កិត្តិព្រឹទ្ធបណ្ឌិត
ដើម្បីបង្ហាញនូវសេចក្តីកោតសរសើរ និងដឹងគុណចំពោះថ្នាក់ដឹកនាំជាតិ ដែលមានបុគ្គលភាពថ្លៃថ្នូរល្អប្រសើរ និងមានមគ្គុទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយសេចក្តីថ្កុំថ្កើង ល្បីល្បាញ ហើយស័ក្តិសមជាឥស្សរជនឆ្នើមជាន់ខ្ពស់របស់ជាតិ និងដើម្បីជាគំរូប្រពៃថ្លៃថ្លាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា ប្រជារាស្ត្រទូទាំងប្រទេស ក្នុងការបណ្តុះនូវស្មារតី និងឆន្ទៈស្រឡាញ់ការពារទឹកដី និងសន្តិភាពឱ្យបានជាភិយ្យោភាពនោះ ក្រុមសមាជិកពេញសិទ្ធិ ឬ បណ្ឌិតសភាចារ្យ (Academician) បានសម្រេច និងឯកភាពស្នើថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីទ្រង់ប្រោសប្រទាននូវគោរមងារដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាកិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ។
គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត (Kittipritthbindit)» ជាគោរមងារដ៏ឧត្តុង្គឧត្តម របស់រាជបណ្ឌិត្យសភាកម្ពុជា ។ គោរមងារនេះស្នើប្រគល់ជូនវរជនខ្មែរដែលមានគុណបំណាច់ និងស្នាដៃធំធេងចំពោះប្រទេសជាតិ ក្នុងការធ្វើឱ្យរស់ឡើងវិញ និងអភិវឌ្ឍនូវសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានការទទួលស្គាល់ជាអន្តរជាតិលើវិស័យមនុស្សធម៌ និងសង្គមធម៌ទៀតផង ។ គោរមងារនេះត្រូវបានសម្រេចជ្រើសរើសដោយសមាជិកបណ្ឌិតសភាពេញសិទ្ធិ ឬបណ្ឌិតសភាចារ្យ (Academician) នៃរាជបណ្ឌិត្យសភាកម្ពុជាតាមការស្នើសុំរបស់ប្រធានរាជបណ្ឌិត្យសភា កម្ពុជា និងដោយមានការឯកភាពពាក្យពេចន៍ពីក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ ព្រមទាំងត្រូវបានត្រាស់បង្គាប់ប្រគល់ជូនដោយព្រះមហាក្សត្រព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។
កិត្តិព្រឹទ្ធបណ្ឌិត បានផ្សំបង្កើតពីពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត ៖
កិត្តិ ជានាមសព្ទ មានន័យថា សេចក្តីរុងរឿងដ៏មហាប្រសើរ សេចក្តីថ្កុំថ្កើង ភាពល្បីល្បាញ ។ ព្រឹទ្ធ ជាគុណនាម មានន័យថា ដែលមានភាពចាស់ទុំខាងផ្នែកវ័យ វឌ្ឍនាការខាងកិរិយាមារយាទ ឬ ខាងគំនិតដែលគិតវែងឆ្ងាយ ហើយប្រកបដោយគុណធម៌ ។ បណ្ឌិត ជានាមសព្ទមានន័យថា អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាឈ្លាសវៃ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ អ្នកប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ ដោយប្រកាន់ខ្ជាប់នូវគុណធម៌ ។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជា ឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលពោរពេញទៅដោយបទពិសោធន៍ និងទេពកោសល្យទូលំទូលាយ ។ លោកជំទាវបានចូលរួមចលនាកងកម្លាំងតស៊ូរំដោះជាតិមាតុភូមិតាំងពី ក្នុងវ័យ១៦ឆ្នាំ ហើយរហូតដល់បច្ចុប្បន្ន លោកជំទាវបានបង្កើតស្នាដៃឧត្តុង្គឧត្តម ជូនជាតិមាតុភូមិទាំងក្នុងវិស័យមនុស្សធម៌ និងសង្គម-វប្បធម៌ ។ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់មួយរូបដែលមានកិត្តិយសខ្ពង់ខ្ពស់ដោយបានទទួលគ្រឿងឥស្សរិយយស «ជាតូបការ» ពីព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្ន» ពីព្រះវររាជបិតាជាតិខ្មែរ ។ លើសពីនេះ លោកជំទាវជាឥស្សរជនមួយរូបដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ៖
ថ្ងៃទី០១ ខែមករា ឆ្នាំ២០១០: សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែកអប់រំ ពីសាកលវិទ្យាល័យ ស៊ីឡា សាធារណរដ្ឋកូរ៉េ ។
ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩: ពានរង្វាន់វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងការអភិវឌ្ឍ ប្រគល់ដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងនាមជាវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងយូអិនអេដ ។
ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩: សញ្ញាបត្របណ្ឌិតកិតិ្តយស ផ្នែកអក្សរសាស្រ្ត ពីសាកលវិទ្យាល័យ ជេជូរ សាធារណរដ្ឋកូរ៉េ ទទួលស្គាល់នូវសេវាកម្ម ដែលជាភ្លើងបំភ្លឺដ៏មហិមា ដែលបានផ្តល់ជូនជាតិមាតុភូមិ នៅក្នុងការស្វែងរកសន្តិភាព និងក្តីស្រឡាញ់អាណិតអាសូរដល់មនុស្សជាតិ ។
ថ្ងែទី០៣ ខែមិថុនា ឆ្នាំ២០០៩: សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស្រ្តីសេអ៊ូល ទទួលស្គាល់ពីស្នាដៃនៃការចូលរួមដ៏វិសេសវិសាលនៅក្នុងការងារ កាកបាទក្រហមកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវទៅលើកិច្ចការ និងសិទ្ធិស្រ្តី ។
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨: សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌ ពីសាកលវិទ្យាល័យកម្ពុជា ទទួលស្គាល់ស្នាដៃពីការបេ្តជ្ញាចិត្ត និងភក្តីភាពចំពោះសកម្មភាពមនុស្សធម៌ ។
ឆ្នាំ២០០៤: មេដៃកិត្តិយស កាកបាទក្រហមថេហ្គូន (Red Cross Grand Order of Taegung) ពីកាកបាទក្រហមជាតិនៃសាធារណរដ្ឋកូរ៉េ ។
ផ្អែកតាមលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយទាំងក្នុងវិស័យមនុស្សធម៌ សង្គម វប្បធម៌ និងការដឹកនាំរបស់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដូចបានលើកឡើងខាងលើ ក្រុមសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចជាឯកច្ឆ័ន្ទថា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ពិតជាមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបាននូវគោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត» នេះណាស់ ៕