ប្រវត្តិសាស្ត្រខ្មែរដំបូង
បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានត្រូវបានគេកាន់កាប់រស់នៅលើកដំបូងនៅម.គ.សឆ្នាំ ៧០០០[១] ក៏មានភាពសំខាន់ដែរ នោះគឺស្ថានីយ៍សំរោងសែនដែលបានតាំងនៅប្រហែល ម.គ.ស ២៣០ ដល់ ៥០០។ ពីឆ្នាំ ២០០០ ម.គ.ស និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំស្រូវ។ នៅឆ្នាំ ៦០០ ម.គ.ស ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលពីឥណ្ឌាបានមកដល់នៅឆ្នាំ ១០០ ម.គ.ស។
ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកទាំងនោះត្រូវបានគេហៅថាកម្ពុជាស្ថិតក្នុងកំឡុងសហវត្សទីមួយ និង ទីពីរម.គ.ស ស្ថិតក្នុងវប្បធម៌ថ្មរំលីង ដែលប្រហែលជាបានរីកសាយភាយមកពីចិនភាគអាគ្នេយ៍មកកាន់ឧបទ្វីបឥណ្ឌូចិន។ នៅសតវត្សទីមួយនៃគ.ស ពួកអ្នកស្រុកបានអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ និង រៀបចំឱ្យមានទំនាក់ទំនងគ្នា ដែលចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលទាំងខាងវប្បធម៌ និង ជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចំរើនជឿនលឿនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និង នៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និង ចិញ្ចឹមសត្វ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុនពួកអ្នកជិតខាង យួន សៀម និង លាវ ទៅទៀត។ ពួកមនុស្សទាំងនេះទំនងជាជនជាតិអាស៊ីខាងត្បូងពីកំណើត និងមានទំនាក់ទំនងទៅនឹងបុព្វបុរសនៃពួកក្រុមមួយចំនួន ដែលបច្ចុប្បន្នបានតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ៊្វិក។ ពួកគេបានស្លលោហៈរួមមាន ដែក និង សំរឹទ្ធ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃបន្ទាយគូសិប្បនិមិត្តរាងមូល ដែលកំណត់កាលបរិច្ឆេទសម័យថ្មរំលីងរបស់កម្ពុជា។ [២]
ទេវកថា
តាមរយៈរឿងព្រេងនិទាន កម្ពុជាត្រូវបានបង្កើតឡើងដោយអាពាហ៍ពិពាហ៍នៃព្រាហ្មណ៍ឥណ្ឌាម្នាក់កៅណ្ឌិន្យនិងព្រះនាងសោមា ដែលបិតារបស់ទ្រង់នៅដែនដីលិចទឹកកម្ពុជា។ ថ្ងៃមួយព្រះនាងបានឃើញព្រាហ្មណ៍នៅលើសំពៅមួយ ហើយបានទៅនិយាយគ្នា ប៉ុន្តែសំពៅត្រូវបានបាញ់ដោយព្រាហ្មណ៍នោះជាមួយព្រួញទិព្វ។ ក្រោយមកទ្រង់ក៏រៀបអភិសេករួចបង្កើតនគរវ្នំ ប្រហែលនៅគ.ស ៥២។[៣]
វ្នំ
នៅពេលប្រហែលគ្នានោះដែរ អឺរ៉ុបខាងលិចក៏កំពុងស្រូបជញ្ជក់យកវប្បធម៌និងស្ថាប័កាលពីបុរាណនានារបស់ពួកមេឌីទែរ៉ានេ ហើយពួកមនុស្សនៃអាស៊ីគ្នេយ៍ដីគោកនិងដីកោះក៏កំពុងផុសឡើងនូវអរិយធម៌មួយ ដែលបានរះឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុន។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា។ សាសនាវេទ និង ហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗក្លាយជាធាតុសំខាន់ទាំងមូលនៃវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងតំបន់។ ប្រព័ន្ធវណ្ណៈមិនបានគេបញ្ចូលម្ដងណាឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲ្យមានការកើតឡើងនូវបណ្ដារដ្ឋមជ្ឈការដែលរៀបចំជាអង្គការកំពូលៗ។
នគរវ្នំជារដ្ឋដើមដំបូងបង្អស់ក្នុងចំណោមរដ្ឋឥណ្ឌូបនីយកម្ម ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ។ ដោយបានស្ថាបនានៅក្នុងសតវត្សទី១ វ្នំស្ថិតនៅលាតសន្ធឹងលើតំបន់ដីសណ្ដទន្លេមេគង្គក្រោម ដែលសព្វថ្ងៃនេះស្ថិតនៅភាគអាគ្នេយ៍កម្ពុជា និងហួសទៅភាគខាងត្បូងនៃវៀតណាម។ រាជធានីរបស់វ្នំគឺ វ្យាធបុរ ដែលប្រហែលស្ថិតនៅទីប្រជុំជនបាណាមនៅខេត្តព្រៃវែង។ ឯកសារយោងប្រវត្តិសាស្ត្រដំបូងបង្អស់របស់វ្នំគឺជាការពិពណ៌នាអំពីបេសកកម្មនៃជនជាតិចិន ដែលមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣។ ឈ្មោះភ្វូណានត្រូវបានគេយល់ថាបានមកពីពាក្យខ្មែរបុរាណថា 'វ្នំ' មានន័យថា ភ្នំ ។ ពួកអ្នកនគរវ្នំទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង។ ឈ្មោះដែលអ្នកស្រុកវ្នំហៅខ្លួនឯង យ៉ាងណានោះ គេនៅតែមិនទាន់ដឹងនៅឡើយ។
កំឡុងពេលសម័យប្រវត្តិសាស្ត្រដើមដំបូងនៃនគរវ្នំ ប្រជាជននៃនគរនេះប្រហែលជារស់នៅប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប។ ចរាចរណ៍និងគមនាគមន៍ ហើយនិងការដឹកជញ្ជូនត្រូវធ្វើឡើងតាមផ្លូវទឹកនៅតាមដងទន្លេដែលហូរចាក់ទៅតំបន់ដីសណ្ដនៃទន្លេនេះ។ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលពឹងផ្អែកលើការនេសាទត្រី និង ការដាំស្រូវ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរវ្នំពឹងផ្អែក លើបរិមាណស្រូវដ៏ច្រើនលើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងដីគោកដែលលាតសន្ធឹងយ៉ាទូលំទូលាយ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអភិវឌ្ឍឱ្យរីកចំរើននៃនគរវ្នំ ហើយស្លាកស្នាមសេសសល់នៃទីកន្លែងមួយដែលគេគិតថាជាកំពង់ផែដ៏សំខាន់នៃនគរវ្នំនោះគឺអូរកែវ (ឥឡូវគឺជាប៉ែកនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និង ក្រិកដែរ។
នៅសតវត្សទី៥ រដ្ឋនេះបានកាន់កាប់អំណាចលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប។ រដ្ឋនេះក៏បានបញ្ជាឲ្យនាំសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលសព្វថ្ងៃរួមមាន កម្ពុជាខាងជើង លាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតំកើងដោយការបង្កើនទំនាក់ទំនងជាមួយឧបទ្វីបនេះតាមរយៈការធ្វើដំណើរនៃពួកឈ្មួញ អង្គទូត និង ការរៀនសូត្រពីពួកព្រាហ្មណ៍។ នៅចុងសតវត្សទី៥ វប្បធម៌របស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង។ ពិធីការក្នុងសវនាការ និង រចនាសម្ព័ន្ធស្ថាប័ននយោបាយគឺត្រូវគេយកគំរូតាមឥណ្ឌា។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ច្បាប់មនុ ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌាត្រូវបានដាក់ឲ្យប្រើតាម និងអក្ខរក្រមផ្អែកលើប្រព័ន្ធសំណេរបស់ឥណ្ឌាត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់។
ចំណាប់ផ្ដើមនៃដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជំលោះរាជវង្សបានបង្កឲ្យមានអន្តរាយដល់ស្ថេរភាពរបស់នគរវ្នំ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យគឺចេនឡា បានចាប់ផ្ដើមកើនឡើងអំណាច និង សភាពការណ៍បានធូរស្រាលតាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រវ្នំនៅតែត្រូវបានលេបត្របាក់ដោយនគរចេនឡា ហើយក៏បានប្រែក្លាយជាសាមន្តរដ្ឋរបស់នគរនេះ។ នគរវ្នំបានរលាយបាត់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧។
ចេនឡា
ប្រជារាស្ត្រចេនឡាគឺជនជាតិខ្មែរ សរសេរអក្សរជាភាសាខ្មែរ ផ្ទុយពីរបៀបរបបសំណេររបស់នគរវ្នំដែលសរសេរជាភាសាសំស្ក្រឹត។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរវ្នំ។ ស្ថាបនិកនៃនគរនេះ ជាអ្នកដែលបានរំដោះខ្លួនពីអំណាចរបស់នគរវ្នំ គឺព្រះបាទស្រុតវម៌្ម។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវម៌្ម បានលុកលុយនគរវ្នំ ហើយបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា។ ភ្លាមនោះ ពួកខ្លួនក៏បានបង្កើតការគ្រប់គ្រងលើនគរវ្នំ ហើយពួកគេបានចាប់ផ្ដើមចេញប្រតិបត្តិការ នៃការសញ្ជ័យដែលបានបន្តរហូតអស់រយៈកាលបីសតវត្ស។ ចេនឡាបានពង្រាបលាវកណ្ដាល និង ភាគខាងលើ ហើយក៏បានបញ្ចូលប៉ែកនៃដីសណ្ដទន្លេមេគង្គ និងយកទឹកដីដែលបច្ចុប្បន្ន កម្ពុជាភាគខាងលិច និងថៃភាគខាងត្បូងមកដាក់ក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់។
នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវម៌្មបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបអភិសេក ហើយព្រះបាទឦសានវម៌្ម ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ ៦១៦ ទ្រង់ក៏បានផ្លាស់រាជធានីថ្មី បើតាមអ្នកនិពន្ធចិនថាមានគ្រួសារ ២ ម៉ឺនគ្រួ។ តាមរយៈវប្បធម៌ រាជ្សត្រកូលចេនឡាបានរក្សាទុកស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរវ្នំឱ្យនៅដដែល មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានរក្សាទុកធាតុសំខាន់ៗដែលបានហូរចូលមកពីឥណ្ឌាទៀតផង។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងសាសនាដទៃទៀត ដែលនាំយកមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ។
នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបែងចែកបក្សពួកគ្នាក្នុងរាជវាំងចេនឡាជាលទ្ធផល ធ្វើឱ្យមានការបែកបាក់នគរ ហើយក្លាយជានគរគូសត្រូវនឹងគ្នាដែលពាក់កណ្ដាលនៅខាងជើង និងពាក់កណ្ដាលទៀតនៅខាងត្បូង។ តារយៈពង្សាវតារចិន នគរទាំងពីរត្រូវបានគេហៅថា ចេនឡាដីគោក (ប៉ែកខាងលើ) និង ចេនឡាទឹកលិច (ប៉ែកខាងក្រោម)។ ចេនឡាដីគោកមានស្ថេរភាពនឹងនរ បើប្រៀបធៀបទៅ ខុសពីចេនឡាទឹកលិចដែលទទួលរងភាពចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដទៃផ្សេងទៀត។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានប៉ុនប៉ងមិនស្រាកស្រាន្តដើម្បីបង្កើនអំណាចលើទឹកដីរបស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲ្យនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ។ អ្នកឈ្នះចុងក្រោយនៅក្នុងជម្លោះនេះ ដែលបន្តបន្ទាប់ក្រោយមកគឺជាព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ។ តាមការសន្មតនៃក្សត្រអង្គនោះគឺព្រះបាទជ័យវម៌្មទី២ (រ.៨០២-៨៥០) បានកត់សំគាល់ដោយការរំដោះប្រជាជាតិខ្មែរចេញពីអធិរាជភាពរបស់ជ្វា ហើយក៏ជាការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរផងដែរ។
មើលផងដែរ
កំណត់ត្រានានា
- ↑ សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
- ↑ ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
- ↑ "Cambodia".
ឯកសារយោង
- ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
- មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា
ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។
- Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
- Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
- Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
- Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
- ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926