ្ធាបានត្រូវលោកស៊ិនស៊ីសាមុត ណែនាំខ្លួន អោយជួប នឹងលោកពៅស៊ីផូ លោកវ៉ោយហូរ លោកហាស់សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្ត យ៉ាងចំណានៗ ដទែទៀត ដូចជា លោកគង្គប៊ុនឈឿន លោកមែរប៊ុន លោកហេងហួរវេង លោកម៉ាឡៅពី លោកស្វាយសំអឿ លោកអ៊ុំសុផានុរក្សដែលជាស្វាមីរបស់អ្នកស្រីហួយមាស ជាដើម។
នៅក្នុងអំឡុងពេល ដែលយុវនារីសុទ្ធា ដ៏ស្រស់សោភា កំពុងមានឈ្មោះ បោះសំលេង ល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាព ជាមួយរូបនាង ប៉ុន្តែបានត្រូវ ក្រុមគ្រួសាររបស់លោក តាមឆាឆៅ ជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែង ដល់សុវត្ថិភាពរបស់នាង ទៀតផង។ ដោយក្តីរំខាន ក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការ យ៉ាងទាន់ហន់ នៅឆ្នាំ១៩៦៨ ជាមួយលោកសុសម៉ាត់ ដែលជាអ្នកចំរៀងបុរស ដែលមានរូបសង្ហា សំបូរស្នេហ៍ មួយរូបដែរ ហើយដែលកំពុងតាមជួយ ជ្រោមជ្រែងរូបនាង អោយក្លាយជាតារារះ យ៉ាង ភ្លឺចិញ្ចាច នៅក្នុងផ្ទៃកម្ពុជា។ កាលណោះ ក្រុមគ្រួសារសាច់ញាតិ នៅបាត់ដំបង ទាំងម្តាយនិងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោកសុសម៉ាត់ ធ្លាប់មានភរិយាពីរនាក់ រួចមកហើយ ហើយក៏មិនមានចិត្តស្មោះ្រតង់ ចំពោះនារីណាម្នាក់ដែរ។ ប៉ុន្តែក៏គ្មាននរណា អាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ គុណបំណាច់ទំនុកបំរុង របស់សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធាក៏បានចេញមុខ រៀបការជាមួយ លោកសុសម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើម ទាំងពីររូប របស់លោកសុសម៉ាត់ មកចូលរួមពិធីមង្គលការនោះផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោកសុសម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់ វាយដំអ្នកស្រីសុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយ បាន៥ឬ៦ខែ លោកសុសម៉ាត់ បានស្ទុះឡើងទៅទះតប់ វាយធ្វើបាបភរិយា យ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវ កំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រីសុទ្ធាបានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ៥ខែ គឺក្មេងស្លាប់ តាំងមិនទាន់បានឃើញ ពន្លឺព្រះអាទិត្យ។ រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាល យា៉ងយូរ ទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រសំបឿនជាបង បានជំរុញអោយអ្នកស្រីសុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោកសុសម៉ាត់ តាមគម្រាមកំហែង រកសម្លាប់អស់មួយពូជ។ ពេលនោះ អ្នកស្រីសំបឿនកើតមាន ចិត្តភិតភ័យ ចំពោះសុវត្តិភាព របស់អ្នកស្រីសុទ្ធា ក៏នាំប្អូនត្រឡប់ មករស់នៅ ឯបាត់ដំបងវិញ។ ដំណឹងនេះបានល្បី ទៅដល់លោកស៊ិនស៊ីសាមុត រហូតធ្វើអោយលោក ចេញមុខអន្តរាគមន៍ ដោយធ្វើដំណើរ មកតាមរកអ្នកស្រីសុទ្ធា ដល់លំនៅ ឯបាត់ដំបង។ លោកបានអញ្ជើញអ្នកស្រី អោយវិលត្រឡប់ ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព១០០ភាគរយដល់អ្នកស្រី។ លុះត្រឡប់មកដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរមករស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀស មិនអោយជួបមុខ លោកសុសម៉ាត់ តទៅទៀត ហើយក៏បន្តទេពកោសល្យ ជារាជនីសំនៀងមាសប្រចាំកម្ពុជា ជាមួយលោកស៊ិនស៊ីសាមុត និងក្រុមតន្រ្តី ដែលលោកស៊ិនស៊ីសាមុតណែនាំតែប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចំរុងចំរើន រហូតរៀងបន្តមក។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងឆ្នាំ១៩៦៩ អ្នកស្រីសុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះហ៊ុយស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្ម ថាសចំរៀងដ៏ល្បីល្បាញ ជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គល ពេញលក្ខណៈ មិនមានការរកាំរកូស អ្វីបន្តិចឡើយ។ រីឯមុខរបររកស៊ី ខាងផលិតបទចំរៀងវិញ ក៏កាន់តែរីកចំរើនឡើង ជាលំដាប់។
រវាងឆ្នាំ១៩៧០ អ្នកស្រីសុទ្ធាបានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បំរើរដ្ឋាភិបាល សាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោង ពីលើអាកាស ក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រី ក៏កាន់តែមានប្រជាប្រិយភាព រីកសុះសាយថែមទៀត តាមរយៈការផ្សាយតាមកាសែត តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍ នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ព ឆត្រ័យោង មានទីតាំងនៅជិតបណ្ឌិតរាជសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង។
នៅថ្ងៃមួយ ក្នុងឆ្នាំ ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ ទៅជូប លោក ឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួន ទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះ វិញឡើយ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះលោករស់សុគុណ បានចេញមុខ ជំនួសលោកស៊ីផាន់ សូមធានា យកខ្លួនរបស់អ្នកស្រីសុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោកស្រីយ៉ា គម្រាមកំហែង ចង់យាយីជីវិត របស់លោកស៊ីផាន់ទៀតផង។ ដោយការភិតភ័យខ្លាំងពេក លោកហ៊ុយស៊ីផាន់បាននាំកូនប្រុស គេចខ្លួន ទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ។
កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រីយ៉ា បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រីសុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ។ ពេលដែលបានមករស់នៅ ជាមួយលោកស្រីយ៉ា អ្នកស្រីសុទ្ធា បានសុំយកបងប្រុស រស់សុគុណ និងប្អូនស្រីពៅ រស់សោភ័ណ មករស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន អោយមានអាជីពនឹងគេ។ នៅពេលនោះ រស់សោភ័ណក៏បានចាប់អាជីព ជាអ្នកចំរៀង ដោយប្រតិស្ឋនាមថ្មីថា រស់សិរីសោភណ័ ក្រោយមកក៏បានជួបនឹង លោកអ៊ុកស៊ីណារេត ែដលជាអ្នកតូរ្យតន្រ្តីមួយរូប នៅភ្នំពេញ ហើយក៏បានរៀបការ ជាប្តីប្រពន្ធនឹងគ្នាទៅ។
នៅអំឡុងបួនឆ្នាំ ដែលអ្នកស្រីសុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រីមានបុត្របួនរូប។ មានពេលខ្លះ អ្នកស្រីសុទ្ធាត្រូវជិះយន្តហោះ ចេញក្រៅប្រទេស ជាមួយលោកស៊ិនស៊ីសាមុត អ្នកស្រីប៉ែនរ៉ន អ្នកស្រីហួយមាស លោកវ៉ោយហូរ លោកហាស់សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាសែត ដូចជានៅប្រទេសសាំងកាពួរ ឬហុងកុង ជាដើម។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួល ការអនុញ្ញាត្តិ ពីលោកស្រីយ៉ា េដីម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀងពិសេស នានា យ៉ាងសេរី ដូចមុនឡើយ។ នៅចុងឆ្នាំ១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរ ក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាប រវាងកងទ័ពសាធារណរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម។ ពេលនោះ អ្នកស្រីសុទ្ធាបានសុំលោកស្រីយ៉ា នាំកូនៗ ទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង។ ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើក នៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង បំរើទេពកោសល្យរបស់ខ្លួន ជាជាងរស់នៅ ជាបក្សីក្នុងទ្រុងមាស ឯភ្នំពេញផង។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែង ជាតូឯករង នៅក្នុង ខ្សែភាពយន្តខ្មែរមួយ រឿង ពេលដែលត្រូវយំ ហើយត្រូវចេញមកបង្ហាញខ្លួន នៅលើវេទិកា ចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំង ជាលើកដំបូងនៅក្រុងបាត់ដំបង។ កាលនោះ លោកស្រីយ៉ាមានការទើសទាល់ ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាព អោយកូនៗ លោកក៏បណ្តោយអោយអ្នកស្រី នាំកូនទៅ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា អោយគេនាំខ្លួនអ្នកស្រីសុទ្ធា និងកូនចៅ ត្រឡប់មកភ្នំពេញវិញ។
ភាតរមិត្តភាពនិងសន្តានចិត្ត
ខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍ពិសេសមួយ រវាងខ្ញុំ ជាមួយអ្នកស្រីរស់សិរីសុទ្ធា គឺនៅថ្ងៃដែលគេចាប់បញ្ចាំង ខ្សែភាពយន្តរឿង ពេលដែលត្រូវយំ នោះ ខ្ញុំបាននាំប្អូនៗនិងញាតិមួយហ្វូងធំ ទៅជួបអបអរសាទរ។ ចៃដន្យ ខ្ញុំពាក់អាវម៉ូដតែមួយ ពណ៌តែមួយ ដូចអ្នកស្រីរស់សិរីសុទ្ធា ដែរ ធ្វើអោយគេទាំងឡាយច្រឡំមួយស្របក់ថា ខ្ញុំនេះត្រូវជាតួអង្គត្រូវបង្ហាញខ្លួន នៅលើឆាកនឹងគេដែរ តែការពិតគ្រាន់តែជាការចៃដន្យសោះ។ កាលណោះ បើសិនខ្ញុំនេះមានទេពកោសល្យ ចេះច្រៀងចម្រៀងដែរនោះ ម៉្លេះសមត្រូវគេចាប់អោយឡើងឆាក ជាប់ប្រវត្តិសាស្រ្តនឹងកំប្លែងសប្បាយនឹងគេទៅហើយ។
ខ្ញុំក៏ចាំបានដែរថា រៀងរាល់ពេលដែល អ្នកស្រីសុទ្ធា វិលត្រឡប់មកបាត់ដំបងម្តងៗ មិនថាពេលណា វេលាណាេទ អ្នកស្រីតែងតែចូលជំរាប សួរសុខទុក្ខ លោកឪពុកអ្នកម្តាយរបស់ខ្ញុំ ជានិច្ច មានកាលរហូតដល់ មានច្រៀង ចំរៀងពិសេសៗ ជូនលោកស្តាប់ផ្ទាល់ ថែមទៀតផង។ កាលនោះ មានសាច់ញាតិរបស់ខ្ញុំខ្លះ ជាអតីតមិត្តជំនិតរួមថ្នាក់ ជាមួយអ្នកស្រីសុទ្ធា តែងចំណាយពេលរួមគ្នា នៅដីភូមិរបស់ខ្ញុំ បរិភោគអាហារ ជុំគ្នា ហើយអ្នកស្រីតែងដំណាល រឿងជីវីតរបស់អ្នកស្រី អោយស្តាប់ ថាតើថា មុននឹងក្លាយជាតារារះនៅភ្នំពេញនោះ តើជីវិតអ្នកស្រី មានសភាពដូចម្តេចខ្លះ។ អ្នកស្រីជាមនុស្សរួសរាយ ទន់ភ្លន់រាក់ទាក់ណាស់ មិនចេះវាយឬកឆ្មើងកន្រ្ទើងដូចជាតារាដទៃទៀតខ្លះៗ ឡើយ គឺអ្នកស្រីនៅរក្សាភាពសាមញ្ញ ដូចដើមដដែល ពេលមកដល់ស្រុកភូមិរបស់ខ្លួន មិនមានប្តូរចរិតទេ តាំងពីរឿងហូបចុក ដេកពួនឡើងទៅ។ អ្វីដែលប្លែក គឺអ្នកស្រីបានជួយផ្លាស់ប្តូរ ជីវភាពក្រុមគ្រួសារ ឯស្រុកកំណើត អោយបានជួបនូវ ភាពរុងរឿងថ្កុំថ្កើង មានមុខមាត់ប្រសើរជាងមុន មិនអោយញាតិទាំងឡាយ សើចយំបានដូចមុន តទៅទៀតឡើយ។ អ្នកស្រីបានជួយ បណ្តុះបណ្តាលសាច់ញាតិរបស់ខ្លួន អោយមានតម្រេះវិជ្ជា និងមានការងារធ្វើសមរម្យ មានកត្តិនាម ក្នុងសង្គម។ មានក្មួយៗរបស់អ្នកស្រីខ្លះ ក៏បានប្រឡងជាប់មធ្យមសិក្សា ហើយបានត្រូវអ្នកស្រីទំនុកបំរុង រហូតដល់បានបន្តការសិក្សាខ្ពង់ខ្ពស់ នៅភ្នំពេញ ថែមទៀតផង។ ការដែលអ្នកស្រី រក្សាភាពជាមនុស្សកតញ្ញូ ហើយមានភក្តីភាពចំពោះម្តាយ និងបងប្អូនសាច់សន្តានក្រីក្រ ព្រមទាំងញាតិមិត្ត ជាច្រើនទៀតនេះហើយ ដែលធ្វើអោយអ្នកស្រីបានទទួល នូវការកោតសរសើរ នូវប្រជាប្រិយភាព និងការស្វាគមន៍ យា៉ងកក់ក្តៅ ពីសំណាក់ទស្សនិកជន និងញាតិទាំងឡាយ ពេលអ្នកស្រីឈានជើង ចូលស្រុកកំណើតម្តងៗ។
ប្រវត្តិនៅជំនាន់ខ្មែរក្រហម១៩៧៥
ថ្ងៃ១៧មេសា១៩៧៥ លោកស្រីយ៉ាជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រីសុទ្ធា និងកូនទាំងបួន បងប្រុសរស់សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រីរស់សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រីសំបឿតជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ ជំលៀសចេញ តាមផ្លូវជាតិលេខបួន សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង។ ក្រោយមកទៀត អង្គការក៏ចាប់បំបែក ញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់សោភ័ណតែម្នាក់ ដែលអង្គការចាប់បញ្ជូន អោយទៅនៅ ភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា។
តាមសំដីអ្នកស្រីទីវហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រីសុទ្ធា សម័យខ្មែរក្រហម បានមានប្រសាសន៍ តាមការសម្ភាសន៍ ជាមួយទស្សនាវដ្តីឥន្រ្ទទេវី ថាអ្នកស្រីសុទ្ធាបានលាក់ខ្លួន រស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹក បានទេ ថា អ្នកស្រីជាអតីតតារាដ៏ឆើត នៃកម្ពុជា។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រី ខាងផ្នែកចម្រៀង នោះតែម្តង។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសំរាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោក របស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេង អោយស្បើយការនឿយហត់ផង។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទ សម័យពីមុនៗតាមអត្ថន័យចាស់ ទាំងស្រុងទេ ច្រើនតែឆ្នៃ កែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាម ទិសដៅរបស់អង្គការបដិវត្តន៍។ បើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកំទេចជីវិតចោល។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំង អោយអ្នកស្រី ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបំរើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។ ម្ល៉ោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ច ក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុក នូវបទចម្រៀង ដែលអង្គការតម្រូវមកអោយច្រៀង។
នៅឆ្នាំ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះ ថា សមមិត្តត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អ ប្រសើរអ្វីដល់អ្នកស្រីសុទ្ធាទេ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តី ប្រច័ណ្ឌចំពោះអ្នកស្រី នៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រី ទទួលការសរសើររាក់ទាក់ ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀង នៅមីទីងរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំង អោយទៅបំពេញកិច្ច។ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ មិត្តត្រោកតែងប្រើហឹង្សា វាយដំអ្នកស្រីជានិច្ច។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការខ្មែរក្រហម ហើយ ជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហឹង្សា ជាមួយលោកយោធា កម្មាភិបាល នោះតទៅទៀត។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេច ច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗ ត្រឡប់ទៅវិញ ដែលជាហេតុ បណ្តាលអោយ អង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧។ ចាប់តាំងពីថ្ញៃនោះមក គ្មាននរណាម្នាក់ បានដឹងដំណឹង ពីអ្នកស្រីទៀតឡើយ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំង អោយទៅកាប់ព្រៃ ឬទៅបំរើអង្គការនៅតំបន់ថ្មី នោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែនត្រូវអង្គការ សម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោល នៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រីសុទ្ធា ដែលនៅសេសសល់ មានលោកយាយរស់សំបឿត លោកយាយរស់សំបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោកហ៊ុយស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារំាង។
(ពតមានរបស់ខ្ញុំដែលសុំកែប្រែនិងបន្ថែមក្រោយ ឈ្មោះ ម៉ូនិសា) តែទោះជាយ៉ាងណា ដន្លងរបស់ឪពុកម្ដាយខ្ញុំ ដែលធ្លាប់បំរើការនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០ បានប្រាប់ខ្ញុំថា តារាចម្រៀងដ៍ល្បីល្បាយរូបនេះ ទទួលមរណភាពនៅទីនោះ ដោយសារមហារីកបំពង់កនៅមន្ទីរពេទ្យកាល់ម៉ែតនៅឆ្នាំ១៩៨០នោះ។)
ឯកសារយោង
- មាសស្រោបនគរ ភាគមួយ ដោយលោក សេងតារា - ប្រវត្តិជីវិតសិល្បករខ្មែរ ដោយលោក នួនសុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ - ទស្សនាវដ្តី ឥន្រ្ទទេវី - ទស្សនាវដ្តី ប្រជាប្រិយ - ទស្សនាវដ្តី ខ្មែរអប្សរា - ទស្សនាវដ្តី អង្គរធំ - ទស្សនាវដ្តី តារា
បទចំរៀងទោល
សូមអ្នកស្រីមេត្តាកែប្រែឡើងវិញ ពីព្រោះក្រោយពេលខ្ញុំបានមើលរួច ហើយឃើញថាមានកន្លែងច្រើន ខុសច្រើនណាស់ គឺនៅត្រង់កន្លែងចំណងជើងបទចំរៀង សូមមេត្តាទាក់ទងមកខ្ញុំ ០៩៧៩២២៦៤៧១នេះសុទ្ធជាអ្នកស្រលាញ់បទខ្មែរ ពីដើម។ សូមអរគុណ! (ចម្លើយជូនលោក ០៩៧៩២២៦៤៧១ ពីខ្ញុំ ច័ន្ទបូរណ៍៖ បើលោកបានប្រទះឃើញភាពខ្វះខាត សូមជួយកែលើទំព័រយើងនេះតែម្តងផង មិនចាំបាច់រាយការណ៍មកខ្ញុំទេ ព្រោះឈ្មោះបទចម្រៀងទាំងឡាយនេះ ជាស្នាដៃដែលបងប្អូនខ្មែរយើងទាំងឡាយ បាននាំគ្នាជួយបញ្ចូលនៅលើទំព័រនេះ មិនមែនដោយស្នាដៃខ្ញុំធ្វើម្នាក់ឯងឡើយ ព្រោះខ្ញុំបានបន្ថែមតែចំណងជើងពីរបីបទប៉ុណ្ណោះ។ សូមកុំភ្លេច ជួយសរសេរឈ្មោះ ចម្រៀងបន្ថែម អោយបានច្រើនផង បើសិនជាអាច។ សូមអរគុណចំពោះសមានចិត្តដ៏ទូលាយរបស់លោក។) មានបទ«អ្នកកាត់សក់ដៃឯក» ខ្ញុំគិតថាដូចជាច្រៀងដោយលោកតាសាមុត? (ឆ្លើយតបនិងបង រូបខ្ញុំក៏ចូលចិត្តបទចាស់ៗដែរ បទអ្នកកាត់សក់ដៃឯកក៏ច្រៀងដោយអ្នកស្រី រស់ សិរីសុទ្ធា ដែរ)
ក
- កេងកងអភ័ព្វ
- ក្រោមមេឃវេរា
- កុំហៅឈ្មោះអូន
- កន្សែងក្រហម
- ក្លិនស្នេហ៍
- កុំព្រួយពីស្នេហ៍
- កម្លោះកូនប្រាំ
- ក្មេងល្អ
- កន្លង់ក្នុងសួន
- កត្តឹកដល់ហើយ
- កូនស្រីអ្នកនេសាទ
- កុំជឿចិត្តប្រុស ស្តាប់
- កុំនឹកអូនអី
- កន្លង់មាស
- ក្លិនជាប់នាសា
- ក្អែកហើរកាត់ស្ទឹង
- ក្រមុំភ័យអរ
- កុំថើបអូនអី
ខ
- ខ្ញុំអៀនណាស់
- ខឹងនឹងបងហើយ
- ខ្នោយប៉ាក់
គ
- គេងទៅគេងទៅ
- គេចសន្យា
- គ្រាន់តែឃើញបងភ្លាម
- គន់មើលទៅមេឃ
- គ្រាន់តែឃើញប្រុសស្នេហ៍
- គួរអាណិតដែរ
- គូព្រេងអ្នកណា?
ឃ
- ឃើញស្នេហ៍ខ្ញុំទេ
- ឃើញតែកន្សែង
ច
- ចាស់ជូរអែម
- ចិត្តដែលស្រលាញ់
- ចិត្តឥតមេត្តា
- ចុតហ្មាយមច្ចុរាជ
- ចោលសាច់ស្រវាឆ្អឹង
- ចំលើយព្រហ្មណី
- ចំរៀងព្រហ្មលិខិត
- ចំរៀងលាគ្នា
- ចំរៀងស្នេហ៍ខ្ញុំ
- ចំរៀងស្នេហា
- ចំរៀងយុវវ័យ
- ចំរៀងសួគ៌ា
- ចំរៀងស្នេហ៍យើង
- ចំរៀងអវសាន
- ចាំថ្ងៃវិលវិញ
- ចាំដប់ខែទៀត
- ចាំនៅតែចាំ
- ចាំយប់ជួបគ្នា
- ចាំលុះសូន្យ
- ចង់ទៅរកអ្នកម្តាយ
- ច្បារមនរឿងខ្ញុំ
- ចង់អោយបងនៅជិត
- ចូលឆ្នាំថ្មី
- ចាំស្នេហា
- ច័ន្ទរះផ្លាស់វេន
- ចិត្តស្នេហ៍តែបង
- ចំពោះស្រីណា
- ចង់តែហែកខាំ
- ចង់រាំជាមួយបង
- ចាំថ្ងៃវិលវិញ
- ចាំលុះអវសាន
ឆ
- ឆ្នាំងចាស់បាយឆ្ងាញ់
- ឆ្នាំថ្មីមកដល់ហើយ
- ឆ្នាំអូន១៥
- ឆ្នាំអូន១៦
ជ
- ជីវិតអនាថា
- ជំនោរប៉ៃលិន
- ជ្រោះអូរយ៉ាដា
- ជួបគ្នាក្រោមដួងច័ន្ទ
- ជ្រោះស្នេហ៍កម្ម
ឈ
- ឈប់ស្រឡាញ់មិនបាន
- ឈប់ស្រឡាញ់អូនទៅ
- ឈូករ័ត្នស្នេហា
ញ
- ញ៉ាំស្រាព្រោះអ្វី?
ដ
- ដងស្ទឹងស្នេហា
- ដួងចិត្តអូនព្រួយ
ត
- តាជូជក់
- តាមតែវាសនា
- តូចចិត្តព្រោះស្នេហ៍
- តើបងចាំអូនទេ
- ត្រពាំងសាបកុលាបរោយ
- ត្រពាំងពាយ
ថ
- ថ្ងៃត្រង់ក្រលួច
- ថ្ងៃនេះខ្ញុំញ៉ាំស្រា
- ថ្ងៃលិចអូនស្រណោះ
- ថ្ងៃណាបងវិលវិញ
- ថ្ងៃថ្មីទុក្ខថ្មី
- ថ្ងៃ៥មិនា
- ថ្ងៃអស់សង្ឃឹម
- ថ្ងៃព្រាត់យប់ជួប
ទ
- ទឹកភ្នែកដានី
- ទឹកភ្នែកសួររកស្នេហ៍
- ទឹកហូរទៅ
- ទំនួញនារីកំព្រា
- ទ្រូងខ្លោចផ្សា
- ទឹកភ្នែកកង្រី
- ទឹកភ្នែកនាងពស់ជម្ពូរដ្ឋ
ន
- នរកលោកីយ៍
- នារីខូចចិត្ត
- នឹកណាស់
- នាងចាំអ្នកណា?
- នរណាប្រហារបង?
- នឹកឃើញយប់ម្សិលមិញ
ប
- បើចិត្តមិនស្ម័គ្រ
- បងឃ្លាតឆ្ងាយទៅ
- បងធ្វើអោយអូនយំ
- បងនៅទីណា
- បងបានសន្យា
- បងស្រឡាញ់អូនប៉ុនណា
- បណ្តាំទៅសំឡូត
- បណ្តាំស្នេហ៍
- បណ្តាំស្រីក្បត់
- បណ្តាំស្ទឹងខៀវ
- បានបងជាគូ
- បុប្ផាអាកាសចរណ៍
- បុប្ផាបាក់ព្រា
- បើខ្ញុំមានភ័ព្វវាសនា
- បំភ្លេចមិនបាន
- បំភ្លេចអូនទៅ
- ប្រវត្តិស្នេហ៍កម្ម
- ប្រាប់ខ្ញុំមក
- ប្រុសដែលក្បត់ចិត្ត
- ប្រុសនេះមុខក្រាស់
- ប្រុសបណ្តូលចិត្ត
- បាំងមួយខែទៀត
- ប្រច័ណ្ឌ
- ប្រុសដែលខ្ញុំស្រម័យ
- ប្រុសអីនេះ
- បើផ្កាយនៅតែរះ
- បែកក្អមអូនហើយ
- ប្តីប្រមឹក
- ប្រុសចិត្តក្បថ
ផ
- ផាមួងកទា
- ផ្ការីកលើមេឃ
- ផ្កាអរគីដេ
- ផ្នូរសមុទ្រ
- ផ្នូរមួយពីរនាក់
- ផាត់ជាយ
ព
- ពេលមេឃស្រទំ
- ព្រលឹងនាងព្រាយកន្ទោងខៀវ
- ព្រាត់ស្វាមី
- ព្រោះរឿងអ្វី
- ពេញចិត្តតែបងមួយ
- ព្រេងនិស្ស័យស្នេហ៍
- ពេញក្រមុំពេលណា
- ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
- ព្រួញស្នេហ៍
ភ
- ភពខ្មៅងងឹត
- ភ័យ!ភ័យ!
- ភ្លឺឡើងបាត់ស្នេហ៍
- ភរ!ភរ!ភរ!
- ភ័យ!ភ័យ!ភ័យ!
ម
- មិនគួរស្រឡាញ់បង
- មើលឫកប្ដីខ្ញុំ
- ម្ចាស់ស្នេហ៍អូន
- ម្តេចក៏ដើរតាមខ្ញុំ
- មិនទំនេរ
- ម្តាយក្មេកមកលេង
- មិនអាចភ្លេចបាន
- មិនដឹងពេលណា
- មើលកុំអោយខុស
- មានតែបងម្នាក់
- មិនដឹងជាបងឬខ្ញុំ
- មកពីចាស់ទុំ
- ម្តេចគេងបែរខ្នង
- មើលព្រៃព្រឹក្សា
- មក! រាំជាមួយខ្ញុំ!
- មេឃមីរត្រជាក់
យ
- យំសំរាប់ថ្ងៃនេះ
- យុវជនសម័យ
- យប់មិញបងនៅក្បែរ
រ
- រលកធំធេង
- រាត្រីងងឹត
- រាត្រីបាត់ស្នេហ៍
- រាំឆាៗៗ
- រាំទៅមិត្ត
- រដូវផ្ការីក
- រាំពេលរាត្រី
- រែងអាល័យ
- រឿងយើងដូចគ្នា
- រលឹមទឹកដក់
- រស់តាមវាសនា
- រាត្រីពណ៌ផ្កាឈូក
ល
- លាហើយកម្មស្នេហ៍លោកីយ៍
- លឺគេថាបងមក
- លួចស្នេហ៍ដួងច័ន្ទ
- លែងខ្ញុំទៅ
- លាប្រុសចិត្តព្រាន
- លួចស្រឡាញ់
- ឭគេថាបងមក
វ
- វាចាបុរស
ស
- ស្តាយវ័យកុមារ
- សត្វរៃពេលល្ងាច
- សល់តែទឹកភ្នែក
- សល់អនុស្សាវរីយ៍
- សម្លេងខ្លែងស្រាក
- សុរិយាផ្សងស្នេហ៍
- សែនក្ដៅក្នុងចិត្ត
- សំនៀងបុប្ផាព្រៃភ្នំ
- សុំរស់ក្បែរបង
- សុបងអាណិត
- សុបិនឃើញបង
- ស្គាល់គេពីកាលណា
- ស្គាល់រសស្នេហ៍
- ស្តាយភាពក្រមុំ
- ស្ទឹងខៀវ
- ស្ពានស្នេហា
- ស្រឡាញ់អូនទៅ
- ស្រមោលស្នេហ៍ខ្ញុំ
- ស្រឡាញ់តែបងមួយ
- ស្រា១កែវ
- ស្រឡាញ់
- សែនស្រណោះ
- ស្នេហាមិនស្មោះ
- ស្ទឹងស្នេហា
- សម្លេងទ្រខ្មែរ
- សម្លេងហ្គីតា
- ស្រឡាញ់ពេញប្រាស
- សំរែកនាងឧមា
- សូមអង្វរ
- សុបិន្តចង្រៃ
ហ
- ហ៊ានស្លាប់ព្រោះបង
អ
- អកភ្នំ
- អត់បាយអោយស្លាប់
- អនិច្ចាក្មេងកំព្រា
- អស់សង្ឃឹម
- អាល័យបងជានិច្ច
- អាសូរកេសរមាលា
- អូនចង់រាំលេងនិងបង
- អូនចាំបងជានិច្ច
- អូនច្រៀងបំពេរ
- អូនមិនក្បត់បងទេ
- អូនឆ្អែតចិត្តណាស់
- អូននៅតែរង់ចាំ
- អូនសុំរស់ក្បែរទ្រូងបង
- អូនសូមផ្ញើស្នេហ៍
- អូនសូមស្មាលា
- អូនសុំអង្វរ
- អូនស្ម័គ្របងស្មោះ «សូមមេត្តាដាក់ឈ្មោះអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងផង»
- អូនស្រឡាញ់បងណាស់
- អោយខ្ញុំយំទៅ
- អ្នកកាត់សក់ដៃឯក
- អប្រិយតែរូប
- អស់ផ្លូវហើយ
- អស្ចារ្យលោកប្តី
- អូនសូមផ្ញើឆ្អឹង
- អ្នកម្តាយ
- អូរជ្រៅរណ្តៅស្នេហ៍
- អណ្តូងកម្ម
- អូនឈឺចិត្តណាស់
- អ្នកណាព្រួយជាងអ្នកណា?
- អ្នកបានដឹងទេ?
បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត
1 កំណាព្យស្នេហ៍ 2 កម្មស្នេហ៍ស្រីអាំ 3 កុំដាច់មេត្តា 4 គំនួចវាយោ 5 ចិត្តឥតល្អៀង 6 ចង់បានផ្កាអ្វី 7 ចោរលួចចិត្ត 8 ច័ន្ទចាកមេឃ 9 ច្រូតស្រូវ 10 ឋានះផ្សេងចិត្តផ្សេង 11 តូចចិត្តណាស់ ស្តាប់ 12 តូចអើយតូចស្រី 13 ថ្មគោលស្រមោលស្នេហ៍ 14 ផ្ទះអូនក្បែរភ្នំសំពៅ 15 ទាវអើយស្រីទាវ 16 ទូកបងអ៊ុំស្កាត់ 17 ទេសភាពព្រលឹម 18 បោះឈូង 19 ភូមិរាអភ័ព្វ 20 ម៉ាពីណោក 21 ម្លប់ស្នេហ៍ដើមស្រឡៅ 22 មួយកំភ្លៀងអនុស្សាវរីយ៍ 23 យប់យន់ទន់ត្រជាក់ 24 យើងកុំភ្លេចគ្នា 25 រាំ ឆា! ឆា! ឆា! 26 រាំកិតជិតកាយ 27 លាហើយស៊ូមាត្រា 28 សន្យាឱ្យបងចាំ 29 ស្នេហាពិនវង្ស 30 ស្រណោះអូរជ្រៅ 31 ស្រីតូចច្រឡឹង 32 ស្រីណាហ៊ានវាយ 33 អនុភាពនៃពុកមាត់ 34 ឯណាព្រហ្មចារីយ៍ 35 ឧត្តមភរិយាទាហាន 36 ម្តេចហ៊ានសួរខ្ញុំ
បទចំរៀងឆ្លងឆ្លើយជាមួយលោក អ៊ឹង យ៉េង
- ខ្លួនបងសព្វថ្ងៃ
- អូនពួនទីណា
- ឃ្មុំឡើងក្បាលទឹក
បទចំរៀងរួមជាមួយអ្នកស្រី ប៉ែន រ៉ន
- ទេសចរក្នុងក្តីស្រមៃ
- ទេសភាពឋានកណ្តាល
- មួយថ្ងៃល្អបីដង