កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(ភាសាអង់គ្លេស: United Nations Development Programme) មានឈ្មោះហៅកាត់ថា យូអឹនឌីភី(UNDP) គឺជាទីភ្នាក់ងារបណ្តាញអភិវឌ្ឍន៍សកលលោករបស់អង្គការសហប្រជាជាតិ ។ អង្គការនេះមានបុគ្គលិក ៧.០០០នាក់ធ្វើការនៅក្នុងប្រទេសចំនួន ១៨៥ ហើយមានការិយាល័យធំនៅក្នុងទីក្រុងញូវយ៉ក ។ យូអឹនឌីភី ជួយជំរុញការអភិវឌ្ឍដោយភ្ជាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងធនធានដែលជាសេចក្តីត្រូវការសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការកសាងជីវិតឱ្យប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការវិវត្តជាសកលឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០។
អង្គការយូអឹនឌីភី នៅក្នុងប្រទេសកម្ពុជាមានវត្តមានតំណាងឱ្យយូអឹនឌីភី ទូទាំង ពិភពលោក ។ អង្គការយូអឹនឌីភី នៅក្នុងប្រទេសកម្ពុជាមានគោលបំណងជួយប្រជាជនកម្ពុជា ស្វែងរកដំណោះស្រាយបញ្ហានៃការអភិវឌ្ឍនានាដោយខ្លួនគេផ្ទាល់ ។ អង្គការយូអឹនឌីភី នៅកម្ពុជាផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការសម្រេចបានជាទូទៅនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា គាំទ្រកម្មវិធីជាតិផ្សេងៗដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ លើកស្ទួយអភិបាលកិច្ចបែបប្រជាធិបតេយ្យ ធានានិរន្តរភាពបរិស្ថាន គាំទ្រការសម្អាតមីន ជម្រុញសមភាពយេនឌ័រ និងប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជម្ងឺអេដស៍ ។
ដើម្បីធ្វើឱ្យទស្សនៈវិស័យនេះក្លាយជាការពិត អង្គការយូអឹនឌីភីនៅកម្ពុជា សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ជួយគាំទ្រការអភិវឌ្ឍជាអាទិភាពប្រទេសកម្ពុជា ។ ការគាំទ្រនេះមានថវិការសរុប ៤០០លានដុល្លារពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០ ។ ជាទីភ្នាក់ងារមួយដែលធ្វើការនៅក្នុងក្របខ័ណ្ឌនេះ អង្គការ យូអឹនឌីភី ខ្លួនឯងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានទឹកប្រាក់ជាង ២៤លានដុល្លារកាលពីឆ្នាំ ២០០៥ ។ ភាគច្រើននៃថវិការទាំងនេះត្រូវបានផ្តល់ឱ្យតាមរយៈអង្គការ យូអឹនឌីភី នៅកម្ពុជា ដោយអ្នកផ្តល់ជំនួយនានាពីប្រទេសអភិវឌ្ឍន៍ និងពីជំនួយទុកចិត្តសកល ។ អង្គការយូអឹនឌីភី នៅកម្ពុជា ធ្វើការជាចម្បងជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះជាយ៉ាងនេះក្តី ក៏អង្គការយូអឹនឌីភី នៅកម្ពុជា ចូលរួមផងដែរជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិនានា អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ។
ប្រវត្តិUNDP
អង្គការយូអឹនឌីភី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយបញ្ចូលកម្មវិធីជំនួយខាងផ្នែកបច្ចេកទេសនិងជំនួយថវិកាពិសេសរបស់អង្គការសហប្រជាជាតិ។ អង្គការទាំងពីរនេះ ត្រូវបានបញ្ចូលអោយទៅជាអង្គការយូអឹនឌីភីតែមួយនៅឆ្នាំ ១៩៧១។
គេហទំព័រ
- កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា http://www.un.org.kh/undp/
- កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ http://www.undp.org/