Jump to content

ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន

ពីវិគីភីឌា
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋចិន បានចាប់ផ្តើមនៅក្រោយរបបរាជវង្សឈីងក្នុងឆ្នាំ១៩១២ ពោលគឺនៅពេលដែលបដិវត្តន៍ស៊ីនហៃបានផ្តួលរំលំរបបរាជានិយមចិនដែលមានអាយុកាលជាង ២០០០ ឆ្នាំ។ ក្រោយពីបានប្រកាសបង្កើតឡើងមក សាធារណរដ្ឋមួយនេះបានឆ្លងកាត់វិបត្តិបញ្ហា និងពលវទុក្ខជាច្រើនរួមមាន វិបត្តិស្តេចត្រាញ់ដែលតែងតែចង់ដណ្តើមអំណាចនិងទឹកដីគ្រប់គ្រង និងអំណាចបរទេសចូលមកជ្រៀតជ្រែកជាដើម។

នៅឆ្នាំ១៩២៨ សាធារណរដ្ឋចិនត្រូវបានបង្រួបបង្រួមក្រោមការដឹកនាំរបស់គណបក្សគួមីនតាង (ឬអាចហៅបានថា "គណបក្សជាតិនិយមចិន") បន្ទាប់ពីបានបញ្ចប់បេសកកម្មភាគខាងជើង និងកំពុងឈានចូលដំណាក់កាលដំបូងនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ប៉ុន្តែក៏ត្រូវរំខានដោយជម្លោះផ្ទៃក្នុងរដ្ឋាភិបាល សង្គ្រាមជាមួយចក្រភពជប៉ុន និងការខ្វែងគំនិតគ្នារវាងបក្សកុម្មុយនីស្តចិន និងមេទ័ពក្នុងស្រុក។ រាល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសដែលផ្តួចផ្តើមដោយគួមីនតាងត្រូវបានបញ្ឈប់នៅពេលដែលសង្រ្គាមចិន-ជប៉ុនលើកទីពីរបានផ្ទុះឡើងនៅរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥ ហើយក្រោយមកទៀតក៏កើតមានទំនាស់រវាងបក្សគួមីនតាង និងបក្សកុម្មុយនីស្តដែលជាហេតុនាំឱ្យរដ្ឋាភិបាលចម្រុះមិនអាចបង្កើតឡើង និងទីបំផុតក៏កើតចេះជាសង្រ្គាមស៊ីវិលចិន

ការធ្វេសប្រហែសផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាជាបន្តបន្ទាប់គ្នាបាននាំទៅដល់ការបរាជ័យរបស់បក្សគួមីនតាងរហូតដល់ការដកថយទៅលើកោះតៃវ៉ាន់ (អតីត "ហ្វរម៉ូសារ") ក្នុងឆ្នាំ១៩៤៩ ហើយក៏បានបង្កើតចេញជារដ្ឋឯកបក្សផ្តាច់ការក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យស/ប្រធានាធិបតី ឈៀង កៃសេក។ ចាប់តាំងពីពេលនោះរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋនេះបានចាត់ទុក និងតែងអះអាងថាខ្លួនជាអាជ្ញាធរស្របច្បាប់តែមួយគត់នៃប្រទេសចិនទាំងមូលដោយចង្អុលសម្តៅទៅលើរដ្ឋាភិបាល ឬ "របប" កុម្មុយនីស្តថាមិនស្របច្បាប់ ហើយ "សាធារណរដ្ឋប្រជាមានិតចិន" ដែលបានប្រកាសនៅទីក្រុងប៉េកាំងដោយម៉ៅ សេទុងក្នុងឆ្នាំ១៩៤៩ នោះគឺជា "ចោរកុម្មុយនីស្ត" នៅចិនដីគោក។ សាធារណរដ្ឋ​ចិន​ត្រូវបាន​គាំទ្រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ទសវត្សរ៍ ដោយ​ប្រជាជាតិ​ជាច្រើន ជាពិសេស​គឺសហរដ្ឋអាមេរិក​ដែល​បាន​បង្កើត​សន្ធិសញ្ញា​ការពារ​អាញ់មាញ់ក្នុងឆ្នាំ១៩៥៤។ បន្ទាប់ពីសេរីភាវូបនីយកម្មនយោបាយបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ទីបំផុតសាធារណរដ្ឋប្រជាមានិតចិនក៏ទទួលបានចម្លើយយល់ព្រមនៅឆ្នាំ១៩៧១ ដើម្បីកាន់កាប់អាសនៈ "ប្រទេសចិន" នៅក្នុងមហាសន្និបាត ហើយសំខាន់ជាងនេះទៅទៀតគឺត្រូវបានអង្គុយជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខ។ បន្ទាប់ពីត្រូវច្រានចោលដោយអតីតសម្ព័ន្ធមិត្ត និងការធ្វើសេរីភាវូបនីយកម្មនៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីរដ្ឋាភិបាលផ្តាច់ការជាតិនិយម និងបន្ទាប់ពីមរណភាពរបស់ឈៀង កៃសេក សាធារណរដ្ឋចិនក៏បានផ្លាស់ប្តូរទៅជារដ្ឋពហុបក្ស ប្រជាធិបតេយ្យតំណាងនៅលើកោះតៃវ៉ាន់ និងថែមទាំងផ្តល់តំណាងភាពបន្ថែមឱ្យជនជាតិដើមតៃវ៉ាន់ទៀតផង ដែលបុព្វបុរសរបស់ពួកគេមានវត្តមាននៅលើកោះតៃវ៉ាន់នោះតាំងពីមុនការមកដល់នៃរដ្ឋាភិបាលសាធារណរដ្ឋចិននៅឆ្នាំ១៩៤៩ ម៉្លេះ។

រដ្ឋាភិបាលបណ្ដោះអាសន្ន (១៩១២)

ការបង្កើតសាធារណរដ្ឋឡើង

ស៊ុន យ៉ាតសេន បិតាស្ថាបនិកនៃសាធារណរដ្ឋចិន ដែលសព្វថ្ងៃត្រូវបានចាត់ទុកជាសាធារណរដ្ឋដ៏ចំណាស់ជាងគេប្រចាំទ្វីបអាស៊ី។
ទង់ជាតិទាំងបីត្រូវបានគេប្រើប្រាស់ដំបូងនៅអំឡុងវេលាបដិវត្តន៍។ ពាក្យនៅខាងក្រោមរូបអាចប្រែមកថា សូមឱ្យសាធារណរដ្ឋមានអាយុកាលយាងយូរ!

នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ រាជវង្សឈីងត្រូវប្រឈមមុខនឹងភាពចលាចលផ្ទៃក្នុង និងការលុកលុយពីបរទេស ពិសេសគឺចាប់តាំងពីចប់សង្គ្រាមចិន-ជប៉ុនបានបញ្ចប់នៅក្នុងឆ្នាំ១៨៩៥ មក។ ការបះបោរផ្ទៃក្នុង និងការគាបសង្កត់ពីសំណាក់អាជ្ញាធរបាននាំមកនូវវិនាសកម្មដល់ប្រជាជនចិនរាប់លាននាក់ ហើយជម្លោះជាមួយមហាអំណាចអឺរ៉ុបខាងលិចបាននាំឱ្យកើតមានសន្ធិសញ្ញាដ៏អយុត្តិធម៌ជាច្រើនបូករួមជាមួយសំណងសង្គ្រាមដែលក្លាយជាបន្ទុកក្នុងប្រព័ន្ធសារពើពន្ធ និងការបាត់បង់បូរណភាពទឹកដីរបស់ប្រទេស។ មតិដ៏ពេញនិយមក្នុងចំណោមជនជាតិហាននាពេលនោះបានលេចឡើងថា អំណាចនយោបាយគួរតែត្រឡប់ទៅរកជនជាតិហានវិញដែលជាក្រុមជនជាតិភាគច្រើនជាជាងបន្សល់ទុកឱ្យជនជាតិម៉ាន់ជូជាអ្នកកាន់កាប់ដោយក្រុមពួកនេះគ្រាន់តែជាជនជាតិភាគតិចនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ បន្ទាប់ពីការបះបោរអ្នកប្រដាល់ និងការលុកលុយពីអំណាចចក្រពត្តិនិយមដើម្បីបញ្ឈប់សកម្មភាពបះបោរទាំងនោះ តុលាការរាជាធិរាជឈីងក៏បានសម្រេចចិត្តធ្វើកំណែទម្រង់ស្ថាប័ន និងនយោបាយមូលដ្ឋានដូចជា ការលុបចោលប្រព័ន្ធត្រួតពិនិត្យរបស់ព្រះអធិរាជនៅឆ្នាំ១៩០៥ ការចេញសេចក្តីព្រាងរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩០៦ ការបង្កើតនីតិបញ្ញត្តិតាមបណ្ដាខេត្តក្នុងឆ្នាំ១៩០៩ និងការត្រៀមរៀបចំការបោះឆ្នោតសភាជាតិនៅឆ្នាំ១៩១០។ ក៏ប៉ុន្តែ ក្រុមអ្នកអភិរក្សនិយមម៉ាន់ជូនៅក្នុងតុលាការឈីងបាននាំគ្នាគិតថា កំណែទម្រង់ទាំងនេះគឺវាហួសហេតុជ្រុលពេក ចំណែកឯអ្នករិះគន់ក៏គិតថាកំណែទម្រង់នូវមិនទាន់ស៊ីជម្រៅនៅឡើយ។ ការខ្វែងគំនិតគ្នាបែបនេះបាននាំឱ្យមានការចាប់ឃុំឃាំងអ្នកកែទម្រង់ ឬកាត់ទោសប្រហារជីវិតតែម្តង។ ការបរាជ័យរបស់តុលាការរាជាធិរាជក្នុងការអនុវត្តសេរីភាវូបនីយកម្មនយោបាយ និងទំនើបភាវូបនីយកម្មបានបណ្ដាលឱ្យអ្នកកំណែទម្រង់បំបែរខ្លួនមកដើរលើមាគ៌ាបដិវត្តន៍។

ក្រុមបដិវត្តន៍ជាច្រើនបានលេចខ្លួនឡើង ប៉ុន្តែក្រុមដែលមានការរៀបចំល្អបំផុតនោះគឺជាក្រុមដែលបង្កើតឡើងដោយលោកស៊ុន យ៉ាតសេន (ចិន៖ 孫逸仙) ដែលលោកជាសកម្មជននិយមសាធារណរដ្ឋមួយរូប និងមាននិន្នការប្រឆាំងនឹងរបបឈីង។ ពេលនោះ ប្រជាប្រិយភាពរបស់លោកក៏បានកើនឡើងដោយទទួលបានការគាំទ្រពីសំណាក់និស្សិតចិននៅក្រៅប្រទេស និងបរទេស ជាពិសេសនៅឯប្រទេសជប៉ុន។ នៅឆ្នាំ១៩០៥ គាត់បានបង្កើតចលនាថុងម៉េងហួយឡើងនៅទីក្រុងតូក្យូ ជាមួយនឹងលោកហ័ង ស៊ីង ដែលជាមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងចលនាបដិវត្តន៍ចិននៅប្រទេសជប៉ុន។

ចលនានេះបានទទួលការគាំទ្រដោយមូលនិធិចិននៅក្រៅប្រទេស ហើយមិនតែប៉ុណ្ណោះ វាក៏ទទួលបានទាក់ទាញការគាំទ្រផ្នែកនយោបាយផងដែរដោយមានការចូលរួមពីមន្ត្រីយោធាក្នុងតំបន់ និងអ្នកនិយមកំណែទម្រង់មួយចំនួនដែលបានភៀសខ្លួនចេញពីប្រទេសចិនបន្ទាប់ពីព្រឹត្តិការណ៍កំណែទម្រង់រយថ្ងៃ។ ទស្សនៈនយោបាយរបស់លោកស៊ុនបានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៨៩៧ ហើយត្រូវបានបង្ហាញជាសាធារណៈនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩០៥ និងបានឆ្លងកាត់កំណែប្រែខ្លះៗនៅដើមទសវត្សរ៍ឆ្នាំ១៩២០។ ទស្សនៈលោកបានផ្តោតលើគោលការណ៍ទាំងបីរបស់ប្រជាជនគឺ "ជាតិនិយម ប្រជាធិបតេយ្យ និងជីវភាព របស់ប្រជាជន"។

គោលការណ៍ជាតិនិយមបានអំពាវនាវឱ្យផ្ដួលរំលំរដ្ឋអំណាចម៉ាន់ជូ និងបញ្ចប់អនុត្តរភាពបរទេសលើប្រទេសចិន។ គោលការណ៍ទីពីរគឺប្រជាធិបតេយ្យ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជាក់ពីគោលដៅរបស់ស៊ុនក្នុងការបង្កើតទម្រង់រដ្ឋាភិបាលសាធារណរដ្ឋ និងការផ្លាស់ប្តូរមួយចំនួនដូចជាកំណែទម្រង់ដីធ្លីជាដើម។

ប្រតិទិនដែលរំលឹកដល់ឆ្នាំដំបូងបន្ទាប់ពីសាធារណរដ្ឋត្រូវបានប្រកាស ក៏ដូចជាការបោះឆ្នោតជ្រើសរើសលោកស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្ន។

សម័យសាធារណរដ្ឋនៃប្រទេសចិនបានចាប់ផ្តើមជាមួយនឹងការផ្ទុះឡើងនៃបដិវត្តន៍នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១១ នៅក្នុងទីក្រុងវូឆាង នៃខេត្តហ៊ូប៉ី។ ព្រឹត្តិការណ៍ដំបូងនេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ការ​បះបោរវូឆាង ដោយសព្វថ្ងៃបានក្លាយជា​ទិវាជាតិនៅ​តៃវ៉ាន់។ សកម្មភាពបះបោរបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីប្រជុំជនជិតខាង ហើយសមាជិកនៃចលនាថុងម៉េងហួយនៅទូទាំងប្រទេសក៏បានក្រោកឈរឡើងគាំទ្រកងកម្លាំងបដិវត្តន៍ក្រុងវូឆាង។ នៅថ្ងៃទី១២ ខែតុលា ក្រុមបដិវត្តន៍បានទទួលជោគជ័យក្នុងការកាន់កាន់ក្រុងហាន់ខូវ និងហាន់យ៉ាង។ ទោះយ៉ាងណាក្តី ការអបអររបស់មហាជនចំពោះជ័យជម្នះទាំងនេះមិនមានរយៈពេលវែងទេព្រោះនៅថ្ងៃទី២៧ ខែតុលា លោកយ័ន ស៊ីខាយត្រូវបានតែងតាំងឡើងវិញដោយតុលាការ ឈីងដើម្បីដឹកនាំកងទ័ពថ្មី ហើយកងកម្លាំងស្មោះស្ម័គ្រនៅក្រោមបញ្ជាការលោកហ្វឹង គួចាង និងលោកឌូអាន ស៊ីរួយ បានផ្លាស់ទីទៅភាគខាងត្បូងដើម្បីដណ្តើមយកទីក្រុងអ៊ូហានមកវិញ។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅអំឡុងខែវិច្ឆិកា កងទ័ពបដិវត្តន៍ដែលមានកម្លាំងមនុស្សនិងអាវុធតិចជាងត្រូវបានកម្លាំងរដ្ឋាភិបាលរុញច្រានចេញពីក្រុងហាន់ខូវនិងហាន់យ៉ាង ហើយបានបន្តដកថយទៅដល់វូឆាង ភាគខាងត្បូងទន្លេយ៉ង់សេ។ ខណៈពេលដែលសមរភូមិយ៉ាងស្យាកំពុងសន្ធោសកម្ម ខេត្តចំនួន ១៥ នៃខេត្តសរុប ២៤ បានប្រកាសឯករាជ្យចេញពីចក្រភពឈីង។ លោកយ័ន ស៊ីខាយក៏បញ្ឈប់សកម្មភាពរុលទៅកាន់វូឆាង ហើយបានចាប់ផ្តើមធ្វើការចរចាជាមួយក្រុមបដិវត្តន៍។ មួយខែក្រោយមក លោកស៊ុន យ៉ាតសេនបានត្រឡប់មកកាន់ប្រទេសចិនវិញពីសហរដ្ឋអាមេរិកក្រោយពីបានរៃអង្គាសបានថវិកាខ្លះៗពីចំណោមប្រជាជនអាមេរិក និងចិនអាមេរិកាំង។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ ប្រតិភូមកពីខេត្តឯករាជ្យទាំងប៉ុន្មានបានបោះឆ្នោតជ្រើសរើសលោកស៊ុន យ៉ាតសេន ជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៃសាធារណរដ្ឋចិន។ លោកយ័ន ស៊ីខាយបានយល់ព្រមទទួលយករបបសាធារណរដ្ឋថ្មី រួចក៏បានបង្ខំចៅអធិរាជចុងក្រោយនៃប្រទេសចិនព្រះនាមភូយីឱ្យដាក់រាជ្យនៅថ្ងៃទី១២ ខែកុម្ភៈ។ ព្រះអធិរាជិនីឡុងយូជាអ្នកចុះហត្ថលេខាលើឯកសារដាក់រាជ្យ។ សម្រាប់ព្រះចៅភូយីវិញ ទ្រង់ត្រូវបានគេអនុញ្ញាតឱ្យបន្តគង់នៅក្រុងហ្សឺជីនឆឹង

សម័យប៉ីយ៉ាង (១៩១២–១៩២៨)

ដើមសម័យសាធារណរដ្ឋ

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២ លោកស៊ុនបានប្រកាសបង្កើតសាធារណរដ្ឋចិនជាផ្លូវការ ហើយបានទទួលតំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីមួយនៅទីក្រុងណានជីង។ ប៉ុន្តែ អំណាចនៅទីក្រុងប៉េកាំងបានធ្លាក់ទៅក្នុងដៃលោកយ័ន ស៊ីខាយរួចទៅហើយ ដោយលោកជាមេដឹកនាំនៃកងទ័ពប៉ីយ៉ាង ដែលពេលនោះត្រូវជាកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសចិន។ ដើម្បីទប់ស្កាត់កុំឱ្យកើតមានសង្គ្រាមស៊ីវិល និងអន្តរាគមន៍បន្តពីបរទេសដែលអាចបំផ្លាញរបបសាធារណរដ្ឋដ៏ក្មេងខ្ចីនេះបាន លោកស៊ុនបានយល់ព្រមតាមការទាមទាររបស់យ័នឱ្យប្រទេសចិនរួបរួមគ្នាក្រោមរដ្ឋាភិបាលទីក្រុងប៉េកាំងដែលដឹកនាំដោយយ័នផ្ទាល់។ នៅថ្ងៃទី១០ ខែមីនា នៅទីក្រុងប៉េកាំង លោកយ័ន ស៊ីខាយបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នទីពីរនៃសាធារណរដ្ឋចិន។

រូបភាពដែលរំលឹកដល់ប្រធានាធិបតីអចិន្ត្រៃយ៍នៃសាធារណរដ្ឋចិន យ័ន ស៊ីខាយ និងប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណរដ្ឋ ស៊ុន យ៉ាតសេន។

សាធារណរដ្ឋ​ដែលលោក​ស៊ុន យ៉ាតសេន និង​សហការី​ស្រមៃ​បាន​វិវត្តន៍ទៅមុខ​យឺតៗ។ ទោះបីជាមានគណបក្សនយោបាយជាច្រើនប្រជែងគ្នាដណ្តើមអំណាចកំពូលនៅក្នុងសភាក៏ដោយ ប៉ុន្តែពួកគេទាំងនោះនូវខ្វះកម្លាំងទ័ព ហើយមិនយូរប៉ុន្មានអំណាចរបស់យ័ន ស៊ីខាយបានកើនលើសពីសភាទៅទៀត។ យ័នបានកែប្រែរដ្ឋធម្មនុញ្ញដោយខ្លួនឯង ហើយគំនិតផ្តាច់ការរបស់លោកបានចាប់ផ្តើមលេចឡើងបន្តិចម្តងៗ។ នៅខែសីហា ឆ្នាំ១៩១២ គណបក្សគួមីនតាង (គណបក្សជាតិនិយម) ត្រូវបានបង្កើតឡើងដោយលោកស៊ុង ចែវរ៉េន ដែលជាសហការីម្នាក់របស់ស៊ុន យ៉ាតសេន។ គណបក្សថ្មីមួយនេះបានបង្កើតឡើងដោយការ​ផ្គុំ​បញ្ចូល​គ្នា​នៃ​បក្ស​នយោបាយ​តូចៗដោយមានរួម​ទាំងចលនាថុងម៉េងហួយរបស់ស៊ុនផង​ដែរ។ នៅក្នុងការបោះឆ្នោតជាតិដែលបានធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ១៩១៣ ដើម្បីជ្រើសរើសសមាជិកថ្មីសម្រាប់សភាទាំងពីរក្នុងប្រទេស លោកស៊ុងបានធ្វើយុទ្ធនាការប្រឆាំងនឹងរដ្ឋបាលយ័នដែលនៅពេលនោះតំណាងដោយគណបក្សសាធារណរដ្ឋក្រោមការដឹកនាំដោយលាំង ឈីឆាវ។ ដោយសមត្ថភាពប៉ិនប្រសប់របស់ស៊ុងជា​អ្នក​ធ្វើ​យុទ្ធនាការ ជាលទ្ធផល ​គណបក្ស​គួមីនតាង​ក៏បាន​ឈ្នះ​អាសនៈ​ភាគច្រើន។

បដិវត្តន៍លើកទីពីរ

ស៊ុងត្រូវបានគេធ្វើឃាតនៅខែមីនា ឆ្នាំ១៩១៣។ មនុស្សមួយចំនួនជឿថា យ័ន ស៊ីខាយគឺជាអ្នកនៅពីក្រោមឃាតកម្មនេះ ប៉ុន្តែគ្មានភស្តុតាងអ្វីអាចបញ្ជាក់ច្បាស់លាស់បានឡើយ។ សេចក្តីមិនពេញចិត្ត និងពិរោធន៍របស់មហាជនចំពោះយ័នក៏បានកើនឡើង។ នៅខែមេសា គាត់បានធានាប្រាក់កម្ចីរៀបចំឡើងវិញចំនួន ២៥ លានផោនពីធនាគារចម្រុះពីចក្រភពអង់គ្លេស បារាំង រុស្ស៊ី អាល្លឺម៉ង់ និងជប៉ុន ដោយមិនពិគ្រោះជាមួយសភាជាមុន។ ប្រាក់កម្ចីនេះត្រូវបានប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់កងទ័ពប៉ីយ៉ាងរបស់ខ្លួន។

នៅថ្ងៃទី២០ ខែឧសភា យ័នបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​រុស្ស៊ី​ដែល​ផ្តល់​សិទ្ធិ​ពិសេស​ដល់​រុស្ស៊ី​នៅ​តំបន់​ម៉ុងហ្គោលជាយ និង​​រឹតត្បិត​សិទ្ធិ​របស់​ចិន​ក្នុង​ការ​ដាក់​ពង្រាយទ័ព​នៅ​ទីនោះ។ សមាជិកសភាគួមីនតាងបានចោទប្រកាន់យ័នពីបទរំលោភសិទ្ធិអំណាចខ្លួន ហើយបានអំពាវនាវឱ្យដកលោកចេញតំណែង។ ប៉ុន្តែនៅម្ខាងទៀត គណបក្សវឌ្ឍនភាពដែលមានសមាជិកជាពួករាជានិយម និងគាំទ្រគោលនយោបាយយ័ន បានធ្វើការចោទប្រកាន់បក្សគួមីនតាងថាមានបំណងញុះញុងឱ្យមានកុបកម្ម។ យ័នក៏​បាន​សម្រេច​ចិត្ត​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​ក្រុម​គួមីនតាង។

នៅខែកក្កដា ឆ្នាំ១៩១៣ ខេត្តភាគខាងត្បូងចំនួនប្រាំពីរបានធ្វើការបះបោរប្រឆាំងនឹងលោកយ័ន ហើយបដិវត្តន៍លើកទីពីរក៏ផ្ទុះឡើង។ ប៉ុន្តែសម្រាប់បក្សគួមីនតាង បដិវត្តន៍លើកទីពីរនេះមិនបានផ្តល់ផលល្អអ្វីដល់ពួកគេនោះទេ។ កម្លាំងយោធាគួមីនតាងនៃខេត្តជាំងស៊ីត្រូវបានកងកម្លាំងរបស់យ័នវាយបង្ក្រាបនៅថ្ងៃទី១ ខែសីហា ហើយក្រុងណានឆាងដែលជាទីរួមខេត្តជាំងស៊ីក៏ត្រូវដួលរលំផងដែរ។ នៅថ្ងៃទី១ ខែកញ្ញា ណានជីងត្រូវបានកងកម្លាំងយោធាយ័នចូលកាន់កាប់។ ពេលដែលឧទ្ទាមកម្មត្រូវបានបង្ក្រាបអស់ លោកស៊ុន និងសម្ព័ន្ធមិត្តផ្សេងទៀតក៏បានភៀសខ្លួនរត់ទៅប្រទេសជប៉ុន។ នៅខែតុលា ឆ្នាំ១៩១៣ សភាបានជ្រើសតាំងយ័ន ស៊ីខាយជាប្រធានាធិបតីផ្លូវការនៃសាធារណរដ្ឋចិនដោយបង្ខំ ហើយមហាអំណាចក្រៅប្រទេសបានចាប់ផ្តើមទទួលស្គាល់ដល់រដ្ឋាភិបាលរបស់លោក។ លោកឌូអាន ស៊ីរួយ និងរួមទាំងឧត្តមសេនីយ៍ដឹកនាំកងទ័ពប៉ីយ៉ាងផ្សេងទៀតត្រូវបានយ័ន ស៊ីខាយតែងតាំងឱ្យកាន់តំណែងសំខាន់ៗនៅក្នុងគណៈរដ្ឋមន្ត្រី។

ការបះបោររបស់មហាជន និងសង្គ្រាមការពារជាតិ

យ័ន ស៊ីខាយក្នុងនាមជាព្រះអធិរាជនៃចក្រភពចិន (១៩១៥–១៩១៦)

ចលនាមហាជនបានងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដោយមានការគាំទ្រពីក្រុមអ្នកបដិវត្តន៍ស៊ុន យ៉ាតសេន។ ចលនាបះបោរដែលមានឈ្មោះថា បៃឡាង បានវាយបំផ្លាញផ្នែកជាច្រើននៃភាគកណ្តាលប្រទេសចិនមុនពេលចលនានេះត្រូវបានកងទ័ពប៉ីយ៉ាងកម្ចាត់ចោល។

នៅក្នុងខែវិច្ឆិកា លោកយ័ន ស៊ីខាយដែលជាប្រធានាធិបតីស្របច្បាប់ បានបញ្ជាឱ្យរំលាយគណបក្សគួមីនតាងចោល និងដកសមាជិកគួមីនតាងចេញពីសភាជាបន្ទាន់។ ដោយសារតែសមាជិកភាគច្រើននៅក្នុងសភាជាឥស្សរជនគួមីនតាង ដូច្នេះ សភាក៏ត្រូវប្រឈមនឹងចំនួនកូរ៉ុម ហើយកិច្ចប្រជុំក៏មិនអាចប្រព្រឹត្តិទៅបាន។ នៅខែមករា ឆ្នាំ១៩១៤ យ័នបានប្រកាសព្យួរសភាជាផ្លូវការ។ នៅខែ​កុម្ភៈ លោក​បាន​កោះ​ប្រជុំ​ដើម្បី​ត្រួតពិនិត្យ​កែ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​នៃ​សាធារណរដ្ឋ​ចិន។ កំណែប្រែនោះបានធ្វើឱ្យអំណាចយ័នកើនឡើងកាន់តែខ្លាំងដោយលោកមានសិទ្ធិប្រកាសសង្គ្រាម ចុះហត្ថលេខាលើសន្ធិសញ្ញា និងតែងតាំងមន្ត្រីនានាដោយមិនចាំបាច់ទទួលការយល់ស្របពីសភាជាមុន។ នៅខែធ្នូនៃឆ្នាំ១៩១៤ យ័នបានកែប្រែច្បាប់បន្ថែមទៀត ហើយបានពន្យារអាណត្តិប្រធានាធិបតីរហូតដល់ទៅដប់ឆ្នាំ ដោយគ្មានកំណត់អាណត្តិកាន់អំណាចឡើយ។

ចំណែកឯក្រុមអ្នកតស៊ូប្រឆាំងវិញ ចាប់តាំងពីបដិវត្តន៍ទីពីរបានទទួលបរាជ័យមក លោកស៊ុន យ៉ាតសេន និងសម្ព័ន្ធមិត្តបានព្យាយាមកសាងចលនាបដិវត្តន៍ឡើងវិញ។ នៅខែកក្កដា ឆ្នាំ១៩១៤ ស៊ុនបានបង្កើតគណបក្សបដិវត្តន៍ចិនឡើង (ភាសាចិន៖ 中華革命黨)។ លោកបានចាប់មានអារម្មណ៍ថា មូលហេតុដែលខ្លួនមិនអាចរចនាចលនាបដិវត្តន៍ដ៏ជាប់លាប់មួយបានព្រោះដោយសារតែសមាជិកខ្លះមានកង្វះភាពស្អិតរមួត។ ជាចុងក្រោយ ស៊ុនក៏តម្រូវឱ្យសមាជិកបក្សទាំងអស់ត្រូវមានភក្តីភាពស្មោះត្រង់ចំពោះរូបគាត់ និងអនុវត្តតាមក្រមច្បាប់ដ៏តឹងរ៉ឹង។ សហការីចាស់ៗរបស់លោកមួយចំនួនដូចជាលោកហ័ង ស៊ីងជាដើម បានសម្តែងចេញនូវក្តីមិនពេញចិត្តចំពោះគំនិតបែបផ្តាច់ការនិយមរបស់ស៊ុន ហើយបានបដិសេធមិនចូលរួមជាមួយស៊ុនទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនូវតែយល់ស្របនឹងគ្នាថា សាធារណរដ្ឋថ្មីនោះមិនអាចវិលត្រឡប់ទៅកាន់អំណាចចក្រពត្តិនិយមទៀតជាដាច់ខាត។

ក្រៅពី​ក្រុម​បដិវត្តន៍​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ស៊ុន ក៏មាន​ក្រុម​ជាច្រើន​ទៀត​ដែល​មាន​បំណង​ផ្តួលរំលំរបបយ័ន ស៊ីខាយដែរ។ ក្នុងចំណោមក្រុមទាំងនោះមាន គណបក្សវឌ្ឍនភាពចិន ដែលធ្លាប់មានទំនោរប្រឆាំងនឹងគួមីនតាងកាលពីអំឡុងបដិវត្តន៍លើកទីពីរផ្ទុះឡើង។ គណបក្សវឌ្ឍនភាពបានផ្លាស់ប្តូរគោលជំហររបស់ពួកគេភាគច្រើនដោយសារតែទង្វើមិនគប្បីរបស់យ័នមកលើសភាជាតិ។ ក្រុមសំខាន់ទីពីរគឺអភិបាលខេត្តដែលធ្លាប់បានប្រកាសឯករាជ្យចេញពីរដ្ឋអំណាចឈីងកាលពីឆ្នាំ១៩១២ ដោយពួកគេមើលឃើញថាគំនិតគាំទ្ររបបរាជាធិរាជមួយទៀតគឺមិនសមគួរទាល់តែសោះ។ បន្ថែមពីនេះ សាធារណជនបានចាប់ផ្តើមមានគំនិតអវិជ្ជមានចំពោះការដឹកនាំរបស់យ័ន។

នៅពេលដែលសង្រ្គាមលោកលើកទី១ បានផ្ទុះឡើងក្នុងឆ្នាំ១៩១៤ ប្រទេសជប៉ុនបានចូលប្រយុទ្ធក្នុងនាមជាសមាជិកមួយនៃខាងភាគីសម្ព័ន្ធមិត្ត ហើយបានដណ្តើមកាន់កាប់ទឹកដីអាល្លឺម៉ង់តូចមួយនៅក្នុងខេត្តសានទុង។ នៅឆ្នាំ១៩១៥ ជប៉ុនបានកំណត់ទៅរដ្ឋាភិបាលទីក្រុងប៉េកាំងនូវអ្វីដែលគេហៅថា តម្រូវការម្ភៃមួយ ក្នុងគោលបំណងធានានូវអំណាចគ្រប់គ្រងសេដ្ឋកិច្ចរបស់ជប៉ុនក្នុងប្រតិបត្តិការផ្លូវដែក និងការជីកយករ៉ែនៅសានទុង ម៉ាន់ជូរគ និងហ្វូជាន។ លើសពីនេះ ជប៉ុនក៏បានជំរុញឱ្យលោកយ័ន ស៊ីខាយតែងតាំងទីប្រឹក្សាជប៉ុនឱ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលចិនផងដែរ។ តម្រូវការដែលជប៉ុនបានកំណត់មកលើរដ្ឋាភិបាលចិនគឺនឹងធ្វើឱ្យប្រទេសចិនក្លាយជារដ្ឋក្រោមអាណាព្យាបាលរបស់ជប៉ុនដោយផ្ទាល់។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​តម្រូវការ​មួយ​ចំនួន​នោះ ប៉ុន្តែ​បានអនុញ្ញាតឱ្យជប៉ុនបន្ត​រក្សា​ទឹកដី​សានទុង​។ ក្រុងប៉េកាំងក៏បានទទួលស្គាល់សិទ្ធិអំណាចក្រុងតូក្យូលើតំបន់ម៉ាន់ជូរីភាគខាងត្បូង និងតំបន់ភាគខាងកើតនៃម៉ុងហ្គោលីនាយផងដែរ។ សកម្មភាពព្រម​ទទួល​យក​សំណើទាមទាររបស់ជប៉ុនដោយយ័នបានធ្វើឱ្យប្រជាជនជាច្រើនកើតក្តីខកបំណងជាខ្លាំងតែទោះបីជាយ៉ាងណា​ យ័ន​នូវតែ​បន្ត​របៀប​វារៈ​បែបរាជានិយម​របស់​គាត់​។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩១៥ បន្ទាប់ពីមានការគាំទ្រពីកូនប្រុសរបស់គាត់ យ័នបានប្រកាសខ្លួនលោកផ្ទាល់ជាព្រះចៅអធិរាជនៃចក្រភពចិនថ្មី។ ​ដំណឹងនេះបានធ្វើឱ្យ​ប្រទេស​ចិនទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយការ​បះបោរក៏ផ្ទុះឡើងនិង​រាលដាល​ទៅតាម​ខេត្ត​ជា​ច្រើន​។ នៅថ្ងៃទី២៥ ខែធ្នូ អតីតអភិបាលខេត្តយូណានព្រមទាំងអតីតអភិបាលខេត្តជាំងស៊ី និងឧត្តមសេនីយ៍ប្រចាំខេត្តយូណានបានរួមគ្នាបង្កើតកងទ័ពការពារជាតិឡើង និងថែមទាំងប្រកាសខេត្តយូណានជាតំបន់ឯករាជ្យផ្តាច់ចេញពីប្រទេសចិន។ ដូចនេះ សង្គ្រាមការពារជាតិក៏បានចាប់ផ្តើម។

ការ​ប្រកាស​ពីឯករាជ្យ​ភាពរបស់ខេត្ត​យូណាន​បាន​ជំរុញឱ្យខេត្ត​ភាគ​ខាង​ត្បូង​ផ្សេង​ទៀត​សម្រេច​ប្រកាសឯករាជ្យ​ផ្ដាច់ខ្លួនចេញពីចិនដូចគ្នាដែរ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩១៦ យ័នបានបោះបង់ចោលនូវគំនិតរាជានិយម ហើយបានចុះចេញពីតំណែងជាអធិរាជ។ គាត់បានទទួលមរណភាពនៅថ្ងៃទី៦ ខែមិថុនា នៃឆ្នាំដដែរនោះ។ អនុប្រធានាធិបតីលោកលី យានហុងបានឡើងកាន់តំណែងជាប្រធានាធិបតី និងបានតែងតាំងឧត្តមសេនីយ៍ប៉ីយ៉ាងលោកឌួអាន ស៊ីរួយជានាយករដ្ឋមន្ត្រី។ មហិច្ឆតារបស់"អធិរាជ"យ័ន ស៊ីខាយទីបំផុតបានបញ្ចប់ដោយការវិលត្រឡប់មកវិញនៃរដ្ឋាភិបាលសាធារណរដ្ឋ។

សម័យស្ដេចត្រាញ់ (១៩១៦–១៩២៨)

ទង់នៃសាធារណរដ្ឋចិន, ទង់ប្រាំពណ៌ (១៩១២–១៩២៨) ដោយតំណាងឱ្យសាសន៍ប្រាំក្រោមសហភាពមួយ
ទង់នៃសាធារណរដ្ឋចិន (ពីឆ្នាំ១៩១៧)។

បន្ទាប់ពីមរណភាពរបស់យ័ន ស៊ីខាយ សម្ព័ន្ធភាពរវាងស្តេចត្រាញ់នៅតាមតំបន់នីមួយៗក៏បែកបាក់ ហើយពួកគេបានបែរមកប្រយុទ្ធគ្នាដើម្បីដណ្ដើមការគ្រប់គ្រងលើរដ្ឋាភិបាលក្រុងប៉េកាំង។ ថ្វីដ្បិតតែមានស្តេចត្រាញ់មួយចំនួនបានឡើងគ្រប់គ្រងរដ្ឋាភិបាលនៅក្រុងប៉េកាំងបានដោយជោគជ័យក៏ពិតមែន ប៉ុន្តែសង្គ្រាមមិនបានចុះស្ងប់ទៅវិញនោះទេពីព្រោះស្តេចត្រាញ់ជាច្រើនផ្សេងទៀតមិនបានប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីនោះឡើយ។ រដ្ឋាភិបាលនិយមយោធាទាំងប៉ុន្មាននោះត្រូវបានគេស្គាល់ជាសមូហភាពថា រដ្ឋាភិបាលប៉ីយ៉ាង។ សម័យ​ស្តេច​ត្រាញ់​ត្រូវ​បាន​​ប្រវត្តិវិទូខ្លះ​ចាត់​ទុក​ថា​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ​១៩២៧។

សង្គ្រាមលោកលើកទី១ និងការព្យាយាមស្តារអំណាចរាជវង្សម៉ាន់ជូ

ក្រោយពីមរណភាពរបស់យ័ន ស៊ីខាយ លោកលី យានហុងក៏បានឡើងកាន់តំណែងជាប្រធានាធិបតីខណៈដែលលោកដួអាន ស៊ីរួយបានក្លាយជានាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ រដ្ឋធម្មនុញ្ញបណ្ដោះអាសន្នត្រូវបានគេយកមកអនុវត្តឡើងវិញហើយសភាក៏បានគេកោះប្រជុំជាថ្មី។ អ្វីដែលគួរឱ្យកត់សម្គាល់វិញនោះគឺមេដឹកនាំទាំងពីរនាក់មានចក្ខុវិស័យខុសពីគ្នាច្រើន ជាពិសេសគឺការដឹកនាំប្រទេសចូលប្រឡូកក្នុងសង្គ្រាមលោកលើកទី១។ ប្រទេសចិនបានរក្សាភាពអព្យាក្រឹតចាប់តាំងពីសង្គ្រាមលោកបានចាប់ផ្តើមមកម៉្លេះខណៈដែលសហរដ្ឋអាមេរិកបានព្យាយាមអូសទាញរដ្ឋអព្យាក្រឹតទាំងឡាយឱ្យចុះចូលបក្សសម្ព័ន្ធមិត្តបន្ទាប់ពីអាល្លឺម៉ង់បានរំលោភលើការប្រើប្រាស់នាវាមុជទឹក។ នាយករដ្ឋមន្ត្រីដួអាន ស៊ីរួយមានចំណាប់អារម្មណ៍ពិសេសក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តដើម្បីធានានូវប្រាក់កម្ចីពីប្រទេសជប៉ុនដែលនឹងជួយដល់កងទ័ពបក្ខសម្ព័ន្ធរបស់ខ្លួនផ្ទាល់។ ក្រុមទាំងពីរបានចូលរួមក្នុងការជជែកវែកញែកដេញដោលយ៉ាងកក្រើកពេញសភាទាក់ទងនឹងការចូលរួមក្នុងសង្គ្រាម ហើយនៅខែឧសភា ឆ្នាំ១៩១៧ លោកលី យានហុងបានបណ្តេញដួអាន ស៊ីរួយចេញពីរដ្ឋាភិបាលរបស់គាត់។

ជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបសប្រធានាធិបតី អភិបាលខេត្តដែលមានភក្តីភាពនឹងដួអានបាននាំគ្នាប្រកាសឯករាជ្យ និងអំពាវនាវឱ្យលី យានហុងចុះចេញពីតំណែងជាប្រធានាធិបតី។ ក្រោយពីឮបែបនេះ លោកលីបានកោះហៅចាង ស៊ុនដើម្បីរិះរកវិធីសម្របសម្រួលស្ថានភាព។ ចំណែកឯលោកចាង ស៊ុនវិញ គាត់ធ្លាប់ជាឧត្តមសេនីយ៍បម្រើការឱ្យរដ្ឋអំណាចឈីង ហើយក៏បានកើតគំនិតចង់ឃើញព្រះចៅភូយី (អធិរាជស៊ានថុង) ឡើងសោយរាជ្យជាលើកទីពីរ។ លោកចាងក៏ត្រូវ​បាន​អាល្លឺម៉ង់លួចគាំទ្រពីក្រោយទាំងផ្នែកហិរញ្ញវត្ថុ និង​សព្វាវុធ​ក្នុងគោលបំណងរក្សា​​អព្យាក្រឹតភាពរបស់ចិន។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩១៧ លោកចាងបានប្រកាសស្ដាររាជវង្សឈីងជាផ្លូវការ ហើយបានស្នើឱ្យប្រធានាធិបតីលី យានហុងបោះបង់តំណែងរបស់គាត់ចោល ប៉ុន្តែវាត្រូវបានលីបដិសេធភ្លាមៗ។ ឃើញដូច្នេះ ដួអាន ស៊ីរួយក៏បាន​ដឹកនាំ​កងទ័ព​របស់​ខ្លួនទៅកម្ចាត់​កងកម្លាំងរបស់​ចាងនៅ​ទីក្រុង​ប៉េកាំង។ នៅថ្ងៃទី១២ ខែកក្កដា កងទ័ពរបស់ចាងដែលនៅសេសសល់ទាំងប៉ុន្មានត្រូវបានរំលាយចោលខណៈដែលដួអានបានប្រឡប់ចូលទីក្រុងប៉េកាំងវិញ។

បន្តិចក្រោយមក លោកអនុប្រធានាធិបតី ហ្វឹង គ័រចាង ហើយក៏ត្រូវជាឧត្តមសេនីយ៍ប៉ីយ៉ាងមួយរូបបានឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋចិន ហើយបានស្បថចូលកាន់តំណែងនៅក្រុងណានជីង រីឯលោកដួអានវិញបានបន្តបម្រើការជានាយករដ្ឋមន្ត្រី។ បក្ខសម្ព័ន្ធហ្ស៊ីលីក្រោមហ្វឹង គ័រចាង និងបក្ខសម្ព័ន្ធអាន់ហួយក្រោមដួអាន ស៊ីរួយបានលេចខ្លួនឡើងក្លាយជាក្រុមបក្ខសម្ព័ន្ធដ៏មានអំណាចខ្លាំងបំផុតក្នុងប្រទេសចិននាពេលនោះ។

ពេលមកដល់ក្រុងប៉េកាំង ដួអានបានរំលាយសភាចោល ហើយក៏សម្រេចចិត្តប្រកាសសង្គ្រាមលើអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩១៧។ ជនជាតិអាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រីទាំងប៉ុន្មានដែលមានវត្តមាននៅលើទឹកដីចិនត្រូវបានចាប់ខ្លួនហើយទ្រព្យសម្បត្តិរបស់ពួកគេត្រូវរឹបអូស។ កម្មករចិនប្រហែល ១៧៥,០០០ នាក់បានស្ម័គ្រចិត្តចូលបម្រើការជាក្នុងកងវរសេនាតូចបន្ទាប់ពីត្រូវអាជ្ញាធរយកប្រាក់មកទិញទឹកចិត្ត ហើយពួកគេទាំងនោះត្រូវបានបញ្ជូនទៅជួរប្រយុទ្ធនៅអឺរ៉ុប អាហ្រ្វិកខាងកើត និងតំបន់មេសូប៉ូតាមី ហើយខ្លះទៀតបានបម្រើការនៅលើនាវាផ្គត់ផ្គង់។ល។ ជាលទ្ធផល កម្មករយោធាចិនប្រមាណ ១០,០០០ នាក់បានស្លាប់ ហើយនាវា/ទូកប្រមាណ ៥០០ គ្រឿងត្រូវបាននាវាមុជទឹកសត្រូវបាញ់ពន្លិច។

សង្គ្រាមការពាររដ្ឋធម្មនុញ្ញ

នៅខែកញ្ញា ភាពមិនខ្វល់ខ្វាយនិងការមិនគោរពរបស់ដួអានចំពោះរដ្ឋធម្មនុញ្ញបានជំរុញឱ្យលោកស៊ុន យ៉ាតសេន លោកឆិន ឈុនឈាន និងសមាជិកសភាដែលត្រូវបានទម្លាក់ទាំងប៉ុន្មានរួមចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលថ្មីមួយនៅក្នុងទីក្រុងក្វាងចូវ និងព្រមទាំងបង្កើតកងទ័ពការពាររដ្ឋធម្មនុញ្ញ (ភាសាចិន៖ 護法軍) ដើម្បីប្រឆាំងនឹងដួអាន។ ក្រោយមក ខេត្តភាគខាងត្បូងចំនួនប្រាំមួយផ្សេងទៀតក៏បានយល់ព្រមចុះចូលជាមួយរដ្ឋាភិបាលយោធារបស់ស៊ុននៅក្វាងចូវ។

សង្គ្រាមការពាររដ្ឋធម្មនុញ្ញបានប្រព្រឹត្តិទៅរយៈពេលមួយឆ្នាំពេញ។ សមាជិកជាច្រើននៅក្នុងរដ្ឋាភិបាលក្វាងចូវចាប់មានអារម្មណ៍ថាស៊ុនដូចជាមានអំណាចឯកសិទ្ធិពិសេសតែឯង ដូច្នេះពួកគេក៏បានអំពាវនាវឱ្យមានប្រព័ន្ធគណៈរដ្ឋមន្ត្រីដើម្បីប្រជែងនឹងអំណាចផ្ដាច់មុខរបស់ស៊ុន។ ជាលទ្ធផល រដ្ឋាភិបាលក្វាងចូវក៏ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញដោយមានប្រព័ន្ធគណៈរដ្ឋមន្ត្រី មានសមាជិកចំនួនប្រាំពីររូប ដែលត្រូវបានគេស្គាល់ថាគណៈកម្មាធិការគ្រប់គ្រង។ បន្ទាប់ពីត្រូវគេជម្រុះចេញពីអំណាច ស៊ុនក៏បានដកខ្លួនទៅរស់នៅទីក្រុងស៊ាងហៃ។ ចំណែកនៅទីក្រុងប៉េកាំងវិញ រដ្ឋាភិបាលរបស់ដួអានក៏ជួបវិបត្តិបញ្ហាផ្ទៃក្នុងខ្លះៗដែរ។ មេយោធាមួយចំនួននៅក្នុងបក្ខសម្ព័ន្ធដួអាន និងហ្ស៊ីលីមិនចង់ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមខេត្តភាគខាងត្បូងនោះទេដោយពួកគេគិតថាមានតែការចរចាប៉ុណ្ណោះដែលអាចបង្រួបបង្រួមជាតិទាំងមូលបាន។ ទីបំផុត មេយោធាទាំងនោះបានបង្ខំឱ្យដួអានចុះចេញពីតំណែងនៅក្នុងខែតុលា។

អាណត្តិរបស់ប្រធានាធិបតីហ្វឹង គ័រចាងក៏បានចូលមកទីបញ្ចប់ហើយលោកស៊ូ ស្ស៊ីឆាងក៏បានឡើងស្នងតំណែងបន្ត។ នៅខែកុម្ភៈ ឆ្នាំ១៩១៩ គណៈប្រតិភូមកពីខេត្តភាគខាងជើង និងភាគខាងត្បូងបានជួបប្រជុំគ្នានៅទីក្រុងស៊ាងហៃដើម្បីពិភាក្សាអំពីស្ថានការណ៍ប្រទេសជាតិក្រោយសង្គ្រាម។ រឿងខ្ចីប្រាក់របស់ដួអានពីជប៉ុនដើម្បីចិញ្ចឹមទ័ពអាន់ហួយបាននាំឱ្យមានការខ្វែងគំនិតគ្នាជាច្រើន ហើយការព្យាយាមបន្ថែមក្នុងការចរចាបន្តបន្ទាប់ត្រូវបានរារាំងដោយចលនាបួនឧសភា។ សង្គ្រាម​ការពារ​រដ្ឋធម្មនុញ្ញ​នេះបាន​ធ្វើ​ឱ្យប្រជាជាតិចិនទាំងមូល​បែងបាក់ជាពីរនៅ​តាម​បណ្តោយ​ព្រំដែនខាង​ជើង​-​ត្បូង​។

ចលនាបួនឧសភា

និស្សិតនៅទីក្រុងប៉េកាំងកំពុងដង្ហែជាក្រុមក្នុងអំឡុងចលនាបួនឧសភា។

ប្រទេសចិនបានប្រកាសសង្រ្គាមទៅលើអាល្លឺម៉ង់នៅក្នុងឆ្នាំ១៩១៧ ដោយសង្ឃឹមថានឹងអាចយកខេត្តដែលខ្លួនបានបាត់បង់ទៅជប៉ុនមកវិញ។ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​១៩១៩ ​បាតុកម្ម​​និស្សិត​ដ៏​ធំ​សន្ធឹកសន្ធាប់មួយ​បានផ្ទុះឡើងប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ប្រទេស​ជប៉ុន។

ចលនាបួនឧសភានេះបានវិវត្តបន្តពីចលនាវប្បធម៌ថ្មីដែលកើតមានឡើងនៅរវាងឆ្នាំ១៩១៧ ដល់ឆ្នាំ១៩២៣។ បាតុកម្មរបស់និស្សិតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ គឺជាចំណុចកំពូលនៃចលនាវប្បធម៌ថ្មី ហើយពាក្យនេះត្រូវបានគេប្រើជាញឹកញាប់ដោយមានអត្ថន័យស្រដៀងៗគ្នា។ អ្នកតំណាងចិនបានបដិសេធមិនហ៊ានចុះហត្ថលេខាលើសន្ធិសញ្ញាវែសៃ ដោយសារតែសម្ពាធដ៏តានតឹងពីក្រុមបាតុករនិស្សិតនៅក្នុងប្រទេស និងមតិសាធារណៈ។

ការប្រឆាំងនឹងស្តេចត្រាញ់និយម និងរណសិរ្សរួបរួមទីមួយ

នៅឆ្នាំ១៩១៧ លោកស៊ុន យ៉ាតសេនបានក្លាយជាអគ្គមេបញ្ជាការនៃរដ្ឋាភិបាលយោធាមួយនៅក្វាងទុងដោយចាប់ដៃសហការជាមួយមេដឹកនាំខេត្តភាគខាងត្បូង។ នៅខែតុលា ឆ្នាំ១៩១៩ លោកបានបង្កើតបក្សគួមីនតាងឡើងវិញ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

នៅឆ្នាំ១៩២១ ស៊ុនបានក្លាយជាប្រធាននៃរដ្ឋាភិបាលខាងត្បូង។ បន្ទាប់ពីមិនបានទទួលសំឡេងគាំទ្រអ្វីពីបស្ចិមលោក ស៊ុនក៏បានបង្វែរខ្លួនទៅសុំជំនួយពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩២០។ សូវៀតបានយល់ព្រមផ្តល់ជំនួយហើយបានចេញគោលការណ៍គាំទ្រទាំងរដ្ឋាភិបាលរបស់ស៊ុន និងគណបក្សកុម្មុយនីស្តចិនដែលទើបបង្កើតឡើងថ្មីៗ។

បក្សសម្ព័ន្ធយោធាសំខាន់ៗនៅចិនគិតត្រឹមឆ្នាំ១៩២៥

នៅ​ឆ្នាំ១៩២២ សម្ព័ន្ធ​ភាពរវាង​គួមីនតាង​និងស្ដេចត្រាញ់នៅ​ក្វាងចូវ​បាន​បែកបាក់ ហើយ​ស៊ុនក៏​បាន​រត់ភៀស​ខ្លួន​ទៅ​ទីក្រុង​សៀងហៃ។ ពេលទៅដល់ក្រុងសៀងហៃ ស៊ុនក៏យល់ឃើញថា ដើម្បីបំពេញតម្រូវការរបស់ខ្លួនបានទាន់តែត្រូវមានជំនួយពីសហភាពសូវៀត។ ក្នុងឆ្នាំ១៩២៣ សេចក្តីថ្លែងការណ៍រួមមួយបានប្រកាសដោយស៊ុន និងតំណាងសូវៀតនៅទីក្រុងសៀងហៃដោយក្នុងនោះ បក្សទាំងពីរបានសន្យាទទួលយកជំនួយសូវៀតដើម្បីបង្រួបបង្រួមប្រជាជាតិចិន។ នៅឆ្នាំដដែរ ទីប្រឹក្សាសូវៀតបានចាប់ផ្តើមចុះមកប្រទេសចិនដើម្បីជួយរៀបចំរចនាសម្ព័ន្ធឡើងវិញ និងបង្រួបបង្រួមបក្សគួមីនតាង តាមមាគ៌ារបស់បក្សកុម្មុយនីស្តនៃសហភាពសូវៀត និងបង្កើតរណសិរ្សរួបរួមទីមួយឡើង។

បក្សកុម្មុយនីស្តចិនគឺនៅមានទំហំតូចនៅឡើយ (សមាជិកចំនួន ៣០០ នាក់នៅឆ្នាំ១៩២១ និងត្រឹម ១,៥០០ នាក់នៅឆ្នាំ១៩២៥ ប៉ុណ្ណោះ) ដូច្នេះ ទីប្រឹក្សាសូវៀតក៏បានណែនាំឱ្យចងសម្ព័ន្ធភាពជាមួយបក្សគួមីនតាងដែលមានសមាជិករហូតដល់ទៅ ១៥០,០០០ នាក់ឯណោះក្នុងឆ្នាំ១៩២២។ មិនតែប៉ុណ្ណោះ ទីប្រឹក្សាសូវៀតបានក៏​បាន​ជួយបង្កើត​វិទ្យាស្ថាន​នយោបាយ​គួមីនតាងដើម្បី​បណ្តុះបណ្តាល​អ្នក​ឃោសនា​នយោបាយឱ្យចេះពីបច្ចេកទេស​ប្រមូលចលនាមហាជន ហើយនៅឆ្នាំ១៩២៣ ពួកគេបានបញ្ជូនលោកឈៀង កៃសេក ដែលត្រូវជាអតីតអនុសេនីយ៍ម្នាក់របស់ស៊ុន ទៅសិក្សាផ្នែកយោធា និងនយោបាយនៅទីក្រុងម៉ូស្គូរយៈពេលបីទៅបួនខែ។ បន្ទាប់ពីបានវិលត្រឡប់មកវិញនៅចុងឆ្នាំ១៩២៣ ឈៀងបានចូលរួមបង្កើតបណ្ឌិរសភាយោធាវាំប៉ូអានៅក្រៅទីក្រុងក្វាងចូវ ដែលជាទីអាសនៈរបស់រដ្ឋាភិបាលក្រោមសម្ព័ន្ធភាពគួមីនតាង–បក្សកុម្មុយនីស្តចិន។ នៅឆ្នាំ១៩២៤ ឈៀងបានក្លាយជាប្រមុខនៃបណ្ឌិតសភានោះ ហើយប្រជាប្រិយភាពរបស់លោកក៏បានលេចឡើងដែលជាហេតុនាំឱ្យឈៀងអាចឡើងជាអ្នកស្នងតំណែងរបស់ស៊ុនក្នុងនាមជាប្រមុខនៃបក្សគួមីនតាង និងអ្នកបង្រួបបង្រួមប្រទេសចិនទាំងមូលឱ្យស្ថិតនៅក្រោមរដ្ឋាភិបាលជាតិនិយម

ការបង្រួបបង្រួមអំណាចរបស់ឈៀង

ទាហាននៃកងទ័ពបដិវត្តន៍ជាតិកំពុងដើរជាក្បួនចូលទៅក្នុងទីសម្បទានរបស់អង់គ្លេសក្នុងខេត្ដហ៊ូប៉ីអំឡុងយុទ្ធនាការបេសកកម្មភាគខាងជើង

ស៊ុន យ៉ាតសេន បានទទួលមរណៈភាពដោយជំងឺមហារីកនៅទីក្រុងប៉េកាំងក្នុងខែមីនា ឆ្នាំ១៩២៥ ខណៈដែលចលនាជាតិនិយមរបស់លោកកំពុងបន្តរំលេចខ្លួនជាកម្លាំងដ៏ខ្លាំងក្លាមួយនៅចិន។ នៅអំឡុងនិទាឃរដូវនៃឆ្នាំ១៩២៥ ឈៀងក្នុងនាមជាអគ្គមេបញ្ជាការនៃកងទ័ពបដិវត្តន៍ជាតិ បានលើកទ័ពផ្ដើមបេសកកម្មភាគខាងជើងប្រឆាំងនឹងពួកស្ដេចត្រាញ់ដែលមានទីមូលដ្ឋាននៅភាគខាងជើងប្រទេសចិន។ ត្រឹមរយៈប្រាំមួយខែប៉ុណ្ណោះ ទឹកដីប្រទេសចិនជាងពាក់កណ្ដាលបានស្ថិតនៅក្រោមការកាន់កាប់របស់គួមីនតាង។ ប៉ុន្តែនៅក្នុងឆ្នាំ១៩២៦ គួមីនតាងបានបាត់បង់សាមគ្គីភាពផ្ទៃក្នុង ហើយត្រូវបានបែងចែកជាពីរបក្សពួក ពោលគឺក្រុមឆ្វេងនិយម និងស្ដាំនិយម ខណៈដែលប្លុកកុម្មុយនីស្ដកំពុងកើនប្រជាប្រិយភាព។

នៅខែមីនា ឆ្នាំ១៩២៦ ឈៀងបានបណ្តេញទីប្រឹក្សាសូវៀតភ្លាមៗ និងថែមទាំងដាក់កំហិតលើសមាជិកបក្សកុម្មុយនីស្តចិនក្នុងគោលបំណងមិនចង់ឱ្យពួកគេក្លាយជាសមាជិកនៃថ្នាក់ដឹកនាំកំពូលគួមីនតាង។ សហភាពសូវៀតនៅតែសង្ឃឹមថាខ្លួននឹងអាចការពារសម្ព័ន្ធភាពគួមីនតាង-កុម្មុយនីស្តមិនឱ្យបែកបាក់បាន ដូច្នេះក៏បានបញ្ជាឱ្យក្រុមកុម្មុយនីស្តសម្ងាត់ចេញមុខជួយគាំទ្រដល់បេសកកម្មភាគខាងជើង។

នៅដើមឆ្នាំ១៩២៧ ស្ថានភាពនៅក្នុងសម្ព័ន្ធភាពគួមីនតាង-កុម្មុយនីស្តកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ។ បក្សកុម្មុយនីស្តចិន និង​ក្រុម​ឆ្វេង​និយម​នៃ​បក្ស​គួមីនតាង​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរទី​អាសនៈ​នៃ​រដ្ឋាភិបាល​ជាតិនិយម​ខ្លួនពី​ទីក្រុង​ក្វាងចូវ​ទៅ​ក្រុងអ៊ូហាន។ ដោយឃើញថា​បេសកកម្ម​ភាគ​ខាងជើង​របស់ខ្លួនបាន​កំពុងទទួលបានផ្លែផ្កាល្អ​ ឈៀងក៏បាន​លើកកង​កម្លាំងគួមីនតាងទៅ​កម្ទេចក្រុមកុម្មុយនីស្តនៅឯទីក្រុង​ស៊ាងហៃ និង​​បង្កើត​រដ្ឋាភិបាល​ប្រឆាំង​កុម្មុយនីស្ត​នៅក្រុង​ណានជីង។ នៅវេលានោះ រដ្ឋធានីក្នុងប្រទេសចិនក៏បានកើនឡើងរហូតដល់ទៅបី៖ ទីមួយគឺរបបស្ដេចត្រាញ់នៅប៉េកាំងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ឯទីពីរគឺ របបកុម្មុយនីស្តនិងឆ្វេងនិយមនៅអ៊ូហាន និងទីបីគឺរបបស៊ីវិល-យោធាស្តាំនិយមនៅណានជីង។

គោលនយោបាយថ្មីមួយដែលប្រកាសដោយអង្គការកូមីនទើនបានអំពាវនាវដល់បក្សកុម្មុយនីស្តចិនឱ្យជួយជំរុញចលនាបះបោរទាំងក្នុងទីក្រុង និងទីជនបទ។ ជាលទ្ធផល សកម្មភាពបះបោរជាច្រើនបានកើតមានឡើងនៅតាមទីក្រុងមួយចំនួន និងតាមជនបទ ប៉ុន្តែសុទ្ធតែទទួលបរាជ័យ។

នៅឆ្នាំ១៩២៨ ប្រទេសចិនទាំងមូលត្រូវបានប្រកាសក្រោមការគ្រប់គ្រងរបស់ឈៀង ហើយរដ្ឋាភិបាលក្រុងណានជីងបានត្រូវបានអន្តរជាតិទទួលស្គាល់ជារដ្ឋាភិបាលស្របច្បាប់តែមួយនៃប្រទេសចិន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលគួមីនតាងបានប្រកាសថា ដោយអនុលោមតាមរូបមន្តរបស់ស៊ុន យ៉ាតសេន សម្រាប់ដំណាក់កាលបដិវត្តន៍ចំនួនបី (គឺការបង្រួបបង្រួមដោយប្រើអំណាចយោធា ការបង្រួបបង្រួមនយោបាយ និងស្ថាបនាសង្គមប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ) ប្រទេសចិនបានឈានដល់ដំណាក់កាលទីមួយ ហើយនឹងចាប់ផ្តើមដំណាក់កាលទីពីរ ដែលនឹងស្ថិតនៅក្រោមការដឹកនាំរបស់គួមីនតាងសុទ្ធសាទ។

សម័យជាតិនិយម (១៩២៨–១៩៤៩)

មើលផងដែរ

ទូទៅ៖

ឯកសារយោង