ព្រះមហាក្សត្រនរោត្តមសីហមុនី
Appearance
ព្រះបាទបរមនាថនរោត្តមសីហមុនីគឺជាព្រះមហាក្សត្របច្ចុប្បន្ននៃព្រះរាជាណាចក្រកម្ពុជា។ទ្រង់ប្រសូតនៅថ្ងៃទី១៤ឧសភា១៩៥៣នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ទ្រង់គឺជាព្រះរាជបុត្រានៃអតីតព្រះមហាក្សត្រព្រះករុណាព្រះមហាវិរក្សត្រព្រះបាទនរោត្តមសីហនុព្រះវររាជបិតានិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ។ទ្រង់ត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិនិងត្រូវរាជាភិសេកជាព្រះមហាក្សត្រនៅថ្ងៃទី២៩តុលា២០០៤។
ព្រះបរមងារ
នៅមុនពេលឡើងគ្រងរាជសម្បត្តិព្រះអង្គមានព្រះបរមងារជាស្តេចក្រុមឃុន។ព្រះបរមងារជាព្រះមហាក្សត្រគឺព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជប្រវត្តិ
- ១៩៥៩-១៩៦២សិក្សានៅសាលាបឋមសិក្សានរោត្តម,វិទ្យាល័យដេកាតភ្នំពេញព្រះរាជាណាចក្រកម្ពុជា
- ១៩៦២-១៩៦៧សិក្សានៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅវិទ្យាល័យប្រាគ(ឆេកូស្លូវ៉ាគី)
- ១៩៦៧-១៩៧១សិក្សាផ្នែកសិល្បៈរបាំតូរ្យតន្រ្តីល្ខោននៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
- ១៩៧០មធ្យមសិក្សាប័ត្រនៅប្រាគ(និទ្ទេសល្អណាស់)
- ១៩៧១ជ័យលាភីលេខ១ផ្នែករបាំមុរាណនៅវិទ្យាស្ថានអភិរក្សជាតិប្រាគ
- ១៩៧១-១៩៧៥សិក្សានៅសាកលវិទ្យាល័យ,បណ្ឌិតសភាផ្នែកសិល្បៈតន្រ្តីប្រាគ
- ១៩៧៥បរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តីប្រាគ
- ១៩៧៥ព្រះរាជនិពន្ឋនិក្ខេបបទស្តីពីទស្សនៈនិងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
- ១៩៧៥-១៩៧៦ឧត្តមសិក្សាខាងផ្នែកភាពយន្តនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ
- ១៩៧៦-១៩៧៩ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហមជាមួយព្រះវររាជបិតានិងព្រះវររាជមាតានិងព្រះអនុជសម្តេចនរោត្តមនរិន្ទ្រៈពង្ស
- ១៩៧៩-១៩៨០ព្រះលេខាផ្ទាល់ព្រះវររាជបិតាក្្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន
- ១៩៨១-២០០០សាស្ត្រាចារ្យផ្នែករបាំបុរាណនិងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្សMARIUS PETIPA, GABRIEL FAURE និងW.A.MOZARTនៅទីក្រុងប៉ារីស
- ១៩៨៤-១៩៨៨ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំងនិងជាអគ្គនាយកនិងជានាយកសិល្បៈនៃក្រុមរបាបាលេDEVA
- ១៩៨៨-១៩៩៣អគ្គនាយកនិងជានាយកសិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្តខេមរាភាពយន្ត។ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួន២រឿង៖សុបិន្តនិងធាតុទាំង៤
- ១៩៩២-១៩៩៣ជ្រើសតាំងជាឯកច្ចន្ទជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិដោយក្រុមប្រឹក្សាជាន់ខ្ពស់នៃកម្ពុជា
- ១៩៩៣-២០០៤ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
- ២០០៤សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង
- ១កុម្ភៈ១៩៩៤ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជាស្តេចក្រុមឃុន
- ១៧តុលា២០០៣ព្រះមហាក្សត្រប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
- ៣១សីហា២០០៤ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជាសម្តេចព្រះមុនីនាថ
១៤តុលា២០០៤ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជារឯកច្ចន្ទជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា