Jump to content

ការពិភាក្សា:មហាចក្រពត្តិ

Page contents not supported in other languages.
ពីវិគីភីឌា
កំណែ​នៅ ម៉ោង០៤:៤៨ ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦ ដោយ Nisetpdajsankha (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ លុះបានព្រះពិជ័យឫទ្ធិហើយ ទ័ពមុខ និងទ័ពឆ្វេ...)

លុះបានព្រះពិជ័យឫទ្ធិហើយ ទ័ពមុខ និងទ័ពឆ្វេងស្ដាំ ក៏លើកចេញទៅ។ ព្រះបាទបរមបពិត្រ ព្រះអង្គក៏ទ្រង់គ្រឿង សីហរាជរណយុទ្ធ (រណ​ + យុទ្ធ = សង្គ្រាម)។ ឡើងគង់ព្រះទីនាំងគជេន្ទ្រលើកចេញទៅតាមផ្លូវពោធិសាត បាត់តំបង ណោសារិកា ស្រះកែវ ស្ទឹងបាគ្រង។ កងទ័ពទាំងនោះ និងទ័ពប៉ែកខាងឆ្វេងស្ដាំ បំបែកគ្នា វាយដែនសៀម រៀងទៅដល់មឿងបស្ចឹម "មឿងប្រាជិមសព្វថ្ងៃនេះ" មានជ័យជំនះឈ្នះសត្រូវ ចាប់បានចៅហ្វាយស្រុក និង ក្រមការសៀមជាច្រើន ហើយកៀរគ្រួសៀមបានជាង មួយពាន់ប្លាយនាក់ ទើបបោះទ័ព ឈប់ចាំទ័ពហ្លួងមកដល់ នឹងលើកចូលទៅក្រុងទេពមហានគរ។ លុះកងត័ពហ្លួងមកដល់ហើយ ទ័ពមុខខ្មែរ ក៏នាំឈ្លើយ ចៅហ្វាយស្រុក និង ពួកក្រមការសៀម ឡើងក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រ ស្ដេចមានព្រះតម្រាស់ត្រាស់ សួរពីកិច្ចការរាជការស្រុកសៀម តាមសព្វប្រការ។ សៀមក្រាបបង្គំទូលថា : " សូមព្រះរាជទានទោស កាលដើមឡើយ ប្រទេសសៀមមានកើតកោលាហល បះបោរជាខ្លាំងណាស់មែន តែឥឡូវនេះ ឃុនពិរេន្ត្រទេព និង មុខមន្ត្រីចាប់ពញាវរវង្សា និង នាងជាយា ស៊ីសុដាចាន់ប្រហារជីវិតទៅហើយ ហើយលើករាជ្យថ្វាយព្រះរាជា ឲ្យទ្រង់ឡើងសោយរាជ្យ ថ្វាយព្រះនាមជា ព្រះចៅចក្រពត្តិ ក្រុងទេពមហានគរ។ ឥឡូវនេះ ក្រុងស្រីអយុធ្យា ក៏បានរៀបរយដូចដើមវិញហើយ"។ ព្រះបាទបរមនាថបរមបពិត្រ (ស្ដេចខ្មែរ) ទ្រង់ជ្រាបហើយ ទ្រង់ពុំអស់ព្រះរាជហឫទ័យ ទើបចាត់បម្រើសេះ ឲ្យចូលទៅស៊ើបការណ៍ ក្នុងក្រុងទេពទៀត ហើយឲ្យកងទ័ពនោះ និងទ័ពឆ្វេងស្ដាំលើកសង្កត់កៀរគ្រួសៀមបានជាង បួនពាន់ប្លាយនាក់ទៀត។ ទ្រង់ឲ្យកងទ័ពហ្លួង ឈប់សម្រាក ក្នុងមឿងបស្ចិមនោះ។ សេចក្ដីបន្ថែម - ព្រះរាជពង្សាវតារភាគ៣ ដែលតម្កល់ទុក នៅព្រះរាជបណ្ណាល័យលេខ គ៥៣-៣ មានសេចក្ដីលើសពីពង្សាវតារ វត្តកំពង់ត្រឡាចដូច្នេះ : សេនាទាហាន ដែលព្រះស្រីរាជាទ្រង់ចាត់ឲ្យទៅស៊ើបការណ៍ ក្នុងស្រីអយុធ្យានោះ ស៊ើបបានដឹងសេចក្ដីហើយ ត្រឡប់មកក្រាបបង្គំទូលថា : ពីថ្ងៃមុន ឃុនពិរេន្ទ្រទេព ១ ឃុនព្រះឥន្ទទេព ១ ម៉ឺនរាជស្នេហា ១ លួងស៊ីយ៉ត ផ្ទះនៅភូមិឡានតាកហ្វា ១ ទាំងបួននាក់នេះ បានសម្លាប់ ពញាវរវង្សា និង មាតាស៊ីសុដាចាន់ ដែលក្បត់ព្រះយ៉តហ្វានោះទៅហើយ ហើយឥឡូវនេះឈ្មោះទាំង៤នាក់នេះ បានលើក ព្រះធានរាជា ជាព្រះវង្សឲ្យសោយរាជសម្បត្តិ ទ្រង់ព្រះនាម ព្រះមហាចក្រពត្រាធិរាជរួចហើយទៅទៀតផង។ សម្ដេចព្រះស្រីរាជា ទ្រង់ព្រះតម្រាស់ថា : យើងលើកទ័ពមកជិតក្រុងសៀមហើយ ត្រូវយើងលើកទៅច្បាំងឲ្យដឹងថ្វីដៃសិន។ ចំណែក ឯសម្ដេចចៅហ្វាទឡ្ហៈ មេទ័ពជើងទឹក ដែលបោះទ័ពនៅស្រុករយ៉ងវិញ លោកបានច្បាំងនឹងទ័ពសៀម សម្លាប់ចៅហ្វាយស្រុក និងក្រមការសៀមស្លាប់ ក្នុងសង្គ្រាមអស់ទាំងអស់ រាស្ត្រខ្មែរក្នុងស្រុកនោះ ចុះចូលសម្ដេចទាំងអស់។ សម្ដេចចៅហ្វាទឡ្ហៈ វាយបានស្រុកចន្ទបូរី ហើយសម្លាប់ពញាថៃណាម (គឺចៅហ្វាយដែលជាមេទ័ពធំនៅទីនោះ) បានទៀត។ សម្ដេចកៀរគ្រួសៀម ប្រមូលទុកក្នុងកងទ័ពជាច្រើន រួចបោះទ័ពនៅស្រុកនោះ ទើបធ្វើសំបុត្រទូលតបថា : សុំតាំងទ័ពរក្សាខេត្តចន្ទបូរី ខេត្តរយ៉ង ឲ្យមាំមួនសិន ព្រោះបានវាយទ័ពសៀមថយចេញអស់ហើយ។ ថាបើនឹងចោលខេត្តទាំងនោះទៅ នាំឲ្យស្ដាយ។ ទ្រង់ព្រះរាជតម្រិះដូចម្ដេច តាមសព្វព្រះរាជហឫទ័យ។ សម្ដេចព្រះស្រីរាជា ទ្រង់ព្រះរាជបញ្ជាមុខក្រសួងឲ្យធ្វើព្រះរាជឱង្ការប្រាប់ទៅសម្ដេចចៅហ្វាទឡ្ហៈវិញថា : ឲ្យបោះទ័ពរក្សាខេត្តទាំងនោះកុំបីប្រហែសចុះ តែឲ្យស្ដាប់ដំណឹង ខាងទ័ពហ្លួង ដែលនឹងចូលទៅវាយ ក្រុងសៀមផង។ បើឮដំណឹងថា មានជ័យជំនះ ឲ្យអ្នកចៅហ្វាចម្លងសេនាទាហាន ចូលចោមនគរខាងទិសទក្សិណ។ មួយទៀតអោយស៊ើបការណ៍ ក្នុងខេត្តទាំងនោះ ហើយក្រាបទូលទៅវិញឲ្យរឿយៗផង រួចហើយ សម្ដេចព្រះស្រីរាជា ស្ដេចប្រគល់ព្រះរាជឱង្ការឲ្យបម្រើនាំទៅឲ្យ សម្ដេចចៅហ្វាវិញ។ ក្រោយពីនោះមក ស្ដេចលើកទ័ពពីស្រុកបស្ចិម ចូលទៅវាយក្រុងសៀម។ ស្ដេចច្បាំងឈ្នះតាមផ្លូវ រហូតដល់ចោមព្រះនគរសៀម។ ប៉ុន្តែ ពេលនោះ ទ័ពខ្មែរគ្មានកាំភ្លើងធំសោះ។ ខាងសៀមវិញវាមានកាំភ្លើងធំច្រើន វាបាញ់ពីក្នុងបន្ទាយវាមក ទ័ពខ្មែរនឹងចូលជិតពុំបាន។ ស្ដេចថយទ័ព មកបោះចម្ងាយ២០០សិន ពីវាំងស្ដេចសៀម ខណៈនោះ អ្នកឧកញ៉ាចក្រីប៉ែន នាំសេនាទាហាន ៥០០នាក់ ចូលជិតកំផែងសៀម។ សៀមបាញ់មកត្រូវ ឧកញ៉ាចក្រីប៉ែន មរណៈក្នុងសង្គ្រាម។ សម្ដេច ព្រះស្រីរាជា ទ្រង់ជ្រាបហើយ ស្ដេចប្រឹក្សានឹងនាយកកកងនាយទ័ពថា : យើងវាយនគរសៀមជាន់នេះ ឃើញថាមិនបែកទេ ដូច្នេះ ស្ដេចឲ្យថយទ័ពមក នៅខេត្តបស្ចិមវិញ។ ទ័ពខាងសៀមឃើញហើយ ពុំហ៊ានលើកទ័ពតាមទេ។ ព្រះចៅពិរោរាជា ជាព្រះចៅនៅក្រុងហង្សាវតី ទ្រង់ជ្រាបថា : ក្រុងទេពបុរីស្រីអយុធ្យា កើតកោលាហលដូច្នេះ ទ្រង់ក៏កេណ្ឌរេហ៍ពលបាន ៣ម៉ឺននាក់ព្រមដោយគ្រឿងសស្ត្រាវុធ សេះដំរី ហើយលើកចូលមកដល់ ដែនក្រុងទេពបូរីទៀត។ ប៉ុន្តែ កាលទ្រង់បានជ្រាបថា : ព្រះចៅក្រុងកម្ពុជា លើកទ័ពចូលមកវាយក្រុងទេពបូរីដែរ មានរេហ៍ពលដល់ទៅ ១២ម៉ឺននាក់ ហើយកៀរគ្រួសៀមក៏បានច្រើន ដូច្នេះហើយព្រះអង្គក៏លើកទ័ពភូមា ចូលទៅក្រុងហង្សាវតីវិញទៅ។ នេះនឹងនិយាយពី ក្រុងកម្ពុជាចតុម្មុខវិញ។ ក្រោយពីព្រះបាទសេរីរាជាបរមបពិត្រជាអម្ចាស់ស្ដេចលើកទ័ពទៅវាយក្រុងសៀមនោះ មានបូព៌និមិត្តថា ព្រះខាន់ឡើងច្រែះ ព្រះជ្រៃរេចស្លឹក។ ព្រះស្រីសុរិយោទ័យ ព្រះរាជបុត្រ ព្រះនរាយណ៍រាជា "ព្រះជេដ្ឋាដែលសុគតទៅ" ត្រូវជាព្រះភាគិនេយ្យោ ព្រះបាទសេរីរាជានោះ ស្ដេចកើតព្រះទ័យលោភចេតនា ចង់បានរាជសម្បត្តិ។ ស្ដេចគិតក្បត់ដណ្ដើមរាជ្យ។ ស្ដេចថយដោះព្រះអង្គ ចេញអំពីក្រុងចតុម្មុខ ទៅសង្កត់រាស្ត្រត្រើយខាងកើត ឲ្យចុះចូលព្រះអង្គអស់ហើយ ទើបទ្រង់ហើយអស់នាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកត្រួតត្រាខេត្តទាំងនោះឲ្យមាំមួន។ ស្ដេចកេណ្ឌទ័ព លើកទៅសង្កត់ខាងត្រើយកំពង់សៀម ស្ទឹងត្រងបាយណ៍ជើងព្រៃ និងត្រើយខាងជើងបានជាច្រើន។ ព្រះធម្មរាជា ជាព្រះរាជអនុជ របស់ព្រះបាទស្រីរាជា កាលបានទ្រង់ជ្រាបថា : ព្រះស្រីសុរិយោទ័យ បះសង្កត់បានខេត្តជាច្រើន ដូច្នេះហើយ ព្រះអង្គពុំទុកព្រះទ័យឡើយ ទើបព្រះអង្គចាត់មុខមន្ត្រីខាងព្រះអង្គ ឲ្យចេញទៅឈរខេត្តទាំងឡាយ តាំងពីខេត្តសំរោងទង រហូតដល់ខេត្តទឹកខ្មៅ (នៅដែនកូសាំងស៊ីនសព្វថ្ងៃនេះ) ទល់នឹងសមុទ្រ។ ខាងកោះស្លាកែត ក៏ស្ដេចឲ្យមានចៅហ្វាយស្រុកឈរគ្រប់ខេត្ត រហូតដល់ ពាមមីថ ព្រៃនគរ លង់ហោផ្សារដែកគ្រប់ ដ្បិតចៅហ្វាយស្រុកក្នុងងារគ្រប់ខេត្តទាំងនោះ បានចូលទៅក្នុងក្បួនទ័ព ជាប់ដង្ហែព្រះបរមបពិត្រ ព្រះបាទស្រីរាជា អស់ទៅហើយ សល់នៅឡើយតែក្រមការ នៅរក្សាខេត្តស្រុក ពុំបានមាំមួន។ លុះទ្រង់ចាត់ឲ្យរក្សាខេត្តមាំមួនហើយ ទ្រង់មានព្រះបន្ទូល ប្រើមន្ត្រីឲ្យទៅក្រាបទូល សម្ដេចព្រះជេដ្ឋាធិរាជ (គឺព្រះបាទស្រីរាជា) ឲ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះស្រីរាជាធិរាជ កាលក្រុងកម្ពុជា កើតកលលីយុគនោះ ស្ដេចបញ្ឈប់នៅ មឿងបស្ចិមបុរី ស្ដេចគង់លើព្រះពន្លាជ័យជាសុខ។ ក្នុងរាត្រីមួយនោះ ស្ដេចផ្ទំស្កល់ យល់សុបិននិមិត្តថា : សម្ដេចព្រះនរាយណ៍រាជា ជាព្រះជេដ្ឋា ដែលស្ដេចសុគតទៅនោះ បានយកព្រះខាន់មកកាប់ព្រះអង្គជា ៣កំណាត់។ ទ្រង់ភ័យណាស់ ទ្រង់តើនឡើងហើយ ក៏មានព្រះរាជបន្ទូលឲ្យហៅហោរមកទំនាយថ្វាយ ហោរាខ្លះទាយថា ព្រះអង្គនឹងមានព្រះតេជៈឈ្នះមារសត្រូវជាមិនខាន ខ្លះព្យាករណ៍ថាព្រះអង្គនឹងមានវិវាទនឹងព្រះរាជវង្សអង្គណាជាមិនខាន។ សម្ដេចព្រះស្រីរាជាធិរាជ ទ្រង់ជ្រាបតាមព្យាករណ៍ផ្សេងៗ ទាំងសងខាងទៅ ទ្រង់ព្រួយព្រះរាជហឫទ័យណាស់។ ក្រោយនោះមក ៥ថ្ងៃ បម្រើសេះពីខេត្តពោធិសាត់ ដែលព្រះធម្មរាជា ស្ដេចចាត់ទៅនោះ បានចូលទៅដល់បច្ឆិមបុរី ហើយយកសេចក្ដីក្រាបបង្គំទូលថា : ព្រះសុរិយោទ័យជាព្រះភាគិនេយ្យោ ទ្រង់កើតព្រះទ័យក្បត់ សង្កត់បានខេត្តជាច្រើនហើយ។ ឥឡូវនេះ ស្ដេចលើកទ័ព តាមមកស្កាត់ផ្លូវចាំវាយម្ចាស់ផែនដីនៅខេត្តជើងព្រៃ។ ព្រះបរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ត្រាស់បង្គាប់ ឲ្យនាយកង នាយទ័ពកៀរឈ្លើយសៀមហើយស្រូតរូត លើកត្រឡប់ ចូលមកដល់ក្រុងកម្ពុជាធិបតីវិញ។ លុះមកដល់ស្រុកបាត់ដំបង ចម្លងពលស្រេចហើយ ស្ដេចឲ្យចៅពញា មនោចក្រី ជាចៅហ្វាយស្រុកបាត់ដំបង កេណ្ឌពលស្រុកខាងលិចចំនួន៥០០០នាក់ លើកទៅតាំងរាំងទ័ពសៀម នៅស្រុកនាងរោង។ រួចហើយស្ដេចលើកហួសមកដល់ខេត្តពោធិសាត់ ប្រទះនឹងមន្ត្រី នាំព្រះរាជបន្ទូល ព្រះធម្មរាជា ជាព្រះអនុជ ឲ្យចូលទៅថ្វាយនោះ។ ទ្រង់ទតព្រះនេត្រ មានសេចក្ដីថា : (ក្មួយស្រីសុរិយោទ័យ ចេញក្បត់សង្កត់បានរាស្ត្រ ស្រុកត្រើយខាងកើត ខាងជើងអស់ហើយ នៅឡើយតែព្រះរាជវាំង និង ខេត្តខាងត្បូង ខាងលិច)។ ទូលព្រះបង្គំបានចាត់មន្ត្រី ឲ្យចេញទៅត្រួតត្រា ខេត្តដែលសល់នេះមាំមួនហើយ។ សូមទ្រង់ ព្រះជេដ្ឋា ព្រួយព្រះរាជហឫទ័យឡើយ។ សូមអញ្ជើញព្រះករុណាពិសេស លើកទ័ពឆ្លងទៅត្រើយកំពង់សៀម ហើយវាយប្រសប់ ខ្ទប់ពីខាងជើងមក គង់មានជ័យជំនះជាមិនខាន។ ព្រះបាទ សម្ដេចព្រះស្រីរាជាធិរាជ បានទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ស្ដេចពេញព្រះទ័យណាស់ នឹងព្រះតម្រាស់របស់ព្រះអនុជ។ ស្ដេចត្រាស់ថា : បើស្រេចការសង្គ្រាមម្ដងនេះកាលណាយើងនឹងលើកប្អូនធម្មរាជ ជាព្រះមហាឧបរាជ ឲ្យគួរនឹងគុណបំណាច់ ជាពុំខាន។</> លុះត្រាស់ស្រេចហើយ ស្ដេចឲ្យទុកគ្រួសៀម នៅខេត្តពោធិសាត់។ ស្ដេចកេណ្ឌរាស្ត្រពោធិសាត់ជាកងបញ្ជូនស្បៀង ហើយលើកទ័ពហ្លួងមកដល់ខេត្ត អម្រាគគីរិន្តបូរ "ខែត្របរិបូណ៌សព្វថ្ងៃនេះ" ស្ដេចឲ្យចម្លងពលទៅត្រើយខាងកើត ស្ដេចគង់ព្រះទីនាំងនាវាឆ្លងទៅជាក្រោយ ទ្រង់ចាត់ទ័ពមុខក្រោយ ឆ្វេងស្ដាំ ហើយលើកចេញទៅ។ ក្នុងខែផល្គុន ឆ្នាំ កុរបញ្ចស័ក ព្រះបាទ អ្នកជាអម្ចាស់ផែនដី ស្ដេចប្រទះទ័ព ព្រះសុរិយោទ័យហើយបានច្បាំងចាក់កាប់សម្លាប់គ្នាជាច្រើនក្ដារ។ ព្រះសុរិយោទ័យទ្រង់ឃើញថា កងទ័ពខាងជើង (គឺទ័ពព្រះស្រីរាជា) មានកម្លាំងខ្លាំងណាស់ ព្រះអង្គនឹងទ្រាំទ្រពុំបាន ទើបទ្រង់ចម្លងទ័ពមកខែត្របាសានវិញ។ ព្រះស្រីរាជាធិរាជ ស្ដេចបានជ័យជំនះលើទ័ពស្រីសុរិយោទ័យហើយ ស្ដេចលើកដេញវាយយកស្រុកត្រើយខាងជើងវិញទាំងអស់។ កាលនោះ មានបុព្វនិមិត្តថា មានផ្កាយដុះកន្ទុយ នៅទិសបូព៌ កន្ទុយនោះចាក់ទៅទិសទក្សិណវែងប្រមាណជាង ១៥ព្យាម។ ព្រះបាទសម្ដេច ព្រះស្រីរាជា កាលបានជ័យជំនះហើយ ស្ដេចក៏បានឲ្យចៅពញាយមរាជជាសេនាបតី លើកទ័ពឆ្លងទន្លេ ទៅបោះទ័ពនៅភូមិឆ្លូង មហាសៀតជាច្រើន។ ឯព្រះស្រីសុរិយោទ័យ កាលទ្រង់ជ្រាបដូច្នោះហើយ ក៏កេណ្ឌកងទ័ពធំលើកទ័ពជើងទឹក ជើងគោកទៅចោមសេនាបតីនោះជាច្រើនក្ដារច្រើនគ្រា ហើយជ័យជំនះបានទៅលើព្រះស្រីសុរិយោទ័យ។ ព្រះសុរិយោទ័យ លើកទ័ពដេញ ចាក់កាប់សម្លាប់កងទ័ពសេនាបតី បែកខ្ចាត់ខ្ចាយអស់។ សេនាបតីរត់ឆ្លងទៅទូល ព្រះបាទសម្ដេចព្រះស្រីរាជា។ ព្រះស្រីរាជាទ្រង់ជ្រាបហើយទ្រង់ខ្ញាល់ណាស់ ត្រាស់បង្គាប់ចៅពញាក្រឡាហោមជាមេកង ឲ្យលើកទ័ពទៅច្បាំងទៀតជាច្រើនគ្រា តែនៅតែបរាជ័យ ហើយថយទ័ពត្រឡប់ឆ្លងមកវិញអស់។ កងទ័ព ព្រះបាទសម្ដេចស្រីរាជា ដែលជាអ្នកត្រើយខាងកើត កាលបានឮថា ព្រះសុរិយោទ័យស្ដេចឲ្យធ្វើទោសគ្រប់គ្រួ របស់ពលណាដែលចូលក្នុងទ័ព ព្រះបាទសម្ដេចព្រះស្រីរាជានោះ ក៏នាំគ្នាឆ្លងទន្លេ រត់ទៅរកបុត្រភរិយាវិញអស់។ ព្រះបាទសម្ដេចព្រះស្រីរាជា កាលបើឃើញការមិនស្រួលយ៉ាងនេះហើយ ទ្រង់ក៏យល់ថា រេហ៍ពលកាន់តែស្ដួចអស់ជាច្រើនទៅហើយ នឹងធ្វើសឹកទៅទៀតក៏មិនបានហើយរដូវនេះក៏ជិតវស្សានរដូវ ត្រូវភ្លៀងធ្លាក់ជាច្រើនទៀតផង ទើបទ្រង់ត្រាស់ឲ្យមន្ត្រី និងកងទ័ពនៅរក្សា ខេត្តកំពង់សៀម ជើងព្រៃស្ទឹងត្រង ត្រើយខាងជើង ហើយស្ដេចនឹងត្រឡប់មកក្រុងចតុម្មុខវិញ គិតថានឹងមកកេណ្ឌកងទ័ពធ្វើសង្គ្រាមទៀត។ ព្រះអង្គទ្រង់ព្រះចិន្តាតែម៉្លោះហើយ ព្រះបាទសម្ដេចស្រីរាជា ស្ដេចថយទ័ពហ្លួង ឆ្លងមកត្រើយខាងលិចហើយទ្រង់តាំងប្រថាប់ នៅព្រះពន្លាក្នុងបន្ទាយខេត្តអម្រាគគិរិន្តបូណ៌ក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០០៨-គ.ស. ១៤៦៥-ម.ស. ១៣៨៧-ច.ស. ៨២៧ (ឆ្នាំ និងសករាជដែលមានកត់ត្រា ក្នុងព្រះរាជពង្សាវតារ សាស្ត្រាស្លឹករឹតទាំងឡាយតាំងពីរាជ្យព្រះបាទអង្គជ័យ ឬ ព្រះបាទត្រសក់ផ្អែម រហូតមកដល់ទីនេះ មិនសូវត្រូវគ្នាសោះ គឺថាសាស្ត្រាខ្លះគេដាក់លឿនទៅមុខ ខ្លះទៀតបង្ខិតបែរមកក្រោយ ខុសគ្នា ១០ឆ្នាំ ក៏មាន២០ ឬ៣០ឆ្នាំក៏មាន។ ក៏ក្នុងទីនេះ យើងខ្ញុំមិនហ៊ានកែប្រែឆ្នាំ និងសករាជទាំងនោះឲ្យមូលគ្នាតែមួយទេខ្លាចក្រែងខុស យើងខ្ញុំសូមទុកឆ្នាំ និង សករាជនោះ ក្នុងសៀវភៅនេះ ឲ្យដូចសាស្ត្រាវត្តកំពង់ត្រឡាចក្រោមសិនចុះក្រែងនាអនាគតទៅគណៈកម្មការខាងប្រវត្តិវិជ្ជា នឹងសម្រេចអំពីកាលបរិច្ឆេទនេះយ៉ាងណា ក៏សូមលោកអ្នកអានមេត្តាយកតាមនោះចុះ .. ។) នេះនឹងស្រដី ពីស្រីធម្មរាជា ដែលត្រូវជាព្រះអនុជ នៃព្រះបាទសម្ដេចព្រះស្រីរាជាវិញ។ ព្រះធម្មរាជា ដែលទ្រង់នៅរក្សា ព្រះនគរចតុម្មុខ ស្រុកភ្នំពេញនោះ ព្រះអង្គព្រះតម្រិះយល់ថា៖ សង្គ្រាមម្ដងនេះ មុខជាយឺតយូរ ពុំបានជាងាយឡើយ។ អំណើះតទៅមុខ មុខជាមានមនុស្សញុះញង់ សម្ដេចព្រះជេដ្ឋាធិរាជ ឲ្យទ្រង់ព្រះក្រោធពីការអ្វីៗ នឹងព្រះអង្គពុំខានឡើយ។ ដូច្នេះ គួរតែព្រះអង្គពឹងខ្លួនព្រះអង្គវិញ ទើបជា។ ទ្រង់ព្រះចិន្តាតែម៉្លោះហើយ ព្រះអង្គចេញគង់ចុងព្រះរោងរម ជួបជុំមន្ត្រីខាងព្រះអង្គ។ ទើបទ្រង់ត្រាស់ប្រឹក្សា ដូចព្រះចិន្តានោះ។ ខណៈនោះ មន្ត្រីតូច-ធំ ខ្ញុំរាជការទាំងពួងក្រាបទូលថា : "ទូលព្រះបង្គន់ជាខ្ញុំគ្រប់គ្នា គិតតែនឹងនាំសេចក្ដីក្រាបបង្គំទូលយ៉ាងនេះ មកជាយូរហើយ។ ចំពោះកិច្ចការ ដែលទ្រង់ព្រះករុណាពិសេស ត្រាស់ប្រឹក្សានេះ ទូលព្រះបង្គំជាខ្ញុំពេញចិត្តគ្រប់ៗគ្នា។ ថាបើមានសង្គ្រាមមក ទូលព្រះបង្គំទាំងឡាយ នឹងប្រុងប្រៀបធ្វើការឲ្យអស់ពីចិត្ត"។ ព្រះធម្មរាជា ព្រះអង្គទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ពីខែត្រត្រើយខាងលិច និង ត្រើយខាងត្បូង។ លុះទ័ពមកមូលហើយ ព្រះអង្គក៏តែងព្រះបន្ទូលឲ្យមន្ត្រី ខាងហ្លួងនាំព្រះរាជទ្រព្យ និងព្រះរាជទេពីនារីស្រីព្រះស្នំ ក្រុមបរិស័ទ គ្រួសារទៅថ្វាយព្រះបាទសម្ដេច ព្រះស្រីរាជា។ មន្ត្រីក៏ថ្វាយបង្គំនាំទៅ តាមត្រាស់បង្គាប់។ ព្រះធម្មរាជា លុះមន្ត្រីរាជទូត នាំគ្រប់គ្រួ និង ព្រះរាជទ្រព្យ ចេញផុតទៅ ទ្រង់ក៏ត្រាស់ប្រើមន្ត្រីបណ្ដាជាខ្ញុំខាងព្រះអង្គ ឲ្យលើកទ័ពទៅបោះនៅឧដុង្គមួយអន្លើ, ឲ្យទៅវាយទ័ពជើងគោក នៅមាត់ទន្លេ ចុងស្ទឹងក្រាំងពន្លៃមួយអន្លើ, ឲ្យរាំងទ័ពជើងទឹក នៅខ្សាច់កណ្ដាលមួយអន្លើ, ឲ្យរាំងទ័ពត្រើយទិសខាងកើត ខាងជើងនៅល្វាឯមមួយអន្លើ, ឲ្យរាំងទ័ពត្រើយខាងកើត និង ទិសខាងត្បូងមួយអន្លើ ហើយចាត់កងទ័ពតូចៗ ច្រើនកង ឲ្យចេញទៅត្រួតត្រារក្សាគ្រប់ខែត្រ កុំឲ្យកងទ័ពខាងកើត ខាងជើងផ្លែផ្លមចូលមកបាន។ ឯកងទ័ពព្រះនគរ ក៏តាំងហាត់សេនាទាហាន ប្រុងប្រៀប ដាវ កាំភ្លើងគ្រឿងសស្ត្រាវុធ ប្រមូលស្បៀងអាហារមិនឲ្យខ្វះខាត ទាំងព្រះជ័យមង្គល និង គ្រឿងបញ្ចចក្សត្រទាំងប៉ុន្មាននោះ ក៏គង់រក្សាទុកនៅនឹងព្រះអង្គ ពុំបានយកទៅថ្វាយ ព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះបរមជេដ្ឋាឡើយ។ ព្រះបាទ សម្ដេចព្រះសេរីរាជា ដែលស្ដេចឆ្លងមកគង់ខែត្រអម្រាគិរិន្តបូណ៌ (ខែត្របរិបូណ៌សព្វថ្ងៃនេះ) ទ្រង់យល់ព្រះបន្ទូល និង ព្រះរាជទ្រព្យ ព្រះរាជទេពីនារីស្នំ ក្រុមបរិពារ ទៅដល់ហើយ ហើយយំក្រាបទៀបព្រះបាទ ទាំងស្រីទាំងប្រុស ស្រដីរអាក់រអួលពន់ប្រមាណនោះ ព្រះបរមបពិត្រ ស្ដេចទ្រង់យល់អស់ហើយ។ ទ្រង់ពិភាល់ណាស់ ទ្រង់ទទួលព្រះបន្ទូលមកទត ទស្សនាសេចក្ដីថា ៖ "ព្រះធម្មរាជា ទូលព្រះបង្គំជាខ្ញុំ។ សូមក្រាបបង្គំទូលមក សម្ដេចព្រះបរមរនាថជេដ្ឋា សូមទ្រង់ជ្រាប។ ដ្បិតទូលព្រះបង្គំជាខ្ញុំយល់ថា ទ្រង់ព្រះករុណាពិសេស នឿយព្រួយព្រះអង្គនឹងបង្ក្រាបសត្រូវយូរអង្វែងណាស់ ទូលព្រះបង្គំឲ្យនាំព្រះស្នំតូចធំ មកក្រាបទូលថ្វាយ សោះព្រួយព្រះទ័យគិត។ មួយទៀត ខេត្តទិសខាងជើងនោះ តែស្ដេចត្រឡប់ចូលទៅ ក្រុងចតុម្មុខវិញកាលណា ហើយឲ្យតែមុខមន្ត្រីនៅរក្សានោះ កាលណាឡើយមន្ត្រីទាំងនោះ នឹងទ្រទ្រាំ នឹងក្មួយព្រះសុរិយោទ័យបាន។ ថាបើស្ដេចយាងចូលទៅវេលា ព្រឹក ឬ ល្ងាច នឹងខូចការណ៍ពុំខានឡើយ។ អាស្រ័យហេតុនេះ សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះទ័យនឹងខេត្តត្រើយខាងត្បូងឲ្យសោះ។ មុខងារទូលព្រះបង្គំនឹងរក្សាថ្វាយ មិនឲ្យខូចការណ៍ទេ តែសូមកុំឲ្យបណ្ដាជាខ្ញុំ ទៅមកឡើយ។

គួរពុំគួរ ស្រេចហើយតែនៅទ្រង់ប្រោសប្រណី។

ព្រះបាទសម្ដេចព្រះស្រីរាជា បានទ្រង់ជ្រាបហើយ ទ្រង់ខ្ញាល់ណាស់ ទើបទ្រង់ឲ្យកេណ្ឌកងទ័ពនឹងលើកទៅវាយព្រះធម្មរាជា យកព្រះនគរវិញ ហើយសឹមត្រឡប់ទៅធ្វើទ័ពសង្គ្រាម ត្រើយខាងកើតតទៅទៀត។ ខណៈ នោះអស់មន្ត្រី យល់ព្រមក្រាបទូលថា : យើងធ្វើសឹកសង្គ្រាមនឹងត្រើយខាងកើតកំពុងជាប់ដៃ ពុំទាន់រៀបទាបនៅឡើយ បើយើងនឹងទៅវិវាទនឹងព្រះរាជអនុជ ត្រើយខាងលិចទៀត នោះទូលព្រះបង្គំយល់ឃើញថា យើងនឹងកើតជាសត្រូវពីរខាង។ តែបើព្រះអនុជ និង ព្រះភាគិនេយ្យោ ចូលគំនិតគ្នា ហើយព្រួតគ្នា លើកទ័ពមកវាយយើងកាលណា យើងនឹងពិបាករាតជាពីរផ្លូវមិនខាន។ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់មុខមន្ត្រី ទូលព្រមគ្នាដូច្នេះហើយ ស្ដេចយល់ឃើញថាត្រូវណាស់ ហើយទ្រង់ត្រាស់ឲ្យបញ្ឈប់កងទ័ព ទ្រង់ចាត់ឲ្យតែមន្ត្រីទៅឈរត្រួតត្រាខេត្ត ដែលនៅចំណុះព្រះអង្គទាំងប៉ុន្មាន តាំងពីខេត្តលង្វែក រលាប្អៀ អម្រាគគីរិន្តបូណ៌ ក្រគរ គ្រង ពោធិសាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រែក្ដី ស្ទោង ជីក្រែង រលួស សៀមរាប ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ រៀងទៅទល់នឹងដែនសៀម។ ខេត្តក្រៅពីនោះ ត្រើយខាងលិច បានទៅព្រះធម្មរាជាទាំងអស់។ នេះនឹងនិយាយ អំពីកងទ័ព ខាងក្រុងបាសានវិញ។ កងទ័ពទាំងនោះ មានចិត្តស្ម័គ្រស្មាគមនឹងព្រះស្រីសុរិយោទ័យ ពន់ប្រមាណណាស់ព្រោះចូលចិត្តថា : ព្រះស្រីសុរិយោទ័យនោះ ជាព្រះរាជបុត្រព្រះនរាយណ៍រាជា ជាចំហុតទៅហើយ ថារាជសម្បត្តិត្រូវតែបានមកព្រះស្រីសុរិយោទ័យ ពុំត្រូវបានទៅព្រះស្រីរាជាទេ។ កាលជំនុំគ្នាយល់ថា ដូច្នេះហើយ ពួកកងទ័ពទាំងអស់នោះ មានសង្ឃឹមថា : បើរាជសម្បត្តិនេះ បានមកព្រះស្រីសុរិយោទ័យមែន ខ្លួនរាល់គ្នាក៏នឹងបានជាអគ្គមហាសេនា សេនាបតី មន្ត្រីគ្រប់ក្រសួង តជាតិ តត្រកូលទីទៃៗមិនខាង ឡើយ។ ខណៈនោះ ទើបនាយកងនាយទ័ព មុខមន្ត្រី ដែលជំនុំព្រមគ្នាដូច្នេះហើយ ក៏អញ្ជើញព្រះស្រីសុរិយោទ័យ ឡើងសោយរាជសម្បត្តិផែនដីឡើង។


ព្រះធម្មរាជា ឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២០២២ - គ.ស. ១៤៧៨​ - ម.ស. ១៤០០-ច.ស. ៨៤០ ក្នុងជន្មាយុ២៦ឆ្នាំ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ។ ព្រះអង្គលើកព្រះវង្សក្សត្រីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិ។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជវង្សានុវង្ស ស្នំ រក្សាឲ្យមានយសស័ក្ដិ តាមថានានុរូប ដោយសមគួរ ទាំងប្រុសទាំងស្រី។ ក្នុងឆ្នាំនោះ មានអព្ភូតហេតុបង្កើតជាអស្ចារ្យណាស់ គឺកម្រើកផែនដីជាង ៥ ម៉ោង។
  ព្រះបាទសម្ដេច ព្រះស្រីរាជា ស្ដេចបានទ្រង់ជ្រាបថា : សម្ដេចព្រះធម្មរាជា ប្រែព្រះទ័យក្បត់ ឡើងសោយរាជ្យហើយ ស្ដេចខ្ញាល់ណាស់។ ស្ដេចត្រាស់ឲ្យលើកទ័ព ទៅវាយក្រុងភ្នំពេញ។ ប៉ុន្តែលុះទ្រង់ជ្រាបថា : សម្ដេចព្រះសុរិយោទ័យ ស្ដេចចាត់កងទ័ព ឲ្យទៅសង្កត់ខេត្តស្ទឹងត្រែង កំពង់សៀមហើយ ទើបទ្រង់ឲ្យឈប់ខាន លើកទ័ពទៅវាយស្រុកភ្នំពេញវិញ ហើយព្រះអង្គឲ្យលើកទ័ព ឡើងទៅខែត្រត្រើយខាងកើត ដើម្បីតាំងរក្សា ខែត្រស្ទឹងត្រែង កំពង់សៀម នឹងធ្វើសង្គ្រាមទល់នឹងព្រះស្រីសុរិយោទ័យវិញ។ ស្ដេចទាំងពីរព្រះអង្គ លើកច្បាំងគ្នាគ្រានោះជាច្រើនក្ដារ តែមិនចាញ់មិនឈ្នះសោះ។ លុះដល់ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀងធ្លាក់រឿយៗ ច្បាំងមិនកើត ទើបព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ស្ដេចថយទ័ពបញ្ឈប់ពលឲ្យធ្វើស្រែទាំងសងខាង។
  ផែនដីគ្រានោះបែកជា ៣ ភាគ ស្ដេចទាំង៣ព្រះអង្គពុំព្រមចំណុះគ្នាទៅវិញទៅមកសោះ។ ស្ដេចធ្វើសឹកសង្គ្រាមនឹងគ្នា គឺពីឆ្នាំវកអដ្ឋស័ក រៀងមកដល់ឆ្នាំម្សាញ់ បញ្ចស័ក ត្រូវជា១០ឆ្នាំ រេហ៍ពលរាស្ត្រប្រជា ស្លុតស្លាប់អស់ជាច្រើននាក់។ កងទ័ពទាំងសងខាងក៏ញញើតថ្វីដៃគ្នាទៅវិញទៅមកទើបស្ដេចឲ្យពញ្ឈប់សង្គ្រាម ទ្រង់នៅស្ងៀម រក្សាព្រះរាជអាណាខែត្ររបស់ព្រះអង្គ គ្រប់ព្រះអង្គ។
  ក្នុងឆ្នាំ កុរឯកស័ក ព.ស. ២០២៣ - គ.ស. ១៤៧៩ សម្ដេចព្រះមហេសី នៃ ព្រះបាទសម្ដេចព្រះធម្មរាជា ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះចៅពញាដំខាត់រាជា។ ស្ដេចគង់នៅជាសុខរៀងមក។
  ឯព្រះបាទសម្ដេចស្រីរាជានោះ អ្នកព្រះបរមចន្ទារពិសេសសម្ភព ព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមចៅ ពញាអុងរាជា ក្នុងឆ្នាំជូតទោស័ក។ លុះដល់ឆ្នាំ កុរឯកស័កក្រោយដែលបានធ្វើសង្គ្រាម ៣ឆ្នាំហើយនោះព្រះបាទសម្ដេចព្រះស្រីរាជា ស្ដេចត្រាស់បង្គាប់ឲ្យតទូក កេណ្ឌរេហ៍ពល ហ្វឹកហ្វឺនហាត់សេនាទាហានប្រុងប្រៀបស្បៀងអាហារ គ្រឿងសស្ត្រាវុធ នឹងលើកទ័ពទៅវាយសម្ដេចព្រះស្រីសុរិយោទ័យម្ដងទៀត។ លុះសូរេចហើយ ស្ដេចលើកយោធាទាហានឆ្លងទៅច្បាំងគ្នា ទាំងទ័ពទឹក ទ័ពគោកបោះបាញ់ ចាក់កាប់សម្លាប់គ្នា ជាច្រើនក្ដារ តែពុំទាន់ចាញ់ឈ្នះរាងចាលម្ខាងៗឡើយ។
  ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់ជ្រាបថា : ស្ដេចទាំងពីរព្រះអង្គ ទិសខាងកើតច្បាំងគ្នាទៀតហើយ ទើបទ្រង់ត្រាស់ឲ្យនាយកងទ័ព កេណ្ឌរេហ៍ពលលើកទៅត្រួតត្រា រក្សាព្រះរាជអាណាខេត្តកុំឲ្យកងទ័ពខាងកើត និង ខាងជើងចូលមកធ្វើវឹកវរក្នុងព្រះអាណាខេត្តព្រះអង្គបានឡើយ។
  ស្ដេចទាំងពីរព្រះអង្គ ត្រើយខាងកើត និង ខាងជើង ធ្វើសង្គ្រាមនឹងគ្នា ពីឆ្នាំវកអដ្ឋស័ករៀងមកដល់ឆ្នាំម្សាញ់បញ្ចស័ក ត្រូវជា ១០ឆ្នាំ អស់អាណាប្រជានុរាស្ត្រវិនាស ដោយច្បាំង និងដោយជម្ងឺដំកាត់ជាច្រើន។ ទើបព្រះបាទសម្ដេចធម្មរាជា ព្រះអង្គយល់ថា ប្រទេសកើតកោលាហលខ្លាំងណាស់សង្គ្រាមក៏រឹតតែខ្លាំងឡើង ចោរខ្មួញ ក៏កម្រើកថ្លើមធំ ប្លន់កាប់ចាក់សម្លាប់គ្នាគ្រប់ស្រុកគ្រប់ដំបន់។ ទ្រង់មានព្រះរាជហឫទ័យ ព្រះមហាករុណា អាណិតអាណាប្រជានុរាស្ត្រពន់ប្រមាណ ទើបទ្រង់តែងព្រះសុភអក្សរ ឲ្យព្រះតេជៈអញ្ជើញយកសុភអក្សរនោះចុះទូក ចេញទៅក្រុងទេពបូរីស្រីអយុធ្យា នៅឆ្នាំម្សាញ់បញ្ចស័ក ព.ស. ២០២៩-គ.ស. ១៤៨៥-ម.ស. ១៤០៧-ច.ស. ៨៤៧។ នោះបើគិតរាជសម្បត្តិ ព្រះមហាក្សត្រទាំង៣ព្រះអង្គ ឃើញថា ព្រះបាទសម្ដេចព្រះសេរីរាជាសោយរាជ្យបាន ២០ឆ្នាំ។ ស្ដេចលើកទ័ពទៅធ្វើសង្គ្រាមនឹងសៀម ហើយត្រឡប់មកវិញ ក្នុងឆ្នាំវកអដ្ឋស័កនេះ ស្ដេចធ្វើសង្គ្រាមនឹងព្រះបាទសម្ដេចព្រះស្រីសុរិយោទ័យ រៀងមកដល់ឆ្នាំម្សាញ់ សប្តស័កនេះ ១០ ឆ្នាំទៀតត្រូវជា៣០ឆ្នាំ។ ស្ដេចគង់នៅក្នុងខែត្រគោកសេះ (ខែត្របារាយ) និង ខែត្រកំពង់សៀម។
  ព្រះបាទស្រីសុរិយោទ័យ សោយរាជ្យពីឆ្នាំរកានពស័ក។ ស្ដេចធ្វើសង្គ្រាមនឹងព្រះបិតុលា (មាខាងឪពុក) រៀបមកដល់ឆ្នាំម្សាញ់សប្តស័ក នោះត្រូវជា ៥ឆ្នាំ ស្ដេចគង់នៅក្រុងបាសាន (គឺស្រុកស្រីសន្ធរទាំងឆ្វេង ទាំងស្ដាំ ទាំងកណ្ដាលសព្វថ្ងៃនេះ)។
  ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចសោយរាជ្យពីឆ្នាំ ចសំរឹទ្ធិស័ក រៀងមកដល់ឆ្នាំម្សាញ់សប្តស័កត្រូវជា ៨ឆ្នាំ ស្ដេចគង់នៅក្រុងចតុម្មុខ ព្រះអង្គឲ្យបោះទ័ពរាំងទប់តែប៉ុណ្ណោះ ពុំបានលើកទៅច្បាំងនឹងខាងណាៗឡើយ។
  នឹងថ្លែងអំពី ព្រះរាជតេជៈរាជទូត ដែលអញ្ជើញព្រះរាជសារនោះវិញ។ លុះទៅដល់ក្រុងទេពបូរីហើយ។ ព្រះរាជតេជៈរាជទូត ក៏ចូលទៅប្ដឹងសេនាបតី សេនាបតីក៏នាំឡើងក្រាបបង្គំគាល់ ថ្វាយព្រះរាជសារនោះ។ សម្ដេចព្រះចៅចក្រពត្តិឲ្យលាម (បកប្រែ) សារនោះ អាល័ក្សថ្វាយសេចក្ដី ដូចតទៅនេះថា :
  "ព្រះរាជសារព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស តម្រង់មហានគរ ក្រុងកម្ពុជាធិបតី សេរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី មន្ទីរលីលាមហាឋាន។
  សូមចំរើនផ្លូវព្រះរាជមេត្រី មកសម្ដេចព្រះមហាចក្រពត្តិ រាជវរឫទ្ធិ បរមិន្ទមហិន្ទរាជឫទ្ធីជីវិត រតនជាញជ័យ នៃ ព្រះចៅក្រុងទេពមហានគរ រាជធារាវតី ស្រីអយុធ្យា មហាតិលក (សៀមអានថា មហាតិឡុក) ពិភពនពរ័តន៍ រាជធានី ឧត្តមមហាឋាន។
 សូមទ្រង់ជ្រាប។
 ដ្បិតក្រុងកម្ពុជា កើតកោលហលក្ដៅក្រហាយ ដល់សមណជីព្រាហ្មណ៍ ទាំងព្រះពុទ្ធសាសនាក៏សៅហ្មង ព្រោះព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះជេដ្ឋា និង សម្ដេចព្រះស្រីសុរិយោទ័យ ជាព្រះភាគិនេយ្យោ នៃ យើងស្ដេចកើតវិវាទ ធ្វើសង្គ្រាម និងគ្នាជាយូរយារអង្វែងណាស់ហើយ។
  ដូច្នេះ សូមទ្រង់តម្រង់ផ្លូវព្រះរាជមេត្រី អញ្ជើញលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាម ក្រសត្រទាំងពីរព្រះអង្គឲ្យលះលែងបដិបក្សចេញ ដើម្បីឲ្យសមណជីព្រាហ្មណ៍ បណ្ដារាស្ត្រ នឹងបានសេចក្ដីសុខ ដោយព្រះចៅក្រុងសៀមជួយទំនុកបំរុង ព្រះពុទ្ធសាសនានឹងបានរុងរឿងតទៅ។ ព្រះនគរទាំងពីរ ទុកជាផែនដីមួយជាមួយគ្នា បើព្រះនគរខាងណា កើតសឹកសង្គ្រាម ព្រះនគរម្ខាងនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅក ទុកជាព្រះរៀម ព្រះអនុជ តាមព្រះរាជប្រវេណី។
  ឥឡូវនេះ យើងព្រះរៀម ឲ្យព្រះរាជតេជៈ ជារាជទូត និង ឧបទ្ទត និង ឧបទ្ទតនាំចានមាស ៤ ចានប្រាក់ ៤ កុយរមាស ៤ ភ្លុកដំរីយ៉ាងធំ ៤ ក្បាល សំពត់ហូល ៤០ សូត្រ ៤ហាប ជារាជបណ្ណាការ មកថ្វាយសម្ដេចព្រះអនុជជាធិរាជ ជាផ្លូវព្រះរាជមេត្រី សូមព្រះចៅទទួលសម្ពន្ធមិត្រ កុំបីឃ្លាត។

លុះអាល័ក្ស សូត្រសេចក្ដីព្រះរាជសារចប់ហើយ ព្រះចៅចក្រពត្តិ ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់សួរថា : ព្រះរៀមនេះឬ ដែលមានព្រះមាតាជាសៀម ? (លោកអ្នកអានប្រហែលជានៅចាំបានថាព្រះមាតារបស់ព្រះស្រីធម្មរាជានោះនាមស៊ីសាងាមជាតិសៀមសុទ្ធ) ព្រះរាជតេជៈរាជទូត ក្រាបទូលថា ៖ សូមទ្រង់ព្រះមេត្តាប្រោស សេចក្ដីនេះ ដូចព្រះរាជតម្រាស់ហើយ។ ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ជាវង្សសៀម ជាមួយនឹងព្រះអង្គហើយ ព្រះអង្គទុកព្រះទ័យស្និទ្ធជាព្រះរៀម ទើបត្រាស់ឲ្យកេណ្ឌកងទ័ព ជើងទឹកទុកបម្រុងថ្វាយ។ លុះដល់ខែអស្សុជចេញវស្សា ស្ដេចត្រាស់បង្គាប់ឲ្យចៅពញាយោធានិករជាមេទ័ពជើងទឹក ឃុំពលពីរម៉ឺននាក់ (២០ ០០០នាក់) នាំព្រះរាជតេជៈរាជទូតខ្មែរ លើកចូលមកក្រុងកម្ពុជាធិបតីតាមផ្លូវកំពត ពាម បន្ទាយមាស។ "ព្រះរាជពង្សាវតារភាគ៣ ដែលដំកល់នៅព្រះរាជបណ្ណាល័យលេខ គ ៥៣-៣ មានសេចក្ដីដូច្នេះថែមទៀត " ស្ដេចសៀមឲ្យប្រែព្រះរាជសារថ្វាយ លុះទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ព្រះអំណរណាស់ ដោយមានគំនុំនឹងព្រះស្រីរាជា កាលមកវាយស្រុកសៀម កៀរគ្រួយកទៅជាច្រើន។ ទ្រង់មានបន្ទូលថា : យើងលើកទ័ពទៅគ្រានេះ នឹងយកគ្រួយើងមកវិញទាំងអស់។ លុះទ្រង់ព្រះរាជបញ្ជាសេនាបតីមន្ត្រី ឲ្យប្រមូលសេនាទាហានមក ជួបជុំរៀបជាក្បួនព្យូហៈស្រេច ស្ដេចចាត់ពញាយោធា ជាមេទ័ពជើងទឹក ឲ្យនាំពល៣០០០នាក់ ចុះទូកជាមួយនឹងព្រះរាជតេជៈរាជទូតខ្មែរចេញមកក្រុងកម្ពុជាធិបតី ទូលសម្ដេចព្រះធម្មរាជា សូមទ្រង់ជ្រាបជាមុន។ លុះដល់ថ្ងៃអាទិត្យ ៦ កើតខែបុស្ស ឆ្នាំម្សាញ់បញ្ចស័ក ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលាព្រឹកម៉ោង២ (ម៉ោងបុរាណ ត្រូវម៉ោង ៩កន្លះយើងសព្វថ្ងៃនេះ) ព្រះចៅចក្រពត្រាធិរាជស្ដេចទ្រង់គ្រឿងសង្គ្រាមយុទ្ធ ឡើងគង់ព្រះទីនាំងគជេន្ទ្រប្លាយមង្គលចក្រពត្តិ កំពស់ប្រាំហត្ថមួយចំអាម ទើបស្ដេចឲ្យចៅពញាមហាសេនា សមុហៈក្រឡាហោមជាមេទ័ព ចៅពញាចក្រី ឧកញ៉ាព្រះឃ្លាំងធិបតី ជាប៉ែកឆ្វេងប៉ែកស្ដាំ លើកទ័ពជើងគោក មកប្រទេសកម្ពុជាមហានគរ តាមផ្លូវបាត់ដំបង។ ឯព្រះរាជតេជៈ ជារាជទូត កាលនាំទ័ពជើងទឹក តាមផ្លូវកំពត រហូតមកដល់ភ្នំពេញហើយ អ្នកក៏ចូលក្រាបថ្វាយបង្គំគាល់ ទូកតាមសេចក្ដី ដែលព្រះចៅចក្រពត្តិ យកព្រះទ័យទុកដាក់ លើកទ័ពមកនោះគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់បានជ្រាបហើយ ក៏ចាត់ស្បៀងលៀងកងទ័ពស្រេច ទើបស្ដេចឲ្យសេនាបតីតាំងព្យូហៈទ័ព និងលើកទៅប្រសប់ (គឺលើកទៅជួប)នឹងទ័ពសៀមខាងជើងគោក។ ខណៈនោះ ស្ដេចទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើងគង់ព្រះទីនាំងហត្ថី ចងគ្រឿងគជាហរណៈ បាំងនូវព្រះបរមស្វេតច្ឆ័ត្រឆើតឆាយ ដោយនូវអភិរមសែនត្វាន ទង់ជ័យប្រពៃរន្ទាល ច្រាលឆ្អៅគ្រប់កងគជសារ អស្សាពាជី យោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅ ព្រះលានជ័យ។ លុះបានពិជ័យឫក្សល្អហើយ ហោរាក៏គោះគងទូងស្គរ អ្នកមុខអ្នកការ ក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីយ៍ ភ្លែភ្លៀវលេងស្គរជ័យ ល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅឧត្តរទិស។ ស្ដេចព្រះរាជដំណើរទៅដល់ខែត្រអម្រាគគីរិន្តបូណ៌ (ស្រុកបរិបូណ៌សព្វថ្ងៃនេះ) ស្ដេចបញ្ឈប់កងទ័ព ធ្វើទីប្រថាប់សម្រាប់ក្រសត្រជាពីរឋាន។ តទៅនេះសេចក្ដីក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោម ព្រះចៅចក្រពត្តិ ស្ដេចលើកយោធាសៀម តាមផ្លូវបាត់ដំបង ពោធិសាត់ ក្រុងខ្លុង ចូលមកដល់ខែត្រអម្រាគគីរិន្តបូរណ៌ ជួបនឹងសម្ដេចព្រះធម្មរាជាស្ដេចសៀមទទួលព្រះអង្គដោយផ្លូវ ព្រះរាជមេត្រីយ៉ាងធំ សមនឹងព្រះសិរីយស ព្រះមហាក្សត្ររួមមហាស្វេតច្ឆ័ត្រ។ លំដាប់នោះ ទ្រង់ព្រះតម្រិះពីការសង្គ្រាមស្រេចហើយ ស្ដេចទាំងពីរព្រះអង្គ ទុកព្រះទ័យសោមនស្ស គ្មានរង្គាសទាំងសងខាង។ ស្ដេចធម្មរាជាសម្ដេចត្រាស់ហៅព្រះចៅចក្រពត្តិថា ព្រះអនុជ ខាងព្រះចៅត្រាស់ហៅមកវិញថា ព្រះរៀម។ លុះណាត់ការសង្គ្រាមស្រេច ស្ដេចទាំងពីរព្រះអង្គ ក៏លើកទ័ពខ្មែរទ័ពសៀម ឆ្លងទៅត្រើយខាងកើត ចោមបន្ទាយសម្ដេចព្រះស្រីរាជា។ សម្ដេចសិរីរាជា ក្នុងគ្រានោះ កំពុងគង់ប្រថាប់ នៅខែត្រកំពង់សៀម។ លុះព្រះអង្គស្ដេចបានជ្រាបហើយថា សម្ដេចព្រះអនុជាធិរាជ ឲ្យនៅអន្ទងទ័ពសៀមមកច្បាំងនឹងព្រះអង្គដូច្នេះ ស្ដេចក៏មានព្រះតម្រាស់ប្រឹក្សានឹងអស់សេនាបតី មន្ត្រីជាមេកងទ័ពធំតូចថា : ឥឡូវនេះ មានកងទ័ពសៀមខ្មែរលើកមកថែមទៀត ដូច្នេះអស់អ្នករាល់គ្នាយល់ដូចម្ដេច ខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ តាមគំនិតរបស់ទូលព្រះបង្គំជាខ្ញុំនោះ ទូលព្រះបង្គំយល់ថា យើងនឹងតនឹងគេពុំបានទេ ដ្បិតយើងធ្វើទ័ពមកជិត ១០ឆ្នាំហើយ ពលទាហានកំពុងនឿយហត់ ស្បៀងអាហារសស្ត្រាវុធ ក៏ស្ដួចស្ដើង។ ចំណែកខាងគេវិញ រេហ៍ពលគេក៏ថ្មោងថ្មី ស្បៀងអាហារសស្ត្រាវុធគេ ក៏បរិបូណ៌។ មិនតែប៉ុណ្ណោះសោត ថែមទាំងសម្ដេចព្រះអនុជ ស្ដេចចូលនឹងគេថែមទៀតផង ដែលជាហេតុឲ្យគេកើត ទៅជាពីរកម្លាំង។ យើងមុខជាតតាំងច្បាំងពុំឈ្នះគេឡើយ។ ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា : យើងនឹងស្ដីធ្វើអ្វីឲ្យតែវែង ពួកសៀមនោះ វាធ្លាប់តែចាញ់ថ្វីដៃយើងទេ។ ខាងទ័ពខ្មែរខាងលិច (គឺទ័ពព្រះស្រីធម្មរាជា) ក៏សុទ្ធតែថ្មីៗ ពុំដែលចូលច្បាំងសោះ ហេតុដូច្នេះ សូមស្ដេចជាអម្ចាស់ ស្ដេចកុំព្រួយព្រះទ័យឡើយ។ យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នា ទទួលអាសា ធ្វើការថ្វាយ ត្រាតែអស់ជីវិតរៀងៗខ្លួន។ សម្ដេចព្រះស្រីរាជា បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទ្រង់ព្រះចិន្ដាឈ្វេងយល់ថា : វិស័យជាជាតិទាហាន ចិត្តមនោមានះ មិនដឹងកម្លាំងគេកម្លាំងឯងជាធម្មតា។ យើងនឹងស្ដាប់ណាស់ផង ក៏ពុំបាន ទើបទ្រង់ត្រាស់ថា : "អស់អ្នករាល់គ្នា យកចិត្តឈឺឆ្អាល ជួយយករាជអាសាយើងនោះ យើងអរណាស់ហើយ តែការណ៍ម្ដងនេះធ្ងន់ណាស់។ យើងឃើញថា បើយើងតនឹងគេនោះ មុខជាតពុំបានឡើយ យើងមុខជាស្លាប់មិនខាន។ រាស្ត្រប្រជា សេនា ទាហាន រេហ៍ពលគ្មានប្រយោជន៍អ្វីនឹងតស៊ូជាមួយនឹងគេបានទេ។ យើងគួរចុះចូលគេទៅវិញ ជាជាង ព្រោះអាណិតអស់រាស្ត្រប្រជា"។ មានព្រះបន្ទូលរួច ស្ដេចត្រាស់ប្រើ ឧកញ៉ាយមរាជ ១ ឧកញ៉ាវាំង ១ ឲ្យទៅទូលសម្ដេចព្រះធម្មរាជាថា : ព្រះអង្គនឹងលើកលែងសង្គ្រាមយុទ្ធ ដែលបានធ្វើនោះតទៅទៀតហើយ។ សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទើបស្ដេចទាំងពីរព្រះអង្គ ត្រាស់បង្គាប់ឧកញ៉ាទាំងពីរនាក់ ឲ្យទៅអញ្ជើញ ស្ដេចមកជុំទាំង៣ព្រះអង្គ នៅថ្ងៃ ៣កើតខែមាឃ ឆ្នាំម្សាញ់សប្តស័ក។ ខណៈនោះ ឧកញ៉ាទាំងពីរនាក់ កាលបានឮដូច្នោះហើយ ក៏ត្រេកអរណាស់ ត្រឡប់ទៅក្រាបទូលព្រះសិរីរាជា តាមសេចក្ដីគ្រប់ប្រការ។ អស់មុខមន្ត្រីទាំង ៣កង កាលបានដឹងការណ៍ថា ៖ ក្សត្រទាំង៣ព្រះអង្គជាមេត្រីស្មោះសរត្រេកអរនឹងគ្នា ដោយស្មោះស្ម័គ្រដូច្នោះ ក៏ចាត់ចែងពលទាំងកង ឆ្លងទៅសង់ព្រះពន្លាជ័យ នៅរោងទង (សូមអភ័យទោសចុះស្រុកនេះ យើងខ្ញុំមិនស្គាល់ទេ យើងបានស៊ើបសួរអ្នកស្រុកកំពង់ចាមដែរ តែមិនប្រទះនឹងអ្នកស្គាល់សោះ។ ប្រហែលជាគេសរសេរមុនឲ្យឃ្លៀងឃ្លាតឆ្ងាយពេក ឬប្រការយ៉ាងណាក៏មិនដឹង)។ លុះដល់កំណត់គ្រប់ថ្ងៃ ១០ រោច ខែមាឃហើយ ព្រះពន្លាក៏បានសង់រួចស្រេច សម្ដេចព្រះស្រីរាជា សម្ដេចព្រះធម្មរាជា ព្រះចៅចក្រពត្តិ ស្ដេចយាងដោយក្បួនហែយ៉ាងធំ ទៅជួបជុំ ព្រមដោយសេនាបតី មុខមន្ត្រីចតុស្ដម្ភ ខ្ញុំរាជការតូចធំ បង្គំគាល់ជាយសបរិវារ ពុំកាន់គ្រឿងអាវុធឡើយ។ ព្រះមហាក្សត្រាធិរាជទាំង៣ ព្រះអង្គក៏ទទួលបញ្ឈប់ការសង្គ្រាម តាមព្រះទ័យព្រះអនុជ។ ទើបព្រះចៅចក្រពត្តិ ទូលសម្ដេចព្រះសិរីរាជា : ខ្ញុំជាអនុជលើកទ័ពមកទាំងនោះ ព្រោះព្រះរៀម និង ព្រះភាគិនេយ្យោ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសម្រេច។ ដូច្នេះ សូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យ ជួយព្រះពុទ្ធសាសនា បំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅជាសុខក្សេមក្សាន្ត។ ខ្ញុំសុំអញ្ជើញ ស្ដេចទៅគង់ក្រុងទេពជាមួយគ្នានឹងខ្ញុំជាព្រះអនុជទៅវិញ សោះរវល់។ ឯពញាអុងជាក្មួយនោះ (ព្រះរាជបុត្រព្រះស្រីរាជា) ខ្ញុំសុំជាបុត្រធម៌ នឹងទំនុកបម្រុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ។ ឯមុខមន្ត្រីបណ្ដាជាខ្ញុំ នឹងចង់ទៅតាមប៉ុន្មានៗ ក៏ទៅតាមស្ម័គ្រចិត្តចុះ។ លុះត្រាស់ប្រាប់រាជការស្រេចហើយស្ដេចត្រឡប់ចូលព្រះពន្លាជ័យវិញ។ នាយកងទ័ពសៀម ដែលបានទទួលណាត់ កិច្ចការទាហាននោះ ក៏ឃុំសម្ដេចព្រះស្រីរាជា ពញាអុងរាជា និង ខ្ញុំរាជការក្នុងក្រៅ ទុកហើយ ទើបឲ្យរាជទូតទៅអញ្ជើញ សម្ដេចព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើត ដើម្បីឲ្យស្ដេចមកនឹងរៀបចំ ឲ្យបានសុខសាន្ត តាមប្រវេណីរៀងទៅ។ សម្ដេចព្រះស្រីសុរិយោទ័យ ទ្រង់បានជ្រាបថា : សៀមចាប់សម្ដេចព្រះបិតុលាបានហើយ ទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់ទៅមុខមន្ត្រីថា : ព្រះធម្មរាជានេះជាមាយើងមែន តែព្រះជន្មវស្សាតិចជាងយើងទេ បើដូច្នេះ គង់តែព្រះចៅរៀបចំ ឲ្យយើងជាទ្រង់រាជ្យ ជាមិនខាន។ បើមិនដូច្នោះទេ ព្រះចៅ គង់នឹងបែងផែនដីជាពីរ ចែកស្មើគ្នាពុំខាន។ បើដូច្នេះ គួរតែយើងចូលទៅស្ដាប់ការណ៍មើលសិន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ស្ដេចឲ្យលើកកងទ័ព ឆ្លងទៅខែត្រសំរោងទង ចូលដល់ទៅ បានជួបនឹងសម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ នៅទីព្រះពន្លាក្រៅបន្ទាយ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទ្រង់ត្រាស់នឹងព្រះស្រីសុរិយោទ័យថា ៖ "សម្ដេចព្រះស្រីរាជា និងព្រះអង្គ ជាគូសង្គ្រាមនឹងគ្នា ឥឡូវនេះ យើងនឹងឲ្យតែមួយព្រះអង្គនៅ យកតែមួយព្រះអង្គស្ដេចទៅនេះ ជាអយុត្តិធម៌ណាស់ ហេតុដូច្នេះ សូមអញ្ជើញព្រះក្មួយ ទៅក្រុងទេព ជាមួយនឹងបិតុលាចុះ"។ ព្រះចៅចក្រពត្តិ ត្រាស់ចប់តែប៉ុណ្ណោះហើយ ក៏ឲ្យទាហានអញ្ជើញ ព្រះស្រីសុរិយោទ័យ ចូលក្នុងបន្ទាយ។ កងទ័ពទាំងឡើយ ដែលហែហមព្រះអង្គមក នឹងចូលទៅតាមផងពុំបាន ព្រោះទាហានសៀម ដែលកាន់គ្រឿងអាវុធគ្រប់គ្នានោះ ឃាត់មិនឲ្យចូល។ ដូច្នេះ ទាហានរបស់ព្រះស្រីសុរិយោទ័យ ក៏ថយមកចាំស្ដាប់ការណ៍នៅខាងក្រៅ។ លុះបានដឹងថា : សៀមឃុំព្រះអង្គ នឹងយកស្ដេចទៅស្រុកសៀមហើយ ក៏ទាល់គំនិត ភិតភ័យ ហើយរត់ត្រឡប់ទៅស្រុកវិញអស់។ ព្រះបាទសម្ដេចព្រះធម្មរាជា និងព្រះចៅចក្រពត្តិ ស្ដេចលើកទ័ព នាំក្សត្រទាំងពីរព្រះអង្គ ព្រះរាជដំណើរ ត្រឡប់ទៅដល់ខែត្រលង្វែក រួចហើយព្រះចៅចក្រពត្តិ ស្ដេចថ្វាយបង្គំលា សម្ដេចព្រះធម្មរាជា លើកទ័ពទៅក្រុងទេពបូរីវិញ។ ព្រះបាទសម្ដេច ព្រះធម្មរាជា ស្ដេចចាត់រាជបណ្ណាការ និង ស្បៀង តាមសមគួរដោយផ្លូវព្រះរាជមេត្រី។ ស្ដេចថ្វាយមកុដមាស យ៉ាងខេមរាប្រទេសមួយ សង្វារមាសបីខ្សែ ព្រះសុព័ណ៌បាទមាសមួយសម្រាប់ ស្វេតច្ឆ័ត្រមួយ ព្រះខាន់ដងខ្លីដងមាសស្រោមមាសមួយ ប្រាក់បីហាប ដំរីមានភ្លុក៦ក្បាល សេះ២០០ សូត្រ១០ហាប ក្របាស់៥ហាប សំពត់ហូល៣០០ ព្រែកសូត្រ១០០ត្បូង រង្គ៣ហាប ថ្មកែវ២០០ដុំ និង គ្រួសៀម ដែលសម្ដេចព្រះស្រីរាជា បានកៀរយកមកមុននោះ លើកថ្វាយទៅវិញទាំងអស់។ ខណៈនោះ ព្រះចៅចក្រពត្តិ ថ្វាយស្នងវិញគឺ មកុដមាសយ៉ាងស្យាមប្រទេសមួយអង្គ ព្រះពានមាសមួយ ទំរង់ព្រះហស្ថ ឆ្លាក់ជារូបគ្រុឌមួយ ព្រះមាលាមួយ ព្រះពានមាសទំរង់ព្រះកាញ្ចនការមួយ (ជើងពានទ្រគ្រឿងទ្រង់ធ្វើពីមាសសុទ្ធ) ព្រះពានទ្រព្រះសុភ័គ (អក្ខរាវិរុទ្ធនៃពាក្យនេះមិនឃើញមាន) ឆ្លាក់ជារូបទេពប្រណម្យមួយ ព្រះសែង (ដាវ) ស្រោមមាស ដងមាសមួយ ស្វេតច្ឆ័ត្រមួយ ព្រះវិកាញ្ចនការ (ថាស) មួយព្រះវិកាញ្ចនវាំងណយ ៥ អង្គ សឹងប៉ាក់មាស ទេសស្រុកជ្វា គ្រឿងព្រះទីនាំង គជេន្ទ្រយុទ្ធពីរសម្រាប់ ស្គរយោងទ័ពមុខមួយគូរ គ្រឿងពិណពាទ្យពីរវង់ ដំរីភ្លុក១០០ គ្រឿងលួង "ប្រអប់ដាក់ថ្នាំជក់ មួយសម្រាប់។ លុះព្រះរាជបណ្ណាការ (ខ្មែរបូរាណយកនាម ធ្វើជាកិរិយាសព្ទសេចក្ដីត្រង់នេះបានន័យថាថ្វាយព្រះរាជបណ្ណាការ) រួចស្រេចហើយ ព្រះចៅចក្រពត្តិក៏ស្ដេចលើកកងទ័ពសៀម ត្រឡប់មកវិញ តាមពោធិសាត់ បាត់ដំបងរៀងទៅ។ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុកស្ដេចត្រាញ់ (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ ហ៊ូពាន់ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញាតេជោចៅហ្វាយស្រុកកំពង់ស្វាយ១ ពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រ ពោធិសាត់១ ពញាស្រីធម្មាតេជោចៅហ្វាយស្រុកខែត្របាភ្នំ១ ពញាពិស្ណុលោកចៅហ្វាយស្រុកខែត្រទ្រាំង១ ពញាអរជូនចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ១)។ ទាំង៤ និងចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។ ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ព ទៅតាមផ្លូវពោធិសាត់ បាត់ដំបងមង្គលបូរី ឫស្សីសាញ់ បាត្រង់។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ៣ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័ពណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធជាទម្ងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការរោគ ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើពញាអុងនិងព្រះចៅចក្រពត្តិហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំដំកល់សពស្រេចស្ដេចលើក ពញាអុង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះសទ្ធានរាជាទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន១៥ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទម្ងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះមេរុ ថ្វាយព្រះភ្លើងរើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាអុង "ព្រះសុទ្ធានរាជា"ឲ្យទៅគ្រងស្រុកសុវណ្ណខាកលោក។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះជាយា និងព្រះស្នំក្រមការផងទាំងពួង។ នេះនឹងនិយាយពីប្រទេសកម្ពុជាវិញ ព្រះបាទសម្ដេចព្រះស្រីធម្មរាជា បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបង្ក្រាបរាជសង្គ្រាមនូវសឹកសត្រូវរាបទាបហើយ ស្ដេចទ្រង់ទំនុកបម្រុង ព្រះពុទ្ធសាសនាបានរុងរឿងថ្កើងថ្កាន។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់អស់មុខមន្ត្រី ឲ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ សមណៈជីព្រាហ្មណ៍ ទាំងអាណាប្រជានុរាស្ត្រ ឲ្យបានសុខក្សេមក្សាន្ត។ ទ្រង់មានព្រះទ័យ ប្រកាន់ទសពិធរាជធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់សាលាឆទាន។ ទ្រង់លើកលែង យកពន្ធរាជការខ្លួន និង ពន្ធព្រះរាជធានី ៣ ឆ្នាំ។ ព្រះអង្គឲ្យព្រះរាជឱរសាធិរាជ (កូនប្រុស) សូត្ររៀនធម៌អាថ៌ សាស្ត្រាបាលីគ្រប់ប្រការ។ កាលព្រះបាទស្រីធម្មរាជា ស្ដេចចេញបង្ក្រាបកលិយុគ.PNG ឆ្នាំមមីអដ្ឋស័ក ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះរាជឱរស (គឺព្រះស្រីសុគន្ធរថ) បានរៀនព្រះត្រៃបិតក ចាំចប់គ្មានទើសទាល់។ ខណៈនោះ ព្រះបរមបពិត្រជាព្រះបិតា ស្ដេចទ្រង់ឆ្លងព្រះរាជកុសល និមន្តព្រះសង្ឃទេសនា បរិច្ចាគព្រះរាជទ្រព្យ ធ្វើទេយ្យទានច្រើនណាស់។ ទ្រង់សម្ដែងព្រះធម្មចក្រ ប្រទានជាសណ្ដាប់ ដល់សេវកាមាត្យទាំងឡាយ រាល់ថ្ងៃឧបោសថ ពុំដែលដាច់។ ស្ដេចតាំងព្រះរាជហឫទ័យ ប្រាថ្នាជាពុទ្ធភូមិទៅអនាគត។ ឆ្នាំរោង អដ្ឋស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះអង្គសោយរាជ្យបាន ១៩ឆ្នាំ ព្រះមែយ្យ (ពាក្យសៀម ពាក្យសម្រាប់ហៅព្រះអគ្គមហេសី ឬ ស្នំឯក) ទេពបុប្ផាជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលាចន្ទ្រគ្រាស ដូច្នេះ ក្រុមបារគូ បុរោហិត ហោរាចារ្យ ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ព្រះចន្ទរាជា ស្ដេចបានជំទាវវារ (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយាចៅពញាយមរាជ ពិភ័ក្ដិរក្សាព្រះអង្គទំនុកបម្រុងជាសុខរៀងមក។ សម្ដេចព្រះធម្មរាជា អម្ចាស់ផែនដី តាមព្រះទ័យ ដែលស្ដេចតាំងប្រាថ្នាជាព្រះពុទ្ធភូមិទៅអនាគត ទ្រង់ប្រជុំសម្ដេចព្រះសុគន្ធាធិបតី ជារាជាគណៈ មុខមន្ត្រី កវីជាតិមកជួបជុំហើយមានព្រះរាជឱង្ការថា: ព្រះបរមសារីរិកធាតុ នៃ ព្រះពុទ្ធជាអម្ចាស់ ដែលព្រះបាទស្រីធម្មាសោករាជ និង ព្រះមោគ្គល្លីបុត្តតិស្សត្ថេរ ធ្វើបុណ្យសង្គាយនាសាងព្រះវិហារចេតីយ ៨៤០០០នោះ ប្រាថ្នាឲ្យព្រះពុទ្ធសាសនា គង់វង្សនៅគ្រប់ ៥០០០ ព្រះវស្សា។ លោកបានចែក ព្រះបរមសារីរិកធាតុនោះ នៅទីភ្នំសន្ទុក ទុកជាសក្ការៈបូជា ឲ្យបានគ្រប់គ្រាន់ ៥០០០ព្រះវស្សា តើព្រះករុណាគ្រប់ព្រះអង្គ និង ព្រះបរមរាជវង្សានុវង្ស ព្រះអគ្គ មហាសេនា សេនាបតី មន្ត្រីធំតូច ខ្ញុំរាជការទាំងឡាយ យល់ដូចម្ដេច? ខណៈនោះ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជា ជារាជគណៈ និង ព្រះវង្សា សេនាបតី មន្ត្រីទាំងឡាយ ថ្វាយព្រះពរក្រាបទូលថា ៖ ព្រះបាទ អ្នកជាអម្ចាស់ ដែលមានព្រះរាជហឫទ័យ ភ្នកប្រាថ្នាចង់បានបុព្វនិស្ស័យជាពុទ្ធភូមិហើយមានប្រាថ្នា កសាងព្រះចេតិយនេះ ឃើញថាសមគួរតាមព្រះរាជឱង្ការណាស់។ លំដាប់តពីនោះមក ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ដល់ខ្ញុំរាជការគ្រប់ក្រសួង ឲ្យចេញទៅកេណ្ឌរាស្ត្រធ្វើការនោះ តាមត្រាស់បង្គាប់។ ក្រោយបម្រើចេញទៅកេណ្ឌរាស្ត្រ ឲ្យធ្វើការនោះមក ព្រះបរមបពិត្រ ស្ដេចនាំរាជសេវកាមាត្យក្នុងក្រៅព្រះរាជដំណើរ ទៅខេត្តអាសន្ទុក ហើយទ្រង់ចាប់ការស្ថាបនា (ពាក្យនេះមានតាំងពីបូរាណកាលមក) កជាព្រះចេតិយនៅតំបន់ភូមិខ្វាវនេះ។ អស់មុខមន្ត្រីមេការទាំងឡាយ កេណ្ឌកូនជាងសាងព្រះមហាស្តូបព្រះចេតិយធំ និង ចេតិយតូចៗ ជាបរិវារ រចនាដោយថ្ម តកំផែងខ្វាត់ខ្វែង ឲ្យជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារ មានត្រីសូល៍កំពូលប្រាំ។ តាមកំផែង និងព្រះលានព្រះអារាមនោះ សឹងឆ្លាក់ឆ្លោវជាភាពមនុស្ស គ្រុឌនាគ សត្វមហឹង្សា គោក្របី និង ក្បាច់ភ្ញីផ្កា វល្លិ រចនាថ្លៃថ្លាប្រពៃ ហើយសាងព្រះពុទ្ធរូបបន្ទុំ និង សណ្ឋិតជាច្រើនអង្គ មានសីមា និង របៀងរោងទង ក្លោងទ្វារកំពូលមុខព្រហ្ម សុទ្ធសឹងឆ្លាក់ឆ្លោវដោយថ្ម កកំផែងខ្វាត់ខ្វែង ជុំវិញសឹងថ្មបាយអ ថ្មគ្រាម ក្រាលថ្មល្អិត ហើយមានរូបសិង្ហតោរាជសីហ៍ ដំរីយក្ស ដាក់គ្រប់ទ្វារ។ ព្រះអង្គឲ្យជីកស្រះរៀបថ្មក្នុងទីនោះទៀត។ ក្នុងព្រះចេតិយធំនោះ ព្រះអង្គ ដំកល់ព្រះបរមសារីរិកធាតុ រៀបថ្មជាទីបរិមណ្ឌល។ ទ្រង់ឲ្យធ្វើប្រាសាទទង់ដែងដំកល់លើមន្ទីរ ក្នុងប្រាសាទនោះ មានស្តូបដល់បីជាន់ស្តូបជាន់ក្រៅរចនាពីប្រាក់ ស្តូបជាន់បន្ទាប់ធ្វើពីទង់ហ៊្វា ស្តូបជាន់ក្នុងរចនាពីមាស ប្រដាប់ដោយត្បូង។ ក្នុងនោះ ព្រះអង្គបានរោយរាយ ខ្លឹមចន្ទន៍ក្រិស្នា និង គ្រឿងសុគន្ធពិដោរ ដំកល់ព្រះបរមសារីរិកធាតុស្រេចហើយ ស្ដេចត្រាស់បង្គាប់ឲ្យយកព្រះមកុដ ព្រះសង្វាមហារាជពាហុរតនៈ (គ្រឿងអលង្ការធ្វើដោយរតនវត្ថុ មានមាសជាដើម សម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃ ឬ ត្រង់ដើមដៃ) សម្រាប់ទ្រង់នោះ ទៅរចនាជាមហាស្វេតច្ឆ័ត្រ រាយឱភាសសោភា បូជាហើយ ស្ដេចរចនាឲ្យមានតំណាងរូប ព្រះអរហន្តគាល់ជាបរិវារ រចនាសុទ្ធតែពីមាសប្រាក់។ ទ្រង់យកព្រះ ពានព្រះស្រី (ជើងពានសម្រាប់ដាក់ស្លាបារីថ្វាយព្រះរាជា) កុណ្ឌី ព្រះទំរង់ ព្រះពានរង ព្រះពស្ត្រសុវណ្ណកាញ្ចីរេត ដោយមាសធ្វើសក្ការបូជា។ ចំណែក ព្រះអគ្គមហេសី នៅព្រះរាចវង្សានុវង្ស និង សេវកាមាត្យទាំងពួង ក៏ធ្វើសក្ការបូជាដោយទ្រព្យមានតម្លៃផ្សេងៗ សាងព្រះចេតិយ និងព្រះវិហារសីមានោះពីរឆ្នាំប្លាយ ទើបរួចស្រេច ទើបស្ដេច ឲ្យហែព្រះបរមសារីរិកធាតុ ពីព្រះមហានគរវត្ត មកធ្វើបុណ្យឆ្លង។ នាម៉ឺនសព្វមុខមន្ត្រីទាំងឡាយ ក៏រៀបក្បួនទៅដង្ហែ ព្រះបរមសារីរិកធាតុមកថ្វាយ តាមទ្រង់ព្រះរាជបញ្ជា ជាប្រញាប់។ ព្រះពុទ្ធសករាជ ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំថោះសប្តស័ក (ព្រះរាជពង្សាវតារ ព្រះរាជបណ្ណាល័យថា : ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំរោង អដ្ឋស័ក) ថ្ងៃ១១ កើត ខែ អាសាធ ទ្រង់ចាត់មុខក្រសួង ឲ្យរៀបពិធីបុណ្យឆ្លង ព្រះបរមសារីរិកធាតុ តម្កល់ក្នុងព្រះស្តូបមាសក្នុងព្រះចេតិយធំ។ ក្រោយនោះ ស្ដេចឲ្យហែព្រះបរមអដ្ឋិ ព្រះស្រីរាជា និង ព្រះអដ្ឋិព្រះស្រីសុរិយោទ័យ ព្រះអដ្ឋិ នៃ ព្រះមហាក្សត្រទាំងពីរព្រះអង្គនេះ។ តាមព្រះរាជពង្សាវតារ ដែលតម្កល់នៅព្រះរាជបណ្ណាល័យថា : ព្រះបាទស្រីធម្មរាជា ស្ដេចចាត់ព្រះរាជតេជៈ ឲ្យទៅសុំស្ដេចសៀម នាំយកមកធ្វើបុណ្យបូជាហើយ ដំកល់នៅភ្នំពេញ ពីថ្ងៃ១០ កើត ខែបុស្ស ឆ្នាំកុរត្រីស័ក ព.ស. ២០៣៥ - គ.ស. ១៤៩១ ពីព្រះបរមរាជាវាំងចតុម្មុខ មកបញ្ចុះក្នុងព្រះចេតិយបន្ទាប់ស្រេច រួចស្ដេចទ្រង់បព្វជ្ជា ជាភិក្ខុក្នុងព្រះពុទ្ធសាសនា។ ព្រះឧបជ្ឈាយ៍ ថ្វាយព្រះនាមក្នុងឆាយាថា : ព្រះគោណសាមីផលា ភីរមបរមវីរិយោធិក ពោធិសម្ភារ មហាបរិបាល ឥន្ទប្រស្ថ សំរឹទ្ធិ។ ស្ដេចគង់ក្នុងភេទ ជាភិក្ខុភាវៈ ៣ថ្ងៃហើយ ទ្រង់លាចាកសិក្ខាបទ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទាន បណ្ដារាស្ត្រជាអនេកអនន្តពន់ពេក។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ ២១ ស្រែ២១ ខ្ញុំប្រុស២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១​នឹម រទេះក្របី២១នឹម សេះ២១ ដំរី២១ នូវគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឲ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សម្រាប់បោសច្រាសសំអាត។ ទ្រង់តាំងឲ្យមានមេពីរនាក់ជានាយត្រួតត្រារក្សា។ អាស្រ័យហេតុនេះហើយ បានជាមានពលព្រះស្រីរតនត្រ័យ តាំងពីនោះរៀងមក។ ស្ដេចទ្រង់ជ្រួចទឹកស្នោទក (ទក្សិណោទក គឺទឹកដែលចាក់ដោយដៃស្ដាំ) ហើយទ្រង់មានព្រះរាជតម្រាស់ថា : សូមទេពនិករ អមរមេឃ ឥន្ទព្រហ្មដែលមានទិព្វសោត ទិព្វចក្ខុ ជួយជាសាក្សី ពេជ្ជញាណ ដ្បិតខ្ញុំបានវេរដីស្រែ មនុស្សសត្វទាំងអស់នេះឧទ្ទិសថ្វាយ ព្រះបរមសារីរិកធាតុ និង ព្រះស្រីរតនត្រ័យ សូមព្រះពុទ្ធសាសនា ឋិតឋេរថីរកាល ដរាបដល់គ្រប់ ៥០០០ ព្រះវស្សា។ ព្រះស្រីធម្មរាជា ស្ដេចឲ្យឆ្លាក់រាជសករាជ នៅផែនថ្មទុកជាចារិក កុំឲ្យបាត់។ ទ្រង់ធ្វើបុណ្យឆ្លង៣ខែ ទើបស្រេចការព្រះរាជកុសល រួចស្ដេចព្រះរាជដំណើរ ត្រឡប់មកក្រុងចតុម្មុខភ្នំដូនពេញវិញ។ "សាស្ត្រា វត្តកំពង់ត្រឡាចក្រោម មានសេចក្ដីលើសពីឯកសារ ដទៃទៀតដូច្នេះថា : ព្រះស្រីធម្មរាជា មុននឹងលើក ព្យូហៈយាត្រាចូលទៅក្រុងចតុម្មុខនោះ ស្ដេចបានធ្វើព្រះរាជដំណើរ ទៅទតនគរពិជ័យ បាអា (ប្រហែលជា វត្តនគរនៅកំពង់ចាមទេដឹង)។ លុះដល់ហើយ ទ្រង់ប្រថាប់នៅក្នុងកំផែងប្រាសាទនោះ ទ្រង់ទតព្រះនេត្រសព្វគ្រប់ ទ្រង់សរសើរថា : ព្រះបាទអរត្តពល ពាលោ មានបុណ្យបារមី ពន់ប្រមាណណាស់ ស្ដេចសាងព្រះរាជវាំង គ្រាន់ជាទីមកក្រសាលម្ដងៗទេ តែស្ដេចធ្វើសុទ្ធតែពីថ្ម កទាំងកំផែង ស្រះស្រង់រងថ្លា មានទាំងទន្លេសម្រាប់ ព្រះស្នំក្រុមបរិពារ អុំទូកលេងសប្បាយ គប្បីតែស្ដេចប្រទេសរាជ ១០១ មកជាចំណុះមែន។ សម័យថ្ងៃមួយនោះ ព្រះអង្គរតនមាលី ព្រះរាជបុត្រី នៃ សម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹកទន្លេធំ ឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរ ទៅជាមួយដែរ។ ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទីកំពង់ចាម ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។ នេះនឹងនិយាយពី ក្រពើមួយនៅព្រែកឆ្លូង ថាក្រពើនោះ មានក្បាល ៥ហត្ថ សាហាវ ហានក្លាក្រឡាខ្លួនបាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅ លេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេក ឃើញព្រះរាជបុត្រី ព្រះនតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រី ចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំ ពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតម្រង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះវររាជមាតាបិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់កាំភ្លើងបង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់ច្បូក ធ្នូ ស្នា ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។ ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហ្មចូលទាក់ក្រពើនោះ លុះត្រាតែបាន យកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥អង្គ សំរឹទ្ធិ ៥អង្គ ទង់ហ៊្វា ៥អង្គ ទង់ដែង ៥អង្គ។ ព្រះអង្គឲ្យសាងចេតិយ តម្កល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះអថ័ន (មកពីពាក្យ សំស្ក្រឹត អថវ៌ន ប្រើជាឈ្មោះ មន្តអាគមពួកមួយសម្រាប់សូតសែកហៅ ឬ បណ្ដេញភូតបីសាចជាដើម និងពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ)ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធនឹងអស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១នាក់ ខ្ញុំស្រី២១នាក់ រទេះគោ២១នឹម រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចម្រើនដល់ព្រះរាជបុត្រី។ លុះសម្រេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ"។ លុះដល់ឆ្នាំ មមែឯកស័ក ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧកញ៉ាសួគ៌ាលោកចៅហ្វាយស្រុកខែត្រពោធិសាត់ ប្ដឹងចូលមកអ្នកឧកញ៉ាចក្រី សេនាបតី ឲ្យនាំសេចក្ដីក្រាបបង្គំទូល សូមទ្រង់ជ្រាប។ ដ្បិតភ្នាក់ងារក្លោងទាក់ដំរីភ្លុកសបានមួយ កំពស់បួនហត្ថប្លាយ សម្បុរឆ្នាំងថ្មី ប្រកបដោយគជលក្ខណៈបរិបូណ៌។ អ្នកឧកញ៉ាចក្រ ក៏នាំឡើងក្រាបបង្គំទូល តាមសេចក្ដីសំបុត្រគ្រប់ប្រការ ទើបទ្រង់ព្រះរាជបញ្ជាឲ្យនាំដំរីចូលមកថ្វាយ។ លុះស្ដេចចេញទតដំរី យល់បរិសុទ្ធប្រាកដមែន ទ្រង់សោមនស្ស សព្វព្រះទ័យក្រៃពេក។ ស្ដេចព្រះរាជទានរង្វាន់ហ្មដែលទាក់បាននោះ មាសមួយតឹងកូនដៃ ប្រាក់មួយតឹងកូនដៃ និង របស់ឯទៀតជាច្រើន។ ឯអ្នកដែលជួយទាក់នោះ ជាពលកម្លោះ ស្ដេចព្រះរាជទានដល់ពលទាំងនោះ តាមគួរទ្រង់ប្រោសមិនឲ្យត្រូវកំណែនរាជការអ្វីឡើយ។ ថ្ងៃក្រោយ ទ្រង់ចាត់មុខក្រសួងឲ្យរៀបពិធីមង្គល ព្រះរាជទាននាមដំរីសនោះថា ព្រះស្វេតមង្គលរាជហត្ថិពិជ័យឆទ្ទន្ត។ ទ្រង់ព្រះរាជទានគ្រឿងប្រដាប់សឹងមាស ទ្រង់ឲ្យធ្វើរោងប្រក់ស្បូវអំបែងបិទមាស សម្រាប់ទ្រង់ដំរីនោះ។ លុះដល់ឆ្នាំចចត្វាស័ក ព្រះស្វេតមង្គល រាជហត្ថី ឈឺយូរថ្ងៃហើយ ក៏ស្រុតទៅ "ស្រុតប្រែថាស្លាប់ ពាក្យនេះ សម្រាប់និយាយចំពោះតែដំរី"។ ថ្ងៃ ១០ កើត ខែពិសាខ ឆ្នាំចចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះបាទសម្ដេច ព្រះមហាធម្មរាជា ទ្រង់យាងទៅប្រពាត ភ្នំព្រះរាជទ្រព្យ ខេត្តសំរោងទង សេនាបតី មន្ត្រីខ្ញុំរាជការ គ្រប់ក្រុម ហែហមអមព្រះអង្គជាច្រើន ហើយទ្រង់ព្រះរាជបញ្ជាកេណ្ឌរាស្ត្រ ជីកស្រះនៅកៀនភ្នំ យកទឹកដាក់ជាទាន សាងព្រះរាជកុសល។ វេលាគ្រានោះ មានព្រះគ្រោះមួយបង្កើតជាព្រះរោគក្នុងព្រះអង្គ ទើបស្ដេចព្រះរាជដំណើរត្រឡប់មក ក្រុងដូនពេញវិញដោយព្រះរោគរឹតតែខ្លាំងឡើងៗ ឯស្រះដែលជីក ក៏ពុំទាន់ហើយ។ សម្ដេច ព្រះមហាធម្មរាជា ព្រះអង្គសោយរាជសម្បត្តិ កាលស្រុកកំពុងកើត ចលាចល បាន ៨ឆ្នាំ ស្ដេចប្រាប្ដាភិសេក បាន ១៩ឆ្នាំ រួមជា ២៧ឆ្នាំ ព្រះជន្ម៦៤ឆ្នាំ ទ្រង់ព្រះអាពាធ រឹតតែធ្ងន់ណាស់។ ទ្រង់ឲ្យនិមន្តព្រះរាជាគណៈមកចម្រើនព្រះពុទ្ធគុណ ធម្មគុណ សង្ឃគុណ ថ្វាយរាល់វេលា។ ថ្ងៃ ១០ រោច ខែជេស្ឋ ឆ្នាំជូត ឆស័ក ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់សោយព្រះទិវង្គតទៅ។ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពដំកល់ក្នុងព្រះកោដ្ឋស្រេច។ ទើបអញ្ជើញចោ ពញា ដាំខត្តិយ៍ ជាព្រះរាជបុត្រាច្បង ឲ្យឡើងសោយរាជសម្បត្តិតាមព្រះប្រវេណី។