មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
បុប្ផាណា (ឈ្មោះពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា, អង់គ្លេស៖ Bophana Audiovisual Resource Center, បារាំង៖ Bophana Centre de resources audiovisuelles) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយធ្វើការប្រមូលទុកនូវឯកសាររូបភាព និងសំឡេងពីអតីតកាលកម្ពុជា សម្រាប់ទុកឲ្យសាធារណជនធ្វើការស្រាវជ្រាវ សិក្សា ស្វែងយល់។
បេសកកម្ម
ជួយសង្គ្រោះ និងធ្វើឲ្យអនុស្សាវរីយទាំងចាស់ ទាំងថ្មីមានជីវិត
មជ្ឈមណ្ឌលធ្វើការប្រមែប្រមូលរាល់ឯកសារស្ដីអំពីប្រទេសកម្ពុជា មកពីជុំវិញពិភពលោក មានដូចជារូបភាព ខ្សែភាពយន្ត សំឡេង និងឯកសារក្នុងទ្រង់ទ្រាយដទៃទៀត។ រាល់ឯកសារទាំងនោះត្រូវបានចងក្រង និងសង្គ្រោះឲ្យមានជីវិតឡើងវិញ សម្រាប់ទុកឲ្យសាធារណជន សិស្ស និស្សិត អ្នកស្រាវជ្រាវ អាចសិក្សានិងទស្សនាបានដោយឥតគិតប្រាក់។ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន ធ្វើការស្នើសុំពីប្រទេសបារាំងនូវឯកសារមួយចំនួនដូចជា ឯកសារភាពយន្តស្ដីអំពីកម្ពុជារបស់សមាគមហ្វ្រែលុយមីញែរ ដែលថតតាំងពីពេលកកើតភាពយន្តដំបូងម្ល៉េះ, ព្រះរាជពិធីបុណ្យអុំទូកអំឡុងទសវត្សរ៍ទី៥០ ខ្សែភាពយន្ត និងការផ្សាយសំឡេងឃោសនាតាមវិទ្យុខ្មែរក្រហម។[1] គ្រប់ឯកសារទាំងនោះមានដាក់ជូនសាធារណជនទស្សនានៅក្នុងមូលដ្ឋាន ទិន្នន័យរបស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ)។
ពង្រឹងនិងផ្ដល់ថាមពលឲ្យវិស័យសោតទស្សន៍តាមរយៈការបណ្ដុះបណ្ដាល
ដើម្បីពង្រឹង និងលើកកម្ពស់ឲ្យវិស័យសោតទស្សន៍មានការរីកចម្រើន មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បាន បើកវគ្គបណ្ដុះបណ្ដាលមួយចំនួនដល់អ្នកដែលពេញចិត្តលើផ្នែកនេះ ជាពិសេសគឺយុវជន ដោយមានការបង្ហាត់បង្ហាញពីអ្នកជំនាញជាជនជាតិខ្មែរ និងបរទេស ហើយអនុវត្តផ្ទាល់តែម្ដង។[១]
ផលិត និងធ្វើសហប្រតិបត្តិការថតខ្សែភាពយន្តបរទេស
មជ្ឈមណ្ឌលធនធានសោតទស្សន៍បានដំឡើងផ្នែកផ្គត់ផ្គង់មួយសម្រាប់ការថតរបស់ខ្លួន និងសម្រាប់ទទួលការថតរបស់បរទេសនៅកម្ពុជា នោះគឺមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទទួលការថតភាពយន្តនៅកម្ពុជា(CFC)។ ការផលិត និងការផ្គត់ផ្គង់ថតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាល ដែលជាឱកាសសម្រាប់យុវជនដែលបានបញ្ចប់ការសិក្សា អាចបញ្ចេញសមត្ថភាពរបស់ខ្លួន និងពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។ ផ្នែកផ្គតផ្គង់នេះនឹងឆ្លើយតបតាមតម្រូវការដែលអ្នកជំនាញខាងវិស័យភាពយន្តចង់បាន ដោយផ្តល់នូវធនធានមនុស្សមានសមត្ថភាព និងសេវាកម្មប្រកប ដោយគុណភាព។ ការធ្វើបែបនេះក៏ជាគោលបំណងដើម្បីគ្រប់គ្រងប្រាក់ចំណូលដល់មជ្ឈមណ្ឌល ដើម្បីធានាឲ្យមានសកម្មភាពជានិរន្ដរ៍ដែរ។
ឯកសារយោង
- ↑ 'បេសកកម្មរបស់យើង': http://bophana.org/site/index.php?option=com_content&task=view&id=15&Itemid=58