ប្រាសាទគោករមៀត
ប្រាសាទគោករមៀតស្ថិតនៅក្នុងភូមិសាស្ត្ររបស់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគោករមៀត ឃុំគោករមៀត បានហៅប្រាសាទបុរាណនេះថា ប្រាសាទគោករមៀត តៗគ្នារហូតដល់សព្វថ្ងៃនេះ ។ ប្រាសាទនេះមាន ហ៊ុមព័ទ្ធទៅដោយ ព្រៃស្រោង នៅចម្ងាយពីព្រំប្រទល់ ប្រទេសសៀមប្រមាណជា ១០ គីឡូម៉ែត្រ ។ ប្រាសាទបុរាណនេះកសាងឡើងដោយឥដ្ឋ ខ្លោង ទ្វារ និង ចម្លាក់នានាធ្វើអំពីថ្មភក់ ។ រូបចម្លាក់ និង ដំបូលប្រាសាទ ត្រូវបាក់បែកខ្ទេចខ្ទាំស្ទើរ គ្មានសល់។ ជារួមមក យោងទៅតាមទម្រង់នៃអក្សរចារឹក និងផ្នែកជាច្រើននៃប្រាសាទមានលក្ខណៈប្រហាក់ប្រហែលប្រាសាទក្រហម (សសរពេជ្រ ប្លង់ទូទៅនៃប្រាសាទ ជើងទម្រ) យើងអាចសន្និដ្ឋានបានថា ប្រាសាទគោករមៀត ទំនងកសាងឡើងនៅរវាងចុងស.វ.ទី១០ ដើមស.វ.ទី១១ ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០) ឬ ព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់ ១០៤៩)។ ដោយឡែក ដោយសារតែអក្សរចារឹកមានភាពរលុបខ្លាំងដែលជាហេតុធ្វើឱ្យអ្នកស្រាវជ្រាវមិនទាន់មានលទ្ធភាពអាចប្រែសម្រួលអត្ថន័យបាន យើងពុំដឹងច្បាស់អំពីតួនាទីរបស់ប្រាសាទគោករមៀតថាយ៉ាងណានោះដែរ ពោល គ្រាន់តែអាចសន្និដ្ឋានបានថា ប្រាសាទនេះទំនងជាទេវស្ថាន ឬទីសក្ការបូជាដែលប្រហែលពាក់ព័ន្ធជាមួយលទ្ធិព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា។