Jump to content

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១២:៤៧ ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ ដោយ ទេព សុវិចិត្រ (ការពិភាក្សា | ការរួមចំណែក) (បានបង្កើតទំព័រដែលផ្ដើមដោយ បុប្ផាណា (ឈ្មោះ​ពេញ៖ មជ្ឈមណ្ឌល​ធនធាន​សោត​...)

បុប្ផាណា (ឈ្មោះ​ពេញ៖ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា, អង់គ្លេស៖ Bophana Audiovisual Resource Center, បារាំង៖ Bophana Centre de resources audiovisuelles) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥ ដោយ​ធ្វើ​ការ​ប្រមូល​ទុក​នូវ​ឯកសារ​រូបភាព និង​សំឡេង​ពី​អតីតកាល​កម្ពុជា សម្រាប់​ទុក​ឲ្យ​សាធារណជន​ធ្វើ​ការ​ស្រាវជ្រាវ សិក្សា ស្វែង​យល់។

បេសកកម្ម

ជួយ​សង្គ្រោះ និង​ធ្វើ​ឲ្យ​អនុស្សាវរីយ​ទាំង​ចាស់ ទាំង​ថ្មី​មាន​ជីវិត

មជ្ឈមណ្ឌល ​ធ្វើ​ការ​ប្រមែប្រមូល​រាល់​ឯកសារ​ស្ដី​អំពី​ប្រទេស​កម្ពុជា មក​ពី​ជុំវិញ​ពិភព​លោក មាន​ដូច​ជា​រូបភាព ខ្សែ​ភាពយន្ត សំឡេង និង​ឯកសារ​ក្នុង​ទ្រង់ទ្រាយ​ដទៃ​ទៀត។ រាល់​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ចងក្រង និង​សង្គ្រោះ​ឲ្យ​មាន​ជីវិត​ឡើង​វិញ សម្រាប់​ទុក​ឲ្យ​សាធារណជន សិស្ស និស្សិត អ្នក​ស្រាវ​ជ្រាវ អាច​សិក្សា​និង​ទស្សនា​បាន​ដោយ​ឥត​គិត​ប្រាក់។ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា បាន ​ធ្វើ​ការ​ស្នើ​សុំ​ពី​ប្រទេស​បារាំង​នូវ​ឯកសារ​មួយ​ចំនួន​ដូច​ជា ឯកសារ​ភាពយន្ត​ស្ដី​អំពី​កម្ពុជារបស់​សមាគម​ហ្វ្រែលុយមីញែរ ដែល​ថត​តាំង​ពី​ពេល​កកើត​ភាពយន្ត​ដំបូងម្ល៉េះ, ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​អំឡុង​ទសវត្សរ៍​ទី​៥០ ខ្សែភាពយន្ត និង​ការ​ផ្សាយ​សំឡេង​ឃោសនាតាម​វិទ្យុ​ខ្មែរ​ក្រហម។[1] គ្រប់​ឯកសារ​ទាំង​នោះ​មាន​ដាក់​ជូន​សាធារណជន​ទស្សនា​នៅ​ក្នុង​មូលដ្ឋាន​ ទិន្នន័យ​របស់មជ្ឈមណ្ឌល ដែលមានជាបីភាសា (ភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ)។

ពង្រឹង​និង​ផ្ដល់​ថាមពល​ឲ្យ​វិស័យ​សោតទស្សន៍​តាមរយៈ​ការ​បណ្ដុះ​បណ្ដាល

ដើម្បី​ពង្រឹង និង​លើក​កម្ពស់​ឲ្យ​វិស័យ​សោតទស្សន៍​មាន​ការ​រីក​ចម្រើន មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា បាន ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន​ដល់​អ្នក​ដែល​ពេញ​ចិត្ត​លើ​ផ្នែក​នេះ ជា​ពិសេស​គឺ​យុវជន ដោយ​មាន​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ជំនាញ​ជាជន​ជាតិខ្មែរ និង​បរទេស ហើយ​អនុវត្ត​ផ្ទាល់​តែ​ម្ដង។

ផលិត និង​ធ្វើ​សហប្រតិបត្តិការ​ថត​ខ្សែ​ភាពយន្ត​បរទេស

មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បាន​ដំឡើង​ផ្នែក​ផ្គត់ផ្គង់​មួយ​សម្រាប់​ការ​ថត​របស់​ខ្លួន និង​សម្រាប់​ទទួល​ការ​ថត​របស់​បរទេស​នៅ​កម្ពុជា នោះ​គឺ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា(CFC)។ ការ​ផលិត និង​ការ​ផ្គត់ផ្គង់​ថត​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​វគ្គ​បណ្ដុះ​បណ្ដាល ដែល​ជា​ឱកាស​សម្រាប់​យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។ ផ្នែក​ផ្គតផ្គង់​នេះ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ដែល​អ្នក​ជំនាញ​ខាង​វិស័យ​ភាពយន្ត​ចង់​បាន ដោយ​ផ្តល់​នូវធនធាន​មនុស្ស​មាន​សមត្ថភាព និង​សេវាកម្មប្រកប ដោយគុណភាព។ ការ​ធ្វើ​បែប​នេះ​ក៏​ជា​គោល​បំណង​ដើម្បី​គ្រប់គ្រង​ប្រាក់​ចំណូល​ដល់​មជ្ឈមណ្ឌល ដើម្បី​ធានា​ឲ្យ​មាន​សកម្មភាព​ជា​និរន្ដរ៍​ដែរ។

ឯកសារ​យោង