Jump to content

បុព្វប្រវត្តិសាស្ត្រខ្មែរ

ពីវិគីភីឌា

បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់ កត់ត្រាហេតុការណ៍អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ​ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន្យាង (Plissement caledonien) និង ពំនើងផ្នត់អែរស៊ីន្យាង (Plissement hercynien) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅ ស័កទី៣។ នៅ ស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០ ០០០ ដល់ ៥ ០០០ ឆ្នាំមុន គ.ស. ទឹកសមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និង ប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១៥ ០០០ ឆ្នាំមុន គ.ស. ទឹកសមុទ្រជោរបានកំពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣ មុន គ.ស. ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះ ទន្លេមេគង្គបាននាំដីល្បាប់មកចាប់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។[] គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សម្ភារៈ កម្ទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ) -ស្ថានីយ៍បុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី រកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមាន ត្រល់សម្រាប់ត្បាញសំពត់ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និង ចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនាជំនឿអាទិទេពណាមួយទេ។ គេជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និង គ្រឿងអលង្ការ

បុរេប្រវត្តិ

បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានត្រូវបានគេកាន់កាប់រស់នៅលើកដំបូងនៅឆ្នាំ ៧ ០០០ មគ[] ក៏មានភាពសំខាន់ដែរ នោះគឺស្ថានីយ៍ សំរោងសែនដែលបានតាំងនៅប្រហែល ២៣០ ដល់ ៥០០ មគ។ ពីឆ្នាំ ២ ០០០ មគ និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំស្រូវ។ នៅឆ្នាំ ៦០០ មគ ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលពីឥណ្ឌាបានមកដល់នៅឆ្នាំ ១០០ មគ។

ឯកសារ:Circularearthworkcambodia.JPG
ផែនទីនៃ'ដីក្រហម' បន្ទាយគូរាងមូលនៅកម្ពុជា និង វៀតណាម

ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកទាំងនោះត្រូវបានគេហៅថាកម្ពុជាស្ថិតក្នុងកំឡុងសហវត្សទីមួយ និង ទីពីរ មគ ស្ថិតក្នុងវប្បធ៌មថ្មរំលីង ដែលប្រហែលជាបានរីកសាយភាយមកពីចិនភាគអាគ្នេយ៍មកកាន់ឧបទ្វីបឥណ្ឌូចិន។ នៅសតវត្សទីមួយនៃ គស ពួកអ្នកស្រុកបានអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ​ និង រៀបចំឱ្យមានទំនាក់ទំនងគ្នា ដែលចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលទាំងខាងវប្បធ៌ម និង ជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចម្រើនជឿនលឿនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និង នៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និង ចិញ្ចឹមសត្វ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាង យួន ថៃ និង លាវ ទៅទៀត។ ពួកមនុស្សទាំងនេះទំនងជាជនជាតិអាស៊ីខាងត្បូងពីកំណើត និងមានទំនាក់ទំនងទៅនឹងបុព្វបុរសនៃពួកក្រុមមួយចំនួន ដែលបច្ចុប្បន្នបានតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច។ ពួកគេបានស្លលោហៈ រួមមាន ដែក និង សំរិទ្ធិ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃបន្ទាយគូសប្បនិមិត្តរាងមូល ដែលកំណត់កាលបរិច្ឆេទសម័យថ្មរំលីងរបស់កម្ពុជា។ []

ស្ថានីយ៍បុរេប្រវត្តិ

តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះ ខេត្តក្រចេះ និង ស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយ៍ចំនួន៦ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ។

ពូថៅថ្មរំលីងមានពន្លួញ

ស្ថានីយ៍សំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយ៍ស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយ៍នេះមានកំពស់៥មាត្រ ផ្ទៃក្រឡា ៦ ០០០ មាត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និង លោកម៉ង់ស៊ុយ (Mansuy) ១៩០២ និង ១៩២៣បានធ្វើការុករកនៅទីនោះ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍

អន្លង់ផ្ដៅគឺជាស្ថានីយ៍នៅចម្ងាយ ៣០គម. ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយ៍ខាងលើដែរ។ លោកម៉ង់ស៊ុយជាអ្នករកឃើញស្ថានីយ៍នេះនៅឆ្នាំ១៩០២។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ-ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣ ស្ថានីយ៍នេះថ្មីជាងស្ថានីយ៍ខាងលើពីរ ព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ។ វត្ថុដែលគេរកឃើញក្នុងស្ថានីយ៍ទាំង៣នេះគឺ៖

យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ

ផ្លែសន្ទូចធ្វើពីលង្ហិន

ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ១៩០១ គេរកឃើញលលាដ៍ក្បាល១នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៍ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិបូជាសពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់៥ម. គ្របលើស្ថានីយ៍សំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល១០០ រឺ ២០០ ឆ្នាំមុនគស.។

ស្ថានីយ៍ព្រែកឆ្លូង (ស្រុកមេមត់ ខេត្តកំពង់ចាម) គេរកឃើញនៅឆ្នាំ១៩២០ ដោយលោក B.P.Groslier លោកបានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញ វៀតណាមមកកាន់ឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចម្ការកៅស៊ូធំៗ។

ចានជើងធ្វើពីឥដ្ឋ

លោកបានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីបញ្ជាក់នៅអំណះអំណាងនេះ លោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ។ លោកបានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង។ លោកថានេះគឺជាជំរុំដែលមានការការពារយ៉ាងម៉ត់ចត់មាំមួន។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី ១៥០០ ដល់ ៥០០ ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុំខ្លះ យកតាមរបស់ធ្វើពីលង្ហិន។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា

ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ ដល់ ១៩៦៩ លោក និង លោកស្រីMourer ជាសាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវត្ថុវិទ្យា និង និស្សិតបានចូលរួមធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង ៥គម.។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន ២ ០០០ រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និង ដងកាំបិត)។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (C ១៤) ៖

  • ស្រទាប់ទី១ = ១ ២០០ BP (៧៥០ ក្រោយគស.)
  • ស្រទាប់ទី២ = ៤ ២០០ BP (២០៥០ មគ.)
  • ស្រទាប់ទី៣ = ៦ ២៥០ BP (៤២៩០ មគ.)

ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល) Carbonnel និង (ដាលីប្រ៊ីយ៉ាស) Dalibrias នៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៩។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំងដែលមានអាយុ ៣ ៤២០ ឆ្នាំមគ.។[]

ជីវភាពមនុស្ស

បើតាមលោកអាយម៉ូនីញ៉េរកឃើញ នៅឆ្នាំ១៩០១បានឲ្យដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមាឌមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង។

នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង) រឺ លើខ្ពង់រាប (មនុស្សសម័យមេមត់)។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺ ខាងជើងបន្តិចទៀត (ម្លូព្រៃ)។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវ និង ទឹកជំនន់។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់។ ស្ថានីយ៍ជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សម្រាប់ដំស្បែកសត្វ

មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូកសាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។

មនុស្សចេះត្បាញ គេរកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស

គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យ មាន កងដៃ និង ខ្សែក ជាដើម។[]

តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌អូស្ត្រូអាស៊ី។ តើអ្វីទៅជាអរិយធម៌អូស្ត្រូអាស៊ី?

អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេសឥណ្ឌា ហ៊្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ។ ដោយលោកអេម.ហូកាត និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲ្យសម្មតិកម្មពីរ៖

  • អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ រឺ ច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
  • ខ្លះទៀតយល់ថាពួកទ្រាវិឌ រឺ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង រឺ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde)។ គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖

១.សម្ភារៈ

២.សង្គមកិច្ច

គេនិយមទុកស្ត្រីជាធំ រឺ គេហៅថាមាតាធិបតេយ្យ និងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ។ តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំប្រទេស ព្រះនាងលីវយីជាភស្តុតាងស្រាប់។ ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រីមានសិទ្ធិអាចទុកដាក់ និងចែកទ្រព្យសម្បត្តិ និយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេ គឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមា ទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន។ បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទរាជេន្ទ្រវម៌្មទី២ អាចឡើងសោយរាជ្យពីព្រះបាទហស៌វម៌្មទី៤ ដោយសារតែព្រះអង្គមានបិតាព្រះនាមមហេន្ទ្រវម៌្មនៅភវបុរៈ (ចេនឡាដីគោក) និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះបាទយសោវម៌្មទី១ ជាក្សត្រខាងសោមវង្សទើបអាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើន គេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច។ ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់របស់តួនាទីធំលើសគេ ដូចជា មេដៃ មេជើង មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ។ល។ ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។ ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែរ ទំនងមកពីពាក្យ + មេ ដូចមានការវិវត្តខាងក្រោម៖

ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ

  • ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲ្យពាក្យណាមួយកាន់តែច្បាស់ឡើង ឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា)។ កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
  • បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង។ បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិ ហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរ មកដល់សព្វថ្ងៃនេះទៅ ។ នេះជាភស្តុតាងដែលយើងខុសពីចិន និង ឥណ្ឌាដែលនិយមបិតាធិបតេយ្យ។

៣.ជំនឿ

មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ។ ពេលគេកប់គេតែងប្រដាប់ប្រដារបស់មនុស្សស្លាប់ឲ្យទៅ ជាមួយដើម្បីឲ្យប្រើប្រាស់របស់ទាំងនោះតទៅទៀត។ ដូចខ្មែរសម័យឥឡូវដែរ នៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ។ ទម្លាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូន អ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចម្ការនៅឡើយ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេ តែវាអាចសម្របទៅជាមួយអ្នកស្រុកដើមខ្មែរបាន។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម។ ដោយសារតែទស្សនៈបែបនេះហើយទើបឲ្យមានក៏កសាងប្រាសាទភ្នំ អេតណូវិទូ ដូចលោកខ្វារីត-ឆេះ-វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲ្យភ្នំ ឯលិង្គតំណាងឲ្យអ្នកតានេះឯង។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល

៤.ភាសា

ភាសាគេបង្កើតពាក្យដោយប្រើ បទដើម រឺ ផ្នត់ដើម រឺ បុព្វបទ (prefixes) បទជ្រែក រឺ ផ្នត់ជែក រឺ អព្វាបទ (infixes) និង បទចុង រឺ ផ្នត់ចុង រឺ បច្ច័យបទ (suffixes)។ ចំពោះខ្មែរយើងបទដើម និង បទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖

-ភាសាខ្មែរ

  • ព + យល់ > ពន្យល់
  • ប + ដើរ > បណ្ដើរ
  • គិត > គំនិត (គ + ន + ិ + ត)
  • កាយ > កំណាយ (ក + ណ + ា + យ)

-ភាសាមន

  • គេត (វិល) > បៈគេត (បង្វិល)
  • គើ (ឆេះ) > ពគើ (បញ្ឆេះ)
  • ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
  • ក្លូត (លួច) > កម្លូត (ចោរ)[]

ទេវកថា

តាមរយៈរឿងព្រេងនិទាន កម្ពុជាត្រូវបានបង្កើតឡើងដោយអាពាហ៍ពិពាហ៍នៃព្រាហ្មណ៍ឥណ្ឌាម្នាក់កៅណ្ឌិន្យនឹងព្រះនាងនាគ ដែលបិតារបស់ទ្រង់ដែនដីលិចទឹកកម្ពុជៈ។ ថ្ងៃមួយព្រះនាងបានឃើញព្រាហ្មណ៍នៅលើសំពៅមួយ ហើយបានទៅនិយាយជាមួយគាត់ ប៉ុន្តែត្រូវបានបាញ់ដោយព្រាហ្មណ៍នោះជាមួយព្រួញទិព្វដែលធ្វើឱ្យព្រះនាងចាប់ចិត្តប្រតិព័ទ្ធនឹងព្រាហ្មណ៍​នោះទៅ។ ដើម្បីជាចំណងដៃ ព្រះបិតាព្រះនាងបានផឹកទឹកដែលនៅព័ទ្ធជុំវិញដែនដីទាំងនោះ និង បានប្រគល់ឱ្យទៅដល់បុត្រាបុត្រីរបស់ទ្រង់។ []

នាគ (ទេវកថា) ក្នុងរឿងព្រេងរបស់កម្ពុជា ពួកនាគគឺជាអម្បូរពូជសត្វល្មូន (ពស់) ជាម្ចាស់អាណាចក្រ រឺ នគរដ៏ធំមួយនៅតំបន់មហាសមុទ្រប៉ាស៊ីហ៊្វិកនេះ។ បុត្រីស្ដេចភុជង្គនាគបានរៀបអភិសេកជាមួយព្រះមហាក្សត្រ ហើយបានកកើតជាប្រជាជនខ្មែរនេះឡើង។ សព្វថ្ងៃនេះ ប្រជាជនខ្មែរបាននិយាយថាពួកគេ កើតពីពួកនាគ ។ សូមមើល: ឥសីកម្ពុស្វយម្ភុវៈ

វ្នំ

នៅពេលប្រហែលគ្នានោះដែរ អឺរ៉ុបខាងលិចកំពុងស្រូបជញ្ជក់យកវប្បធ៌មនិងស្ថាប័នបុរាណនានានៃពួកមេឌីទែរ៉ានេ ពួកមនុស្សនៃ អាស៊ីគ្នេយ៍ដីគោកនិងដីកោះក៏កំពុងតែឆ្លើយតបទៅនឹងការផុសនៃអរិយធម៌មួយ ដែលបានងើបឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុន។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា។ សាសនាវេទ និង ហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗ ជាធាតុសំខាន់ទាំងមូលនៃវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងតំបន់។ ប្រព័ន្ធវណ្ណៈមិនដែលត្រូវបានគេបញ្ចូលឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲ្យមានការកើតឡើងនូវបណ្ដារដ្ឋមជ្ឈការ ដែលរៀបចំជាអង្គការកំពូលៗ។

នគរវ្នំ ជារដ្ឋដើមដំបូងបង្អស់ក្នុងចំណោមរដ្ឋឥណ្ឌូបនីយកម្ម ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ។ បានស្ថាបនានៅក្នុងសតវត្សទី១ វ្នំស្ថិតនៅលាតសន្ធឹងនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម ដែលសព្វថ្ងៃនេះស្ថិតនៅភាគអាគ្នេយ៍កម្ពុជា និងហួសទៅភាគខាងត្បូងនៃវៀតណាម ។ រាជធានីរបស់វ្នំគឺ វ្យាធបុរៈ ដែលប្រហែលស្ថិតនៅទីប្រជុំជនបាណាមនៅខេត្តព្រៃវែង។ ឯកសារយោងប្រវត្តិសាស្ត្រដំបូងបង្អស់របស់វ្នំគឺជាការពិព៌ណនាអំពីបេសកកម្មនៃជនជាតិចិន ដែលមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣។ ឈ្មោះហ៊្វូណនត្រូវបានគេគិតជាទូទៅថាបានដកស្រង់ចេញពីពាក្យខ្មែរបុរាណថា 'វ្នំ' មានន័យថា ភ្នំ ។ ពួកអ្នកនគរវ្នំទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង។ ឈ្មោះដែលអ្នកស្រុកវ្នំហៅខ្លួនឯង យ៉ាងណាៗគេនៅតែមិនទាន់ដឹងនៅឡើយ។

កំឡុងពេលសម័យប្រវត្តិសាស្ត្រដើមដំបូងនៃនគរវ្នំ ប្រជាជននៃនគរនេះប្រហែលជារស់នៅប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប។ ចរាចរណ៍និងគមនាគមន៍គឺត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកនៅតាមដងទន្លេ និងដែលហូរចាក់ទៅតំបន់ដីសណ្ដនៃទន្លេនេះ។ តំបន់នេះគឺជាតំបន់ធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលពឹងផ្អែក លើការនេសាទត្រី និង ការដាំស្រូវ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរវ្នំពឹងផ្អែក លើបរិមាណស្រូវដ៏ច្រើនលើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងដីគោកលាតសន្ធឹង​ធំទូលាយ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអភិវឌ្ឍឱ្យរីកចំរើននៃនគរវ្នំ ហើយស្លាកស្នាមសេសសល់នៃទីកន្លែងមួយដែលគេគិតថាជាកំពង់ផែដ៏សំខាន់នៃនគរវ្នំ នោះគឺអូរកែវ (ឥឡូវគឺជាប៉ែកនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និង ក្រិកដែរ។

នៅសតវត្សទី៥ រដ្ឋនេះបានកាន់កាប់អំណាចលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប។ រដ្ឋនេះក៏បានបញ្ជាឲ្យនាំសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលសព្វថ្ងៃរួមមាន កម្ពុជាខាងជើង ឡាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតម្កើង ដោយការបង្កើនទំនាក់ទំនងជាមួយឧបទ្វីបនេះតាមរយៈការធ្វើដំណើរនៃពួកឈ្មួញ អង្គទូត និង ការរៀនសូត្រពីពួកព្រាហ្មណ៍។ នៅចុងសតវត្សទី៥ វប្បធម៌របស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង។ ពិធីការក្នុងសវនាការ និង រចនាសម្ព័ន្ធស្ថាប័ននយោបាយគឺត្រូវគេយកគំរូតាមឥណ្ឌា។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ច្បាប់មនុ ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌា ត្រូវបានដាក់ឲ្យប្រើតាម និងអក្ខរក្រមផ្អែកលើប្រព័ន្ធសំណេរបស់ឥណ្ឌាត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់។

ចំណាប់ផ្ដើមនៃដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជម្លោះរាជវង្សបានបង្កឲ្យមានអន្តរាយ ដល់ស្ថេរភាពរបស់នគរវ្នំ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យ គឺចេនឡា បានចាប់ផ្ដើមកើនឡើងអំណាច និង សភាពការណ៍បានធូរស្រាលតាមរយៈ អាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រវ្នំនៅតែត្រូវបានលេបត្របាក់ ដោយនគរចេនឡា ហើយក៏បានប្រែក្លាយជាសាមន្តរដ្ឋរបស់នគរនេះ។ នគរវ្នំបានរលាយបាត់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧។

ចេនឡា

ប្រជារាស្ត្រចេនឡាគឺជនជាតិខ្មែរ សរសេរអក្សរជាភាសាខ្មែរ ផ្ទុយពីរបៀបរបបសំណេររបស់នគរវ្នំដែលសរសេរជាភាសាសំស្ក្រឹត។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរវ្នំ។ ស្ថាបនិកនៃនគរនេះ ជាអ្នកដែលបានរំដោះខ្លួនពីអំណាចរបស់នគរវ្នំ គឺព្រះបាទស្រុតវម៌្ម។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវម៌្ម បានលុកលុយនគរវ្នំ ហើយបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា។ ភ្លាមនោះ ពួកខ្លួនក៏បានបង្កើតការគ្រប់គ្រងលើនគរវ្នំ ហើយពួកគេបានចាប់ផ្ដើមចេញប្រតិបត្តិការ នៃការសញ្ជ័យដែលបានបន្តរហូតអស់រយៈកាលបីសតវត្ស។ ចេនឡាបានពង្រាបលាវកណ្ដាល និង ភាគខាងលើ ហើយក៏បានបញ្ចូលប៉ែកនៃដីសណ្ដទន្លេមេគង្គ និងយកទឹកដីដែលបច្ចុប្បន្ន កម្ពុជាភាគខាងលិច និងថៃភាគខាងត្បូងមកដាក់ក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់។

នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវម៌្មបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបអភិសេក ហើយព្រះបាទឦសានវម៌្ម ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ៦១៦ ទ្រង់ក៏បានផ្លាស់រាជធានីថ្មី បើតាមអ្នកនិពន្ធចិនថាមានគ្រួសារ២ម៉ឺនគ្រួ។ តាមរយៈវប្បធម៌ រាជ្សត្រកូលចេនឡាបានរក្សាទុកស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរវ្នំឱ្យនៅដដែល មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានរក្សាទុកធាតុសំខាន់ៗដែលបានហូរចូលមកពីឥណ្ឌាទៀតផង។ ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងសាសនាដទៃទៀត ដែលនាំយកមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ។

នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបែងចែកបក្សពួកគ្នាក្នុងរាជវាំងចេនឡាជាលទ្ធផល ធ្វើឱ្យមានការបែកបាក់នគរ ហើយក្លាយជានគរគូសត្រូវនឹងគ្នាដែលពាក់កណ្ដាលនៅខាងជើង និងពាក់កណ្ដាលទៀតនៅខាងត្បូង។ តារយៈពង្សាវតារចិន នគរទាំងពីរត្រូវបានគេហៅថា ចេនឡាដីគោក (ប៉ែកខាងលើ) និង ចេនឡាទឹកលិច (ប៉ែកខាងក្រោម)។ ចេនឡាដីគោកមានស្ថេរភាពនឹងនរ បើប្រៀបធៀបទៅ ខុសពីចេនឡាទឹកលិចដែលទទួលរងភាពចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដទៃផ្សេងទៀត។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានប៉ុនប៉ងមិនស្រាកស្រាន្តដើម្បីបង្កើនអំណាចលើទឹកដី​របស់ចេនឡាទឹកលិច និងជាចុងក្រោយបង្ខំឲ្យនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ។ ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ។ អ្នកឈ្នះចុងក្រោយនៅក្នុងជម្លោះនេះ ដែលបន្តបន្ទាប់ក្រោយមកគឺជាព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ។ តាមការសន្មតនៃក្សត្រអង្គនោះគឺព្រះបាទជ័យវម៌្មទី២ (រ.៨០២-៨៥០) បានកត់សំគាល់ដោយការរំដោះប្រជាជាតិខ្មែរចេញពីអធិរាជភាពរបស់ជ្វា ហើយក៏ជាការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរផងដែរ។

អង្គរ

អក្សរខ្មែរបុរាណ

សម័យអង្គរ រឺ អាណាចក្រខ្មែរបានបន្តចាប់ពីដើមសតវត្សទី៩ រហូតដល់សតវត្សទី១៥។ រយៈកាលនៃការសម្រេចសមិទ្ធិផលខាងវប្បធម៌ និង អំណាចនយោបាយ រយៈពេលនេះហើយគឺជាយុគមាសនៃអរិយធម៌ខ្មែរ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ បានតាំងនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះ ជាបូជនីយដ្ឋានដែលបន្តនូវកិត្យានុភាពនៃព្រះមហាក្សត្របន្តបន្ទាប់ ពីព្រះបាទជ័យវម៌្មទី២។ (ទោះបីជាពួកខ្មែរក្រហម មើលឃើញថាប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនដោយអរិភាពយ៉ាងណាក៏ដោយ ក៏ខ្លួននៅតែយករូបប្រាសាទអង្គរវត្តមករចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យដដែល។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរ ក៏ឃើញមាននៅលើទង់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ (សបក)។ នគរនេះបានស្ថាបនាដោយព្រះបាទជ័យវម៌្មទី២ ដែលទ្រង់បានដាក់ឈ្មោះថា កម្ពុជា (កម្វុជទេស) ជាឈ្មោះរបស់ព្រះនគរ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបានស្គាល់ថា កម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធដើមមួយនៃឥណ្ឌាភាគខាងជើង ដោយហេតុនោះ ទម្រង់ឈ្មោះថ្មីនេះបានប្រែក្លាយរៀងមកជាឈ្មោះប្រទេស កម្ពុជា ដូចសព្វថ្ងៃនេះ។

ប្រហែលចង់ឱ្យមានគម្លាតឆ្ងាយរវាងព្រះអង្គ និង ពួកជ្វានៅតាមមាត់សមុទ្រ ព្រះបាទជ័យវម៌្មទី២ ទ្រង់ក៏បានគង់នៅភាគខាងជើងនៃបឹងទន្លេសាប។ ព្រះអង្គបានតាំងរាជធានីជាច្រើនលើក មុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ប្រាសាទសម័យអង្គរត្រូវបានសាងសង់ឡើង។ ឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរឱ្យឆ្ងាយមកភាគខាងលិចនៃខ្ពង់រាបគោរាជ (គោរាជ) មកក្នុងប្រទេសថៃ សព្វថ្ងៃនេះ ហើយព្រះអង្គបានចេញរាជបញ្ជាឲ្យកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវ ការបង្ហូរទឹកសម្រាប់ការដាំដុះស្រូវលិចទឹក។ ព្រះរាជបុត្ររបស់ព្រះអង្គ យសោវម៌្មទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត (ជលដ្ឋាន រឺ អាងទឹក) ជាភស្តុតាងបន្សល់មកដល់សម័យសព្វថ្ងៃ។ ទំនប់បារាយណ៍ ដែលគេឃើញសព្វថ្ងៃនេះ គឺមានប្រវែង បណ្ដោយជាង ៦ សហាតិមាត្រ និង ទទឹង ១,៦ សហាតិមាត្រ។ ប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវម៌្មទី១និង ព្រះមហាក្សត្របន្តបន្ទាប់ពីព្រះអង្គ ជាគន្លឹះនៃភាពរុងរឿងអស់រយៈកាលកន្លះសហវត្ស។ អ្នកស្រុកស្រែចម្ការមានសេរីភាពចេញពីការពឹងផ្អែកលើខ្យល់មូសុងតាមរដូវដែលមិនគួរឱ្យរំពឹងបាន ពួកកសិករអាចមានលទ្ធភាពធ្វើ បដិវត្តន៍បៃតង ដំបូងគេ ដែលផ្ដល់ឲ្យប្រទេសនេះមានស្រូវអង្ករដ៏ច្រើនលើសលប់។ កាធ្លាក់ចុះនៃកម្ពោជ អំឡុងសតវត្សទី១៣ និង ១៤ ទំនងជាឆាប់រហ័យដោយសារតែការខូចខាតប្រព័ន្ធបង្ហូរទឹក។ ការវាយលុកពីសៀម និង បណ្ដាប្រទេសជាតិបរទេសដទៃទៀត និងជម្លោះផ្ទៃក្នុងបង្កដោយគូសត្រូវក្នុងរាជវង្សបានបង្វែរធនធានមនុស្សជាច្រើនចេញពីការថែរក្សាប្រព័ន្ធ​បញ្ចេញបញ្ចូលទឹកនេះ ហើយបានបង្កឲ្យប្រព័ន្ធបង្ហូរទឹកនេះរងការទ្រុឌទ្រោមបន្តិចម្ដងៗ។

ព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៥០) ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រសម័យអង្គរ បានពង្រីកទឹកដីនគររបស់ព្រះអង្គ ដោយការធ្វើសង្គ្រាមបានជោគជ័យជាបន្តបន្ទាប់ទល់នឹងនគរចាម្ប៉ាដែលស្ថិតនៅភាគកណ្ដាលនៃ​វៀតណាមសព្វថ្ងៃនេះ និង អង្គនយោបាយមនតូចៗទៅភាគខាងលិចឆ្ងាយទៅ ដល់ទន្លេឥរាវតីនៃប្រទេសភូមា។ ព្រះអង្គបានបន្ធូរបន្ថយដល់សាមន្តរដ្ឋរបស់សៀម ដែលពួកនេះបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ចាប់ពីតំបន់យូណានភាគខាងត្បូងប្រទេសចិនមក ហើយទ្រង់ក៏បានបង្កើតអធិរាជភាពលើប៉ែកខាងជើងនៃឧបទ្វីបម៉ាឡេថែមទៀតផង។ ការសម្រេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់ នៃអគារទីក្រុងចាក់ស្រេះស្មុគស្មាញនោះគឺ អង្គរវត្ត។ មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែលព្រះបាទសូរ្យវម៌្មទី២បានសោយទិវង្គតក្នុងសមរភូមិដោយការប៉ុនប៉ងលុកលុយចូលដាយវៀត។ ដោយមានការគាំទ្រដោយដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា។ រជ្ជកាលរបស់ព្រះបាទសូរ្យវម៌្មទី២ គឺមិនបានគាប់ល្អសោះ បន្តបន្ទាប់មកក៏មានភាពវឹកវរក្នុងព្រះរាជវង្សសាបសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧

ខ្មែរកាន់អាវុធជាមួយ និងដំរីចម្បាំងបានរុញច្រានពួកចាមចេញ នៅសតវត្សទី១២។

ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវម៌្មទី៧ ក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨) ដែលកត់សំគាល់ឱ្យឃើញនូវចំនុចកំពូលនៃអំណាចរបស់ខ្មែរ។ មិនដូចរាជ្យស្ដេចពីមុនៗទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជ័យវម៌្មទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន។ ដោយការចាត់ទុកខ្លួនព្រះអង្គជាព្រះពោធិសត្វ ព្រះអង្គក៏បានផ្ដើមដោយភាពវក់វី នូវសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ប្រាសាទ អង្គរធំ និង បាយ័ន ជាប្រាសាទមួយដែលកត់សំគាល់ប៉មថ្មជាច្រើន នៃប្រាសាទបានពិពណ៌នាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវៈ និង ព្រះរាជា។ ទ្រង់ក៏បានកសាង សាលាឆទាន ២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ។ ដូចពួកព្រះចៅអធិរាជរ៉ូមដែរ ព្រះអង្គបានថែរក្សាជួសជុលប្រព័ន្ធផ្លូវរវាងរាជធានី និងទីប្រជុំជនខេត្ត។ តាមរយៈប្រវត្តិវិទូ ហ្សក-សឺដេស គ្មានព្រះរាជាខ្មែរអង្គណា អះអាងអំពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ។ ជាញឹកញាប់ គុណភាពអាចទ្រាំទ្រទំហំ និង ការសាងសង់លឿន ដូចដែលយើងបានឃើញដឹងលឺស្រាប់ ប្រាសាទបាយ័នបានសង់ឡើងមិនសូវបានល្អឡើយ។

ចម្លាក់បង្ហាញថាសំណង់អគារសម័យអង្គរគឺជាសំណង់សង់ពីឈើមិនខុសគ្នាប៉ុន្មាន ពីសំណង់ដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះឡើយ។ សំណង់ថ្មសម្បើមៗមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ។ ផ្ទុយមកវិញ សំណង់ទាំងនេះផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និង ពុទ្ធសាសនាធ្វើពិធីទេវភាព រឺ ពុទ្ធភាព នៃមហាក្សត្រនិងព្រះញាតិវង្ស។ លោកសឺដេសបានឲ្យយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរគឺជាទីសក្ការៈបូជា និងជាព្រះសុសាន។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាព្រហ្មញ្ញសាសនា។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲ្យកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲ្យជួរភ្នំព័ទ្ធជុំវិញនៅខាងចុងបំផុតនៃពិភពលោក និងគោបុរៈពិពណ៌នាអំពីមហាសមុទ្រតាមបែបលោកធាតុ។ ដូចនឹងមហាគ្រឹះបុរាណដទៃផ្សេងទៀតដែរ បូជនីយដ្ឋានជាច្រើននៅតំបន់អង្គរបានបង្ហិនបង្ហោចដោយសារការទុកបម្រុងធនធាន និង កម្លាំងមនុស្សទុកជាច្រើន និងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល។

សង្គមសម័យអង្គរប្រកបដោយឋានានុក្រមតឹងរឹង។ ព្រះរាជាត្រូវបានគេចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិខាងដីធ្លី និង លើប្រជានុរាស្ត្រព្រះអង្គ។ ខាងក្រោមព្រះមហាក្សត្រ និងព្រះញាតិវង្សដោយផ្ទាល់គឺជាសមណៈភាពព្រាហ្មណ៍ និង វណ្ណៈមន្ត្រីតូចតាច ដែលមានចំនួនប្រហែល ៤,០០០ នាក់ នៅសតវត្សទី១០។ បន្ទាប់ពីនោះគឺប្រជារាស្ត្រសាមញ្ញ ជាអ្នកដែលត្រូវទទួលបន្ទុកកំណែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម)។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានកសាងវិមានប្រាសាទនានាជារៀងរហូតមក។

បន្ទាប់ពីការចូលទិវង្គតរបស់ព្រះបាទជ័យវម៌្មទី៧មក កម្ពុជាបានឈានចូលដល់សម័យការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់ជាតិនៅទីបំផុត។ ពួកសៀមគឺជាការគំរាមកំហែងកាន់តែធំឡើងៗនៅតាមព្រំដែនខាងលិចនៃអាណាចក្រ។ ការរីកសាយភាយពុទ្ធសាសនាថេរវាទ មកកាន់កម្ពុជាចេញពីស្រីលង្កាតាមនគរមន បានប្រជែងនឹងលទ្ធិព្រហ្មញ្ញសាសនា និង ពុទ្ធសាសានាមហាយានរបស់ស្ដេច។ ដោយមានការបង្រៀនអំពីតបកម្ម និងការសង្គ្រោះខ្លួនឯង តាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ ពុទ្ធសាសនាថេរវាទមិនបានផ្ដល់ការគាំទ្រដល់លទ្ធិសង្គមមួយដែលគ្រប់គ្រង ដោយការធ្វើឱ្យព្រះរាជាមានភាពស្ដុកស្ដម្ភ ថែរក្សាដោយទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

នៅឆ្នាំ១៣៥៣ កងទ័ពសៀមបានកាន់កាប់អង្គរ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសា។ កំឡុងសម័យដដែល ទឹកដីខ្មែរភាគខាងជើងនៅព្រំដែនលាវបច្ចុប្បន្ននេះ ត្រូវបានបាត់បង់ទៅនគរលាវលានជាង។ ក្នុងឆ្នាំ១៤៣១ ពួកសៀមបានកាន់កាប់អង្គរធំ។ តាំងពីពេលនោះមក តំបន់អង្គរក៏លែងតាំងជារាជធានីទៀតហើយ វាលែងតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦ចេញ។

មើលផងដែរ

កំណត់ត្រានានា

  1. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
  2. សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
  3. ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
  4. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
  5. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
  6. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១
  7. "Cambodia".

ឯកសារយោង

  • ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
  • មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
  • ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា

ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។

  • Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
  • Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
  • Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
  • Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
  • ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង

ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926