សម្ដេចព្រះភគវតី ព្រះស្រីសុជាតា
ព្រះបាទ ត្រសក់ផ្អែម ព្រះមហាក្រត្រខ្មែរទី២៧ មានអាថ៌កំបាំងច្រើនក្នុងប្រវត្ដិព្រះអង្គ ដែលគេពុំអាចដឹង និងយល់បានឡើយ ។ អាថ៌កំបាំងក៏មានច្រើនដែរ ចំពោះព្រះមហាក្សត្រដែលសោយរាជ្យបន្ទាប់ពីព្រះអង្គ ។
ពង្សាវតារ វត្ដទឹកវិលសរសេរថាពញាសួស ដែលត្រូវជាប្អូន បានឡើងសោយរាជ្យបន្ដពីបងនៅឆ្នាំខាល ព.ស១៥៧២ ត្រូវជាម.ស.៩៤៨ ច.ស៣៨៨ និងត្រូវជាគ.ស១០២៦ ។ កាលនោះតាសួស មានអាយុ៤០០ឆ្នាំ ។ ព្រះអង្គទទួលព្រះបរមនាមព្រះបាទបរមរាជារាមាធិបតី ។ព្រះអង្គ បានតែងតាំងក្មួយ ព្រះសិរីរត្ន ជាឧបរាជ ។ ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្ម ៤៤៨ឆ្នាំ ។
បន្ទាប់ មក គឺព្រះសិរីរត្ន ព្រះលំពង្ស ព្រះរាជឱង្ការ ព្រះស្រីសុរិយោពណ៌ ដែលបានឡើងសោយរាជ្យជាលំដាប់លំដោយរៀងមក ។
តែបើ តាមពង្សាវតារសម្ដេចវាំងជួន គឺព្រះនិព្វានបាទ ព្រះរាជបុត្រច្បងស្ដេចត្រសក់ផ្អែម ដែលបានសោយរាជ្យសម្បត្តិបន្ដអំពីព្រះបិតា ។ គឺចាប់ពីរាជ្យស្ដេចអង្គនោះហើយ ដែលក្រុមអ្នកប្រវត្ដិវិទូចាត់ទុកថា ប្រវត្ដិសាស្ដ្រខ្មែរមានលក្ខណៈជាប្រវត្ដិសាស្ដ្រពិតប្រាកដ ។ ហើយក៏ចាប់ពីរាជ្យនិព្វានបាទនេះដែរ ដែលពង្សាវតារខ្មែរ និងប្រវត្ដិសាស្ដ្រខ្មែរ តាក់តែងរៀបចំដោយអ្នកស្រាវជ្រាវបារាំង ចាប់ផ្ដើមមានលំនាំរឿងដូចគ្នា ។
ព្រះបាទនិព្វានបាទ
ព្រះ និព្វានបាទ បានទទួលព្រះរាជអភិសេកនៅថ្ងៃ៥រោច ខែបុស្ស ឆ្នាំរោង ព.ស១៨៨៤ ត្រូវជាម.ស.១២៦២ ច.ស៧០២ ត្រូវជាគ.ស១៣៤០ ។ កាលនោះព្រះអង្គមានព្រះជន្ម៤៩វស្សា ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី២៦ ។ ព្រះអង្គទទួលព្រះបរមនាមថា ព្រះបាទសម្ដេច ស្ដេចរាជឱង្កាព្រះបរមនិព្វានបាទ បរមនាថ បរមបពិត្រ ។ មហានគរស្ថិតនៅជារាជធានីដដែល ។
កាលមិនទាន់ បានឡើងសោយរាជ្យជាព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះស្រីសុរិយោទ័យ ដែលប្រសូតក្នុងឆ្នាំមមី គ.ស១៣៣០-១៣៣១ ។
ព្រះបាទ និព្វានបាទ ក្រោយដែលសោយរាជ្យសម្បត្តិបាន៦ឆ្នាំ ក្នុងព្រះជន្ម៥៤វស្សា ក៏ចាប់ផ្ដើមឈឺថ្កាត់ជាទម្ងន់ ។ គ្រូពេទ្យគ្រប់ទិសទីបានពិនិត្យ ព្យាបាល និងថ្វាយថ្នាំជាច្រើនមុខ តែជម្ងឺព្រះអង្គមិនបានធូស្រាលស្រាកស្រាន្ដឡើយ ។ ព្រះអង្គបានចូលទីវង្គតនៅក្នុងឆ្នាំរកា ។