Jump to content

ប្រវត្តិសាស្ត្រខ្មែរដំបូង

ពីវិគីភីឌា

បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានត្រូវបានគេកាន់កាប់រស់នៅលើកដំបូងនៅម.គ.សឆ្នាំ ៧០០០[] ក៏មានភាពសំខាន់ដែរ នោះគឺស្ថានីយ៍សំរោងសែនដែលបានតាំងនៅប្រហែល ម.គ.ស ២៣០ ដល់ ៥០០។ ពីឆ្នាំ ២០០០ ម.គ.ស និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំស្រូវ។ នៅឆ្នាំ ៦០០ ម.គ.ស ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលពីឥណ្ឌាបានមកដល់នៅឆ្នាំ ១០០ ម.គ.ស។

ឯកសារ:Circularearthworkcambodia.JPG
ផែនទីនៃ'ដីក្រហម' បន្ទាយគូរាងមូលនៅកម្ពុជា និង វៀតណាម

ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកទាំងនោះត្រូវបានគេហៅថាកម្ពុជាស្ថិតក្នុងកំឡុង​សហវត្សទីមួយ និង ទីពីរម.គ.ស ស្ថិតក្នុងវប្បធម៌ថ្មរំលីង ដែលប្រហែលជាបានរីកសាយភាយមកពីចិនភាគអាគ្នេយ៍មកកាន់ឧបទ្វីបឥណ្ឌូចិន។ នៅសតវត្សទីមួយនៃគ.ស ពួកអ្នកស្រុកបានអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ​ និង រៀបចំឱ្យមានទំនាក់ទំនងគ្នា ដែលចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលទាំងខាងវប្បធម៌ និង ជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចំរើនជឿនលឿនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និង នៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និង ចិញ្ចឹមសត្វ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុនពួកអ្នកជិតខាង យួន សៀម និង លាវ ទៅទៀត។ ពួកមនុស្សទាំងនេះទំនងជាជនជាតិអាស៊ីខាងត្បូងពីកំណើត និងមានទំនាក់ទំនងទៅនឹងបុព្វបុរសនៃពួកក្រុមមួយចំនួន ដែលបច្ចុប្បន្នបានតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ៊្វិក។ ពួកគេបានស្លលោហៈរួមមាន ដែក និង សំរឹទ្ធ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃបន្ទាយគូសិប្បនិមិត្តរាងមូល ដែលកំណត់កាលបរិច្ឆេទសម័យថ្មរំលីងរបស់កម្ពុជា[]

ទេវកថា

តាមរយៈរឿងព្រេងនិទាន កម្ពុជាត្រូវបានបង្កើតឡើងដោយអាពាហ៍ពិពាហ៍នៃព្រាហ្មណ៍ឥណ្ឌាម្នាក់កៅណ្ឌិន្យនិងព្រះនាងសោមា ដែលបិតារបស់ទ្រង់នៅដែនដីលិចទឹកកម្ពុជា។ ថ្ងៃមួយព្រះនាងបានឃើញព្រាហ្មណ៍នៅលើសំពៅមួយ ហើយបានទៅនិយាយគ្នា ប៉ុន្តែសំពៅត្រូវបានបាញ់ដោយព្រាហ្មណ៍នោះជាមួយព្រួញទិព្វ។ ក្រោយមកទ្រង់ក៏រៀបអភិសេករួចបង្កើតនគរវ្នំ ប្រហែលនៅគ.ស ៥២។[]

វ្នំ

នៅពេលប្រហែលគ្នានោះដែរ អឺរ៉ុបខាងលិចក៏កំពុងស្រូបជញ្ជក់យកវប្បធម៌និងស្ថាប័កាលពីបុរាណនានារបស់ពួកមេឌីទែរ៉ានេ ហើយពួកមនុស្សនៃអាស៊ីគ្នេយ៍ដីគោកនិងដីកោះក៏កំពុងផុសឡើងនូវអរិយធម៌មួយ ដែលបានរះឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុន។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា។ សាសនាវេទ និង ហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗក្លាយជាធាតុសំខាន់ទាំងមូលនៃវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងតំបន់។ ប្រព័ន្ធវណ្ណៈមិនបានគេបញ្ចូលម្ដងណាឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲ្យមានការកើតឡើងនូវបណ្ដារដ្ឋមជ្ឈការដែលរៀបចំជាអង្គការកំពូលៗ។

នគរវ្នំជារដ្ឋដើមដំបូងបង្អស់ក្នុងចំណោមរដ្ឋឥណ្ឌូបនីយកម្ម ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ។ ដោយបានស្ថាបនានៅក្នុងសតវត្សទី១ វ្នំស្ថិតនៅលាតសន្ធឹងលើតំបន់ដីសណ្ដទន្លេមេគង្គក្រោម ដែលសព្វថ្ងៃនេះស្ថិតនៅភាគអាគ្នេយ៍កម្ពុជា និងហួសទៅភាគខាងត្បូងនៃវៀតណាម។ រាជធានីរបស់វ្នំគឺ វ្យាធបុរ ដែលប្រហែលស្ថិតនៅទីប្រជុំជនបាណាមនៅខេត្តព្រៃវែង។ ឯកសារយោងប្រវត្តិសាស្ត្រដំបូងបង្អស់របស់វ្នំគឺជាការពិពណ៌នាអំពីបេសកកម្មនៃជនជាតិចិន ដែលមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣។ ឈ្មោះភ្វូណានត្រូវបានគេយល់ថាបានមកពីពាក្យខ្មែរបុរាណថា 'វ្នំ' មានន័យថា ភ្នំ ។ ពួកអ្នកនគរវ្នំទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង។ ឈ្មោះដែលអ្នកស្រុកវ្នំហៅខ្លួនឯង យ៉ាងណានោះ គេនៅតែមិនទាន់ដឹងនៅឡើយ។

កំឡុងពេលសម័យប្រវត្តិសាស្ត្រដើមដំបូងនៃនគរវ្នំ ប្រជាជននៃនគរនេះប្រហែលជារស់នៅប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប។ ចរាចរណ៍និងគមនាគមន៍ ហើយនិងការដឹកជញ្ជូនត្រូវធ្វើឡើងតាមផ្លូវទឹកនៅតាមដងទន្លេដែលហូរចាក់ទៅតំបន់ដីសណ្ដនៃទន្លេនេះ។ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលពឹងផ្អែកលើការនេសាទត្រី និង ការដាំស្រូវ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរវ្នំពឹងផ្អែក លើបរិមាណស្រូវដ៏ច្រើនលើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងដីគោកដែលលាត​សន្ធឹង​យ៉ាទូលំទូលាយ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអភិវឌ្ឍឱ្យរីកចំរើននៃនគរវ្នំ ហើយស្លាកស្នាមសេសសល់នៃទីកន្លែងមួយដែលគេគិតថាជាកំពង់ផែដ៏សំខាន់នៃនគរវ្នំនោះគឺអូរកែវ (ឥឡូវគឺជាប៉ែកនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និង ក្រិកដែរ។

នៅសតវត្សទី៥ រដ្ឋនេះបានកាន់កាប់អំណាចលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប។ រដ្ឋនេះក៏បានបញ្ជាឲ្យនាំសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលសព្វថ្ងៃរួមមាន កម្ពុជាខាងជើង លាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតំកើងដោយការបង្កើនទំនាក់ទំនងជាមួយឧបទ្វីបនេះតាមរយៈការធ្វើដំណើរនៃពួកឈ្មួញ អង្គទូត និង ការរៀនសូត្រពីពួកព្រាហ្មណ៍។ នៅចុងសតវត្សទី៥ វប្បធម៌របស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង។ ពិធីការក្នុងសវនាការ និង រចនាសម្ព័ន្ធស្ថាប័ននយោបាយគឺត្រូវគេយកគំរូតាមឥណ្ឌា។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ច្បាប់មនុ ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌាត្រូវបានដាក់ឲ្យប្រើតាម និងអក្ខរក្រមផ្អែកលើប្រព័ន្ធសំណេរបស់ឥណ្ឌាត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់។

ចំណាប់ផ្ដើមនៃដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជំលោះរាជវង្សបានបង្កឲ្យមានអន្តរាយដល់ស្ថេរភាពរបស់នគរវ្នំ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យគឺចេនឡា បានចាប់ផ្ដើមកើនឡើងអំណាច និង សភាពការណ៍បានធូរស្រាលតាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រវ្នំនៅតែត្រូវបានលេបត្របាក់ដោយនគរចេនឡា ហើយក៏បានប្រែក្លាយជាសាមន្តរដ្ឋរបស់នគរនេះ។ នគរវ្នំបានរលាយបាត់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧។

ចេនឡា

ប្រជារាស្ត្រចេនឡាគឺជនជាតិខ្មែរ សរសេរអក្សរជាភាសាខ្មែរ ផ្ទុយពីរបៀបរបបសំណេររបស់នគរវ្នំដែលសរសេរជាភាសាសំស្ក្រឹត។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរវ្នំ។ ស្ថាបនិកនៃនគរនេះ ជាអ្នកដែលបានរំដោះខ្លួនពីអំណាចរបស់នគរវ្នំ គឺព្រះបាទស្រុតវម៌្ម។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវម៌្ម បានលុកលុយនគរវ្នំ ហើយបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា។ ភ្លាមនោះ ពួកខ្លួនក៏បានបង្កើតការគ្រប់គ្រងលើនគរវ្នំ ហើយពួកគេបានចាប់ផ្ដើមចេញប្រតិបត្តិការ នៃការសញ្ជ័យដែលបានបន្តរហូតអស់រយៈកាលបីសតវត្ស។ ចេនឡាបានពង្រាបលាវកណ្ដាល និង ភាគខាងលើ ហើយក៏បានបញ្ចូលប៉ែកនៃដីសណ្ដទន្លេមេគង្គ និងយកទឹកដីដែលបច្ចុប្បន្ន កម្ពុជាភាគខាងលិច និងថៃភាគខាងត្បូងមកដាក់ក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់។

នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវម៌្មបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបអភិសេក ហើយព្រះបាទឦសានវម៌្ម ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ ៦១៦ ទ្រង់ក៏បានផ្លាស់រាជធានីថ្មី បើតាមអ្នកនិពន្ធចិនថាមានគ្រួសារ ២ ម៉ឺនគ្រួនៅក្នុងរាជធានីនោះ។ តាមរយៈវប្បធម៌ រាជ្សត្រកូលចេនឡាបានរក្សាទុកស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរវ្នំឱ្យនៅដដែល មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានរក្សាទុកធាតុសំខាន់ៗដែលបានហូរចូលមកពីឥណ្ឌាទៀតផង។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងសាសនាដទៃទៀត ដែលនាំយកមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ។

នៅសតវត្សទី៨ យ៉ាងណាក៏ដោយជំលោះបែងចែកបក្សពួកគ្នាក្នុងរាជវាំងចេនឡាជាលទ្ធផល ធ្វើឱ្យមានការបែកបាក់នគរ ហើយក្លាយជានគរគូសត្រូវនឹងគ្នាដែលពាក់កណ្ដាលនៅខាងជើង និងពាក់កណ្ដាលទៀតនៅខាងត្បូង។ តារយៈពង្សាវតារចិន នគរទាំងពីរត្រូវបានគេហៅថា ចេនឡាដីគោក (ប៉ែកខាងលើ) និង ចេនឡាទឹកលិច (ប៉ែកខាងក្រោម)។ ចេនឡាដីគោកមានស្ថេរភាពនឹងនរ បើប្រៀបធៀបទៅ ខុសពីចេនឡាទឹកលិចដែលទទួលរងភាពចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដទៃផ្សេងទៀត។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានប៉ុនប៉ងមិនស្រាកស្រាន្តដើម្បីបង្កើនអំណាចលើទឹកដី​របស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲ្យនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសំលាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ។ អ្នកឈ្នះចុងក្រោយនៅក្នុងជំលោះនេះ ដែលបន្តបន្ទាប់ក្រោយមកគឺជាព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ។ តាមការសន្មតនៃក្សត្រអង្គនោះគឺព្រះបាទជយវម៌្មទី៣ (ជ័យវរ្ម័នទី២) (រ.៨០២-៨៥០) បានសំគាល់ឃើញដោយការរំដោះប្រជាជាតិខ្មែរចេញពីអធិរាជ្យរបស់ជ្វា ហើយក៏ជាការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរផងដែរ។

អង្គរ

អក្សរខ្មែរបុរាណ

សម័យអង្គរបានបន្តចាប់ពីដើមសតវត្សទី៩រហូតដល់សតវត្សទី១៥។ រយៈកាលនៃការសំរេចបានខាងវប្បធម៌ និង អំណាចនយោបាយ រយៈកាលនេះគឺជាយុគសម័យមាសនៃអរិយធម៌ខ្មែរ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ ស្ថិតនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះគឺជាបូជនីយដ្ឋានដែលបន្តនូវកិត្យានុភាពនៃព្រះមហាក្សត្របន្តបន្ទាប់ ពីព្រះបាទជយវម៌្មទី៣។ (ទោះបីជាពួកខ្មែរក្រហម បានមើលឃើញថាប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនដោយមានអរិភាពក៏ដោយ ក៏ពួកខ្លួននៅតែយករូបប្រាសាទអង្គរវត្តមករចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យដដែល។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរ ក៏ឃើញមាននៅលើទង់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ (សបក)។ នគរនេះបានស្ថាបនាដោយព្រះបាទជយវម៌្មទី៣ ដែលបានដាក់នាមរបស់ កម្ពុជា នាសម័យទំនើបនេះ ជានាមរបស់នគរព្រះអង្គ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបានស្គាល់ថាជាកម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធមួយនៃឥណ្ឌាខាងជើងដំបូងគេ ចាប់ពីពេលនោះមក ទំរង់ឈ្មោះថ្មីបានប្រែក្លាយមកដូចសព្វថ្ងៃនេះ។

ប្រហែលជានៅឃ្លាតពីគ្នារវាងព្រះអង្គនិងពួកជ្វានៅតាមសមុទ្រ ព្រះបាទជយវម៌្មទី៣ គង់នៅខាងជើងនៃបឹងទន្លេសាប។ ព្រះអង្គបានកសាងរាជធានីជាច្រើនមុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ប្រាសាទសម័យអង្គរត្រូវបានសាងសង់ឡើងនៅទីនោះ។ ឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរឆ្ងាយមកភាគខាងលិចនៃខ្ពង់រាបគោរាជ (គោរាជ) នៅក្នុងប្រទេសថៃ ហើយព្រះអង្គបានចេញរាជបញ្ជាឲ្យមានការកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវការបង្ហូរទឹកសំរាប់ការដាំស្រូវលិចទឹក។ ព្រះរាជបុត្ររបស់ព្រះអង្គយសោវម៌្មទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត (ជលដ្ឋាន រឺ អាងទឹក) ជាភស្តុតាងបន្សល់មកដល់សម័យបច្ចុប្បន្ននេះ។ ទំនប់របស់បារាយណ៍នេះ គេអាចមើលឃើញសព្វថ្ងៃនេះ គឺមានប្រវែង វែងជាង ៦ សហាតិមាត្រ និង ទទឹង ១,៦ សហាតិមាត្រ។ ប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវម៌្មទី១ និងព្រះមហាក្សត្របន្តបន្ទាប់ពីព្រះអង្គ ជាគន្លឹះឈានទៅដល់ភាពរុងរឿងអស់រយៈកាលកន្លះសហសវត្ស។ អ្នកស្រែចំការលែងពឹងផ្អែកលើខ្យល់មូសុងរដូវ ពួកគាត់បានធ្វើឲ្យមាន បដិវត្តន៍បៃតង នៅពេលដំបូងបានផ្ដល់ឲ្យប្រទេសនេះមានស្រូវដ៏ច្រើនលើសលប់។ កាធ្លាក់ចុះនៃកម្ពោជអំឡុងសតវត្សទី១៣ និង១៤ ប្រហែលជាត្រូវបានជំរុញយ៉ាងលឿនដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក។ ការវាយលុកពីសៀម និងប្រជាជាតិបរទេសដទៃ និងជំលោះផ្ទៃក្នុងបង្កដោយសត្រូវនៃរាជវង្សបានបង្វែរឲ្យធនធានមនុស្សជាច្រើនលែងមានក្នុងការថែរក្សាប្រព័ន្ធបញ្ចេញបញ្ចូលទឹកនេះ និងធ្វើឲ្យប្រព័ន្ធនេះចុះទ្រុឌទ្រោមបន្តិចម្ដងៗ។

    • ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ បានពង្រីកទឹកដីនគររបស់ព្រះអង្គ នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ប្រឆាំងនឹងនគរចាម្ប៉ានៅភាគកណ្ដាលវៀតណាម និងអង្គការនយោបាយមនតូចៗមកភាគខាងលិចឆ្ងាយមក ដល់ទន្លេឥរាវតី (Irrawaddy)នៃភូមា ។ ព្រះអង្គបានបន្ធូរបន្ថយដល់ចំណុះភាពប្រជាជាតិថៃ ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ពីតំបន់យូណាននៃភាគខាងត្បូងប្រទេសចិន និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេទៀត ។ ការសម្រេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់ នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទនៃអង្គរវត្ត ។ មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍ ។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែលព្រះបាទសូរ្យវរ្ម័នទី២ត្រូវសុគតក្នុងសមរភូមិដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត ។ ជាមួយនិងការឧបត្ថម្ភរបស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា ។ រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី២ គឺមិនបានគាប់ល្អសោះ ក្រោយមកទៀតបន្តដោយភាពចលាចលរាជវង្សសាបសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលជាអ្នកបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧
ខ្មែរកាន់អាវុធជាមួយ និងដំរីចម្បាំងបានរុញច្រានពួកចាមចេញ នៅក្នុងសតវត្សទី១២ ។

ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨)បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា ។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជ័យវរ្ម័នទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន ។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់បញ្ចូលនូវភាពមមាញឹក នៃសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲកត់សំគាល់ប៉មថ្មជាច្រើន របស់ប្រាសាទបានពិព៌ណនាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា ។ ទ្រង់ក៏បានសាងដែរនូវសាលាឆទាន២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ ។ ដូចព្រះចៅអធិរាជរ៉ូម៉ាំងដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូ ចច សឺដិស គ្មានស្ដេចកម្ពុជាផ្សេងៗអះអាងពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ ។ ជាញឹកញាប់ គុណភាពសម្រាប់ហេតុផលនៃទំហំ និងសំណង់យ៉ាងលឿន តាមពេលនោះត្រូវបានសំដែងឲដឹងនូវការព្រួយបារម្ភ ក៏ប៉ុន្តែបាយ័នបានសង់ឡើងមិនសូវបានល្អសោះ ។

ចម្លាក់បង្ហាញថាសំណង់នៃអង្គរប្រចាំថ្ងៃគឺជាសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ទាំងនោះដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះ ។ សំណង់ថ្មដែលគួរឲចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនាដែលប្រារព្ធលក្ខណៈអាទិទេព រឺ ភាពជាព្រះពុទ្ធ នៃមហាក្សត្រនិងព្រះញាតិវង្ស ។ លោកសឺដិសបានឲយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសាន ។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ ។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក និងគោបុរៈពិព៌ណនាពីមហាសមុទ្រលោកធាតុ ។ ដូចនឹងមហាគ្រឹះបុរាណដ៏ទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល ។

សង្គមអង្គរគឺប្រកបដោយឋានុក្រមតឹងរឹង ។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ ។ បន្តបន្ទាប់ខាងក្រោមព្រះមហាក្សត្រ និងព្រះញាតិវង្សគឺភាពជាព្រាហ្មណ៍និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល៤,០០០នាក់នៅសតវត្សទី១០ ។ បន្ទាប់មកទៀតគឺជនសាមញ្ញ ជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំនែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម) ។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានក៏សាងវិមានប្រាសាទនានាជារៀងរហូតមក ។

បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត ។ ពួកថៃគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ ។ ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាចេញពីប្រទេសស្រីលង្កាតាមផ្លូវនៃនគរមកខ្លះ បានប្រជែងនឹងព្រហ្មញ្ញសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនាមហាយាន ។ ដោយទេសនានូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើតឡើងដ៏ស្ដុកស្ដម្ភរបស់ព្រះរាជា ដែលត្រូបានថែរក្សាតាមរយៈទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ពិតមែននោះទេ ។

នៅឆ្នាំ១៣៥៣កងទ័ពថៃមួយទ័ពបានកាន់កាប់អង្គរបាន ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសារ ។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរឡាវលានជាង ។ ក្នុងឆ្នាំ១៤៣១ ពួកថៃបានកាន់កាប់អង្គរធំ ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនបានដាក់ជារាជធានីម្ដងទៀតទេ ត្រាតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦។

មើលផងដែរ

កំណត់ត្រានានា

  1. សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
  2. ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
  3. "Cambodia".

ឯកសារយោង

  • ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
  • មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
  • ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា

ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។

  • Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
  • Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
  • Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
  • Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
  • ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង

ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926