ប្រាសាទបន្ទាយស្រី
បាសាទបន្ទាយស្រីគឺជា ប្រាង្គប្រាសាទមួយក្នុង ចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកពីតំបន់ជាច្រើន។ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ ប្រាសាទអង្គរវត្ត និង ប្រាសាទដទៃទៀត នៅក្នុងទឹកដីនៃ ខេត្តសៀមរាប តែងឆ្លៀតចំណាយពេល ធ្វើដំណើរក្នុងរយៈចម្ងាយដ៏ឆ្ងាយពីទីរួមខេត្ត ។ បាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទបន្ទាយស្រី ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១០ នាសម័យមហានគរ ក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវរ្ម័ន និង ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង4ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ បាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និង រស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវញវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើបៀ្របធៀបទៅ នឹងប្រាសាទដទៃ។ សព្វថៃ្ងប្រាសាទបន្ទាយស្រីគឺ មានភាពទាក់ទាញ ភ្ញៀវទេសចរបានច្រើនបន្ទាប់ពី ប្រាសាទអង្គរវត្ត ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិ-ឃុំ-ស្រុកបន្ទាយស្រី ខេត្តសៀមរាប និង មានចម្ងាយប្រមាណជា ៣២គីឡូម៉ែត្រ ពីទីរួមខេត្ត ។