ព្រះមហាក្សត្រនរោត្តមសីហមុនី
Appearance
ព្រះបាទបរមនាថនរោត្តមសីហមុនីគឺជា ព្រះមហាក្សត្របច្ចុប្បន្ននៃ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ប្រសូតនៅថ្ងៃទី១៤ ឧសភា ១៩៥៣នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ ទ្រង់គឺជាព្រះរាជបុត្រានៃ អតីតព្រះមហាក្សត្រព្រះករុណាព្រះមហាវិរក្សត្រព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ។ ទ្រង់ត្រូវបានជ្រើសតាំងដោយ ក្រុមប្រឹក្សារាជសម្បត្តិ និងត្រូវរាជាភិសេកជាព្រះមហាក្សត្រនៅថ្ងៃទី២៩ តុលា ២០០៤។
ព្រះបរមងារ
នៅមុនពេលឡើងគ្រងរាជសម្បត្តិព្រះអង្គមានព្រះបរមងារជា ស្តេចក្រុមឃុន។ ព្រះបរមងារជាព្រះមហាក្សត្រគឺព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជជីវប្រវត្តិ
- ១៩៥៩-១៩៦២ សិក្សានៅសាលាបឋមសិក្សានរោត្តម, វិទ្យាល័យដេកាតភ្នំពេញព្រះរាជាណាចក្រកម្ពុជា
- ១៩៦២-១៩៦៧ សិក្សានៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅ វិទ្យាល័យប្រាគ(ឆេកូស្លូវ៉ាគី)
- ១៩៦៧-១៩៧១ សិក្សាផ្នែកសិល្បៈរបាំតូរ្យតន្រ្តីល្ខោននៅ វិទ្យាស្ថានអភិរក្សជាតិប្រាគ
- ១៩៧០ មធ្យមសិក្សាប័ត្រនៅប្រាគ (និទ្ទេសល្អណាស់)
- ១៩៧១ ជ័យលាភីលេខ១ផ្នែករបាំមុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
- ១៩៧១-១៩៧៥ សិក្សានៅសាកលវិទ្យាល័យ, បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តីប្រាគ
- ១៩៧៥ បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តីប្រាគ
- ១៩៧៥ ព្រះរាជនិពន្ឋនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
- ១៩៧៥-១៩៧៦ ឧត្តមសិក្សាខាងផ្នែកភាពយន្តនៅ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
- ១៩៧៦-១៩៧៩ ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវររាជបិតានិងព្រះវររាជមាតានិងព្រះអនុជសម្តេចនរោត្តមនរិន្ទ្រៈពង្ស
- ១៩៧៩-១៩៨០ ព្រះលេខាផ្ទាល់ព្រះវររាជបិតាក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
- ១៩៨១-២០០០ សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅ វិទ្យាស្ថានអភិរក្សMARIUS PETIPA, GABRIEL FAURE និងW.A.MOZARTនៅទីក្រុងប៉ារីស
- ១៩៨៤-១៩៨៨ ប្រធានសមាគមរបាំខ្មែរនៅ ប្រទេសបារាំង និងជាអគ្គនាយកនិងជានាយកសិល្បៈនៃក្រុមរបាបាលេDEVA
- ១៩៨៨-១៩៩៣ អគ្គនាយក និងជានាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្តខេមរាភាពយន្ត។ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួន២រឿង៖សុបិន្ត និងធាតុទាំង៤
- ១៩៩២-១៩៩៣ ជ្រើសតាំងជាឯកច្ចន្ទជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំ អង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃកម្ពុជា
- ១៩៩៣-២០០៤ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
- ២០០៤ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
- ១ កុម្ភៈ ១៩៩៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា ស្តេចក្រុមឃុន
- ១៧ តុលា ២០០៣ ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
- ៣១ សីហា ២០០៤ ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះមុនីនាថ
- ១៤ តុលា ២០០៤ ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ចន្ទជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ភាសា
ក្រៅពីភាសាជាតិព្រះអង្គចេះ ភាសាបារាំង ភាសាឆេក និង ភាសាអង់គ្លេស។