ដើមកំនើតជាតិខ្មែរ
ក្នុងការសិក្សាពីអរិយធម៌ខ្មែរ បព្ហាដែលចោទឡើងជានិច្ចកាល ដែលធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវខិតខំដោះស្រាវដោយបាន បញ្ចេញមតិយោបល់ប្លែកៗគ្នា ហើយមានពេលខ្លះយោបល់ទាំងនោះមានលក្ខណៈផ្ទុយគ្នាទាំងស្រុងផង។ ជាទូទៅគេបានភ្ជាប់ខ្មែរ ទៅនឹងជនជាតិណាមួយដែលមានអរិយធម៌ខ្ពស់ជាងដើម្បីរក្សាអត្ថិភាពរបស់ខ្មែរ។ ក្នុងចំណោមមតិយោបល់ទាំងនោះ យើងកំនត់សំគាល់ឃើញមាន២ ប្រភេទ៖
មតិទី១ ៖ គេទទួលស្គាល់ថាខ្មែរជាជនជាតិអន្ដោប្រវេសន៍ (Race emigree)ចេញពីប្រទេសឥណ្ឌា ហើយបានចូលមក រាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយ(Race autochtone)។ ជាតិដើមនោះគឺជនជាតិក្នុងអំបូរម៉ាឡាយ៉ូប៉ូលីណេស៊ីយែន (Race Nalayo Polynesieenne)ម៉ាឡាយ៉ូ-ប៉ូលីណេស៊ីយែន ឬ អូស្រ្ដូណេស៊ីយែន(autronisien)គឺស្ថិតក្នុងអំបូរភាសានិយាយ របស់ជនជាតិដែលរស់នៅលើកោះនៃមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីភិច(Oceac indien et Pacifique)។ នេះគឺជាទស្សនៈរបស់លោក ហេនដ្រឹកគែរ (Hendrick Kern)។ ក្រោយមកទៀតមានអ្នកប្រាជ្ញមួយចំនួនទៀតដូចជាលោក អាដេម៉ាឡឺក្លែរ (Adhemard Lecler) និងលោក ព្យែរគូរូ (Pierre gourou)ជាដើម ក៏ទទួលយល់ព្រមតាមដែរ
មតិទី២ ៖ ក្រុមទី២ បានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងក្រុមមន-ខ្មែរ ហើយបានមកកកើនឡើងនៅភូមិភាគអាស៊ីអាគ្នេយ៏ តាំងពីបុរេប្រវត្តិមកម្ល៉េះ ។ យោបល់នេះ គឺរបស់លោក ប៊ែរណា ហ្វ៊ីលីព គ្រោសឺលីយេ (Bernard Philippe grocelier)ជាអតីត អភិរក្សអង្គរ និង លោក ម៉ាសែលតាឡាបូ (Narcel Talabot)។ លោកទាំងពីរយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្រ្ដមានហ្វូងមនុស្ស ជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៏ ក្នុងនោះមានពួក អូស្រ្ដូឡូអ៊ីត(Austrolode) ពួកមេឡាណេស៊ីយ៉ាង ( Medanesien) និងឥណ្ឌូនេស៊ីយ៉ាង (Indounesien)។ អំបូរមន-ខ្មែរគឺជាពួកកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយ៉ាង និងពួកមេឡាណេស៊ីយ៉ាងហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែល លាតស្ធឹងពីឥណ្ឌូចិន ជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌាតាមទស្សនៈទាំងពីរខាងលើនេះឃើញថាហាក់ដូច សមស្របនិងទស្សនៈរបស់ខ្មែរច្រើន ដោយហេតុថា តាមរយៈរឿងព្រេងនានា ពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកថា ខ្មែរគឺមានប្រភពពីស្រុកខ្មែរនេះឯង។ នេះមានន័យថា បើសិនជាគ្មាននាងនាគ ប្រភពស្រុកខ្មែរ ព្រះថោង ឬកៅណ្ឌិន្យ ដែលជាប្រភពឥណ្ឌា ក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរហ្វូណនឬ កោះគោកធ្លកទេ ហើយ ឥណ្ឌាក៏មិនអាផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរដែរ។ សរុបសេចក្ដីមកឃើញថា បញ្ហដើមកំនើតខ្មែរមានសម្មតិកម្មច្រើននឹង ប្លែកៗគ្នាតែមតិនោះមានចំនុចរួមមួយត្រង់ថាខ្មែរជាជនជាតិមួយ ស្ថិតក្នុងអំបូរពិសេសមួយគឺអំបូរ មន-ខ្មែរឬ ខមនេះឯង។
ដកស្រង់ចេញពី
–សៀវភៅអរិយធម៌ របស់ក្រសួងអប់រំ យុវជន និង កីឡា(ឆ្នាំ សិក្សា ១៩៩៧-៩៨)