ប្រវត្តិសាស្ត្រខ្មែរដំបូង
បុរេប្រវត្តិ
បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានត្រូវបានគេកាន់កាប់រស់នៅលើកដំបូងនៅឆ្នាំ ៧០០០ ម.គ.ស [១] ក៏មានភាពសំខាន់ដែរ នោះគឺស្ថានីយ៍សំរោងសែនដែលបានតាំងនៅប្រហែល ម.គ.ស ២៣០ ដល់ ៥០០ ។ ពីឆ្នាំ ២០០០ ម.គ.ស និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំស្រូវ។ នៅឆ្នាំ ៦០០ ម.គ.ស ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលពីឥណ្ឌាបានមកដល់នៅឆ្នាំ ១០០ ម.គ.ស។
ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកទាំងនោះត្រូវបានគេហៅថាកម្ពុជាស្ថិតក្នុងកំឡុងសហវត្សទីមួយ និង ទីពីរម.គ.ស ស្ថិតក្នុងវប្បធ៌មថ្មរំលីង ដែលប្រហែលជាបានរីកសាយភាយមកពីចិនភាគអាគ្នេយ៍មកកាន់ឧបទ្វីបឥណ្ឌូចិន។ នៅសតវត្សទីមួយនៃគ.ស ពួកអ្នកស្រុកបានអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ និង រៀបចំឱ្យមានទំនាក់ទំនងគ្នា ដែលចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលទាំងខាងវប្បធ៌ម និង ជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចំរើនជឿនលឿនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និង នៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និង ចិញ្ចឹមសត្វ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាង យួន សៀម និង លាវ ទៅទៀត។ ពួកមនុស្សទាំងនេះទំនងជាជនជាតិអាស៊ីខាងត្បូងពីកំណើត និងមានទំនាក់ទំនងទៅនឹងបុព្វបុរសនៃពួកក្រុមមួយចំនួន ដែលបច្ចុប្បន្នបានតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ៊្វិក។ ពួកគេបានស្លលោហៈ រួមមាន ដែក និង សំរិទ្ធិ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃបន្ទាយគូសិប្បនិមិត្តរាងមូល ដែលកំណត់កាលបរិច្ឆេទសម័យថ្មរំលីងរបស់កម្ពុជា។ [២]
ស្ថានីយ៍បុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះ ខេត្តក្រចេះ និង ស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយ៍ចំនួន ៦ ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុមកទល់សព្វថ្ងៃ។

ស្ថានីយ៍សំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយ៍ស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយ៍នេះមានកំពស់ ៥ មាត្រ ផ្ទៃក្រឡា ៦០០០ មាត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និង លោកម៉ង់ស៊ុយ (Mansuy) ១៩០២ និង ១៩២៣ បានធ្វើការុករកនៅទីនោះ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍។
អន្លង់ផ្ដៅគឺជាស្ថានីយ៍នៅចំងាយ ៣០ គ.ម ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយ៍ខាងលើដែរ។ លោកម៉ង់ស៊ុយជាអ្នករកឃើញស្ថានីយ៍នេះនៅឆ្នាំ ១៩០២។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ-ឡឺវី (P.le vy) នៅឆ្នាំ ១៩៤៣ ស្ថានីយ៍នេះថ្មីជាងស្ថានីយ៍ខាងលើពីរ ព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ។ វត្ថុដែលគេរកឃើញក្នុងស្ថានីយ៍ទាំង ៣ នេះគឺ៖
- ពីថ្មរំលីង: ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើយកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
- ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
- ពីសំបកខ្យង: អង្កាំ ទំហូ
- ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
- ពីលង្ហិន: ចុងព្រួញ កណ្ដៀវ ពូថៅ ដួង ផ្លែសន្ទូច
- ពីដែក: មានតែពន្លាក១គត់នៅស្ថានីយ៍ម្លូព្រៃ។
- ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៍ក្បាល១
- សំណល់ផ្ទះបាយ: ធ្យូង។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ។

ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ ១៩០១ គេរកឃើញលលាដ៍ក្បាល ១ នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៍ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិពលបូជាសពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់ ៥ ម គ្របលើស្ថានីយ៍សំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល ១០០ រឺ ២០០ ឆ្នាំមុនគ.ស។
ស្ថានីយ៍ព្រែកឆ្លូង (ស្រុកមេមត់ ខេត្តកំពង់ចាម) គេរកឃើញនៅឆ្នាំ ១៩២០ ដោយលោក B.P.Groslier លោកបានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញ វៀតណាមមកកាន់ឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។

លោកបានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីបញ្ជាក់នៅអំណះអំណាងនេះ លោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ។ លោកបានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង។ លោកថានេះគឺជាជំរុំដែលមានការការពារយ៉ាងម៉ត់ចត់មាំមួន។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ ២០០ ម) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី ១៥០០ ដល់ ៥០០ ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះជាចតុមុំខ្លះ យកតាមរបស់ធ្វើពីលង្ហិន។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា។
ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ ១៩៦៦ ដល់ ១៩៦៩ លោក និង លោកស្រី Mourer ជាសាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវត្ថុវិទ្យា និង និស្សិតបានចូលរួមធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង ៥ គ.ម។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន ២០០០ រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និង ដងកាំបិត)។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (C ១៤) ៖
- ស្រទាប់ទី១ = ១ ២០០ BP (៧៥០ ក្រោយគស.)
- ស្រទាប់ទី២ = ៤ ២០០ BP (២០៥០ មគ.ស)
- ស្រទាប់ទី៣ = ៦ ២៥០ BP (៤២៩០ មគ.ស)
ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល) Carbonnel និង (ដាលីប្រ៊ីយ៉ាស) Dalibrias នៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៩។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំងដែលមានអាយុ ៣៤២០ ឆ្នាំមគ.។[៣]
ជីវភាពមនុស្ស
បើតាមលោកអាយម៉ូនីញ៉េរកឃើញ នៅឆ្នាំ ១៩០១ បានឲ្យដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមាឌមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង) រឺ លើខ្ពង់រាប (មនុស្សសម័យមេមត់)។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺ ខាងជើងបន្តិចទៀត (ម្លូព្រៃ)។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវ និង ទឹកជំនន់។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់។ ស្ថានីយ៍ជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូក។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។
មនុស្សចេះត្បាញ គេរកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស។
គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យមាន កងដៃ និង ខ្សែក ជាដើម។[៤]
តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌ទក្សិណាស៊ី។ តើអ្វីទៅជាអរិយធម៌ទក្សិណាស៊ី?
អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេស ឥណ្ឌា ហ្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ។ ដោយលោកអេម.ហូកាត និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ **ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲ្យសម្មតិកម្មពីរ៖
- អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ រឺ ច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
- ខ្លះទៀតយល់ថាពួកទ្រាវិឌ រឺ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង រឺ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde)។ គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖
១.សម្ភារៈ
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
- ចេះស្លលោហធាតុ
- ស្ទាត់ជំនាញខាងនាវាចរណ៍: អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀត ទំនាក់ទំនងសំអាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសា និង របាំប្រពៃណី។ មូលហេតុបានផ្សព្វផ្សាយដូច្នេះមកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវ។
គេនិយមទុកស្ត្រីជាធំ រឺ គេហៅថាមាតាធិបតេយ្យ និងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ។ តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំប្រទេស ព្រះនាងលីវយីជាភស្តុតាងស្រាប់។ ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រីមានសិទ្ធិអាចទុកដាក់ និងចែកទ្រព្យសម្បត្តិ និយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេ គឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមា ទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន។ បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទរាជេន្ទ្រវម៌្មទី២ អាចឡើងសោយរាជ្យពីព្រះបាទហស៌វម៌្មទី៤ ដោយសារតែព្រះអង្គមានបិតាព្រះនាមមហេន្ទ្រវម៌្មនៅភវបុរៈ (ចេនឡាដីគោក) និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះបាទយសោវម៌្មទី១ ជាក្សត្រខាងសោមវង្សទើបអាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើន គេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច។ ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់របស់តួនាទីធំលើសគេ ដូចជា មេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ។ល។ ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។ ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែរ ទំនងមកពីពាក្យ ក + មេ ដូចមានការវិវត្តខាងក្រោម៖
ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ
- ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲ្យពាក្យណាមួយកាន់តែច្បាស់ឡើង ឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា)។ កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
- បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង។ បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិ ហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរ មកដល់សព្វថ្ងៃនេះទៅ ។ នេះជាភស្តុតាងដែលយើងខុសពីចិន និង ឥណ្ឌាដែលនិយមបិតាធិបតេយ្យ។
៣.ជំនឿ
មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ។ ពេលគេកប់គេតែងប្រដាប់ប្រដារបស់មនុស្សស្លាប់ឲ្យទៅ ជាមួយដើម្បីឲ្យប្រើប្រាស់របស់ទាំងនោះតទៅទៀត។ ដូចខ្មែរសម័យឥឡូវដែរ នៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ។ ទម្លាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូន អ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចម្ការនៅឡើយ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេ តែវាអាចសម្របទៅជាមួយអ្នកស្រុកដើមខ្មែរបាន។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម។ ដោយសារតែទស្សនៈបែបនេះហើយទើបឲ្យមានក៏កសាងប្រាសាទភ្នំ អេតណូវិទូ ដូចលោកខ្វារីត-ឆេះ-វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲ្យភ្នំ ឯលិង្គតំណាងឲ្យអ្នកតានេះឯង។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល។
៤.ភាសា
ភាសាគេបង្កើតពាក្យដោយប្រើ បទដើម រឺ ផ្នត់ដើម រឺ បុព្វបទ (prefixes) បទជ្រែក រឺ ផ្នត់ជែក រឺ អព្វាបទ (infixes) និង បទចុង រឺ ផ្នត់ចុង រឺ បច្ច័យបទ (suffixes)។ ចំពោះខ្មែរយើងបទដើម និង បទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
-ភាសាខ្មែរ
- ព + យល់ > ពន្យល់
- ប + ដើរ > បណ្ដើរ
- គិត > គំនិត (គ + ន + ិ + ត)
- កាយ > កំណាយ (ក + ណ + ា + យ)
-ភាសាមន
- គេត (វិល) > បៈគេត (បង្វិល)
- គើ (ឆេះ) > ពគើ (បញ្ឆេះ)
- ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
- ក្លូត (លួច) > កម្លូត (ចោរ)[៥]
វ្នំ
នៅពេលប្រហែលគ្នានោះដែរ អឺរ៉ុបខាងលិចកំពុងស្រូបជញ្ជក់យកវប្បធ៌មនិងស្ថាប័នបុរាណនានានៃពួកមេឌីទែរ៉ានេ ពួកមនុស្សនៃ អាស៊ីគ្នេយ៍ដីគោកនិងដីកោះក៏កំពុងតែឆ្លើយតបទៅនឹងការផុសនៃអរិយធម៌មួយ ដែលបានងើបឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុន។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា។ សាសនាវេទ និង ហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗ ជាធាតុសំខាន់ទាំងមូលនៃវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងតំបន់។ ប្រព័ន្ធវណ្ណៈមិនដែលត្រូវបានគេបញ្ចូលឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲ្យមានការកើតឡើងនូវបណ្ដារដ្ឋមជ្ឈការ ដែលរៀបចំជាអង្គការកំពូលៗ។
នគរវ្នំ ជារដ្ឋដើមដំបូងបង្អស់ក្នុងចំណោមរដ្ឋឥណ្ឌូបនីយកម្ម ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ។ បានស្ថាបនានៅក្នុងសតវត្សទី១ វ្នំស្ថិតនៅលាតសន្ធឹងនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម ដែលសព្វថ្ងៃនេះស្ថិតនៅភាគអាគ្នេយ៍កម្ពុជា និងហួសទៅភាគខាងត្បូងនៃវៀតណាម ។ រាជធានីរបស់វ្នំគឺ វ្យាធបុរៈ ដែលប្រហែលស្ថិតនៅទីប្រជុំជនបាណាមនៅខេត្តព្រៃវែង។ ឯកសារយោងប្រវត្តិសាស្ត្រដំបូងបង្អស់របស់វ្នំគឺជាការពិព៌ណនាអំពីបេសកកម្មនៃជនជាតិចិន ដែលមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣។ ឈ្មោះហ៊្វូណនត្រូវបានគេគិតជាទូទៅថាបានដកស្រង់ចេញពីពាក្យខ្មែរបុរាណថា 'វ្នំ' មានន័យថា ភ្នំ ។ ពួកអ្នកនគរវ្នំទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង។ ឈ្មោះដែលអ្នកស្រុកវ្នំហៅខ្លួនឯង យ៉ាងណាៗគេនៅតែមិនទាន់ដឹងនៅឡើយ។
កំឡុងពេលសម័យប្រវត្តិសាស្ត្រដើមដំបូងនៃនគរវ្នំ ប្រជាជននៃនគរនេះប្រហែលជារស់នៅប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប។ ចរាចរណ៍និងគមនាគមន៍គឺត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកនៅតាមដងទន្លេ និងដែលហូរចាក់ទៅតំបន់ដីសណ្ដនៃទន្លេនេះ។ តំបន់នេះគឺជាតំបន់ធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលពឹងផ្អែក លើការនេសាទត្រី និង ការដាំស្រូវ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរវ្នំពឹងផ្អែក លើបរិមាណស្រូវដ៏ច្រើនលើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងដីគោកលាតសន្ធឹងដ៏ធំទូលាយ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអភិវឌ្ឍឱ្យរីកចម្រើននៃនគរវ្នំ ហើយស្លាកស្នាមសេសសល់នៃទីកន្លែងមួយដែលគេគិតថាជាកំពង់ផែដ៏សំខាន់នៃនគរវ្នំ នោះគឺអូរកែវ (ឥឡូវគឺជាប៉ែកនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និង ក្រិកដែរ។
នៅសតវត្សទី៥ រដ្ឋនេះបានកាន់កាប់អំណាចលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប។ រដ្ឋនេះក៏បានបញ្ជាឲ្យនាំសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលសព្វថ្ងៃរួមមាន កម្ពុជាខាងជើង លាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតម្កើង ដោយការបង្កើនទំនាក់ទំនងជាមួយឧបទ្វីបនេះតាមរយៈការធ្វើដំណើរនៃពួកឈ្មួញ អង្គទូត និង ការរៀនសូត្រពីពួកព្រាហ្មណ៍។ នៅចុងសតវត្សទី៥ វប្បធម៌របស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង។ ពិធីការក្នុងសវនាការ និង រចនាសម្ព័ន្ធស្ថាប័ននយោបាយគឺត្រូវគេយកគំរូតាមឥណ្ឌា។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ច្បាប់មនុ ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌា ត្រូវបានដាក់ឲ្យប្រើតាម និងអក្ខរក្រមផ្អែកលើប្រព័ន្ធសំណេរបស់ឥណ្ឌាត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់។
ចំណាប់ផ្ដើមនៃដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជម្លោះរាជវង្សបានបង្កឲ្យមានអន្តរាយ ដល់ស្ថេរភាពរបស់នគរវ្នំ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យ គឺចេនឡា បានចាប់ផ្ដើមកើនឡើងអំណាច និង សភាពការណ៍បានធូរស្រាលតាមរយៈ អាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រវ្នំនៅតែត្រូវបានលេបត្របាក់ ដោយនគរចេនឡា ហើយក៏បានប្រែក្លាយជាសាមន្តរដ្ឋរបស់នគរនេះ។ នគរវ្នំបានរលាយបាត់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧។
ចេនឡា
ប្រជារាស្ត្រចេនឡាគឺជនជាតិខ្មែរ សរសេរអក្សរជាភាសាខ្មែរ ផ្ទុយពីរបៀបរបបសំណេររបស់នគរវ្នំដែលសរសេរជាភាសាសំស្ក្រឹត។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរវ្នំ។ ស្ថាបនិកនៃនគរនេះ ជាអ្នកដែលបានរំដោះខ្លួនពីអំណាចរបស់នគរវ្នំ គឺព្រះបាទស្រុតវម៌្ម។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវម៌្ម បានលុកលុយនគរវ្នំ ហើយបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា។ ភ្លាមនោះ ពួកខ្លួនក៏បានបង្កើតការគ្រប់គ្រងលើនគរវ្នំ ហើយពួកគេបានចាប់ផ្ដើមចេញប្រតិបត្តិការ នៃការសញ្ជ័យដែលបានបន្តរហូតអស់រយៈកាលបីសតវត្ស។ ចេនឡាបានពង្រាបលាវកណ្ដាល និង ភាគខាងលើ ហើយក៏បានបញ្ចូលប៉ែកនៃដីសណ្ដទន្លេមេគង្គ និងយកទឹកដីដែលបច្ចុប្បន្ន កម្ពុជាភាគខាងលិច និងថៃភាគខាងត្បូងមកដាក់ក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់។
នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវម៌្មបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបអភិសេក ហើយព្រះបាទឦសានវម៌្ម ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ ៦១៦ ទ្រង់ក៏បានផ្លាស់រាជធានីថ្មី បើតាមអ្នកនិពន្ធចិនថាមានគ្រួសារ ២ ម៉ឺនគ្រួ។ តាមរយៈវប្បធម៌ រាជ្សត្រកូលចេនឡាបានរក្សាទុកស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរវ្នំឱ្យនៅដដែល មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានរក្សាទុកធាតុសំខាន់ៗដែលបានហូរចូលមកពីឥណ្ឌាទៀតផង។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងសាសនាដទៃទៀត ដែលនាំយកមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ។
នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបែងចែកបក្សពួកគ្នាក្នុងរាជវាំងចេនឡាជាលទ្ធផល ធ្វើឱ្យមានការបែកបាក់នគរ ហើយក្លាយជានគរគូសត្រូវនឹងគ្នាដែលពាក់កណ្ដាលនៅខាងជើង និងពាក់កណ្ដាលទៀតនៅខាងត្បូង។ តារយៈពង្សាវតារចិន នគរទាំងពីរត្រូវបានគេហៅថា ចេនឡាដីគោក (ប៉ែកខាងលើ) និង ចេនឡាទឹកលិច (ប៉ែកខាងក្រោម)។ ចេនឡាដីគោកមានស្ថេរភាពនឹងនរ បើប្រៀបធៀបទៅ ខុសពីចេនឡាទឹកលិចដែលទទួលរងភាពចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដទៃផ្សេងទៀត។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានប៉ុនប៉ងមិនស្រាកស្រាន្តដើម្បីបង្កើនអំណាចលើទឹកដីរបស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲ្យនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ។ អ្នកឈ្នះចុងក្រោយនៅក្នុងជម្លោះនេះ ដែលបន្តបន្ទាប់ក្រោយមកគឺជាព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ។ តាមការសន្មតនៃក្សត្រអង្គនោះគឺព្រះបាទជ័យវម៌្មទី២ (រ.៨០២-៨៥០) បានកត់សំគាល់ដោយការរំដោះប្រជាជាតិខ្មែរចេញពីអធិរាជភាពរបស់ជ្វា ហើយក៏ជាការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរផងដែរ។
មើលផងដែរ
កំណត់ត្រានានា
- ↑ សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
- ↑ ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១
ឯកសារយោង
- ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
- មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា
ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។
- Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
- Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
- Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
- Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
- ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926