សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ហៅក្រៅថាសាលាក្រហម ជាភាសាអង់គ្លេស University of Health Sciences (U.H.S) និង ជាភាសាបារាំង Université Des Sciences De La Santé (U.S.S)។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដែលមានវ័យចំណាស់មួយ។ សាកលវិទ្យាល័យនេះដូចជាសាកលវិទ្យាល័យមួយចំនួនដែលកើតឡើងដំណាលគ្នាដែរ គឺបានប្ដូរឈ្មោះច្រើនដងហើយត្រូវអាក់ខានដំណើរការនាសម័យកម្ពុជាប្រជាធិបតេយ្យ។ ឆ្នាំសិក្សាថ្មីនេះ គឺជាជំនាន់ទី៤២នៃសាកលវិទ្យាល័យ។
ប្រវត្តិ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បង្កើតឡើងនៅខែមិថុនា ឆ្នាំ ១៩៤៦ [១]។ កាលបង្កើតឡើងដំបូង សាកលវិទ្យាល័យនេះឈ្មោះ សាលាមន្ត្រីវិទ្យាពេទ្យ។ គ្រឹះស្ថាននេះប្ដូរឈ្មោះច្រើនដង៖
- ១៩៥៣៖ សាលាភូមិន្ទវិទ្យាពេទ្យ កម្ពុជា
- ១៩៦២៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត
- ១៩៧១៖ មហាវិទ្យាល័យអមវេជ្ជសាស្រ្ត (បន្ថែម ផ្នែកទន្តសាស្ត្រឆ្នាំនេះដែរ)
- ១៩៨០៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត
- ១៩៩៧៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល
កាលពីឆ្នាំ ១៩៦៧ មហាវិទ្យាល័យឱសថសាស្ត្របានផ្លាស់ប្ដូរទីតាំងទៅក្នុងបរិវេណ សាកលវិទ្យាល័យភ្នំពេញ[១]។
មហាវិទ្យាល័យ និង ស្ថាប័នរងផ្សេងៗ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចែកចេញជាស្ថាប័នរងដូចជា៖
- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
- មហាវិទ្យាល័យ វេជ្ជសាស្ត្រ
- មហាវិទ្យាល័យ ឱសថសាស្ត្រ
- មហាវិទ្យាល័យ ទន្តវទនសាស្ត្រ
- សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ
- មជ្ឍមណ្ឌល អភិវឌ្ឍន៍អប់រំវិជ្ជាជីវៈសុខាភិបាល